Sunday, 6 June 2021

សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​បរិស្ថាន ដើម្បី​លើកកម្ពស់​ការ​យល់ដឹង និង​ជំរុញ​ឲ្យ​បើក​ចំហ​ការចូលរួម​កិច្ច​ការពារ​បរិស្ថាន


ដោយ សន ចាន់រដ្ឋា
2021-06-05 rfa
សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​បរិស្ថាន ដើម្បី​លើកកម្ពស់​ការ​យល់ដឹង និង​ជំរុញ​ឲ្យ​បើក​ចំហ​ការចូលរួម​កិច្ច​ការពារ​បរិស្ថាន 

រូប​តំណាងទិវា​បរិស្ថាន​ពិភពលោក ដែល​បង្ហោះលើ​បណ្ដាញ​ទ្វីតធ័រ​ (Twitter) របស់​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy)។
Photo Courtesy


ក្រុម​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន រួមគ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក នៅ​ថ្ងៃទី​៥ មិថុនា ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​បរិស្ថាន និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល បើក​លំហ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​កិច្ចការពារ​ធនធានធម្មជាតិ និង​បរិស្ថាន។ ពួកគាត់​លើកឡើង​ថា ការ​កាប់បំផ្លាញ​ព្រៃឈើ​គឺជា​មូលដ្ឋាន​ចម្បង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​នៅ​កម្ពុជា ដោយសារតែ​ការអនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង ខណៈ​មន្ត្រី​អាជ្ញា​ធរមាន​ការ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​បទល្មើស​នេះ។

ក្រុម​អង្គការ សមាគម និង​សហគមន៍​មូលដ្ឋាន​ចំនួន​១២​ស្ថាប័ន រួម​ទាំង​ក្រុម​និស្សិត ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក តាម​បណ្ដាញ​សង្គម នៅ​ថ្ងៃទី​៥ ខែ​មិថុនា ក្រោម​ប្រធានបទ «​បរិស្ថាន ជា​បញ្ហា​សកល​ដែល​គ្រប់គ្នា​មាន​សិទ្ធិ និង​ករណី​កិច្ច​ចូលរួម​ការពារ​ថែរក្សា​ប្រកបដោយ​បរិយាប័ន្ន​»​។​សកម្មជន​បរិស្ថាន បាន​ប្រើប្រាស់​វេទិកា​នេះ​ភាគច្រើន​ជជែក និង​រិះគន់​អាជ្ញាធរ​រដ្ឋាភិបាល​រឿង​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ព្រមទាំង​ទទូច​ឲ្យ​រដ្ឋាភិបាល បើកទូលាយ​ឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ រួមគ្នា​ទប់ស្កាត់​គ្រប់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន។


ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អ៊ុល វ៉ាន់ ថ្លែង​ថា កម្ពុជា​មាន​បញ្ហា​បរិស្ថាន​ជាច្រើន​បាន​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ជនបទ និង​នៅ​ទីក្រុង។ លោក​ពិនិត្យ​ឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​គំហុក ការ​លុប​បឹង​ធម្មជាតិ ដើម្បី​យក​ដី​អភិវឌ្ឍ ព្រមទាំង​ការ​ទាញ​យក​ធនធានធម្មជាតិ​នានា​ដូចជា​បូម​ខ្សាច់ និង​ធនធាន​រ៉ែ ដោយ​គ្មាន​ការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ត្រឹមត្រូវ កំពុង​ក្លាយជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន​។ លោក អ៊ុល វ៉ាន់ បន្ថែម​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​កាប់​បំផ្លាញ​ព្រៃឈើ កាន់តែ​កើនឡើង ថែមទៀត ជាពិសេស​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ និង​ក្រោយ​ពេល​រដ្ឋាភិបាល ហាមឃាត់​មិន​ឲ្យ​ប្រជា​ពលរដ្ឋ ចុះ​ល្បាត​នៅ​តាម​តំបន់​ការពារ៖ «យើង​មើលឃើញ​ថា សកម្មភាព​នៃ​ការ​រឹតត្បិត​ពី​សំណាក់​អាជ្ញាធរ និង​រដ្ឋាភិបាល​នេះ ជា​ការ​រួមចំណែក​ធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតមានឡើង ដោយសារតែ​អវត្តមាន​សកម្មជន​បរិស្ថាន អង្គការ​សង្គម​ស៊ីវិល និង​យុវជន មិនអាច​ចូលរួម​សកម្មភាព​ការពារ​ព្រៃ​បាន។ បញ្ហា​ទី​២​យើង​មើល​ឃើញ​ថា ការ​លុប​នូវ​ប្រភព​ទឹក នៅក្នុង​តំបន់​ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ ដែល​យើង​មើល​ឃើញ​ថា មួយ​រយៈ ចុងក្រោយ​នេះ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​អី​ម្តងៗ តែង​មាន​ទឹកជំនន់ និង​ទឹក​លិច​ផ្លូវ ហើយ​ប៉ះពាល់​ប្រជាពលរដ្ឋ»។

ស្រដៀង​គ្នា​នេះ នាយ​កា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ដែល​ជា​វាគ្មិន​ក្នុង​វេទិកា​នេះ មាន​ប្រសាសន៍​ថា អ្នកស្រី សោកស្តាយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ព្យាយាម​រារាំង​មិន​ឲ្យ​ប្រជា​ពលរដ្ឋ ជាពិសេស​យុវជន ចូលរួម​កិច្ចការពារបរិស្ថាន និង​ចុះ​ល្បាត​ព្រៃឈើ​នៅ​តំបន់​ការពារ ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​ស្មារតី​នៃ​ច្បាប់​កំពូល​របស់​ជាតិ។ អ្នកស្រី​យល់​ថា ការ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធន​ធម្មជាតិ គឺជា​រឿង​ចាំបាច់​បំផុត ដើម្បី​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រងគ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ៖ «មិនមែន​តែ​កម្ពុជា​យើង​ទេ តែ​នៅ​លើ​ពិភពលោក​នេះ មាន​បញ្ហា​ពីរ​សំខាន់ បើ​យើង​គិត​ដូច​គណិត​ទី​១ គឺ​ផល​ដក បាន​ន័យ​ថា យើង​នាំគ្នា កាប់​ព្រៃឈើ យើង​លុប​បឹង​លុប​ទន្លេ លុប​សមុទ្រ បំផ្លាញ​ភ្នំ​ជាដើម គឺ​យើង​ដកចេញ ឬ​ជា​ផល​ដក ប៉ុន្តែ​យើង​ក៏​មាន​ផលបូក​ដែរ គឺ​មិនមែន​បូក​ឲ្យ​ចំណេញ​ទេ គឺ​បូក​ប្រើ​គីមី បង្ក​ជា​កាក​សំណល់​ផ្សេងៗ​ហើយ​ការ​ចោល​សំរាម​។​ល​។ គឺ​យើង​នាំគ្នា​ផ្តល់​ផលបូក​ទៅលើ​ភព​ផែនដី ហើយ​ជា​ផល​ជះ​មកវិញ ជា​ពិសេស​កម្ពុជា​យើង ប៉ុន្មាន​ឆ្នាំនេះ បម្រែបម្រួល​អាកាសធាតុ​ចាប់ផ្តើម​កើត​ឡើង​ហើយ»។

ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ និង​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​ធនធាន​ជម្ម​ជាតិ និង​បម្រែបម្រួល​អាកាសធាតុ លោក ហែម ឧត្តម លើកឡើង​ថា ការចូលរួម​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន ត្រូវ​បាន​គាំទ្រ​ដោយ​ច្បាប់ ប៉ុន្តែ​លោក​សោកស្តាយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល បកស្រាយ​ច្បាប់​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​អ្នក​ការពារ​បរិស្ថាន​ភ័យខ្លាច និង​មានការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ដែល​ខិតខំ​ចូលរួម​ការពារ​បរិស្ថាន​ជាដើម។ លើស​ពី​នេះ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា និង​អ្នកជំនួញ​ហាក់​ឲ្យ​តម្លៃ​តែ​លើ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​មិន​បាន​គិត​គួរ​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ផ្តើម​ចេញ​ពី​ការ​ដកហូត​ធនធាន​ធម្មជាតិ​លើស​កម្រិត​ក្រោម​ស្លាក​អភិវឌ្ឍន៍​នោះ​ទេ៖ «ដល់ពេល​វេលា​ដែល​យើង​គិតថា នៅពេល​យើង អភិវឌ្ឍ​ដោយ​ទាញ​យក​ធនធាន​យ៉ាង​គំហុក តើ​វា​ផ្តល់​ប៉ះពាល់​អវិជ្ជមានអី​ខ្លះ មក​ដល់​យើង​ហើយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំងអស់​នោះ ក៏​ជា​តម្លៃ​លុយ​ដូចគ្នា​ដែរ ហើយ​ការ​ខាត​បង់​មួយ​ចំនួន វា​អត់​អាច​គិត​ជា​តម្លៃ​លុយ​ទៅ​ទៀត។ ឧទាហរណ៍​ថា ដូចជា​ការ​បាត់​នូវ​ជីវចម្រុះ ការ​បាត់បង់​ប្រពៃណី ជំនឿ​សាសនា​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ហើយ​អ្វី​ទាំងអស់​នេះ យើង​នឹង​បាត់បង់​ជា​រៀង​រហូត»។

