Sunday, 27 June 2021

WHO បារម្ភ​ពី​ការ​រក​ឃើញ​វីរុស​កូវីដ​១៩​ថ្មី​ឈ្មោះ​ដែលតា ​នៅ​កម្ពុជា មាន​ប្រភព​ពី​ឥណ្ឌា


ដោយ ម៉ៅ សុធានី
2021-06-26 rfa
WHO បារម្ភ​ពី​ការ​រក​ឃើញ​វីរុស​កូវីដ​១៩​ថ្មី​ឈ្មោះ​ដែលតា ​នៅ​កម្ពុជា មាន​ប្រភព​ពី​ឥណ្ឌា 

តំណាងអង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា អ្នកស្រី​វេជ្ជបណ្ឌិត លី អាយលែន (Li Ailan)។
រូប​៖ ក្រសួង​ព័ត៌មាន

 

តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា អ្នកស្រី​វេជ្ជបណ្ឌិត លី អាយលែន (Li Ailan) បារម្ភ​យ៉ាង​ខ្លាំង ពី​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ វីរុស​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី ដែល​មាន​ប្រភព​នៅ​ប្រទេស​ឥណ្ឌា ឈ្មោះ ដែលតា (Delta) ឬ B.1.617.2 ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា តាមរយៈ​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​កន្លង​មក។

អ្នកស្រី​បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​ធ្វីតធើ (Twitter) កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ម្សិលមិញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ ត្រូវតែ​ចូលរួម​ឲ្យ​សកម្ម និង​ទទួលខុសត្រូវ ដើម្បី​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ការ​ទប់ស្កាត់​និង​ការពារ​ការ​ឆ្លង​នៃ “​វីរុស​បំប្លែង​ថ្មី​ឈ្មោះ​ដែល​តា​នេះ ដែល​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា។


ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃទី២៥ ខែ​មិថុនា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ណែនាំ​ដល់​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​២៥ ស្ដីពី​ការ​ពង្រឹង​វិធានការ​ចត្តាឡីស័ក​នៅ​តាម​បណ្តា ច្រកព្រំដែន និង​ការ​ពង្រឹង​វិធានការ​រដ្ឋបាល​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី​នេះ នៅ​ក្នុង​សហគមន៍។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មិថុនា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ (Covid-19) បាន​កើន​ឡើង​ដល់ ៥២៣​នាក់​ហើយ​។ ចំណែក​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា សរុប​មាន​ជិត ៤​ម៉ឺន ៧​ពាន់​នាក់ (៤៦.៨១០) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជាង ៤​ម៉ឺន ១​ពាន់​នាក់ (៤១.៤៣៩)។

ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ វិញ ប្រទេស​ចិន​បាន​បញ្ជូន​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១​លាន​ដូស​ទៀត មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ដែល​វ៉ាក់សាំង​ទាំង​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​។ គិត​មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ទាំង​ជំនួយ និង​បញ្ជា​ទិញ សរុប​ជាង ១០​លាន​ដូស​ហើយ ដោយ​ភាគច្រើន​ជា​វ៉ាក់សាំង​របស់​ចិន។

រដ្ឋាភិបាល​បាន​សម្រុក​ចាក់​វ៉ាក់សាំង​ទាំងនោះ​ជូន​ពលរដ្ឋ បាន​ជិត ៤​លាន​នាក់ ឬ​ស្មើនឹង​ជាង ៣៨% ក្នុង​ចំណោម​ប្រជាជន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់៕

No comments: