ចលនាមាតាធម្មជាតិ សូមបង្ហាញការសោកស្តាយជាខ្លាំងចំពោះការរឹតត្បិតហួស ហេតុទៅលើសិទ្ធិសេរីភាពរបស់អ្នកទោសមនសិការ ក្នុងការប្រាស័យទាក់ទងសាច់ញាតិរបស់ខ្លួនពីសំណាក់មន្ត្រីពន្ធនាគារព្រៃស (មណ្ឌលអប់រំកែប្រែទី១ និងទី២)។ ការហាមឃាត់ដោយខុសច្បាប់នេះត្រូវបានប្រព្រឹត្តទៅអស់រយៈពេល៤ខែមកហើយ។ ការរំលោភបំពាននេះរួមមាន ការរំលោភបំពានទៅលើសិទ្ធិក្នុងការទាក់ទងគ្រួសារតាមរយៈសំបុត្រ និងសិទ្ធិទាក់ទងគ្រួសារតាមរយៈប្រព័ន្ធទូរស័ព្ទដៃ។
តាមរយៈពត៌មានដែលយើងទទួលបានពីក្រុមគ្រួសារ សកម្មជន៣រូបរួមមាន លោក ថុន រដ្ឋា កញ្ញាភួន កែវរស្មី និងកញ្ញាឡុង គន្ធា ត្រូវបានហាមឃាត់មិនឱ្យមានការសួរសុខទុក្ខពីសាច់ញាតិរបស់ខ្លួនដោយផ្ទាល់ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមកម្លេះ ក្នុងហេតុផលបង្ការការឆ្លងរីករាលដាលជំងឺកូវីត១៩។ យើងយល់ស្រប និងឯកភាពចំពោះភាពចំបាច់ក្នុងការបង្ការជំងឺដ៏កាចសាហាវនេះ។ ប៉ុន្តែអ្វីដែលយើងខកចិត្តនោះគឺ សកម្មជនបរិស្ថានទាំង៣ ត្រូវបានហាមឃាត់មិនឱ្យទាក់ទងជាមួយសាច់ញាតិទាល់តែសោះ ទោះបីជាការខលតាមរយៈទូរស័ព្ទ ឬការសរសេរសំបុត្រក្តី ដែលផ្ទុយពីមាត្រា ៣២ និង៣៧ នៃច្បាប់ស្តីពីពន្ធនាគារ ដែលចែងថា “ជនជាប់ឃុំ មានសិទ្ធិទទួល និងផ្ញើលិខិតឆ្លងឆ្លើយ…” (សូមមើលច្បាប់ក្នុងប្រអប់ខមិន)។ ការរិតត្បិតនេះបង្ហាញពីការរើសអើងមកលើសកម្មជនបរិស្ថាន ដែលតែងតែការពារផលប្រយោជន៍ជាតិខ្មែរ ដែលយើងខ្ញុំ គ្រួសារសកម្មជន ព្រមទាំងប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបានទាល់តែសោះ! យើងសូមទាមទារដូចខាងក្រោម៖
១/ ឱ្យមានការពន្យល់ជាសាធារណៈពីសំណាក់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារចំពោះការរឹតត្បិតនេះ
២/ បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបរិស្ថាន និងអ្នកស្នេហាជាតិខ្មែរ
៣/ គោរពច្បាប់ស្តីពីពន្ធនាគារអោយបានត្រឹមត្រូវ។
យើងសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងមានភាពចាស់ទុំ មានទំនួលខុសត្រូវ មិនគេចវេស អំពីការពន្យល់ចំពោះសកម្មភាពខុសច្បាប់របស់ខ្លួនដូចដែលខ្លួនបានធ្វើកន្លងមកនោះទេ!
1 comment:
Rong Chhun has put his life on the line to protect Khmer workers and the teachers' interest.
Where are those workers and teachers during this Rong Chhun's horrible time ?
In addition, Kem Ley has sacrificed his life for KHmer people. Did Khmer people made any massive protest against Ah Yuon's slave Hun Sen ??
Post a Comment