Friday, 25 June 2021

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​​ចាប់​កូន​ប្រុស​មន្ត្រី​បក្ស​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ គឺ​​កុមារា កាក់ សុវណ្ណច្ឆ័យ ទាំង​យប់


ដោយ ខែ សុណង
2021-06-24 rfa

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​​ចាប់​កូន​ប្រុស​មន្ត្រី​បក្ស​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ គឺ​​កុមារា កាក់ សុវណ្ណច្ឆ័យ ទាំង​យប់

កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​បច្ចុប្បន្ន​អាយុ ១៦ ឆ្នាំ ត្រូវបានសមត្ថកិច្ច​ក្រុង​ភ្នំពេញ​​ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

 

ម្ដាយ​កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​កំពុង​ជាប់​ឃុំ​ពន្ធនាគារ​ព្រៃស គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា សមត្ថកិច្ច​ជាង ​២០ ​នាក់​បាន​​ចូល​ទៅ​ចាប់​កូនប្រុស​លោកស្រី​ដល់​ក្នុង​ផ្ទះ​ទាំង​យប់ ដោយ​មិន​ប្រាប់​មូលហេតុ និង​មិន​បង្ហាញ​ដីកា​ពី​តុលាការ​ឡើយ។

លោកស្រី ព្រុំ ចាន់ថា ដែល​ជា​ប្រពន្ធ​មន្ត្រី​បក្សប្រឆាំង គឺ​លោក កាក់ កុម្ភារ បន្ត​ថា ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​បឹងទំពុន​ទី២ ខណ្ឌមានជ័យ ដែល​មាន​មន្ត្រី​ស្នងការ​នរគបាល​​ក្រុង​​ភ្នំពេញ រួម​ទាំង​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​ម្នាក់​ផង បាន​ចុះ​ទៅ​ចាប់​កូន​ប្រុស​លោកស្រី​នៅ​វេលា​ម៉ោង​ជាង ​៨ ​យប់ ថ្ងៃទី២៤ ខែមិថុនា ក្នុង​​ផ្ទះ​ ស្ថិត​នៅ​ភូមិ​ត្នោតជ្រុំ​៣។ ប៉ុន្តែ​នៅ​ពេល​លោកស្រី​តាម​ទៅ​ដល់​ប៉ុស្តិ​បឹងទំពុន​ទី២ លោកស្រី​មិន​បាន​ជួប​កូន​ឡើយ ហើយ​មន្ត្រី​ប៉ុស្តិ៍​ប្រាប់​ថា គេ​បាន​បញ្ជូន​កូន​លោកស្រី​ទៅ​ស្នងការ​នគរបាលរាជធានីភ្នំពេញ​ដើម្បី​សាកសួរ​បន្ត៖ «គ្រាន់​តែ​ចូល​ដល់​ក្នុង​ផ្ទះ​ខ្ញុំ​ ៦​ នាក់ ចាប់​ក្រៀក​ខ្ញុំ​ ៣​ នាក់ ចូល​ដាក់​ខ្នោះ​ដល់​ក្នុង​បន្ទប់​គ្នា​ដេក​ឡៅតឿ អត់​មាន​ដីកា​ទាំង​អស់ ហើយ​មក​នេះ មាន​ព្រះរាជអាជ្ញា​មួយ​ហ្នឹង នឹង​ស្នងការ​រង លឺ​សូ​មេ​ប៉ុស្តិ៍​និយាយ ខ្ញុំ​មិន​ដឹង​ទេ។ មាន​ឡាន​២ ម៉ូតូ ​៧ ​គ្រឿង ប៉ូលិស​​ស្លៀកពាក់​ស៊ីវិល​ឯកសណ្ឋាន​ផង​គ្នា​ប្រហែល​ចូល​ ២០ ​នាក់។ អត់​មាន​ប្រាប់​ថា​ ពី​បទ​អី​គ្រាន់​តែ​ហៅ​ទៅ​ប៉ុស្តិ៍។ ដាក់​ខ្នោះ​ចាប់​ទៅ​ទាំង​បំពាន»។