ក្រសួងបរិស្ថាន ក៏បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ផង​ដែរ ក្រោម​ប្រធានបទ​«​ជីវចម្រុះ និង​សុខភាព​មនុស្ស​» ប៉ុន្តែ​ក្រសួង​មួយ​នេះ មិន​បាន​លើកឡើង​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ​។ ក្រសួងបរិស្ថាន បាន​យក​ឱកាស​នេះ បង្ហោះ​បទ​ចម្រៀង​ទាក់ទង​នឹង​បរិស្ថាន​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក (Facebook) និង​ចុះ​ដាំ​កូនឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ។

អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បានទេ ដោយ​ទូរស័ព្ទ​ចូល​ពំ​មាន​អ្នក​ទទួល​។ ប៉ុន្តែ​លោក នេត្រ ភក្ត្រា បាន​ថ្លែង​សារ​គន្លឹះ​រយៈពេល​ជាង​៥​នាទី នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​ថា ក្នុង​ទិវា​បរិស្ថាន​នេះ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គិត បង្កើត​ថ្មី និង​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី និង​អភិរក្ស​ជីវចម្រុះ​ដែល​កម្ពុជា​មាន​។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​អាច​ចូលរួម​ដាំ​ដើមឈើ ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាព​បៃតង ផ្លាស់ប្ដូរ​ទម្លាប់​ចំពោះ​បរិស្ថាន និង​ចូលរួម​ធ្វើ​អនាម័យ​បរិស្ថាន​ជាដើម៖ «យើង​ជា​ជំនាន់​ដែល​រស់នៅ​ប្រកបដោយ​សេចក្តី​សុខ​ជាមួយនឹង​ធម្មជាតិ​ដូច្នេះ​យើង​ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ជីវចម្រុះ ព្រោះ​ជីវិត​មនុស្ស សុខភាព​មនុស្ស មិនអាច​កាត់ផ្ដាច់​ចេញ​ពី​ធម្មជាតិ ជីវចម្រុះ​បាន​ឡើយ។ ប្រសិន​បើ​ធម្មជាតិ​បាត់បង់ អនាគត​មនុស្ស​ជាតិ នឹង​មិន​ឋិតថេរ។ ដូច្នេះ​យើង​ត្រូវ​ទទួលស្គាល់​នូវ​ចំណង​ទំនាក់ទំនង​រវាង​គុណភាព​ធម្មជាតិ និង​សុខភាព និង​សុខុមាលភាព​មនុស្សជាតិ ហើយ​ត្រូវ​ចូលរួម​ចំណែក​ការពារ និង​អភិរក្ស​នូវ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​គង់វង្ស សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត»។

ទោះជា​លោក នេត្រ ភក្ត្រា អំពាវនាវ​បែបនេះ​ក្តី ក៏​មក​ដល់​ពេល​នេះ ក្រសួង​បរិស្ថាន មិន​បាន​លុប​បម្រាម​របស់​ខ្លួន​ដែល​ហាមឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ចូល​ល្បាត​ព្រៃ​នៅ​តំបន់​ការពារ​នោះ​នៅឡើយ​ទេ​។ លើស​ពី​នេះ សកម្មជន​បរិស្ថាន​ជា​ច្រើន​នាក់ បន្ត​រង​ការ​គំរាមកំហែង ជាប់​បណ្តឹង​ក្នុង​តុលាការ និង​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជាដើម ដោយសារ​ការ​ចូលរួម​កិច្ចការពារ​បរិស្ថាន​។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល​អនុញ្ញាត​ជា​បន្តបន្ទាប់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធំៗ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​លុប​បឹង​លុប​ទន្លេ លុប​សមុទ្រ និង​ច្បាម​យក​ធនធាន​ធម្មជាតិ ព្រមទាំង​បំផ្លាញ​ព្រៃភ្នំ​ជាដើម ក្រោម​ហេតុផល​អភិវឌ្ឍ ទោះបីជា​មាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ​បែប​ណា​ក្តី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ទាមទារ​ឱ្យ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ចំហ​ការចូលរួម​របស់​យុវជន ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ក្នុង​កិច្ច​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ស្របតាម​បញ្ញត្តិ​ច្បាប់​ដែល​មាន​ជា​ធរមាន។ ពួកគាត់​ក៏​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ ៣​នាក់​កំពុង​ជាប់ឃុំ​ផង​ដែរ៕

No comments: