ដោយ ខែ សុណង
2021-06-08 rfa
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និង (ស្ដាំ) លោក រ៉ុង វិជ្ជា ក្មួយប្រុសរបស់លោក រ៉ុង ឈុន ដែលទៅតាមដានសវនាការសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន និងកញ្ញា ស កណិកា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សាច់ញាតិ និងសង្គមស៊ីវិល សោកស្ដាយ ចំពោះចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចមិនព្រមដោះលែង សកម្មជនព្រំដែន និងជាមេដឹកនាំសហជីព លោក រ៉ុង ឈុន និងកញ្ញា ស កណិកា។ក្រុមមេធាវី ថាពួកគាត់កំពុងរកវិធីជួបកូនក្ដីដើម្បីដាក់ពាក្យប្ដឹងឧទ្ធរណ៍។
ទោះបីជាមានរិះគន់ពីការឃុំខ្លួន លោក រ៉ុង ឈុន និងកញ្ញា ស កណិកា យ៉ាងណា ក៏មន្ត្រីតុលាការនៅតែសម្រេចបន្តឃុំខ្លួនសកម្មជនទាំង ២នាក់ដដែល។
ក្មួយប្រុសរបស់ លោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា បានរិះគន់ថា សម្រេចក្ដីបែបនេះ ជារឿងអយុត្តិធម៌។ លោកទាមទារឲ្យតុលាការដោះលែងសកម្មជនទាំង២ឲ្យមានសេរីភាពវិញ៖ «ខាងតុលាការគួរតែពិនិត្យឡើងវិញចំពោះនីតិវិធីក៏ដូចជាអង្គហេតុអង្គច្បាប់ហ្នឹង។ ខ្ញុំសង្ឃឹមថាតុលាការនឹងពិចារណាឲ្យមានការដោះលែងពូរបស់ខ្ញុំឲ្យបាននៅក្រៅឃុំ ពីព្រោះថាក្នុងនាមខ្ញុំជាសាច់ញាតិគឺមានការព្រួយបារម្ភពីសុខទុក្ខរបស់គាត់ខ្លាំងមែនទែន»។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា នៅថ្ងៃទី៨ មិថុនា បានបើកសវនាការលើពាក្យស្នើសុំឱ្យនៅក្រៅឃុំបណ្ដោះអាសន្នលើសំណុំរឿង លោក រ៉ុង ឈុន និងកញ្ញា ស កណិកា ដោយគ្មានជនកំពុងជាប់ឃុំចូលរួមក្នុងសវនាការនេះទេ។ក្រោយបញ្ចប់សវនាការ ចៅក្រមជំនុំជម្រះ លោក លិ សុខា ប្រកាសសម្រេចមិនអនុញ្ញាតឲ្យជនត្រូវចោទទាំងពីរនាក់នៅក្រៅឃុំតាមការស្នើសុំនោះទេ ក្រោមហេតុផលថា តុលាការចាំបាច់នៅបន្តនីតិវិធីចំពោះអ្នកជាប់ពាក់ព័ន្ធផ្សេងៗ ជាច្រើនទៀត និងត្រៀមសវនាការលើអង្គសេចក្ដីនៅពេលខាងមុខឆាប់ៗ។
មេធាវីការពារក្តីរបស់ លោក រ៉ុង ឈុន និងកញ្ញា ស កណិកា គឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីថាខាងតំណាងអយ្យការបញ្ជាក់ថាខាងពន្ធនាគារមិនអាចបញ្ជូនកូនក្ដីទាំង២នាក់មកចូលរួមសវនាការទេ ព្រោះបារម្ភការឆ្លងរាលដាលជំងឺកូវីដ១៩(Covid-19)។ ទោះយ៉ាងណា លោកមេធាវី សំ សុគង់ កត់សម្គាល់ថាក្នុងពេលតតាំងក្ដីនោះ ចៅក្រមហាក់លម្អៀងទៅខាងតំណាងអយ្យការ។ ក្រុមមេធាវីចាត់ទុកការសម្រេចបន្តឃុំខ្លួនកូនក្ដីទាំង ២នាក់ ជារឿងអយុត្តិធម៌ ហើយនៅតែទាមទារជួបកូនក្ដីតាមណាក៏បានដើម្បីពិភាក្សាបណ្ដឹងឧទ្ធរណ៍៖ «ក្រុមមេធាវីមានបំណងថា នឹងជួបកូនក្ដីដើម្បីពិគ្រោះយោបល់ក៏ដូចជាជូនព័ត៌មានអំពីសេចក្ដីសម្រេច និងសាលក្រមសម្រេចនៅព្រឹកមិញហ្នឹង។ប៉ុន្តែយើងអត់ដឹងថា ដោយសារតែបញ្ហាកូវីដ តើមេធាវីអាចជួបកូនក្ដីបានឬក៏អត់ទេ!បើអត់ទេ ក្រុមមេធាវីនឹងសម្រេចចិត្តដាក់ឧទ្ធរណ៍ ចំពោះសាលក្រម ដែលសម្រេចបដិសេធចំពោះការសម្រេចស្នើសុំរបស់មេធាវី»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃដដែលនេះ។ តែយ៉ាងណាតំណាងអយ្យការ លោក សេង ហៀង អះអាងក្នុងសវនាការ ថាលោក រ៉ុង ឈុន បានចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ២ដូសរួចរាល់ហើយ។
