Saturday, 26 June 2021

សកម្មជន​ឆ្នើម​ផ្នែក​បរិស្ថាន​សកល ជំរុញ​គ្រប់​គ្នា​ឱ្យ​បន្លឺ​សំឡេង​ប្រឆាំង​នឹង​ការ​ចាប់​អ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា


ដោយ សេក បណ្ឌិត
2021-06-25

rfa
សកម្មជន​ឆ្នើម​ផ្នែក​បរិស្ថាន​សកល ជំរុញ​គ្រប់​គ្នា​ឱ្យ​បន្លឺ​សំឡេង​ប្រឆាំង​នឹង​ការ​ចាប់​អ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា 

(ឆ្វេង) ជនជាតិ​ស៊ុយអែដ​ កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ (Greta Thunberg) អាយុ ១៨ឆ្នាំ គឺ​ជា​សកម្មជន និង​ជា​អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​ ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​លើ​ពិភពលោក​ និង​ (ស្ដាំ) សកម្មជន​​បរិស្ថាន​ ៣នាក់នៃចលនា​មាតា​ធម្មជាតិ​ ដែល​អាជ្ញាធរ​កម្ពុជាចាប់​ដាក់​ពន្ធនាគារ
រូប៖ Twitter កញ្ញា Greta Thunberg និង​ហ្វេសប៊ុក Mother Nature

 

អ្នក​ការពារ​បរិស្ថាន​ល្បីឈ្មោះ​លំដាប់​ពិភពលោក ចេញ​មុខ​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់​គ្នា​លើក​ឡើង​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ៣នាក់​នៅ​កម្ពុជា។ សារ​អំពាវនាវ​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន រាប់​ទាំង​អ្នក​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល អ្នក​ស្រាវជ្រាវ និង​អ្នក​ស្រឡាញ់​បរិស្ថាន។

ករណី​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ៣នាក់ រួម​មាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុធ នា​ពេល​ថ្មីៗនេះ មិន​មែន​ផ្ទុះ​ការ​ចាប់អារម្មណ៍​តែ​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​ករណី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នេះ ក៏​ទទួល​បាន​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ធំៗ ជា​ពិសេស បន្ទាប់​ពី​អ្នក​ការពារ​បរិស្ថាន​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​លើ​ពិភពលោក គឺ​កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ (Greta Thunberg) បាន​ចេញមុខ​រិះគន់​ករណី​នេះ​ជា​សាធារណៈ។


កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ បាន​ចែក​រំលែក​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​របស់​វិទ្យុ​អាស៊ី​សេរី​អំពី​ករណី​ចាប់​ខ្លួន​សកម្មជន​​បរិស្ថាន​ ៣នាក់នៃចលនា​មាតា​ធម្មជាតិ​នេះ នៅ​លើ​បណ្ដាញ​ធ្វីតធ័រ​ (Twitter) របស់​នាង​។ សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ជនជាតិ​ស៊ុយអែត (Sweden) រូប​នេះ បាន​សរសេរ​ថា អ្នក​ការពារ​បរិស្ថាន​នៅ​ទូទាំង​ពិភពលោក​កំពុង​ទទួល​រង​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន និង​ខ្លះ​ដល់​ថ្នាក់​ត្រូវ​គេ​សម្លាប់​ផង​ក៏​មាន។ នាង​បន្ត​ថា មនុស្ស​គ្រប់គ្នា​ដែល​មាន​សិទ្ធិ ត្រូវ​តែ​បន្លឺ​សំឡេង​របស់​យើង​ប្រឆាំង​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​បែបនេះ។ កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ បន្ថែម​ថា នេះ​ជា​រឿង​គួរ​ឱ្យ​ស្អប់ខ្ពើម ហើយ​នាង​បាន​ដាក់​សញ្ញា​បង្ហាញ​មាតិកា​ជាមួយ​ពាក្យ​ថា «ការពារ​អ្នក​ការពារ (បរិស្ថាន)» (#DefendTheDefenders)។

សារ​របស់​កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ បែប​នេះ ទទួល​បាន​ការ​​ចែក​រំលែក បញ្ចេញ​មតិ និង​ពេញ​ចិត្ត​ពី​អ្នក​ប្រើ​បណ្ដាញ​ធ្វីតធ័រ (Twitter) រហូតដល់​ជិត ២សែន​ដង។ ទោះ​ជា​សារ​នេះ នាង​បាន​បង្ហោះ​តាំង​ពី​ថ្ងៃ​ទី២២ មិថុនា​មក​ក៏​ដោយ ក៏​មក​ដល់​ពេល​នេះ​នៅ​តែ​មាន​អ្នក​ចូល​ទៅ​គាំទ្រ និង​បញ្ចេញ​មតិ​ឆ្លើយឆ្លង​នៅ​ឡើយ។

អ្នក​ដែល​គាំទ្រ និង​បញ្ចេញ​យោបល់​ចំពោះ​សារ​របស់​កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ មាន​ចម្រុះ ទាំង​ពលរដ្ឋ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ប្រទេស​ដទៃ មាន​ទាំង​សកម្មជន​សង្គម​ស៊ីវិល អ្នក​សិក្សា​ស្រាវជ្រាវ ​អ្នក​ស្រឡាញ់​បរិស្ថាន និង​អ្នក​នយោបាយ ជាដើម ក្នុង​នោះ ក៏​រួម​ទាំង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ អ្នកខ្លះ​បាន​បញ្ចេញ​យោបល់​ថា មាន​តែ​នៅ​កម្ពុជា​ទេ ដែល​សកម្មជន​បរិស្ថាន​​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ។ ខ្លះ​ទៀត​ថា នេះ​ជា​រឿង​អាក្រក់​ហួស​ថ្លែង​ និង​ជា​រឿង​អាម៉ាស់​បំផុត ដែល​ការងារ​ការពារ​បរិស្ថាន​ក្លាយ​ជា​បទល្មើស។ រីឯ​អ្នក​ខ្លះ​ទៀត​បាន​បួងសួង​សុំ​ឱ្យ​សកម្មជន​ទាំង​បី​ឆាប់​ទទួល​បាន​សេរីភាព​វិញ ហើយ​ខ្លះ​ទៀត ស្នើសុំ​ស្ថាប័ន​អន្តរជាតិ​ធំៗ ឱ្យ​ជួយ​អន្តរាគមន៍​ករណី​នេះ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក ប្លង់ សុផល និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ មិថុនា។

កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ (Greta Thunberg) អាយុ ១៨ឆ្នាំ គឺ​ជា​សកម្មជន និង​ជា​អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​ដ៏​មាន​ឥទ្ធិពល​នៅ​លើ​ពិភពលោក។ នាង​ធ្លាប់​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន​អំពី​បញ្ហា​បរិស្ថាន ក្នុង​នោះ​ក៏​រួម​ទាំង​កិច្ច​ប្រជុំ​កំពូល និង​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ។ នាង​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​នាម​ជា​អ្នក​ការពារ​បរិស្ថាន​វ័យ​ក្មេង ហើយ​មតិ​យោបល់​របស់​នាង​ច្រើន​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​យក​ទៅ​ពិចារណា ពីសំណាក់​ឥស្សរជន​នយោបាយ និង​ក្រុម​អង្គការ​អន្តរជាតិ​ធំៗ។ បណ្ដាញ​ធ្វីតធ័រ​របស់​នាង​មាន​អ្នក​តាម​ដាន (Followers) ជិត ៥លាន​នាក់។

មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​អ្នក​ការពារ​ព្រៃឈើ​របស់​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា ថ្លែង​ថា សារ​របស់​កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ នេះ គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​មួយ​ដ៏​សំខាន់​ដល់​សកម្មជន​បរិស្ថាន​ទាំង ០៣នាក់​ដែល​កំពុង​ជាប់ឃុំ និង​សកម្មជន​បរិស្ថាន​ដទៃ​ទៀត​ដែល​រង​ការ​យាយី​នៅ​កម្ពុជា។ លោក​បន្ត​ថា នេះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា បញ្ហា​បរិស្ថាន គឺ​ជា​បញ្ហា​សាកល ហើយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា ក៏​មាន​ន័យ​ស្មើនឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​បរិស្ថាន​ដទៃ​ទៀត​លើ​ពិភពលោក​ដែរ៖ «បើ​ពួក​គាត់​ទាំង​បី​នាក់​បាន​ដឹង​ពី​ដំណឹង​នេះ ខ្ញុំ​យល់​ឃើញ​ថា គាត់​នឹង​មាន​​មោទនភាព​ចំពោះខ្លួន​ឯង ដែល​ពិភពលោក​មិន​បាន​ទុក​គាត់​ឱ្យ​នៅ​ឯកោ ហើយ​ពិភពលោក​បាន​បង្ហាញ​នូវ​ការ​ជឿជាក់ និង​គាំទ្រ​ជា​ខ្លាំង។ ដូច្នេះ​ខ្ញុំ​ក៏​មាន​សង្ឃឹមថា ប្រតិកម្ម​ពី​មហាជន​ក្នុង​ស្រុក និង​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ព្រម​ទាំង​ពិភពលោក​ទាំង​មូល នឹង​ជួយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ពួក​គាត់​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ»។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​យុវជន​មាតា​ធម្មជាតិ ៣នាក់​ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ប្រមាថ​ព្រះមហាក្សត្រ បន្ទាប់​ពី​ចាប់ខ្លួន​ពួក​គេ​កាល​ពី​ថ្ងៃ​ទី១៦ មិថុនា។ ក្នុង​នោះ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី រង​ការ​ចោទ​ប្រកាន់​ទាំង ពីរ​បទ​ល្មើស រីឯ​យុវជន លី ចាន់ដារ៉ាវុធ រង​ការ​ចោទប្រកាន់​មួយ​បទ​ល្មើស​គឺ​បទ «រួម​គំនិត​ក្បត់»។ «បទ​ប្រមាថ​ព្រះ​មហាក្សត្រ» ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី ១ឆ្នាំ ដល់ ៥ឆ្នាំ ខណៈ «បទ​រួម​គំនិត​ក្បត់» វិញ ជាប់​ទោស​ចន្លោះ​ពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ជា​ច្រើន​លាន​រៀល​ថែម​ទៀត។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ថ្កោល​ទោស​ធ្ងន់ៗ លើ​របប​ក្រុង​ភ្នំពេញ ចំពោះ​ករណី​នេះ។ ពួក​គេ​ចាត់​ទុក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ដ៏​អាក្រក់​ហួសហេតុ​នេះ និង​ជា​ការ​ប៉ុនប៉ង​ឥត​លាក់លៀម​របស់​អាជ្ញាធរ​កម្ពុជា ដើម្បី​បំបិទ​មាត់ និង​បំភិតបំភ័យ​យុវជន និង​សកម្មជន​បរិស្ថាន ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ផង បាន​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដោះលែង​សកម្មជន​ទាំង​បី​នាក់ ព្រម​ទាំង​សកម្មជន​មួយ​ចំនួន​ទៀត​ឱ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​ជំរុ​ញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​បាប​ក្រុម​អ្នក​ការពារ​បរិស្ថាន ដោយ​ងាក​ទៅ​គោរព​សិទ្ធិ​ពលរដ្ឋ និង​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ចូល​រួម​ក្នុង​ការងារ​ការពារ​បរិស្ថាន​ឱ្យ​បាន​ទូលំទូលាយ​វិញ៕

1 comment:

Anonymous said...

Thank You Ms. Greta Thunberg for your help denouncing the autocratic regime of the now dead man Hun Sen.