លោកស្រី ព្រុំ ចាន់ថា អះអាង​ថា ការ​ចាប់ខ្លួន​កូនប្រុស​លោកស្រី​នៅ​ពេល​នេះ ទំនង​ជា​មាន​ការ​រៀបចំ ដែល​លោកស្រី​សង្ស័យ​ថា ពាក់ព័ន្ធ​និង​ការ​ប្រើប្រាស់​បណ្ដាញ​​សង្គម​តេឡេក្រាម (Telegram) ដែល​បាន​ចងក្រង​ជា​ក្រុម ពីព្រោះ​កូនលោកស្រី​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ លោកស្រី​ថា ទង្វើ​នេះ​គឺ​ជា​ការ​គំរាមកំហែង បំបាក់​ស្មារតី​ដល់​គ្រួសារ​លោកស្រី៖ «ចាប់​កូន​ខ្ញុំ​គឺ​ទាក់ទង​នឹង​ការ​គំរាមកំហែង​មក​លើ​រូប​ខ្ញុំ​ផង និង​ចង់​បំបាក់​ស្មារតី ​ក្រុម​គ្រួសារ​ខ្ញុំ​ កូន​ខ្ញុំ​តែម្ដង។ និយាយ​រួម​ទៅ​ កូន​ខ្ញុំ​វា​ក្មេង បើ​សិន​ជា​គាត់​មាន​លើសលួស​អី​តិចតួច​ធម្មតា​ក្មេង​វា​មាន​ជំងឺ​អ៊ីចឹង​ផង ហើយ​ចាប់​ឪពុក​ដាក់​គុក ហើយ​ធ្វើបាប​ទៅ​លើ​ម្ដាយ​អ៊ីចឹង​ទៀត គឺ​គាត់​ឈឺ​ចាប់​ណាស់។ ធ្លាប់​ចាប់​គាត់​ម្ដង​ហើយ គប់​គាត់​បែក​ក្បាល ​២០ ​ថ្នេរ​ហើយ គាត់​តែងតែ​មាន​ការ​និយាយ​ស្ដី​ខ្លះ​ហើយ។ តាម​តេឡេក្រាម​គាត់​មាន​ការ​និយាយ​ខ្លះ​ដែរ ព្រោះ​ធម្មតា​ជេរ​ឪពុកគាត់​សុទ្ធ​តែ​ឧទ្ទាម សុទ្ធ​តែ​ក្បត់​ជាតិ ធម្មតា​គាត់​ខឹង​គាត់​ចេះ​តែ​ជេរ​ហើយ។ ខ្ញុំ​ថា ​នេះ​គឺ​ជា​ការ​រៀបចំ​ឲ្យ​កូន​ខ្ញុំ​ចូល​អន្ទាក់​គេ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នរគបាល​រាជធានី​ក្រុង​ភ្នំពេញលោក ស ថេត និង​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នរគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ​ជុំវិញ​រឿង​នេះ នៅ​យប់​ថ្ងៃទី២៤ ខែមិថុនា។

CNRP_supporter_Attacked_PP.jpg
កាលពី​ថ្ងៃ​ទី​២៧ ខែមេសា កុមារា កាក់ សុវណ្ណច្ឆ័យ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​លប​គប់​នឹង​ដុំ​ថ្ម​ពី​ក្រោយ​ខ្នង​បណ្តាល​ឱ្យ​បែក​ក្បាល​ដេរ​ ២០ ថ្នេរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា តាម​ការ​អះអាង​របស់​គ្រួសារ​ដែល​សមត្ថកិច្ច​ដាក់​កម្លាំង​ច្រើន​លើស​លុប​​ក្នុង​ពេល​ចុះ​ចាប់​ខ្លួន​កុមារា កាក់ សុវណ្ណច្ឆ័យ ដោយ​មិន​បញ្ជាក់​ប្រាប់​មូលហេតុ​ដល់​គ្រួសារ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ។ លោក​ថា មាន​ហេតុផល​មួយ​​ចំនួន​​ដែល​សមត្ថកិច្ច​គួរ​តែ​ដោះលែង​កុមារា​រូប​នេះ៖ «សុវណ្ណច្ឆ័យ​នេះ​ធ្លាប់​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​ហើយ ហើយ​ក៏​ដឹង​ថា កុមារ​នេះ​មាន​ស្មារតី វិបល្លាស គាត់​​មាន​កើត​ជំងឺ​អូទីហ្សឹម ដែល​ជា​ជំងឺ​មួយ​ដែល​មាន​ការ​ផ្ចង់​អារម្មណ៍​ស្រលាញ់​អី​ គឺ​គាត់​ផ្ដោត​ទៅ​អ្វី​ដែល​ជា​ការ​ស្រលាញ់​របស់​គាត់​ តែង​ការពារ​អ្វី​ដែល​គាត់​ស្រលាញ់​ជា​ដើម។ ចំណុច​ទាំង​អស់​នេះ សមត្ថកិច្ច​ធ្លាប់​ដឹង​ហើយ​គួរ​តែ​ពិចារណា ក្នុង​ការ​ប្រព្រឹត្ត​របស់​កុមារ​ហ្នឹង។ សមត្ថកិច្ច​គួរ​តែ​ធ្វើការ​ដោះលែង ព្រោះ​មាន​ការ​ដោះ​លែង​រូប​គាត់​មួយសារ​ហើយ ណាមួយ​គ្រួសារ​គាត់​យើង​ឃើញ​ហើយ​ឪពុក​របស់​គាត់​កំពុង​ជាប់​ឃុំ គ្រួសារ​គាត់​កំពុង​ជួប​ផល​លំបាក​ជាច្រើន»។

កាល​ពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​បច្ចុប្បន្ន​អាយុ ១៦ ឆ្នាំ ត្រូវ​បាន​ប៉ូលិស​សង្កាត់​ចាក់អង្រែ​លើ ប្រើ​ហិង្សា​ទៅ​លើ​រាងកាយ​នៅ​ក្នុង​ពេល​ចាប់​ខ្លួន​រូប​គេ ដែល​ជាប់​ពាក់ព័ន្ធ​ថា​ បាន​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ។ កាក់ សុវណ្ណច្ឆ័យ មាន​ជំងឺ​អូទីហ្សឹម (Autism) តាំង​ពី​កំណើត និង​មាន​ខួរក្បាល​ខុស​ប្រក្រតី​ជា​ញឹកញាប់ ដែល​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន។ ពេលនោះ ប៉ូលិស​ប៉ុស្តិ៍​ចាក់​អង្រែលើ បាន​ឃុំ​ខ្លួន កាក់ សុវណ្ណច្ឆ័យ មួយ​យប់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយ​យប់​ទៀត ហើយ​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​សន្យា និង​ថត​វីដេអូ​សុំ​ទោស​មុន​នឹង​ដោះ​លែង​រូប​គេ​វិញ។

បន្ទាប់មក​នៅ​ពី​ថ្ងៃ​ទី​២៧ ខែមេសា កាក់ សុវណ្ណច្ឆ័យ បាន​ជួប​គ្រោះថ្នាក់​ម្ដង​ទៀត ដោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​លប​គប់​នឹង​ដុំ​ថ្ម​ពី​ក្រោយ​ខ្នង​បណ្តាល​ឱ្យ​បែក​ក្បាល​ដេរ​ ២០ ថ្នេរ ពេល​ដែល​រូប​គេ​ធ្វើ​ដំណើរ​ជាមួយ​ម្តាយ​នៅ​ភូមិត្នោតជ្រុំ សង្កាត់​បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ រហូត​មក​ដល់​ពេល​នេះ យុវជន​សកម្មជន​សង្គម បរិស្ថាន សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជិត​៨០​នាក់​ហើយ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ ពួកគេ​ជាប់​ចោទ​ពី​បទ​ផ្សំ​គំនិត​ក្បត់ បទ​ក្បត់​ជាតិ បទ​ញុះញង់ បង្ករ​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​បទប្រមាថ​ព្រះមហាក្សត្រ ជាដើម៕

1 comment:

Anonymous said...

When the country is led by a puppet, right becomes wrong and vice versa.

Ah Kwack Hun Sen must be hanged for his crimes against Cambodia and Khmer people.