Sunday, 20 June 2021

ទស្សនៈ​ពលរដ្ឋ​ជុំវិញ​បេក្ខភាព​ប្រធាន​គ.ជ.ប​ថ្មី​ដែល​មក​ពី​គណបក្ស​កាន់អំណាច


ដោយ សេក បណ្ឌិត
2021-06-19 rfa
ទស្សនៈ​ពលរដ្ឋ​ជុំវិញ​បេក្ខភាព​ប្រធាន​គ.ជ.ប​ថ្មី​ដែល​មក​ពី​គណបក្ស​កាន់អំណាច 

លោកប្រាជ្ញ ច័ន្ទ ជា​សមាជិក​រដ្ឋ​សភា ​និងជាអតីតអភិបាលខេត្តបាត់បំដង ដែលជាបេក្ខជនម្នាក់ក្នុងចំណោមពីរនាក់ឈរឈ្មោះជាប្រធាន គ.ជ.ប ថ្មីជំនួសលោក ស៊ិក ប៊ុនហុក។


ប្រជា​ពលរដ្ឋ​មួយចំនួន​រិះគន់​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ច័ន្ទ ដែល​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​បទ​ពិសោធន៍​ជុំវិញ​កិច្ចការ​បោះឆ្នោត ហើយ​បេក្ខជន​រូប​នេះ​មិនអាច​ដើរតួ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​បាន​ឡើយ​។ ពួកគាត់​ក៏​ស្នើ​ឱ្យ​សមាជិកសភា​ឯក​បក្ស​ពិចារណា​ចំពោះ​បុគ្គល​ដែល​មាន​ប្រវត្តិ​ដឹកនាំ​មិនល្អ។

ប្រជាពលរដ្ឋ​យល់​ថា បេក្ខភាព​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបការ​បោះឆ្នោត ដែល​កើត​ចេញ​ពី​ជ្រើសរើស​គណបក្ស​កាន់អំណាច ដែល​ស្អិត​ល្មួត​នឹង​បក្ស​នេះ មិន​អាច​ផ្តល់​តម្លាភាព អព្យាក្រិត ដើម្បី​ធានា​នូវ​សិទ្ធិ​ពលរដ្ឋ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​បាន​ឡើយ​។​

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង លោកស្រី ធុយ គីមល័ក្ខ ប្រាប់​ថា ពលរដ្ឋ​ភាគច្រើន​មិន​ពេញចិត្ត​ចំពោះ​អតីត​អភិបាលខេត្ត​បាត់ដំបង លោក ប្រាជ្ញ ច័ន្ទ នោះ​ទេ ព្រោះ​កន្លងមក​លោក​មិនមែន​ជា​បុគ្គល​ស្អាតស្អំ ដែល​ក្រោម​រដ្ឋបាល​ដឹក​នាំ​របស់​គាត់​បាន​បង្កើត​នូវ​បក្ខពួក អំពើ​អយុត្តិធម៌ ជម្លោះដីធ្លី និង​មិន​ចិត្ត​ទុកដាក់​ចំពោះ​ការ​អភិវឌ្ឍ​ជូន​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​នោះ​ទេ។ លោកស្រី​យល់​ថា អតីត​អភិបាលខេត្ត​រូប​នេះ​មិន​អាច​កែទម្រង់​ស្ថាប័ន​បោះឆ្នោត​ដើម្បី​ផ្តល់​ជំនឿ​ចិត្ត និង​ការពារ​សំឡេងឆ្នោត​របស់​ពលរដ្ឋ​ឡើយ៖ «ខ្ញុំ​អត់​ពេញចិត្ត​ទេ ហើយ​ណាមួយ​គាត់​ខាង​គណបក្ស​ប្រជាជន​ខាង​ស្នើសុំ​ទៅ​ធ្វើ​ជា គ​.​ជ​.​ប អ៊ីចឹង​ខ្ញុំ​មានចិត្ត​ព្រួយបារម្ភ​ខ្លាច​តែ គ​.​ជ​.​ប គាត់​មាន​បញ្ហា​ឬក៏​គាត់​លំអៀង​ទៅ​បក្ស​កាន់​អំណាច»។


ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោកស្រី សួរ ស៊ាងហៃ ប្រាប់​ថា គ.ជ.ប លែង​ជា​ស្ថាប័ន​ឯករាជ្យ​យូរ​មក​ហើយ ព្រោះ​ស្ថាប័ន​បោះឆ្នោត​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្តជា​បន្តបន្ទាប់​។ លោក​បន្ត​ថា បច្ចុប្បន្ន​បេក្ខភាព​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​កើត​ចេញ​ពី​គណបក្ស​នយោបាយ​ច្បាស់​ជា​ទទួលរង​ឥទ្ធិពល​នយោបាយ ដូច្នេះ​ប្រជាពលរដ្ឋ​លែង​ទុកចិត្ត​លើ​ស្ថាប័ន​បោះឆ្នោត​នេះ​បន្ថែម​ទៀត ហើយ​លោកស្រី​ក៏​មិន​ជឿ​ថា ការបោះឆ្នោត​ខាងមុខនេះ ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​ត្រឹមត្រូវ​ដែរ៖ «ចា៎​ប្រសិន​មាន​ភាព​យុត្តិធម៌​គឺ​ខ្ញុំ​គាំទ្រ តែ​ដោយសារ​កន្លងមក​វា​អត់​ឃើញ​មាន​យុត្តិធម៌​ខ្ញុំ​មិន​ជឿ​មិន​មាន​សង្ឃឹម​និយាយ​រួម​ប្រទេស​ខ្មែរ​ទាំងមូល​មិន​សង្ឃឹម​លើ​គ.ជ.ប ស្អី​ណា​ណី​មកពី​ខាង​ណា​អី​ក៏ដោយ​អត់​មាន​ជំនឿ រយៈពេល​យូរ​មក​ហើយ​ដែល​មិន​ឃើញ​មាន​ជំនឿ​អី​ឱ្យ​ពលរដ្ឋ​ជឿទុក​ចិត្ត​លើ​ឈ្មោះ​ទាំងអស់​នោះ ខុស​ការពិត​តាំងពី​យូរ​មក​ហើយ​គ្រាន់តែ​បង្កើន​ឱ្យ​តែ​មាន​គ្រាន់តែ​ឱ្យ​ប្រជាជន​មាន​សង្ឃឹម​ប៉ុន្តែ​មិនឃើញ​ប្រគល់​ឱ្យ​ភាព​សង្ឃឹម​ប្រជាជន​ចង់បាន»។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក ខឿន ប៊ុនធឿន លើកឡើង​ថា លោក​មិន​វាយតម្លៃ​លើ​បេក្ខជន ឬ​ប្រធាន​គ.ជ.ប ដែល​ចេញ​ពី​ប្រភព​គណបក្ស​នយោបាយ ប៉ុន្តែ​លោក​យល់ថា​កន្លង​មក​ស្ថាប័ន​បោះឆ្នោត​នេះ​បាន​កែទម្រង់​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទុកចិត្ត​ខ្លះ​ដែរ។ លោ​កថា​ម្ចាស់​ឆ្នោត​ខ្លួនឯង​គួរ​ផ្តោត និង​យកចិត្ត​ទុក​ដា​ពី​ការ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត រួម​ទាំង​ត្រូវ​ហ៊ាន​ការពារ​សំឡេងឆ្នោត​របស់​ខ្លួន​ដោយ​តាមដាន​សង្កេតការណ៍​ជុំវិញ​ដំណើរការ​ស្ថាប័ន​នេះ៖ «ឥឡូវ​ខ្ញុំ​មិន​អាច​សន្និដ្ឋាន​គាត់​យ៉ាង​ម៉េច​ទេ តែ​អ្វី​ដែល​អាច​សន្និដ្ឋាន​បាន អ្វី​អាច​ធ្វើ​គឺ​លទ្ធផល​ចេញពី​ប្រជា​ពលរដ្ឋ សង្គម​ស៊ីវិល និង​បញ្ញវន្ត​ទាំងអស់​ក្នុង​ទាំង​ស្រុក​និង​ក្រៅ​ស្រុក បើ​យើង​ធ្វើការ​រួមគ្នា​សកម្ម ហើយ​ចូលរួម​ការពារ​ឆន្ទៈ អាហ្នឹង​បាន​យើង​អាច​ធ្វើការ​ទៅ​មុខ​បាន​ហើយ​ជាពិសេស​គណបក្ស​នយោបាយ​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា លោក ឌឹម សុវណ្ណារុំ និង​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​មតិ​លើកឡើង​របស់​ពលរដ្ឋ បានទេ នៅ​ថ្ងៃទី​១៩ មិថុនា​។ ប៉ុន្តែ​លោក ឡេង ប៉េងឡុង ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ប្រាជ្ញ ច័ន្ទ មានបទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ និង​មាន​សមត្ថភាព​គ្រប់គ្រាន់។

ទោះជា​យ៉ាងណា មេឃុំ​ឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ដែល​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២០១៧ លោក ផុន សុភា សង្កាត់​ឃើញ​ថា បេក្ខភាព​ប្រធាន គ​.​ជ​.​ប ដែល​ជ្រើសរើស​ចេញពី​គណបក្ស​នយោបាយ​មិន​ធានា​នូវ​ការ​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​ពី​គ្រប់​និន្នាការ​នយោបាយ​បាន​ទេ​។ ម្យ៉ាងវិញទៀត​ប្រធាន​ស្ថាប័ន​បោះឆ្នោត​នេះ គួរ​ជ្រើសរើស​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល សមាគម​ឯករាជ្យ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​បំពេញ​មុខងារ ដើម្បី​ផ្តល់​ទំនុកចិត្ត​ជូន​មហាជន។ លោក​បន្ត​ទៀត​ថា ការ​លាលែង​ពី​គណបក្ស​នយោបាយ​គ្រាន់តែ​ជា​រូបភាព​តែប៉ុណ្ណោះ តែ​មិន​អាច​លុបលាង​ភាព​ឆ្អិនឆ្អៅ​យូរ​ឆ្នាំ​ជាមួយ​គណបក្ស​កាន់​អំណាច​បាន​ឡើយ។

លោក ផុន សុភា បញ្ជាក់​ថា លោក​មិនទាន់​សម្រេច​ចិត្ត​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ខាងមុខ​នេះ ព្រោះ​លំហ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​កំពុង​ស្ថិត​ក្រោម​ការ​រឹតត្បិត ចំណែក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​មិនទាន់​បង្ហាញ​ពី​ឯករាជ្យ ដើម្បី​ធានា​យុត្តិធម៌​ដែល​អាច​ការពារ​សំឡេងឆ្នោត​របស់​ពលរដ្ឋ៖ «ពេលណា​ដែល​លំហ​ប្រជាធិបតេយ្យ ឬក៏​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​មានការ​រឹតត្បិត​ហើយ គ​.​ជ​.​ប យើង​សម្លឹង​មើល​ទៅ​ខ្វះ​ភាព​ឯករាជ្យ ឬក៏​យើង​មិនអាច​ទទួល​យក​បាន​គឺ​វា​ប៉ះពាល់​ខ្លាំង​ណាស់ បើ​យើង​ធ្វើ​សកម្មភាព​នយោបាយ​ក៏​មានការ​រឹតត្បិត នៅពេល​យើង​ចូលរួម​ការបោះឆ្នោត​មិន​ទុកចិត្ត​ថា គ.ជ.ប មាន​ភាព​ឯករាជ្យ ខ្ញុំ​ចង់ឱ្យ​អ្នក​ដែល​ធ្វើការ​នៅក្នុង​គ.ជ.ប ហ្នឹង​មាន​ភាព​ក្លាហាន​មានការ​ទទួលខុសត្រូវ​ចំពោះមុខ​ប្រជាពលរដ្ឋ ព្រោះ​ច្បាប់​និង​ប្រជាពលរដ្ឋ​បាន​ផ្តល់​សិទ្ធិអំណាច​ឱ្យ​គាត់​ធំ​ណាស់ គាត់​ជា​អ្នក​សម្រេច​នូវ​ការរៀបចំ​ឆន្ទៈ​របស់​គាត់​ឱ្យ​បាន​ត្រឹមត្រូវ»។

កម្ពុជា​បាន​រៀប​ចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​៦​អាណត្តិ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ៤​អាណត្តិ​មក​ហើយ ប៉ុន្តែ​ការបោះឆ្នោត​អាណត្តិ​នីមួយៗ​តែងតែ​បង្កើត​ជម្លោះ​នយោបាយ ទាក់ទង​ពី​តម្លាភាព និង​អព្យាក្រិត​របស់​គ.ជ.ប ដែល​ទទួល​រង​ការ​ចោទប្រកាន់​ពី​ភាព​លំអៀង​ទៅ​រក​គណបក្ស​កាន់អំណាច។ លើស​ពី​នេះ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ក៏​រិះគន់​ផង​ដែរ ពី​ភាព​មិន​ប្រក្រតី​អំពី​ការ​បោះឆ្នោត ដែល​មិន​ធានា​នូវ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ពី​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់។ ម្យ៉ាង​វិញ​ទៀត​ប្រធាន​ស្ថាប័ន​បោះឆ្នោត​ដែល​ចេញ​ពី​គណបក្ស​កាន់​អំណាច រួម​មាន លោក ឆេង ផុន (១៩៩៨-២០០២) លោក អ៊ឹម សួស្តី (២០០២-២០១៥) និង​លោក ស៊ិក ប៊ុនហុក (២០១៥-២០២១) តែងតែ​ជាប់​ដិត​ដាន​បន្ត​បន្ទាប់ពី​ម្ចាស់​ឆ្នោត និង​សហគមន៍​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ហាក់​គ្មាន​ជំនឿ​ថា សមាសភាព​បេក្ខជន​ប្រធាន​គ.ជ.ប​ថ្មី អាច​ជួយ​ឲ្យ​កិច្ចការ​បោះឆ្នោត​វិវត្ត​មក​ភាព​ល្អ​ប្រសើរ និង​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​បាន​ឡើយ៕

1 comment:

Anonymous said...

People are not interested with the upcoming election in Cambodia.

This Yuon's slave regime of Hun Sen has done whatever Yuon told Hun Sen to.