Khmer Circle:
'Conspiracy to commit treason'! Chilling charges and vilifications once used by "Angka Leu" ['Organisation On-High' and pseudonym for orders issued by Hanoi for its covert operations throughout Indo-China] against innocents that had led to mass graves and incarceration centres like Toul Sleng's 'S-21' ['Security 21'] among many others in 1970s. Today's detention centres or prisons such as the notorious 'Prey Sar Correctional Centres' are in reality extensions of Angka Leu's 'S-21' facilities designed to silence the Khmer people and instil fear in the populace.
🔺🔺🔺
ដោយ ខែ សុណង
2021-06-30 rfa
យុវតី ស៊ុន រដ្ឋា ធ្វើការងារបរិស្ថាន រហូតរងបទចោទរួមគំនិតក្បត់។
រូប៖ ចលនាមាតាធម្មជាតិ។
កញ្ញា ស៊ុន រដ្ឋា ជាយុវតីមួយរូបដែលស្រឡាញ់បរិស្ថាន និងជាប់ចិត្តខ្លាំងជាមួយភាពស្រស់បំព្រងនៃធម្មជាតិ។ នាងស្អប់ខ្ពើមអំពើអយុត្តិធម៌សង្គម និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយសារតែបែបនេះហើយ ទើបនាងចូលប្រឡូកក្នុងការងារជាសកម្មជនបរិស្ថាន។
យុវតី ស៊ុន រដ្ឋា មានអាយុ ២៦ ឆ្នាំ។ នាងមានស្រុកកំណើតនៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នាងជាកូនទី៤ នៅក្នុងគ្រួសារដែលមានបងប្អូនសរុប ៥ នាក់។ ឪពុកម្តាយរបស់នាង មានមុខរបរជាជាងតទឹក និងតំឡើងប្រព័ន្ធទឹក។ ពួកគាត់បានផ្លាស់ទៅរស់នៅឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបងវិញ នៅពេលរដ្ឋាចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សា។
ម្តាយរបស់កញ្ញា ស៊ុន រដ្ឋា គឺលោកស្រី ដួង រី រៀបរាប់ថា កូនរបស់លោកស្រីម្នាក់នេះឈ្លាសវៃ និងរៀនពូកែតាំងពីតូច ជាពិសេសរូបគេចេះចូលរួមការងារសង្គមតាំងពីនៅថ្នាក់មធ្យមសិក្សា។ លោកស្រីបញ្ជាក់ទៀតថា រដ្ឋាជាក្មេងម្នាក់ដែលប្រណិប័តន៍ឪពុកម្តាយ និងគ្រួសារយ៉ាងខ្ជាប់ខ្ជូន ដោយមិនមានទាស់ចំណុចណានោះទេ៖ «វាមិនដែលទៅធ្វើអ្វីខុសទេ សូម្បីតែគ្រូស្រឡាញ់វាដែរ។ វាមិនដែលថា មានទំនាស់ជាមួយអ្នកណា អ្នកណី អត់ទេ។ ហើយរៀនបានលេខ១ លេខ២ រាល់ឆ្នាំ ហើយដល់ឆ្នាំវាជិតប្រឡង ថ្នាក់ទី១១ ទី១២ វាចូលខាងក្រុមយុវជន។ វាដើរមើលតាមភូមិ ចែកអំណោយតាមឃុំ តាមអ៊ីចឹងទៅ»។
កញ្ញា ស៊ុន រដ្ឋា សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ដែលកំពុងជាប់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់។
យុវតី ស៊ុន រដ្ឋា បានឡើងមករៀនថ្នាក់ឧត្តមសិក្សានៅភ្នំពេញ កាលពីឆ្នាំ២០១៤ ដោយចាប់យកជំនាញគណនេយ្យ។ ក្នុងរយៈពេល ៤ឆ្នាំនៅសាកលវិទ្យាល័យ នាងសិក្សាដោយមិនបង់ថ្លៃនោះទេ ព្រោះនាងជានិស្សិតអាហារូបករណ៍។ នាងបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៨ និងទទួលសញ្ញាបត្រនៅឆ្នាំ២០១៩។
និយាយពីបុគ្គលិកលក្ខណៈវិញ រដ្ឋាជាយុវតីមួយរូបដែលស្លូតបូត តែរួសរាយរាក់ទាក់ និងច្បាស់លាស់ក្នុងការងារ។ នាងរាប់អានមនុស្សគ្រប់វ័យ ដោយមិនប្រកាន់វណ្ណៈ ហើយចេះបង្កើតបរិយាកាសសប្បាយរីករាយជាមួយអ្នកនៅជុំវិញខ្លួន។ នាងមានទម្លាប់ល្អពីរយ៉ាងក្នុងជីវិតប្រចាំថ្ងៃ នោះគឺការអានសៀវភៅ និងមិនប្រើប្រាស់ថង់ប្លាស្ទិច។
នាងធ្លាប់ធ្វើវីដេអូខ្លីមួយអំពីវិបត្តិថង់ប្លាស្ទិចនៅកម្ពុជា ហើយអំពាវនាវឱ្យពលរដ្ឋខ្មែរកែប្រែឥរិយាបថរបស់ខ្លួន ដើម្បីកាត់បន្ថយសម្រាមប្លាស្ទិចដែលកំពុងគំរាមកំហែងដល់បរិស្ថាន៖ «ប្រសិនបើអ្នកចូលចិត្តញ៉ាំកាហ្វេ ឬភេសជ្ជៈផ្សេងៗ អ្នកគួរតែយកកែវដាក់តាមខ្លួន។ ឈប់ប្រើប្រាស់ទុយោប្លាស្ទិច ដោយងាកទៅប្រើបំពង់ទុយោដែលផលិតពីអ៊ីណុក ឫស្សី និងវត្ថុដែលផលិតពីធម្មជាតិផ្សេងៗ។ ឈប់ប្រើប្រាស់ថង់ប្លាស្ទិចរាល់ពេលដែលទិញទំនិញ ដោយងាកមកប្រើថង់ដែលផលិតចេញពីធម្មជាតិ ឬថង់ក្រណាត់ ឬក៏លោកអ្នកអាចដាក់ទំនិញទាំងនោះនៅក្នុងកាតាបរបស់អ្នកផងដែរ។ រាល់ពេលដែលលោកអ្នកត្រូវការខ្ចប់អាហារទៅទីឆ្ងាយម្តងៗ អ្នកគួរតែដាក់ប្រអប់បាយ និងស្លាបព្រាតាមខ្លួន ឬលោកអ្នកអាចប្រើប្រអប់ដែលធ្វើពីរុក្ខជាតិដែលវាអាចរលាយបានលឿន។ បង្ហាញការប្តេជ្ញារបស់អ្នកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចទៅក្នុងបណ្តាញសង្គម ហើយជំរុញឱ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកចាប់ផ្តើមអនុវត្តទម្លាប់ងាយៗទាំងនេះ»។
វីដេអូមួយនេះរបស់រដ្ឋា ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកមាតាធម្មជាតិ (Mother Nature Cambodia) កាលពីខែមករា ឆ្នាំ២០២០។ គិតមកដល់ពេលនេះ វីដេអូនេះមានអ្នកចូលទស្សនាជាង ១លានដងហើយ ក្នុងនោះមានអ្នកបញ្ចេញយោបល់ និងស្រឡាញ់ចូលចិត្តរាប់ម៉ឺនដង។
កញ្ញា ស៊ុន រដ្ឋា នៅក្នុងសកម្មភាពផ្សព្វផ្សាយអប់រំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចកាលពីខែមករា ឆ្នាំ២០២០។
កញ្ញា ស៊ុន រដ្ឋា បានចូលប្រឡូកក្នុងការងារបរិស្ថានអំឡុងពេលនាងរៀននៅថ្នាក់ឧត្តមសិក្សា។ ក្នុងឆ្នាំ២០១៧ នាងបានស្ម័គ្រចិត្តជាអ្នកចូលរួមរៀបចំបុណ្យកោងកាងនៅខេត្តកោះកុង ដើម្បីផ្សព្វផ្សាយពីសក្តានុពលព្រៃកោងកាង បញ្ហាប្រឈម ព្រមទាំងផលប៉ះពាល់ដោយការបូមខ្សាច់។ គឺចាប់ពីពេលនោះហើយ ដែលនាងបានស្វែងយល់ច្បាស់អំពីបញ្ហាបរិស្ថាន និងសង្គម ហើយបន្តសកម្មភាពជាច្រើនទៀតទាក់ទងនឹងរឿងបរិស្ថាន ទេសចរណ៍ និងសិទ្ធិមនុស្ស។
អនុប្រធានគណៈកម្មការជនជាតិដើមភាគតិចជងតំបន់អារ៉ែងលោក ហ៊ឹង ពៅ ឱ្យដឹងថា ពលរដ្ឋជាច្រើនក្នុងសហគមន៍របស់លោក មិនថាចាស់ ឬក្មេងនោះទេ ពួកគាត់ចូលចិត្តកញ្ញា ស៊ុន រដ្ឋា ណាស់ ព្រោះនាងរាប់អានពួកគាត់ដោយស្មោះ។ ម្យ៉ាងវិញទៀត សកម្មភាពរបស់នាងបានផ្តល់ប្រយោជន៍ជាច្រើនដល់សហគមន៍។ លោកបញ្ជាក់ថា អ្នកភូមិទទួលបានចំណូលបន្ថែមពីគម្រោងអេកូទេសចរណ៍ ដែលកញ្ញា ស៊ុន រដ្ឋា បាននាំភ្ញៀវ និងយុវជន មកដើរកម្សាន្តនៅតំបន់អារ៉ែង។ លោកបញ្ជាក់ថា សកម្មជនបរិស្ថានរូបនេះថែមទាំងមានបំណងជួយឱ្យសហគមន៍ជនជាតិដើមភាគតិចជងតំបន់អារ៉ែង ក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏រឹងមាំមួយថែមទៀតផង៖ «ចុះមកដល់សហគមន៍យើងខ្ញុំហ្នឹង គាត់ក៏បានជួយបង្រៀនទាក់ទងនឹងទទួលភ្ញៀវទេសចរ បង្រៀនទាក់ទងរឿងធ្វើម្ហូប ហើយយើងទទួលភ្ញៀវហ្នឹងបែបម៉េច ធ្វើម៉េចឱ្យគេពេញចិត្ត ហើយយើងគួរតែបង្ហាញសក្តានុពលនៅក្នុងតំបន់របស់យើងហ្នឹងរបៀបណា។ ហើយមួយទៀត គាត់ចង់ឱ្យយើងធ្វើវត្ថុអនុស្សាវរីយ៍សម្រាប់លក់ឱ្យភ្ញៀវ។ មួយទៀត គាត់ឱ្យយើងព្យាយាមផ្សះផ្សារជាមួយអាជ្ញាធរ ដើម្បីយើងបង្កើតសហគមន៍បានដំណើរការទៅមុខ»។
លោក ហ៊ឹង ពៅ ឱ្យដឹងទៀតថា ពលរដ្ឋក្នុងសហគមន៍របស់លោកសោកស្តាយជាខ្លាំង នៅពេលដឹងថា អាជ្ញាធរចាប់ខ្លួនកញ្ញា ស៊ុន រដ្ឋា។ លោកបន្តថា គ្មានអ្នកណាម្នាក់ជឿថា រដ្ឋាបានប្រព្រឹត្តអំពើខុសច្បាប់ដូចការចោទប្រកាន់នោះឡើយ ផ្ទុយទៅវិញអ្វីដែលនាងធ្វើកន្លងមក គឺដើម្បីជួយការពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍តែប៉ុណ្ណោះ៖ «យើងអត់ចង់ឱ្យមានការចោទប្រកាន់អ៊ីចឹងទេ ព្រោះគាត់ជាមនុស្សក្មេង អត់មានគំនិតអ្វីអាក្រក់សោះ។ បើយើងតាមសង្កេតមើលតាំងពីគាត់ចុះមកអារ៉ែង ៤-៥ដងហ្នឹងមក គាត់អត់មាននិយាយពីរឿងអាជ្ញាធរអាក្រក់អ្វីនោះ ដូចអត់មានទេ។ គាត់និយាយតែពីរឿងបរិស្ថាន និយាយពីរឿងឱ្យយើងរៀបចំសមាជិកហ្នឹងឱ្យចេះទទួលភ្ញៀវ ឱ្យចេះបង្កើត រក្សាវប្បធម៌ប្រពៃណីពីមុនមកតែប៉ុណ្ណឹង»។
យុវតីស៊ុនរដ្ឋាស្ថិតនៅក្នុងរថយន្តជាមួយសកម្មជនបរិស្ថានផ្សេងទៀតដែលត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់កញ្ញា ស៊ុន រដ្ឋា ចំនួនពីរបទល្មើស រួមមាន «បទប្រមាថព្រះមហាក្សត្រ» និង «បទរួមគំនិតក្បត់» ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ រីឯសកម្មជនបរិស្ថានម្នាក់ទៀត គឺលោក យីម លាងហ៊ី ក៏ត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើសដូចគ្នានេះដែរ ខណៈយុវជន លី ចាន់ដារ៉ាវុធ រងការចោទប្រកាន់មួយបទល្មើស គឺបទ «រួមគំនិតក្បត់»។
អតីតសកម្មជនបរិស្ថានលោកស្រី លីម គីមស័រ ចាត់ទុកករណីចាប់ខ្លួនកញ្ញា ស៊ុន រដ្ឋា និងសកម្មជនពីរនាក់ទៀតនោះ គឺជាការបំបិទមាត់យុវជនមិនឱ្យឈឺឆ្អាលក្នុងបញ្ហាបរិស្ថាន។ លោកស្រីបន្តថា ការងារដែល កញ្ញា ស៊ុន រដ្ឋា បានធ្វើកន្លងទៅនោះ មានតម្លៃសម្រាប់សង្គម ពីព្រោះបានបណ្តុះទឹកចិត្តយុវជនដទៃទៀតឱ្យចេះស្រឡាញ់បរិស្ថាន និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានជាដើម៖ «ពេលដែលយុវជនម្នាក់ដែលគាត់មានសក្តានុពល ជាមនុស្សម្នាក់ដែលមានគំនិតច្រើន គាត់ត្រូវបានចាប់ខ្លួន វាអាចបំបាក់ស្មារតីទៅដល់យុវជនផ្សេងៗទៀត។ គាត់គិតថា ខំប្រឹងធ្វើចង់ស្លាប់ទៅហើយ តែទទួលលទ្ធផលមកវិញបានត្រឹមតែជាប់គុក ហើយនិងចោទប្រកាន់។ អ៊ីចឹងវាបាត់បង់មនុស្សដែលគាត់ធ្វើការងារបែបហ្នឹង»។
អាជ្ញាធរ និងប្រព័ន្ធឃោសនារបបលោក ហ៊ុន សែន បានព្យាយាមនិយាយដាក់បន្ទុកលើកញ្ញា ស៊ុន រដ្ឋា និងសកម្មជនពីរនាក់ទៀតថា ធ្វើសកម្មភាពដោយខុសច្បាប់ ដើម្បីបង្កឱ្យមានភាពវឹកវរនៅក្នុងប្រទេស ឈានទៅផ្តួលរំលំរដ្ឋាភិបាល។
ទោះជាយ៉ាងណា ការលើកឡើងបែបនេះ មិនបានធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិជឿជាក់ឡើយ ព្រោះមនុស្សទូទៅយល់ច្បាស់ថា ការងារការពារបរិស្ថានមិនមែនជាបទល្មើសនោះទេ ប៉ុន្តែវាជាសកម្មភាពដែលគួរទទួលបានការលើកទឹកចិត្តទៅវិញ។ ជាការឆ្លើយតបនឹងទង្វើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា សហគមន៍ជាតិ និងអន្តរជាតិបាននាំគ្នាថ្កោលទោសការចាប់ខ្លួនសកម្មជនបរិស្ថានទាំងនេះ និងកំពុងធ្វើយុទ្ធនាការទាមទារឱ្យអាជ្ញាធរដោះលែងពួកគេឱ្យមានសេរីភាពវិញ។
យុវតី ស៊ុន រដ្ឋា ស្ថិតនៅក្នុងរថយន្តជាមួយសកម្មជនបរិស្ថាន ៦ នាក់ដែលត្រូវបានអាជ្ញាធរកម្ពុជាចចាប់ឃុំខ្លួន រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញ ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ និងលោក យឹម លាងហ៊ី។
ចំពោះក្រុមគ្រួសាររបស់សកម្មជនបរិស្ថានទាំងបីនាក់វិញ ពួកគាត់ក៏មិនបានស្តីបន្ទោសឱ្យយុវជនទាំងនោះដែរ តែផ្ទុយទៅវិញមានតែលើកទឹកចិត្តឱ្យពួកគេបន្តការតស៊ូទៅមុខទៀតក្នុងបុព្វហេតុការពារបរិស្ថាន។
ម្តាយរបស់កញ្ញា ស៊ុន រដ្ឋា លោកស្រី ដួង រី មានប្រសាសន៍ថា លោកស្រីរំភើបចិត្តនៅពេលឃើញសាធារណជនទាំងជាតិ និងអន្តរជាតិ ផ្តល់តម្លៃដល់សកម្មភាពការងាររបស់រដ្ឋា និងជឿជាក់លើភាពស្អាតស្អំរបស់នាង។ លោកស្រីស្នើយ៉ាងទទូចដល់អាជ្ញាធរឱ្យដោះលែងកូនលោកស្រីវិញ ដើម្បីរូបគេអាចបន្តការងារស្របតាមបំណងរបស់ខ្លួន៖ «ខ្ញុំមើលតាមហ្វេសប៊ុកទៅឃើញគេគាំទ្រកូនខ្ញុំច្រើន អ៊ីចឹងខ្ញុំមានចិត្តថារំភើប ព្រោះកូនខ្ញុំវាមិនដែលធ្វើពាក្យថាក្បត់ផង អត់មានសោះ។ ដូចថានៅតាមស្រុកភូមិកំណើតក៏អ៊ីចឹងដែរ មានតែគេរាប់អាន គេស្រឡាញ់អ៊ីចឹង»។
កញ្ញា ស៊ុន រដ្ឋា មានក្តីបំណងធំៗមួយចំនួននៅក្នុងជីវិតជាអ្នកការពារបរិស្ថាន។ នាងចង់ឱ្យសង្គមខ្មែរគិតគូរ យកចិត្តទុកដាក់ និងផ្តល់តម្លៃដល់បរិស្ថាន។ ជាមួយគ្នានេះ នាងចង់ជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានតាមរយៈសេវាកម្មអេកូទេសចរណ៍ ដោយចៀសវាងការបំផ្លិចបំផ្លាញធនធានធម្មជាតិ។ ជាពិសេសនាងចង់ឃើញប្រជាពលរដ្ឋខ្មែរគ្រប់រូបរស់នៅដោយសេចក្តីថ្លៃថ្នូរ មានការគោរពសិទ្ធិមនុស្ស និងទទួលបានយុត្តិធម៌ស្មើៗគ្នា៕
1 comment:
When the autocratic regime of the Yuon's slave Hun Sen was even afraid of a little young innocent girl like Ms. Sun Rotha, then there must be something wrong with brain of the regime: Ah Prett Hun Sen is officially mentally impaired.
Post a Comment