Wednesday, 23 June 2021

អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ជាង ៧០ស្ថាប័ន ស្នើសុំ​ឱ្យ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​លើ​ សកម្មជន​បរិស្ថាន ៤នាក់


ដោយ ម៉ៅ សុធានី
2021-06-22
អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ជាង ៧០ស្ថាប័ន ស្នើសុំ​ឱ្យ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​លើ​ សកម្មជន​បរិស្ថាន ៤នាក់ 

យុវជនសកម្មជន​មាតា​ធម្មជាតិ
Photo Courtesy


 

ទាក់ទង​នឹង​ការ​ទាមទារ​ឱ្យ​ដោះ​លែង​លើ​សកម្មជន​បរិស្ថាន ៤នាក់​ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន ៧៥ស្ថាប័ន ក៏​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​ជា​បន្ទាន់​ផង​ដែរ។

សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ និង​សហគមន៍​ចេញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី២២ មិថុនា​បញ្ជាក់​ថា អាជ្ញាធរ​គួរ​បញ្ឈប់​ការ​ចាប់​សកម្មជន​ដាក់​ពន្ធនាគារ​បញ្ឈប់​ការ​រឹតត្បិត និង​ការ​ផ្ដន្ទាទោស​ឥត​ឈប់ឈរ​ទៅ​លើ​ក្រុម​អ្នក​ការពារ​បរិស្ថាន​ទាំង​នោះ។ បន្ថែម​ពី​នេះ​អាជ្ញាធរ ​គួរ​ចាប់ផ្ដើម​ពិនិត្យ និង​ស្ដាប់​មតិយោបល់​របស់​ពួកគេ​ ដែល​​ចងក្រង​ឯកសារ​ពី​ហានិភ័យ​នៃ​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ សកម្មជន​បរិស្ថាន​ទាំងនេះ​ បាន​ធ្វើ​ការ​ដោយ​មិន​ខ្លាច​នឿយហត់​ និង​មិន​គិត​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម​របស់​ជាតិ។

នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អ្នកស្រី ចក់ សុភាព ដែល​ជា​ស្ថាប័ន​មួយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​នេះ អះអាង​ថា បទ​ចោទ​ទៅ​លើ​សកម្មជន​បរិស្ថាន​ទាំង​នោះ គឺ​ជា​រឿង​មិន​សម​ហេតុ​សម​ផល ដែល​ជា​ការ​រៀបចំ​ឡើង ដើម្បី​ដាក់​បន្ទុក​ដល់​ពួក​គេ​ប៉ុណ្ណោះ៖ «យើង​មើល​ទៅ​ការ​ចាប់​ខ្លួន​នេះ ដោយសារ​ភាព​សកម្ម​របស់​ពួក​គាត់ ជា​រឿង​មួយ ដែល​មិន​គួរ​កើត​ឡើង​ទេ ចំពោះ​បទ​ចោទ​ទាំង​នេះ។ យើង​ឃើញ​ថា ភាព​ផ្សំ​នៃ​ការ​ចោទ​នេះ គឺ​មាន​ការ​លើក​ឡើង​ថា ពួក​គាត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពី​ឆ្នាំ២០១២ រហូត​ដល់ ២០២១នេះ។ ហើយ​បើ​មើល​ពី​អាយុ​វិញ គឺ​ពួក​គាត់​អាច​ប្រព្រឹត្ត​បទ​ល្មើស​តាំង​ពី​អាយុ ១២ និង ១៧ឆ្នាំ ដែល​ជា​រឿង​មួយ ដែល​រៀបចំ​ឡើង ដើម្បី​ដាក់​បន្ទុក ទៅ​លើ​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ទាំង​នោះ»។


សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ពួកគេ គឺ​មិន​សម​ហេតុផល និង​បទ​ចោទ​ប្រឆាំង​ពួក​គេ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​អាជ្ញាធរ​កម្ពុជា​ និង​ប្រព័ន្ធ​យុត្តិធម៌ ប្រើប្រាស់​បទ​ចោទ​មិន​ត្រឹមត្រូវ ដើម្បី​ចាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង​ដាក់​ពន្ធនាគារ។ ការ​តស៊ូ​មតិ​សម្រាប់​សិទ្ធិមនុស្ស ​និង​ការ​ទាមទារ​ឱ្យ​អាជ្ញាធរ​ការពារ​បរិស្ថាន មិនមែន​ជា​បទល្មើស​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​បរិស្ថាន​ដែល​ជា​យុវជន​ជំនាន់​ក្រោយ​របស់​ប្រទេសជាតិ​ ដាក់​ពន្ធនាគារ​ គឺ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ​ទៅ​វិញ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​ស្នើសុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន ​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ឱ្យ​បាន​ឆាប់រហ័ស​ ព្រមទាំង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អស់ ចំពោះ​អ្នក​ទាំង​នោះ​ដោយ​គ្មាន​លក្ខខណ្ឌ៕

No comments: