ដោយ មួង ណារ៉េត
2021-07-05 rfa
ពលករខ្មែរ ដែលសមត្ថកិច្ចថៃចុះចាប់បាននៅផ្សារស៊ីមុមមឿង ខេត្តប៉ាក់ថុមថានី ជាប់ទីក្រុងបាងកក កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។
រូប៖ Provided photo
សហរដ្ឋអាមេរិករកឃើញថា កម្ពុជាជាប់ចំណាត់មិនល្អ ៣ ឆ្នាំជាប់ៗគ្នា (របាយការណ៍មុនៗ) ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ ក្នុងរបាយការណ៍ស្តីអំពីការជួញដូរមនុស្សនៅកម្ពុជា ឆ្នាំ២០២១ ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា សហរដ្ឋអាមេរិករកឃើញថា កម្ពុជានៅតែបានចំណាត់ថ្នាក់ត្រឹមកម្រិត ២ (Tier 2) ដដែលតាំងពីឆ្នាំ២០១៩ ដែលមានន័យថា រដ្ឋាភិបាលកម្ពុជា មិនបានបំពេញគ្រប់គ្រាន់នៅឡើយ ទៅតាមស្តង់ដាអប្បបរមា ក្នុងការលុបបំបាត់ការជួញដូរមនុស្ស ប៉ុន្តែបានខិតខំធ្វើដែរ។
សហរដ្ឋអាមេរិកទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា បានខិតខំដូចជាប្រឹងប្រែងធ្វើឲ្យប្រសើរឡើង ផ្នែកប្រមូលទិន្នន័យ និងត្រួតពិនិត្យការចោទប្រកាន់ និងផ្តន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្ស និងទិន្នន័យអត្តសញ្ញាណជនរងគ្រោះ។ កម្ពុជាខិតខំបន្តស៊ើបអង្កេត ចោទប្រកាន់ និងផ្តន្ទាទោសជនឧក្រិដ្ឋផ្នែកជួញដូរមនុស្ស និងបន្តអនុវត្តផែនការសកម្មភាពថ្នាក់ជាតិ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស។ ប៉ុន្តែ សហរដ្ឋអាមេរិកថា កម្ពុជាមិនបានបង្ហាញកិច្ចខិតខំប្រែងប្រែងជាជូទៅ ដូចឆ្នាំមុនៗ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងរងវិបត្តិដោយសារជំងឺកូវីដ-១៩។
បញ្ហាសំខាន់ដែលកម្ពុជានៅធ្វើមិនបាននោះ សហរដ្ឋអាមេរិកថា មកពីអំពើពុករលួយដ៏រាលដាល និងរ៉ាំរ៉ៃ និងភាពខ្វះឆន្ទៈនយោបាយ ក្នុងការផ្តាច់ចរន្តជួញដូរមនុស្សឲ្យបានម៉ឺងម៉ាត់បំផុត។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជា មិនបានផ្តល់នូវកិច្ចគាំពារគ្រប់គ្រាន់ សម្រាប់ជនរងគ្រោះ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលរដ្ឋាភិបាល បែរជាពឹងពាក់ទាំងស្រុងទៅម្ចាស់ជំនួយបរទេស និងអង្គការសង្គមស៊ីវិល ឲ្យជួយផ្តល់សេវាទាំងនេះ ទៅដល់ជនរងគ្រោះទៅវិញ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង បាននៅឡើយទេ។ ប៉ុន្តែអ្នកស្រីបានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីខែឧសភាថា ករណីជួញដូរមនុស្សនៅកម្ពុជាកើនឡើង ៦០ ករណី នៅត្រីមាសដំបូងក្នុងឆ្នាំ២០២១នេះ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានតែ ២៥ ករណី។ អ្នកស្រីបន្ថែមថា ករណីជួញដូរមនុស្សភាគច្រើន ក្នុងសម័យកូវីដ-១៩នេះ គឺការជួញដូរមនុស្សឆ្លងដែន ដោយមេខ្យល់សន្យា រកការងារឲ្យជនរងគ្រោះធ្វើនៅក្រៅប្រទេស។
អ្នកស្រីបន្ថែមថា ភាគច្រើននៃករណីជួញដូរមនុស្សឆ្លងដែននេះ គឺឆ្លងទៅប្រទេសថៃ និងប្រទេសចិន។ ទោះជាយ៉ាងនេះក្ដី អ្នកស្រី ជូ ប៊ុនអេង មិននិយាយអំពីការខិតខំប្រែងប្រែងរបស់រដ្ឋាភិបាល ដែលមិនគ្រប់គ្រាន់ក្នុងការជួយទប់ស្កាត់បញ្ហានេះទេ ប៉ុន្តែអ្នកស្រីស្តីបន្ទោសថាជនរងគ្រោះ មិនសូវមានចំណេះដឹង និងការអប់រំមិនគ្រប់គ្រាន់ទើបចេះតែចាញ់បោកមេខ្យល់៕
No comments:
Post a Comment