Saturday, 12 June 2021

មន្ត្រី​បក្ស​កាន់អំណាច​ថា គ្មាន​បរទេស​ណា​អាច​ជួយ​លោក កឹម សុខា បាន​ទេ


ដោយ យន់ សាមៀន
2021-06-12c rfa
មន្ត្រី​បក្ស​កាន់អំណាច​ថា គ្មាន​បរទេស​ណា​អាច​ជួយ​លោក កឹម សុខា បាន​ទេ 

ប្រធានគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) ក្នុង​ជំនួប​ជាឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា។
រូប​ពី​ហ្វេសប៊ុក​លោក កឹម សុខា


មន្ត្រី​បក្ស​កាន់អំណាច​ថា គ្មាន​បរទេស​ណា​អាច​ជួយ​លោក កឹម សុខា បាន​ទេ​ដោយ​លោក​លើកឡើង​ដដែលៗ​ថា សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​យក​តុលាការ​មក​ពាំងមុខ​គ្រាន់តែ​ជា​លេស​របស់​បក្ស​កាន់អំណាច​ព្រោះ​ការ​ចាប់ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​គឺ​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។

មន្ត្រី​បក្ស​កាន់អំណាច​នៅតែ​អះអាង​ដដែល​ថា គណបក្ស​កាន់​អំណាច​គ្មាន​ការ​ព្រមព្រៀង​នយោបាយ​ណាមួយ​ជាមួយ​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​រង​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​អាស៊ីសេរី​ដឹង​ថា ការ​ដែល​លោក កឹម សុខា ជួប​ប្រមុខ​ទូត​ប្រទេស​សេរី​និង​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក​នា​ពេល​ថ្មីៗ​នេះ​គឺជា​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា ដែល​តុលាការ​បាន​ផ្ដល់​ឱ្យ។ លោក​យល់​ថា ជំនួប​នោះ​គ្រាន់តែ​ជា​មនោសញ្ចេតនា​រវាង​បុគ្គល និង​បុគ្គល៖ «បរទេស​គាត់​ឋានៈ​ជា​បរទេស​គាត់​មិនមែន​ចៅហ្វាយនាយ​កម្ពុជា​ឯណា​លើក​សំណូមពរ​ជា​ការ​លើក​សំណូមពរ​កន្លងទៅ​មាន​សំណូមពរ​ហូរហែ​ហើយ ប៉ុន្តែ​សួរ​ថា​បាន​លទ្ធផល​ទេ​គឺ​អត់​ទេ​ព្រោះ​នេះ​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា ជាពិសេស​ស្ថិត​យុត្តាធិការ​របស់​តុលាការ»។


ទោះ​មានការ​លើកឡើង​បែបនេះ​របស់​លោក សុខ ឥសាន​ក្ដី ប៉ុន្តែ​កន្លងមក​ប្រមុខ​ទូត​រួមមាន​៖ សហរដ្ឋអាមេរិក និង​ប្រទេស​លោក​សេរី​តែង​ទាមទារ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា និង​ត្រូវ​ផ្ដល់​នីតិសម្បទា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​កាន់អំណាច​បែបនេះ ស្រប​ពេល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ជាមួយ​តំណាង​ទូត​ប្រទេស​លោក​សេរី​ជា​បន្តបន្ទាប់ ក្នុង​នោះ​លោក កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​ខាងលិច​កាល​ពី​ពេល​ថ្មីៗ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សូរីដា ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​ឱ្យ​ដឹង​ថា ប្រមុខ​ទូត​ប្រទេស​សេរី ជួប​លោក កឹម សុខា គឺជា​ជំនួប​ផ្លូវការ​មិនមែន​ជា​ជំនួប​ឯកជន ឬ​ត្រឹម​ជា​ការ​សួរសុខទុក្ខ​ធម្មតា​នោះ​ទេ ព្រោះ​អ្នក​ទាំងនោះ​ពេល​ជួប​លោក កឹម សុខា តែង​និយាយ​ក្នុងនាម​ពួកគេ​ជា​ប្រមុខ​ការទូត​។ មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា រូប​នេះ​នៅតែ​ចាត់ទុកថា តុលាការ​ស្ថិត​ក្នុង​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ដដែល​។ លោក​ថា ករណី​ចោទប្រកាន់​លោក កឹម សុខា គឺជា​រឿង​នយោបាយ​។ លោក​រម្លឹក​ថា ការ​ចាប់ខ្លួន ការ​ចោទប្រកាន់ លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ​២០១៧ ធ្វើ​ឡើង​ដោយ​រំលោភ​ច្បាប់ ហើយ​មកដល់ពេលនេះ​តុលាការ​ក៏​មិនទាន់​រកបាន​ភស្តុតាង​ថា លោក កឹម សុខា ក្បត់ជាតិ​នៅ​ឡើយ​ដែរ៖ «ចាប់​មនុស្ស​ទាំងយប់​ពាក់កណ្ដាល​អាធ្រាត្រ គឺ​ខុសច្បាប់​ចាប់​លោក កឹម សុខា​នៅ​ក្នុង​ពេល​មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ចាប់​ខុសច្បាប់​បាត់​ហើយ​ហ្នឹង​ការ​រំលាយ​គណបក្ស​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​បោះឆ្នោត​គឺ​ត្រូវ​ពឹងផ្អែក​ភស្តុតាង​ស្អី? ដើម្បី​រំលាយ​គណបក្ស​ហ្នឹង​តែ​ក្ដី​លោក កឹម សុខា មិន​ទាន់​កាត់​ផង​ហើយ​មក​ដល់​ពេល​នេះ​លោក កឹម សុខា នៅ​មិន​ទាន់​មាន​ទោស​នៅ​ឡើយ​ត្រឹម​ជា​ជន​ជាប់ចោទ»។

របប​លោក ហ៊ុន សែន បាន​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ប៉ុន្តែ​ជិត ៤​ឆ្នាំ​មក​នេះ​អាជ្ញាធរ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ណាមួយ​ដែល​បញ្ជាក់​ពី​ទោសកំហុស​របស់​លោក កឹម សុខា នៅ​ឡើយ​។ ផ្ទុយទៅវិញ​សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​ទៅតាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះ​យ៉ាង​ណា តុលាការ​បាន​អនុញ្ញាត​ឱ្យ លោក កឹម សុខា អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ឬ​ជួប​អង្គទូត​នានា លើកលែងតែ​ការ​ចេញ​ក្រៅប្រទេស និង​សិទ្ធិ​ធ្វើ​នយោបាយ។ក្រុម​មេធាវី​របស់​លោក កឹម សុខា គ្រោង​ដាក់​លិខិតស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា​។ មេធាវី​ការពារ​ឱ្យ​លោក កឹម សុខា គឺ​នឹង​ជួប​កូនក្ដី​ជាមុន​សិន មុននឹង​សម្រេច​ដាក់​សំណើ​ទៅ​តុលាការ​ស្នើ​ឱ្យ​ទម្លាក់​ចោល​បទចោទ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​មេធាវី ផែង ហេង ស្ដីពី​គម្រោង​សុំ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​១២ ខែមិថុនា​។ រីឯ​ប្រធាន​សាលាដំបូង​រាជធានី ភ្នំពេញ លោក តាំង ស៊ុន ឡាយ ក៏​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ពាក់ព័ន្ធ​នឹង​ជំនួប​រវាង​លោក កឹម សុខា និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថា ការដែល​ប្រមុខ​ទូត​បរទេស ជួប​លោក កឹម សុខា ថ្មីៗ​នេះ ដើម្បី​បញ្ជូន​សារ​គាំទ្រ ពី​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​។ អ្នកវិភាគ​រូប​នេះ​ថា សកម្មភាព​របស់​មន្ត្រី​ការទូត​ទាំងនោះ ទំនង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខ្មាសអៀន​ចំពោះ​ទង្វើ​របស់​លោក ដែល​ព្យាយាម​យក​តុលាការ​ដើម្បី​កម្ចាត់​លោក កឹម សុខា ពី​ឆាកនយោបាយ៕

2 comments:

Anonymous said...

Kem Sokha needs to help himself first before others can help him.

If he keeps quieting like a snake, and let his daughter Kanha LeuKeu Kem MonoShittia attack his own party CNRP, then only Hell can help him.

Open your damn mouth, expressing your principal and the CNRP's principals.

Where are the so called " Samloth Min KhlacH" ?

If you die to fight for Cambodia, your sacrifice will strengthen Khmer morale greatly.

Anonymous said...

Rise up and send Hun Sen and his goon to hell. That is the only thing Hun Sen and the evil Yuon fear, is Khmer nationalism.