Wednesday, 16 June 2021

ផ្សោតញី ១ក្បាល​ទម្ងន់​ជិត ២០០ ​គីឡូ​ក្រាម​ងាប់​ នៅ​ដង​ទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង​កៀក​ទំនប់​ដង​សាហុង​របស់​ឡាវ


ដោយ អាស៊ីសេរី
2021-06-15 rfa
ផ្សោតញី ១ក្បាល​ទម្ងន់​ជិត ២០០ ​គីឡូ​ក្រាម​ងាប់​ នៅ​ដង​ទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង​កៀក​ទំនប់​ដង​សាហុង​របស់​ឡាវ 

សត្វផ្សោត ១ក្បាល ដែលមានទម្ងន់ ១៨០គីឡូក្រាមនេះ ត្រូវបានឆ្មាំអភិរក្សប្រទះឃើញអណ្តែតទឹកទន្លេ នៅវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៕
រូប៖ ហ្វេសប៊ុកឡុង សំបូរ

 

ផ្សោត​ញី ​១​ក្បាល​ ទម្ងន់​ជិត​ ២រយ​ (២០០) ​គីឡូក្រាម​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ងាប់​អណ្ដែត​ទឹក ​នៅ​ដង​ទន្លេ​មេគង្គ ​ក្នុង​ឃុំ​ព្រះ​រំកិល​ ស្រុក​បុរី​អូរស្វាយសែនជ័យ ​ខេត្ត​ស្ទឹងត្រែង​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា។​ ប្រជា​សហគមន៍​នេសាទ​សង្ស័យ​ថា  មូល​ហេតុ​​សត្វ​ផ្សោត​​នេះ​​​​ងាប់​​ ​ដោយសារ​​​បទល្មើស​នេសាទ​។

នាយក​ប្រតិបត្តិ​អង្គកា​រ​​ប​ណ្តាញ​​ការពារ​ទន្លេ​បី​​លោក ​លាង ប៊ុនលាភ​ មាន​ប្រសាសន៍​ថា ​មន្ត្រី​ជំនាញ​សន្និដ្ឋាន​​ថា ​ផ្សោត​ញី​ដែល​ងាប់​នោះ ​មាន​វ័យ​ចំណាស់​ ដោយ​សារ​​ អត់ធ្មេញ ​ហើយ​វា​រស់​នៅ​ក្នុង​អន្លង់​អភិរក្ស​ទន្លេ​មេគង្គ ​ក្នុង​ឃុំ​ព្រះ​រំកិល​ ខេត្តស្ទឹងត្រែង​។ ​លោ​ក​សង្កេត​ឃើញ​ថា ​សត្វ​ផ្សោត​ដ៏​កម្រ​នេះ​ នៅតែ​បន្ត​បាត់បង់ ​ជា​រៀងរាល់​ឆ្នាំ ​ដោយសា​រ​​នេសាទ​ខុសច្បាប់ ​និង​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ ប​ណ្តាល​​​ឱ្យ​ទឹក​ប្រែប្រួល​ បង្ក​ឱ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​សត្វ​ផ្សោត ​នៅ​​ដង​​ទន្លេ​មេគង្គ​៖ «ហេតុផល​ហ្នឹង​ឯង​ ទាល់តែ​ទឹក​ស្អាត​បាន​ផ្សោត​រស់​នៅ​បាន។ ទំនប់​វារី​​អគ្គិសនី​ដង​សាហុង​នៅ​ខាង​លើ​ បណ្តាល​ឱ្យ​ទឹក​មិន​ស្អាត​ទេ ​មាន​គុណភាព​ខ្សោយ​ទៅ​ៗ ​បណ្តាល​ឱ្យ​ជីវិត​ផ្សោត​ពិបាក​ដែរ​។ គុណភាព​ទឹក​ម្យ៉ាង​ដែរ ​ដែល​ធ្វើការ​រស់​នៅ​របស់​វា​ប៉ះពាល់»។


​ប្រជា​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ផ្សោត​ព្រះ​រំកិល​ធ្លាប់​លើក​ឡើង​ថា​ សត្វ​ផ្សោត​នៅ​សល់​តែ ​៣ ក្បាល ​កំពុង​ប្រឈម​បាត់​បង់​ទាំង​ស្រុង ​ដោយសារ​បទល្មើស​នេសាទ​ ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ឡាវ​នៅ​ខ្សែ​ទឹក​ខាង​លើ ​បណ្តាល​ឱ្យ​ទឹក​​ទន្លេ​ក​ខ្វក់​។ ​លើសពីនេះ​ ការ​បាត់​ប​​ង់ផ្សោត​ញី​មួយ​ក្បាល​នេះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យទេសចរណ៍ ​ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​របស់​ពលរដ្ឋ​មូលដ្ឋាន​ ព្រោះ​ផ្សោត​ទាំង​នោះ ​អាច​រក​ប្រាក់​ចំណូលបា​ន ​ជាច្រើន​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ តាម​រយៈ​បម្រើ ​វិស័យ​ទេសចរណ៍​រួម​មាន​ សេវាកម្ម​ស្នាក់​នៅ ​សេវាកម្ម​ដឹក​ជញ្ជូន ​និង​ ម្ហូប​អាហារ​ជាដើម​។

កាល​ពី​ដើម​ឆ្នាំ​ ២០២១ ​កូន​ផ្សោត​មួយ​ក្បាល​ងាប់​ នៅ​ឃុំ​ព្រះ​រំកិល​ដោយសារ​ជាប់​មង​អ្នក​នេសាទ ហើយ​នៅ​កំឡុង​ខែមេសា ​ឆ្នាំ២០២១ ​សត្វ​ផ្សោត​ទម្ងន់​ ២០០​គីឡូ ​ក្រាម ​ងាប់​នៅ​ដង​ទន្លេ​មេគង្គ ​ឋិត​ក្នុង​ស្រុក​សៀ​មប៉ាង ​ខេត្ត​ស្ទឹង​ត្រែង​។ មក​ទល់​ពេល​នេះ ​សត្វ​ផ្សោត​មាន​វត្តមាន​នៅ​អន្លង់​ផ្សោត​ព្រះរំកិល ​នៅ​សល់​តែ ​២ ​ក្បាល​ប៉ុណ្ណោះ៕

No comments: