Monday, 5 July 2021

អ្នក​វិភាគ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​កាន់​តែ​​តាន​តឹង​​ក្រោយអាមេរិក​​ផ្តាច់​​អាហារូបករណ៍​​និស្សិត​​យោធា​កម្ពុជា


ដោយ មួង ណារ៉េត
2021-07-05 rfa
អ្នក​វិភាគ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​កាន់​តែ​​តាន​តឹង​​ក្រោយអាមេរិក​​ផ្តាច់​​អាហារូបករណ៍​​និស្សិត​​យោធា​កម្ពុជា 

អនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបញ្ជាក់ពីវត្តមានកងទ័ពចិននៅកម្ពុជា។ ប៉ុន្តែទស្សនកិច្ចនេះបានបញ្ចប់ភ្លាមៗ ក្រោយយោធាកម្ពុជាមិនអនុញ្ញាតិឱ្យចូលមើលកន្លែងមួយចំនួន។
រូប៖ ក្រសួងការពារជាតិ


 

អ្នក​វិភាគ​នយោ​បាយមើល​ឃើញ​ថា ទំនាក់​ទំនង​ការ​ទូត សេដ្ឋ​កិច្ច និងពាណិជ្ជ​កម្ម​រវាង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា នឹង​កាន់​តែ​រង​ផល​ប៉ះ​ពាល់​ថែមទៀត ហើយ​​ប្រសិន​បើកម្ពុជា​មិន​ពិចារណា​ជុំវិញ​រឿង​នេះ។

សាស្ត្រា​ចារ្យ​​​ខាង​​​វិទ្យា​​សាស្ត្រ​​​នយោ​បាយ និង​​ទំនាក់​​ទំនង​​អន្តរ​ជាតិលោក ឯម សុវណ្ណារ៉ា ថ្លែង​ថា ចំណាត់​ការ​របស់​​សហរដ្ឋ​អាមេរិក​នេះ​ ដោយ​សារ​ជំហរនយោ​បាយ​របស់​​រដ្ឋា​ភិបាល​កម្ពុជា​​មិន​បាន​ឆ្លើយ​​តបតាម​សំណើរបស់សហ​រដ្ឋ​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​​សង្ស័យ​រឿង​មូល​ដ្ឋាន​ទ័ព​ចិន​នៅ​សមុទ្រ​នាខេត្ត​ព្រះ​សីហនុ។ លោក យល់​ថា រដ្ឋា​ភិបាល​កម្ពុជាគួរ​តែ​ចាប់​យក​គ្រប់​ភាគីដោយ​ប្រកាន់​​គោល​នយោ​បាយ​​អព្យា​ក្រឹត​​​ដូច​មាន​​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ព្រោះជំហរ​នយោ​បាយ​ចិន​តែ​មួយ​​មិន​​អាច​​​ជួយ​​ជ្រោង​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​បាននោះ​ទេ។ លោកបន្តថា រដ្ឋា​ភិបាល​ ឬ​ ក្រសួង​កា​រ​ពារ​ជាតិ​គួរ​លាង​​ជម្រះ​ការ​មិនទុក​ចិត្ត​ជា​មួយ​សហរដ្ឋ​អាមេរិក ដើម្បី​កសាង​ជំនឿ​ចិត្ត​​ឡើង​វិញ៖ «ជា​ទូទៅ​បាន​ន័យ​ថា ​ប្រតិ​កម្ម​ពី​ខាង​វិស័យ​យោ​ធា​នឹង​មុនគេ​ហើយ ប្រសិន​បើ​ទំនាក់​ទំនង​ខាង​វិស័យ​យោធា​ធ្លាក់​ចុះ ខ្ញុំ​គិត​ថា​ទំនាក់ទំនង​ខាង​វិស័យ​ការ​ទូត​និង​វិស័យសេដ្ឋ​កិច្ច ​ពាណិជ្ជ​កម្ម​ក៏​ធ្លាក់​ចុះ​ដែរ បើ​យើងមើល​អំពី​វិស័យ​ការ​ទូត​សហរដ្ឋ​អាមេរិក​ហ្នឹង​ក៏​ជា​អ្នក​គាំទ្រ​មួយ​ខ្លាំង​នៅ​លោកខាង​លិច​ដែល​ជួយ​ជ្រុំ​ជ្រែង​ថា​ កម្ពុជា​​ជា​រដ្ឋ​ស្មើ​មុខ​ស្មើ​មាត់ ភាគី​ចិន​តែ​មួយ​មិនអាច​ទ្រទ្រង់​កម្ពុជា​ស្មើ​មុខ​ស្មើ​មាត់​លើ​សកល​លោក​បាន​ទេ បើ​ខ្វះ​លោក​ខាងលិច​ជា​ពិសេស​សហ​រដ្ឋ​អាមេរិក»។


ចំណែក​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គមលោក​បណ្ឌិត សេង សារី យល់​ឃើញ​ថា មេ​ដឹក​នាំ​កម្ពុជា​តែង​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​​ម្តង​ហើយ​​​ម្ត​ង​​ទៀត ដែល​ធ្វើ​ឱ្យ​ប្រទេស​​នៅ​ក្នុង​​តំបន់​​ព្រួយ​បារម្ភ ដូច្នេះ​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​នេះ​ ជា​​សារ​ផ្ញើ​ទៅ​រដ្ឋា​ភិបាល​កម្ពុជា​ អំពី​ផល​ប្រយោជន៍​​និង​ទំនាក់​ទំនង​រវាង​​ប្រទេស​ទាំង​ពីរ៖ «នៅ​អឺរ៉ុប​ក្តី​ប្រទេស​នៅ​អាមេរិក​ហ្នឹង​គឺ​រវល់​នៅ​ក្នុង​ការ​ទប់ស្កាត់​ជា​មួយ​ការ​រីក​រាល​ដាល​ជំងឺ​​កូវី​ដ១៩ ហើយ​ឥឡូវ​នេះ​នៅ​អឺ​រ៉ុប​និង​អាមេរិកចាប់ផ្តើមមានស្ថានភាពធូរស្បើយហើយក៏ចាប់ផ្តើមគិតគូរអំពីរឿងទំនាក់ទំនង​ក្រៅ​ប្រទេស ​គិត​គូរ​អំពី​ប្រទេស​ណា​ដែល​រំលោភ​ប្រជា​ធិបតេយ្យ​និយាយ​មិនស្តាប់​គ្នា​ហ្នឹង​ គឺ​ចាប់​ផ្តើម​បណ្តើរៗ​ទៀត​ហើយ ខ្ញុំ​គិត​ថា​ សញ្ញា​មួយ​នេះ​ គឺ​សញ្ញាដែល​បង្ហាញ​ទៅ​កម្ពុជា​គួរ​តែ​ដល់​ពេល​វេលា​ពិចារ​ណា​ជំហរ​របស់​ខ្លួន​ឡើង​វិញក្នុង​ការ​រក្សា​តុល្យ​ភាព​ក្នុង​ការ​ទំនាក់​ទំនង​ចិន​អាមេ​រិក»។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ផ្តាច់​អាហារូប​ករណ៍​ពី​និស្សិតយោធា​កម្ពុជា​ចំនួន ​៦ រូប ដែល​កំពុង​សិក្សា​នៅ​បណ្ឌិត​យោធា​ជើង​គោក West Point ចំនួន​ ២ ​រូប បណ្ឌិត​សភា​ទ័ព​អាកាស​ចំនួន ​២ ​រូប កង​ទ័ព​ជើង​ទឹក​ចំនួន​ ១ រូប និង​ឆ្មាំ​សមុទ្រ​ចំនួន ​១ រូប។ សហរដ្ឋ​អា​មេរិក​ផ្តាច់​អាហារូប​ការណ៍​នេះ ដោយ​សារកម្ពុជា​បាត់​បង់​ភាព​ស្រប​ច្បាប់​​ក្នុង​ការ​ទទួល​ជំនួយ​ពី​អាមេរិក​ក្រោយ​ពី​កម្ពុជា​កាត់​បន្ថយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ផ្នែក​ជា​ច្រើន​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ជាប្រពៃណី​រវាង​យោធា​ទាំង​ពីរ។

ជុំវិញ​​រឿង​​នេះ​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលលោក ផៃ ស៊ីផាន អះអាង​ថា ​ការ​ផ្អាច់​អាហារូប​ករណ៍​និស្សិត​យោធា​កម្ពុជា​​មិន​ប៉ះ​ពាល់​ដល់ទំនាក់​ទំនង​​ឬ​កិច្ច​សហ​​ប្រតិបត្តិ​ការ​ល្អ​រវាង​សហរដ្ឋ​និង​កម្ពុជា​នោះ​ទេ៖ «រដ្ឋា​ភិបាល​កម្ពុជា​ប្រកាន់​ជំហរ​អធិប​តេយ្យ​ភាព​របស់​កម្ពុជា មិនរងកាបង្គាប់​បញ្ជាពី​បរ​ទេស​ណា​មួយ​ទេ តាម​ការ​បញ្ជា​និង​ចង្អុល​ប្រាប់​របស់​រដ្ឋាភិបាល​កម្ពុជា​អាហ្នឹង​ជា​ជំហរ​កម្ពុជា​ដើម្បី​ផល​ប្រយោជន៍​កម្ពុជា ​ហើយ​កម្ពុជា​មិនមែន​នាំ​មហា​អំណាច​ណា​ឈ្លោះ​គ្នា​គឺ​អត់​ទេ គឺ​យើង​នៅ​កណ្តាល​នៅ​តែនិយាយ​ដើរ​តួ​ជា​អ្នក​រៀប​ចំ​វេទិកា​ដើម្បី​ការ​ពារ​ស្ថិរ​ភាព​សន្តិ​ភាព»។

ទោះ​ជា​យ៉ាង​ណា ​ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ​ការ​ផ្តាច់​អាហារូប​ករណ៍​និស្សិតយោធា​កម្ពុជា​នេះ ​គឺ​បង្ហាញ​ពី​ទំនាក់​ទំនង​ល្អក់​កករ​រវាង​សហរដ្ឋ​អាមេរិក​និងកម្ពុជា​បន្ថែម​ទៀត ក្រោយ​ពី​កម្ពុជា​លុប​ចោល​សម​យុទ្ធ​ជា​មួយ​កម្ពុជា​នៅ​ឆ្នាំ២០១៧ និង​រដ្ឋា​ភិបាល​កម្ពុជា​ប្រកាស​ជំហរ​ងាក​ទៅ​រក​ប្រទេស​ចិន រួម​ទាំង​ការរំលាយ​ប្រជា​ធិបតេយ្យ​​នៅ​កម្ពុជា​​ជា​ដើម។

សហ​រដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​និស្សិត​ទាំង​នោះ​បន្ត​ការ​សិក្សា ​ប្រសិន​ពួក​គេ​អាចរក​ថវិកា​បង់​ថ្លៃ​សិក្សា​បាន ​ឬ​រដ្ឋា​ភិបាល​កម្ពុជា​បង់​ថ្លៃ​សិក្សា​ដោយ​សារ​ពួក​គេខិត​ខំ​សិក្សា​និង​មាន​លទ្ធ​ផល​ល្អ។

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ ខែកក្កដា ប្រកាស​ថា ​សហរដ្ឋ​អាមេរិកបាន​សម្រេច​ដោយ​ឯក​​តោ​ភាគី​ដែល​បញ្ឈប់​ការ​បង់​ថ្លៃ​សិក្សា​ដល់​និស្សិតយោធា​កម្ពុជា។ ក្រសួង​នេះ ​បញ្ជាក់​​ទៀត​ថា ​រដ្ឋា​ភិបាល​នឹង​ទទួល​បន្ត​បង់​ថ្លៃសិក្សា​សម្រាប់​និស្សិត​យោធា​កម្ពុជា ​ចំនួន ៦​ នាក់​នោះ ​រហូត​បញ្ចប់​ការ​សិក្សានៅ​សហរដ្ឋ​អាមេរិក។

ក្នុង​ចំណោម​និស្សិត​ទាំង ៦ នាក់​នេះ មាន​និស្សិត​ខ្លះ នឹង​​ត្រូវ​​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ២០២២, ២០២៣ និង​ ២០២៤។ រដ្ឋា​ភិបាល​កម្ពុជា នឹង​ត្រូវ​​ចំណាយប្រាក់​ជាង ១ លានដុលារ (១,១ លានដុល្លារ) ដើម្បី​​បង់​​ថ្ងៃ​សិក្សា​សម្រាប់បញ្ចប់​ការ​សិក្សា​របស់​ពួក​គាត់។

ក្រុម​អ្នក​តាម​ដាន​ដាន​ស្ថាន​ការណ៍​កម្ពុជា​យល់​​ថា ​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​នេះ ​ទំនង​ចង់​បញ្ជាក់​ប្រាប់​ថា ​កម្ពុជា​កំពុង​ដើរ​លើ​បន្ទាត់​ក្រហម ដែល​ផ្ទុយពី​​រដ្ឋ​ធម្ម​នុញ្ញ​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត ​រដ្ឋា​ភិបាល​កម្ពុជា​មិន​គួរ​ឆ្លើយ​តប​តាមរយៈ​កាយ​វិការ​ជួយ​បង់​ថ្លៃ​សិក្សា​ឱ្យ​និស្សិត​នោះ​ទេ ព្រោះ​ជំហរ​នយោ​បាយបែប​នេះ​មិន​មែន​​ជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ការ​មិន​ទុក​ចិត្ត​គ្នា ឬ​បង្កើតទំនាក់​ទំនង​ល្អ​ឡើង​វិញ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ទន្ទឹម​នឹងនេះ អ្នក​វិភាគ​នយោ​បាយ ជំរុញ​​ឱ្យ​​រដ្ឋា​ភិបាល​កម្ពុជា​អនុវត្ត​កាតព្វ​កិច្ច​របស់​ខ្លួនដោយ​ឈរ​លើ​គោល​ការណ៍​អព្យា​ក្រឹត​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​និង​ផ្តល់​ប្រយោជន៍​​ដល់​ពលរដ្ឋ​ខ្មែរ៕

1 comment:

Anonymous said...

The evil Vietnam wanted to isolate Cambodia from the rest of the world so that Vietnam could "take care" Cambodia easily such as killing Khmer people, and implementing the Yuonization of Cambodia.

The devil spokesman Sok Ey San is a Yuon. His language has irritated Khmer people and the Western countries badly, but Ah Yuon's slave Hun Sen let him do that in order to please his master Yuon.

The evil Vietnam wanted Cambodia to be the battle ground between the super powers ,giving another opportunity for the evil Vietnam to destroy Khmer people one more time.

Where are the CHam people now ? Who did eradicate them ?