ដោយ អាស៊ីសេរី
2021-07-12
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo Courtesy
ក្រុមអ្នកការពារបរិស្ថានរិះគន់ថា សារអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពលរដ្ឋរួមគ្នាការពារព្រៃឈើ និងបរិស្ថាននោះ ខ្វះភាពប្រាកដនិយម។ ពួកគេមើលឃើញបែបនេះ ពីព្រោះអាជ្ញាធរបានចាប់ខ្លួនសកម្មជនបរិស្ថានដាក់ពន្ធនាគារជាបន្តបន្ទាប់ និងបានបង្កើនការគាបសង្កត់គ្រប់រូបភាពលើអ្នកការពារបរិស្ថានដូចជា ហាមចូលល្បាតព្រៃជាដើម។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច នៅតែបកស្រាយថា វិធានការលើអ្នកទាំងនោះជាការអនុវត្តតាមច្បាប់។
ក្រុមអង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន និងសហគមន៍មូលដ្ឋាន យល់ថា សាររបស់លោក ហ៊ុន សែន ឱ្យពលរដ្ឋចូលរួមការពារបរិស្ថាននោះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ពីព្រោះអាជ្ញាធរនៅតែបន្តបង្ក្រាបឥតស្រាកស្រាន្តលើសកម្មជនព្រៃឈើ និងអ្នកការពារបរិស្ថាន។ ម្យ៉ាងវិញទៀត ពួកគាត់មើលឃើញថា រដ្ឋាភិបាលឯកបក្សមួយនេះ បានបរាជ័យក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិ ដែលជាវិបត្តិរ៉ាំរ៉ៃនៅកម្ពុជា។
មន្ត្រីតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា កត់សម្គាល់ថា សកម្មជនបរិស្ថានបានរងការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ និងការហាមឃាត់មិនឱ្យចុះល្បាតព្រៃ ជាដើម ដែលនេះសុទ្ធសឹងជារូបភាពនៃការបំបាក់ស្មារតីពួកគាត់។ លោក យល់ថា សាររបស់លោក ហ៊ុន សែន នឹងគ្មានន័យអ្វីឡើយ ប្រសិនបើការធ្វើទុក្ខបុកម្នេញទាំងនេះមិនត្រូវបានបញ្ឈប់ទេនោះ៖ «កន្លងមក យើងក៏ធ្លាប់បានឮជារឿយៗពីការសន្យា ឬក៏ការប្រកាសរបស់គាត់ ប៉ុន្តែយើងឃើញថា បញ្ហាកាប់បំផ្លាញព្រៃឈើ ការលុបបឹង ការបំផ្លាញព្រៃកោងកាងនៅតែកើតមានជាហូរហែ។ ជំនួសឱ្យការនិយាយ ខ្ញុំគិតថា មានតែធ្វើជាក់ស្តែងទេ ការលើកទឹកចិត្តជាក់ស្តែងដល់ក្រុមអ្នកការពារ នោះជាអ្វីដែលមហាជនចង់ឃើញជាងគេ»។
ស្រដៀងគ្នានេះ តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព ថ្លែងថា ការចាប់ខ្លួនសកម្មជនបរិស្ថាន ការប្តឹងផ្តល់អ្នកការពារព្រៃឈើ និងការបំបិទសហគមន៍មូលដ្ឋានមិនឱ្យចុះល្បាតព្រៃជាដើមនោះ សុទ្ធសឹងតែជាទង្វើមិនត្រឹមត្រូវតាមច្បាប់នោះឡើយ។ លោកថា អាជ្ញាធរគួរតែងាកទៅពង្រឹងការអនុវត្តច្បាប់លើក្រុមជនល្មើសបំផ្លាញព្រៃឈើ និងធនធានធម្មជាតិវិញ ហើយបញ្ឈប់ការយាយីលើក្រុមសកម្មជន និងប្រជាសហគមន៍ ដែលធ្វើសកម្មភាពដើម្បីការពារបរិស្ថាន។ លោកបន្ថែមថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ផ្ទុយពីអ្វីដែលកំពុងតែកើតមាន៖ «នាយករដ្ឋមន្ត្រីកំពុងតែផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងសកម្មភាពនៃការការពារបរិស្ថាន និងធនធានធម្មជាតិ ប៉ុន្តែនៅពេលដែលប្រជាជន ឬក៏អង្គការ ឬក៏បុគ្គលមួយចំនួន សកម្មជនមួយចំនួនដែលធ្វើសកម្មភាពទាំងអស់នោះដើម្បីបរិស្ថាន ដើម្បីប្រទេសជាតិ ដើម្បីសង្គមទាំងមូលហើយ មិនមានផលអ្វីដែលឆ្លើយតប ឬក៏តបស្នងលើកទឹកចិត្តពួកគាត់វិញទេ វាមានតែការចាប់ខ្លួន វាមានតែការគំរាមបំភិតបំភ័យទៅវិញទេ។ អ៊ីចឹងខ្ញុំគិតថា ជារឿងមួយដែលធ្វើទៅមិនត្រូវទៅលើគោលការណ៍ច្បាប់ទេ។ វាផ្ទុយខុសលើគោលការណ៍ច្បាប់ទាំងមូល»។MN-
ការរិះគន់របស់ក្រុមអ្នកការពារបរិស្ថាននេះ កើតមានឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារក្នុងថ្ងៃបុណ្យរុក្ខទិវា ៩ កក្កដា ដោយអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមស្រឡាញ់ ថែរក្សាការពារព្រៃឈើ និងដាំដុះកូនឈើឡើងវិញ។ ក្រៅពីនេះ លោកអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមថែរក្សាការពារបរិស្ថានធម្មជាតិឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្ស និងសត្វ ព្រមទាំងទុកជាសម្បត្តិសម្រាប់មនុស្សជំនាន់ក្រោយផង។
ទន្ទឹមនឹងនេះ លោកបានបង្ហោះរូបភាពដាំកូនឈើជាមួយភរិយា ព្រមទាំងវីដេអូចម្រៀងពីរបទទៀតអំពីព្រៃឈើ។ ថ្វីដ្បិតតែវីដេអូចម្រៀងទាំងនោះនិយាយពីស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រចំពោះការបង្កើតថ្ងៃបុណ្យរុក្ខទិវា និងការបន្តព្រះរាជកិច្ចនេះពីសំណាក់ព្រះមហាក្សត្របច្ចុប្បន្នក៏ដោយ បទចម្រៀងទាំងនោះមានបង្កប់ដោយអត្ថន័យលើកសរសើរការដឹកនាំរបស់លោក ហ៊ុន សែន៖ «ក្រោមកិច្ចដឹកនាំសម្តេចតេជោ សន្តិភាពពេញពោរ យុទ្ធសាស្ត្រផ្សំផ្សាំ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ព័ត៌មានផ្សាយនាំ ដាំដុះរួមដៃ»។
ការលើកសរសើរលោក ហ៊ុន សែន និងសារអំពាវនាវរបស់លោកនេះ មិនស្របទៅនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជានោះទេ។ ក្រោមការគ្រប់គ្រងរបស់លោកជាង ៣០ឆ្នាំមកនេះ កម្ពុជាបានបាត់បង់ទំហំព្រៃឈើយ៉ាងច្រើនសម្បើម ហើយការធ្វើទុក្ខបុកម្នេញលើអ្នកការពារបរិស្ថានកើតមានឥតលុះពេល។
លោក ហ៊ុន សែន ធ្លាប់បានសន្យាកាត់កខ្លួនឯង បើមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន។ ក្រោយមកទៀត លោកថ្លែងថា លោកស្អប់អ្នកបំផ្លាញព្រៃឈើ និងចាត់ទុកការកាប់ឈើ ដូចជា «ការកាប់ក្បាល» របស់លោក ប៉ុន្តែសារបែបនេះមិនអាចជួយទប់ស្កាត់វិនាសកម្មព្រៃឈើនៅកម្ពុជាបានឡើយ។ ផ្ទុយទៅវិញ កម្ពុជាបែរជាប់ឈ្មោះថា ជាប្រទេសបាត់បង់ព្រៃឈើខ្ពស់ជាងគេបំផុតលើពិភពលោក។ ទិន្នន័យពីប្រព័ន្ធផ្កាយរណបផ្ដល់ដោយវិទ្យាស្ថានធនធានពិភពលោក (World Resource Institute) និងសាកលវិទ្យាល័យម៉ារីឡេនដ៍ (University of Maryland) នៅសហរដ្ឋអាមេរិក បង្ហាញថា នៅក្នុងឆ្នាំ១៩៧០ កម្ពុជាមានព្រៃឈើចំនួន ៧២% នៃផ្ទៃដីសរុប ក៏ប៉ុន្តែ បានធ្លាក់មកនៅត្រឹមជាង៤០% ក្នុងឆ្នាំ២០១៤។ ការបាត់បង់ព្រៃឈើ កើតមានច្រើនបំផុតនៅចន្លោះឆ្នាំ ២០០១ ដល់២០១៤ ហើយនៅតែបន្តថយចុះទៀត ក្រោយឆ្នាំ២០១៤។ ប្រភពដដែលរកឃើញថា នៅឆ្នាំ២០១៦ គ្រាន់តែក្នុងភូមិភាគឦសានមួយ យ៉ាងហោចណាស់ព្រៃឈើទំហំជាង ២សែនហិកតារ ត្រូវបានគេកាប់បំផ្លាញទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើអាជីវកម្មដោយខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។
ក្រៅពីមិនអាចទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះហើយ រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចចិត្តដោយខ្វះការទទួលខុសត្រូវធំមួយទៀតចំពោះបញ្ហាព្រៃឈើនេះ។ នោះគឺការរំសាយចោលដែនជម្រកសត្វព្រៃស្នួលក្នុងខេត្តក្រចេះ និងដែនជម្រកសត្វព្រៃរនាមដូនសំក្នុងខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបជាង ១ សែនហិកតារ ក្រោមហេតុផលថា តំបន់ទាំងពីរអស់សក្ដានុពលជាតំបន់ការពារធម្មជាតិ។ ក្រុមសកម្មជនរកឃើញថា ការវិនាសហិនហោចនៃតំបន់ការពារធម្មជាតិទាំងពីរនេះ គឺបង្កឡើងដោយក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅចន្លោះឆ្នាំ២០១១ ដល់២០១២។ អាជ្ញាធរមិនបាននាំខ្លួនជនណាម្នាក់មកទទួលខុសត្រូវចំពោះវិនាសកម្មព្រៃឈើនេះឡើយ ហើយក៏គ្មានការស្តារព្រៃឈើឡើងវិញនៅតំបន់ទាំងពីរនេះដែរ ដែលទង្វើនេះផ្ទុយទាំងស្រុងទៅនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ជាងនេះទៅទៀតនោះ អាជ្ញាធរបានបង្កើនការបង្ក្រាបឥតប្រណីដៃលើអ្នកការពារព្រៃឈើ និងបរិស្ថាន ដោយប្រើប្រាស់ប្រព័ន្ធតុលាការ។ ចាប់ពីឆ្នាំ២០១៥ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ យ៉ាងហោចណាស់មានសកម្មជនបរិស្ថានជាង ១០នាក់ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ដោយសារតែការងារការពារបរិស្ថានរបស់ពួកគេ។ ករណីចុងក្រោយគឺ គឺការចាប់ខ្លួនសកម្មជនមាតាធម្មជាតិបីនាក់បន្ថែមទៀត រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងយុវជន លី ចាន់ដារ៉ាវុត។
ក្រៅពីនេះ អាជ្ញាធរបានឃាត់ខ្លួនសកម្មជនព្រៃឈើជាហូរហែនៅពេលអ្នកទាំងនោះចុះស៊ើបអង្កេតបទល្មើសព្រៃឈើ ខណៈសហគមន៍មូលដ្ឋានវិញ អាជ្ញាធរបន្តរារាំងពួកគាត់មិនឱ្យចុះល្បាតព្រៃបានឡើយ ក្រោមហេតុផលថា ពួកគាត់ធ្វើសកម្មភាពដោយគ្មានការអនុញ្ញាត។
ជុំវិញការចាប់ខ្លួនសកម្មជនបរិស្ថាន អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងដដែលៗថា នេះជាការអនុវត្តច្បាប់ ហើយការហាមឃាត់ប្រជាសហគមន៍មិនឱ្យចុះល្បាតព្រៃនោះ លោកបញ្ជាក់ថា ដោយសារពួកគាត់មិនបានសុំកិច្ចសហការពីអាជ្ញាធរ។
ទាក់ទងរឿងបាត់បង់ព្រៃឈើវិញ លោក សុខ ឥសាន បកស្រាយថា ព្រៃឈើទាំងនោះត្រូវបានជំនួសវិញដោយព្រៃកៅស៊ូ ស្វាយចន្ទី និងដំណាំហូបផ្លែដទៃទៀត៖ «ចង់ទុកគម្របព្រៃឈើធ្វើអ្វី? ពីមុនមក ចម្ការកៅស៊ូសល់ពីបារាំងមកតែ ៥ម៉ឺនហិកតារទេ ឥលូវគេកាប់ព្រៃឈើណាដែលវាអត់មានផលប្រយោជន៍សំខាន់ៗហ្នឹង ហើយធ្វើជាចម្ការកៅស៊ូ។ ឥលូវចម្ការកៅស៊ូវាមាន ៣០ម៉ឺនហិកតារ។ ចម្ការកៅស៊ូហ្នឹង ក្រែងវាព្រៃឈើដែរតើ គម្របបៃតងដែរតើ។ មួយទៀតការវិនិយោគប្រទេស គេដាំដើមឈើ ដូចជា ដើមម្រេច ដើមស្វាយចន្ទី ដើមឈើស៊ីផ្លែមានគូលែនមានអ្វី ។ល។ អាហ្នឹងក៏ជាគម្របព្រៃឈើដែរតើ។ វាមិនមែនអស់ផ្លុងត្បែងទៅ ថាអស់ព្រៃឈើឯណា»។
ទោះជាយ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិលថ្លែងថា ការបកស្រាយបែបនេះរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច មិនឆ្លុះបញ្ចាំងការពិតនោះទេ ហើយក៏មិនស្របតាមគោលការណ៍ច្បាប់ដែរ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការបាត់បង់ព្រៃធម្មជាតិ ជំនួសមកវិញដោយព្រៃកៅស៊ូ និងដំណាំដទៃទៀតនោះ មិនបានធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីត្រឹមត្រូវនោះឡើយ។ លោកថា ព្រៃធម្មជាតិបាត់បង់ដោយការកាប់បំផ្លាញ និងការរុករានរបស់ក្រុមហ៊ុនឯកជន និងបុគ្គលមានអំណាច ដោយមានការឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធ។ លោកបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញព្រៃឈើ ភាគច្រើនជាតំបន់ព្រៃស្រោង ឬពាក់កណ្តាលស្រោង ដែលច្បាប់ហាមឃាត់។ ជាងនេះទៅទៀត ព្រៃកៅស៊ូ និងដំណាំហូបផ្លែនោះ មិនមានគុណតម្លៃស្មើនឹងព្រៃធម្មជាតិនោះឡើយ៖ «មានគម្របព្រៃឈើដែលជំនួសដោយចម្ការកៅស៊ូហ្នឹង វាពិតជាត្រឹមត្រូវហើយ ក៏ប៉ុន្តែយើងសួរថា ប្រភពដើមនៃចម្ការកៅស៊ូហ្នឹងជាដីព្រៃ តើប្រព្រឹត្តតាមផ្លូវច្បាប់ទេ? វាអត់។ មានន័យថា លក្ខណៈជាបុគ្គលចូលទៅកាប់រានដីព្រៃដោយអាងអំណាច អាងទឹកលុយ អាងអ្វីជាដើមហ្នឹង ម្នាក់រាប់ពាន់ហិកតារ ខ្លះដល់ជិតម៉ឺនហិកតារហើយមិនមែនដាំតែកៅស៊ូ ដាំអ្វីមួយគគោកទៀត គឺអត់មានអនុវត្តទៅតាមផ្លូវច្បាប់នោះទេ។ អ៊ីចឹងអ្នកដែលកាប់រាន ឧក្រិដ្ឋជនដែលបានកាប់រានដីព្រៃ កាប់ឈើ កាប់អ្វីទាំងអស់ហ្នឹង ដាច់ខាតត្រូវតែទទួលទោស»។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមទៀតថា សាររបស់លោក ហ៊ុន សែន ដែលស្នើឱ្យរួមគ្នាការពារព្រៃឈើ និងបរិស្ថាននៅពេលនេះ ទំនងជាមិនបានផលអ្វីឡើយ ពីព្រោះលោកធ្លាប់បញ្ចេញសារព្រមានធ្ងន់ៗជាច្រើនលើកមកហើយ ប៉ុន្តែនៅតែមិនអាចទប់ស្កាត់បទល្មើសធនធានធម្មជាតិបាននោះឡើយ។
ទោះជាយ៉ាងណា ក្រុមមន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍លើកឡើងថា មានចំណុចសំខាន់មួយចំនួនដែលរដ្ឋាភិបាលលោក ហ៊ុន សែន អាចធ្វើបាន ដើម្បីបង្ហាញពីសុឆន្ទៈក្នុងការបើកឱ្យពលរដ្ឋចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ។ ចំណុចទាំងនោះ មានជាអាទិ៍ ដោះលែងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំ ទម្លាក់ចោលបទចោទទាំងឡាយលើអ្នកការពារបរិស្ថាន អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើបុគ្គល ឬក្រុមហ៊ុនដែលបំផ្លាញធនធានធម្មជាតិ និងអាជ្ញាធរដែលឃុបឃិត។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបើកឱ្យប្រជាសហគមន៍ និងក្រុមសកម្មជនអាចចុះល្បាត និងស៊ើបអង្កេតពីបទល្មើសធនធានធម្មជាតិបាន ដោយគ្មានការរារាំង៕
1 comment:
It is sick to see Ah Gangster Hun Sen's face.
Post a Comment