Monday, 28 June 2021

មេធាវី​​គ្រោង​ជួបគ្នា​នៅសប្តាហ៍ក្រោយ​ជជែក​ពី​ការ​ដាក់​លិខិត​ទៅ​តុលាការ​​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​​លោក ​កឹម សុខា


ដោយ មាន ឫទ្ធិ
2021-06-28 rfa

មេធាវី​​គ្រោង​ជួបគ្នា​នៅសប្តាហ៍ក្រោយ​ជជែក​ពី​ការ​ដាក់​លិខិត​ទៅ​តុលាការ​​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​​លោក ​កឹម សុខា

លោក កឹម សុខា ប្រធាន​​គណបក្ស​​សង្គ្រោះជាតិ​។
រូប៖ RFA

 

មេធាវី​ការពារ​ឱ្យ​លោក​ កឹម​ សុខា​ គឺ​លោក​ ផែង​ ហេង​ ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ ថា​ ការ​ជួបគ្នា​នោះ គឺក្រុមមេធាវី​នឹង​រួមគ្នា​ធ្វើលិខិត​ពេញលេញ​និង​ពិនិត្យ​ខ្លឹមសារ​លិខិត​នោះជា​ចុង​ក្រោយ​មុន​នឹង​បញ្ជូន​ទៅ​តុលាការ។

លោកថា លិខិត​ដែល​គ្រោង​ស្នើទៅ​តុលាការ​នោះ​ក្រុម​មេធាវី​ប្រមូល​ធាតុចូល​សំខាន់​ចេញពី ​អត្ថបទ​ច្បាប់​ ទ្រឹស្ដី​ ឬ​ក៏​មាត្រា​ខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក​ កឹម ​សុខា និង​ច្បាប់​មួយ​ចំនួន​ទៀត​ដែល​សាលាក្ដីខ្មែរក្រហម​បាន​ប្រើប្រាស់​។ មេធាវី​ដដែល​បញ្ជាក់​ថា ពេលនេះ​ក្រុម​មេធាវី​សម្រេចថា ​មិន​ដាក់​លិខិត​ស្នើសុំ​បន្ត​សវនាការ​ទៀតទេ​ព្រោះ​តុលាការ​បាន​បដិសេធ​សំណើ​សុំបើក​សវនាការ​ឡើងវិញ​នោះ​ជាច្រើន​ដង​មក​ហើយ៖ «តុលាការ​មិន​បើក​សវនាការ​តាមការ​ស្នើសុំ​របស់​យើង​ជាច្រើន​សារ​រហូត​មក​ដល់​ពេលនេះ​យើង​យល់​ថា​ ប្រហែល​ជា​តុលាការ​មិន​វិនិច្ឆ័យ​សេចក្តី​សម្រេច​លើការ​ស្នើ​អញ្ចឹង​ហើយ​យើង​រក​នីតិ​វិធី​ផ្សេង»។


លោក​មេធាវី ផែង ហេង ឱ្យដឹង​ទៀត​ថា ប្រសិន​ក្រុម​មេធាវី​ឯកភាព​លើ​លិខិត​នោះ​ពួកគេ​នឹង​រៀបចំ​ដាក់​លិខិត​ដែល​ស្នើសុំ​ទម្លាក់​បទចោទ​លោក​ កឹម សុខា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​ កឹម សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួនដោយ​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ​កាល​ពី​ឆ្នាំ​២០១៧ និង​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​ ទោះមិនទាន់​បាន​រក​ឃើញ​ថា លោក កឹម សុខា មានទោស​ឬ​គ្មាន​ទោសក្ដី​។ តុលាការ​បាន​អូសបន្លាយ​សំណុំ​រឿង​នេះ​ ដោយ​មិន​ទាន់​បាន​បញ្ចប់​ការកាត់ក្ដី​អស់​រយៈពេល​ជិត​៤​ឆ្នាំ​មក​ហើយ​ ថែម​ទាំង​បាន​ដក​សិទ្ធិ​ធ្វើ​នយោបាយ​និង​ចេញ​ក្រៅ​ប្រទេស​របស់​លោក កឹម សុខា។

ជុំវិញ​ករណី​នេះ​ អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​ លោក​ តាំង​ ស៊ុន ឡាយ​ ​ បាន​ទេ​នៅ​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

ចំណែក​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ និយាយ​ថា ការ​សម្រេច​យ៉ាង​ណា​លើ​ការ​ស្នើសុំ​របស់​មេធាវី​លោក កឹម សុខា ជា​សិទ្ធិ​តុលាការ។ លោកសុំ​មិន​បក​ស្រាយ​លើ​ករណី​នេះ​ទេ៖ «ខ្ញុំអត់​មាន​មតិទេ​យើង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​តើ​តុលាការ​សម្រេច​យ៉ាង​ណា​គឺ​អាស្រ័យ​ទៅ​លើ​តុលាការ»។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម​ សុវណ្ណារ៉ា​វិញ​ សង្កេតឃើញ​ថា ស្ថានការណ៍​នយោបាយ​ដូច​សព្វថ្ងៃ​ទំនង​តុលាការ​មិន​​ព្រមទម្លាក់​បទចោទ​តាមសំណើ​ក្រុម​មេធាវី​លោក ​កឹម សុខា ឡើយ។ លោកបន្ត​ថា ពេលនេះ​សហគមន៍​អន្តរាគមន៍​មិន​បាន​ដាក់​សម្ពាធ​ ឬ​ទណ្ឌកម្ម​ធ្ងន់ធ្ង​រ​លើ​រដ្ឋាភិបាល​ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​នៅ​តែ​បន្តអនុវត្តផែនការ​របស់​ខ្លួន​ គឺផ្អឹប​សំណុំរឿង​លោក កឹម សុខា រហូត​ដល់​ឆ្នាំ​២០២៤។ ទោះយ៉ាងណា​លោកថា គម្រោងដាក់​លិខិត​របស់ក្រុម​មេធាវី​លោក កឹម សុខា ក៏ជា​សញ្ជាមួយ​ប្រាប់​ទៅអ្នក​គាំទ្រខ្លួនថា មេបក្សប្រឆាំង​មួយនេះ​មិន​នៅ​ស្ងៀម​នោះ​ទេ៖ «ខ្ញុំ​គិត​ថា គណបក្ស​ប្រឆាំង​ ឬក៏​លោក កឹម សុខា អាច​នៅក្នុង​យន្តការ​បែបនេះ​សិន​ដូច​សម្ដី​នាយករដ្ឋ​មន្ត្រី​លោក​ធ្លាប់​លើកឡើង​គឺក្រោយ​ឆ្នាំ២០២៤ អីនោះ​បោះ​ឆ្នោត​ហើយ​ទើប​អាច​មាន​លទ្ធភាព​ដំណើរការ​ឡើង​វិញ»។

លោក​ ឯម​ សុវណ្ណរ៉ា ជំរុញទៅ​ក្រុមមេធាវី​លោក កឹម សុខា​ ពេលដាក់​លិខិត​ស្នើទម្លាក់​បទចោទ​លោក កឹម សុខា គឺត្រូវធ្វើការ​ផ្ដល់​ដំណឹង​ឱ្យ​សាធារណៈជន ​និងបណ្ដា​អង្គទូត​បានដឹង ដែល​ការ​ធ្វើ​បែប​នេះគឺផ្ដល់​ផលចំណេញ​ដល់​លោក កឹម សុខា ទោះតុលាការ​ឆ្លើយតប​បែប​ណា​ក្ដី។

សហគមន៍​អន្តរជាតិ​តែង​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​លោក​ កឹម សុខា អនុញ្ញាត​ឱ្យ​គណបក្ស​សង្រ្គោះជាតិ​ដំណើការ​ឡើង​វិញ។ កាលពីថ្មីៗ​នេះអំឡុង​ពេល​ជួប​ជាមួយលោក ហ៊ុន សែន អនុរដ្ឋ​មន្ត្រីការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន និង​សកម្មជន​ជាបន្ទាន់។​ ចំណែក​លោក កឹម សុខា យូរៗ​ម្ដង​លោក​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ទាមទារ​យុត្តិធម៌ និង​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទចោទ​លើរូប​លោក​ចោល៕

1 comment:

Anonymous said...

Kem Min Sok Kha must open his mouth and bark against Ah Kwack Hun Sun and Yuon for their unconstitutional dissolution of the CNRP.

The CNRP cannot come back by itself, Kem Min Sok Kha must fight for it.