នៅក្នុងសវនាការនេះ ក៏មានការចូលរួមតាមដានពីតំណាងស្ថានទូតមួយចំនួនផងដែរ។ សង្គមស៊ីវិលដែលចូលរួមឃ្លាំមើលសវនាការនេះ សោកស្ដាយចំពោះការបន្តឃុំខ្លួនសកម្មជនទាំង ២នាក់។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង ជំរុញឲ្យចៅក្រមដោះលែងសកម្មជនទាំង២មានសេរីភាពវិញ។ លោក យល់ថាការបន្តឃុំខ្លួនបែបនេះបានធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់លោក រ៉ុង ឈុន និងកញ្ញា ស កណិកា៖ «ប៉ះពាល់ទៅដល់សិទ្ធិសេរីភាពអ្នកទាំង២យ៉ាងធ្ងន់ធ្ងរ ហើយជាពិសេសទៅទៀតនោះគឺប៉ះពាល់ទៅដល់គោលការណ៍ស្ដីអំពីយុត្តិធម៌ និងភាពឆាប់រហ័សនៃការផ្ដល់យុត្តិធម៌សម្រាប់គូភាគីនៅក្នុងការឃុំខ្លួន។ អ៊ីចឹងយើងគិតមើលបើសិនជាការបន្តឃុំខ្លួននៅតែធ្វើឡើងដោយគ្មានសវនាការប្រាកដណាស់នឹងធ្វើឲ្យអ្នកទាំង២ បន្តបាត់បង់សេរីភាពដោយភាពស្រពិចស្រពិលទាំងខ្លួនមិនប្រាកដ ថាមានបទល្មើស»។
ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងប្រធានសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា(CILA)កញ្ញា ស កណិកា រងការឃុំខ្លួនក្នុងពន្ធនាគារជិតមួយឆ្នាំហើយ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ការចោទនេះធ្វើឡើងក្រោយពេលលោក រ៉ុង ឈុន បានទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍ករណីទាហានវៀតណាមប្រដាប់ដោយអាវុធបានចូលមកបណ្ដេញអ្នកភូមិឈប់ឲ្យធ្វើស្រែក្បែរព្រំដែនក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំ២០២០។តែរដ្ឋាភិបាលបដិសេធ និងចោទសកម្មជនព្រំដែនថា ញុះញង់។ រីឯកញ្ញា ស កណិកា វិញ អាជ្ញាធរបានចាប់ឃុំខ្លួនគាត់ជាមួយនឹងក្រុមយុវជន និងសកម្មជនជាច្រើននាក់ផ្សេងទៀត ដោយសារចូលរួមតវ៉ាទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។
ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងនោះវិញ ដោយចាត់ទុកថា ការចាប់ឃុំខ្លួនលោក រ៉ុង ឈុន រួមទាំងសកម្មជនផ្សេងទៀត ធ្វើឡើយដោយគ្មានមូលដ្ឋានច្បាប់ និងកំពុងឃុំខ្លួនពួកគាត់តាមទំនើងចិត្ត។ នៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ មិថុនា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) ក៏បានអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យទម្លាក់ចោលបទចោទប្រកាន់ដែលមានចរិតនយោបាយលើអ្នកនយោបាយប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជនជាបន្ទាន់ផងដែរ ព្រមទាំងបើកលំហនយោបាយ និងពលរដ្ឋឡើងវិញ នៅមុនការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ៕
1 comment:
Rong Chhun has put his life on the line to protect Khmer workers and the teachers' interest.
Where are those workers and teachers during this Rong Chhun's horrible time ?
In addition, Kem Ley has sacrificed his life for KHmer people. Did Khmer people made any massive protest against Ah Yuon's slave Hun Sen ??
The so called apathetic behavior must be changed if Khmer people wanted to have a country to live.
Post a Comment