ដោយ ខែ សុណង
2021-07-15 rfa
(ឆ្វេង) ពលករខ្មែរតម្រង់ជួយបើកស្បៀងអាហារពីថៅកែថៃ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ (រូបកណ្ដាល) លោក ជឹង ធិន ពលករខ្មែរដែលរស់នៅបែកប្រពន្ធ និងកូន (ស្ដាំ) លោកស្រី ហុង សារ៉េត កូនស្រីគាត់ ដែលឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ។
រូប៖ ពលករផ្ដល់ឱ្យ
ពលករខ្មែរមួយគ្រួសារ ដែលឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ កំពុងរស់នៅបែកបាក់ពីប្រពន្ធកូនយ៉ាងលំបាក អំឡុងពេលរដ្ឋាភិបាលថៃបិទខ្ទប់ទីក្រុងបាងកក។ ពលរដ្ឋខ្មែរមួយគ្រួសារនេះ មានជីវភាពខ្វះខាតក្រោយពីពួកគេបានឆ្លងជំងឺកូវីដ១៩ អស់រយៈពេលជិត ២ខែមកនេះ។ ពួកគាត់ត្រូវបានថៅកែថៃបង្ខាំងនៅក្នុងបន្ទប់តូចមួយដាច់ដោយឡែកពីគ្នានៅទីក្រុងបាងកក ដោយផ្ដល់ស្បៀងអាហារបន្តិចបន្តួចប៉ុណ្ណោះ។
ពលករខ្មែរមួយគ្រួសារនេះមានសមាជិក ៣នាក់ ក្នុងនោះមានកុមារអាយុ ៧ឆ្នាំម្នាក់ផង បានឆ្លងជំងឺកូវីដ១៩ ដែរ។ ចាប់តាំងពីឆ្លងជំងឺកាចសាហាវនេះមក ពួកគេមិនបានធ្វើការងារអ្វីឡើយ ហើយត្រូវបានថៅកែជនជាតិថៃបង្ខាំងនៅក្នុងការដ្ឋានសំណង់រហូតមក។ បន្ថែមពីនេះពួកគេត្រូវបានអាជ្ញាធរថៃបំបែកប្រពន្ធនិងកូនស្រីឱ្យរស់នៅដាច់ដោយឡែកពីប្ដី នៅការដ្ឋានសំណង់ចាស់ដដែល ចំណែកបុរសជាប្ដីត្រូវបានគេបញ្ជូនទៅស្នាក់នៅការដ្ឋានសំណង់មួយកន្លែងទៀតនៅចម្ងាយប្រហែល៥គីឡូម៉ែត្រពីគ្នា។
ពលការិនីមានស្រុកកំណើតនៅខេត្តសៀមរាប លោកស្រី ហុង សារ៉េត រៀបរាប់ប្រាប់អាស៊ីសេរីថា អំឡុងពេលឆ្លងជំងឺកូវីដ១៩ ជាង ១ខែដំបូង គ្រួសារលោកស្រីរស់នៅជុំគ្នា។ ប៉ុន្តែក្រោយពេលអាជ្ញាធរថៃធ្វើតេស្ដនៅថ្ងៃទី២២ ខែមិថុនា ដោយរកឃើញថា ប្ដីរបស់លោកស្រីបានជាសះស្បើយ ហើយលោកស្រី និងកូនកើតជំងឺកូវីដ១៩ ដដែល ភ្លាមនោះអាជ្ញាធរថៃបានបញ្ជូនប្ដីរបស់លោកស្រីនិងពលករខ្មែរជាច្រើននាក់ផ្សេងទៀត ដែលគ្មានជំងឺកូវីដ១៩ ទៅធ្វើចត្តាឡឺស័កនៅការដ្ឋានសំណង់មួយទៀត។ ស្ត្រីវ័យ ៣០ឆ្នាំរូបនេះបន្តថា ចាប់តាំងពីគ្រួសារលោកស្រីស្នាក់នៅបែកគ្នាមក លោកស្រីត្រូវរស់នៅក្នុងបន្ទប់តូចមួយធ្វើពីស័ង្កសីជាមួយកូនយ៉ាងកម្សត់។ លោកស្រីថា ជារៀងរាល់យប់ពួកលោកស្រីសម្រាន្តមិនសូវលក់នោះទេ ព្រោះបារម្ភខ្លាចពលករជនជាតិផ្សេងនៅទីនោះធ្វើបាបផង និងខ្លាចស្ថានភាពជំងឺធ្ងន់ធ្ងរប៉ះពាល់ដល់សុខភាព ហើយគ្មានគ្រូពេទ្យព្យាបាលផង៖ «កាលប្ដីនៅយើងធ្ងន់ខ្លួនយើងមិនសូវខ្លាចទេ យើងមានជំហរមនុស្សនៅជាមួយ ដល់ពេលនៅតែ២នាក់កូន ពេលយប់ឡើងលើករបស់ធ្ងន់ៗ យកសង្កត់ទ្វារខ្លាច។ព្រោះកន្លែងនេះវាមានជនជាតិផ្សេងនៅដែរ ហើយយើងស្រីនៅតែជាមួយកូន ខ្លាចឈឺយប់ព្រលប់មិនមានអ្នកណាជួយមើល ខ្លាចច្រើនណាស់។ចង់ជួបគ្រួសារវិញសុំគេឱ្យយកប្ដីមកវិញក៏គេមិនឱ្យមកគេអត់ព្រមឱ្យយើងមកនៅជុំគ្នាទេ ហើយមិនដឹងពេលណាគេឱ្យយើងជួបគ្នាវិញទេ»។
បច្ចុប្បន្នលោកស្រីនិងកូនស្រីកំពុងស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយពលករខ្មែរនិងពលករភូមា(Myanmar) ប្រមាណ១៣០នាក់នៅកណ្ដាលទីក្រុងបាងកក។ លោកស្រីបន្តថា នៅកន្លែងធ្វើការរបស់លោកស្រីមានពលករខ្មែរជាង៧០នាក់បានឆ្លងជំងឺកូវីដ១៩ ហើយពួកគេភាគច្រើនរស់នៅព្រាត់ប្រាសគ្រួសារដូចគ្នាដែរ។ បន្ថែមពីនេះពួកគេគ្មានអាហារហូបចុកគ្រប់គ្រាន់ និងគ្មានគ្រូពេទ្យព្យាបាលឡើយ៖ «គេថាបំបែកប្ដីទៅ គេថា នឹងយកប្រពន្ធទៅព្យាបាល តែមិនឃើញយកទៅផង។ពេលយើងឈឺជាអីយើងទៅប្រាប់គេក៏គេមិនជួយយើងដែរ ។ប៉ុន្មានថ្ងៃមុននោះខ្ញុំអត់ស្រួលទេ។ ខ្ញុំអស់កម្លាំងហត់ វាមិនដឹងអាការកូវីដ ឬមកពីយើងហូបអត់គ្រប់គ្រាន់ ព្រោះរបស់ដែលយើងហូបរាល់ថ្ងៃនេះវាក្រៀមក្រោះហើយ ម្ហូបដែលគេធ្វើមកគេដាក់ម្ទេសច្រើនពេក កូនខ្ញុំហូបអត់កើតទេ»។
ចំណែកបុរសជាប្ដីវិញ គឺលោក ជឹង ធិន ថ្លែងថា ថៅកែថៃបានបង្ខាំងលោកនៅក្នុងការដ្ឋានសំណង់មួយ មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីកន្លែងស្នាក់របស់ប្រពន្ធលោក។ ពលករវ័យ៣២ឆ្នាំរូបនេះ ប្រាប់ថា នៅទីនោះមានពលករខ្មែរប្រមាណ ៥០នាក់ ត្រូវបានថៅកែថៃបង្ខំឱ្យធ្វើចត្តាឡឺស័កជិត១ខែហើយ មិនទាន់បានត្រឡប់ទៅជួបគ្រួសារវិញនៅឡើយទេ។ លោកព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធនិងកូនរបស់លោក ព្រោះពួកគេជាស្ត្រីទន់ខ្សោយ ហើយស្នាក់នៅតែពីរនាក់កូនក្នុងបន្ទប់ធ្វើពីស័ង្កសីដែលគ្មានសុវត្ថិភាព និងគ្មានសាច់ញាតិនៅក្បែរនោះឡើយ៖ «គេយាមយើងចេញទៅណាក៏មិនបាន សូម្បីតែទ្វារគេមិនបើកឱ្យយើងចេញផង គេឱ្យយើងនៅតែក្នុងបន្ទប់។ខ្ញុំឆ្ងល់ណាស់ចុះម៉េចប្ដីប្រពន្ធនៅពេលត្រួតទៅអ្នកខ្លះ ប្ដីជាប់ ប្រពន្ធអត់ជាប់ ដល់ពេលអ្នកខ្លះប្រពន្ធជាប់ប្ដីអត់មានរោគ បែកគ្នាអស់អត់មានអ្នកណាមកនៅជុំគ្នាជាមួយប្ដីប្រពន្ធទេ ។ថាមកស្រុកគេស្រួលហើយ យើងមកស្របច្បាប់ស្របអីហើយ ស្រាប់តែកូវីដនេះធ្វើឱ្យ អ្នកដែលមកជួបការលំបាកធំ»។
ពលករខ្មែរធ្វើការសំណង់នៅកណ្ដាលទីក្រុងបាងកកមួយក្រុមនេះបានឆ្លងជំងឺកូវីដ១៩ប្រមាណ២ខែមកហើយ ដោយពុំមានអាជ្ញាធរខ្មែរណាចុះសួរសុខទុក្ខនៅឡើយទេ។ ជាងនេះទៅទៀត មានពលករខ្លះ បានប្រថុយជីវិតនាំគ្នាត្រឡប់ទៅកម្ពុជាវិញក្រោយពេលពួកគេធ្វើចត្តាឡឺស័ករួចគ្មានជំងឺកូវីដ ។ក្រុមពលករធ្វើមាតុភូមិនិវត្តន៍នេះដោយសារពួកគេមិនអាចទ្រាំនៅលំបាកបន្តទៀតបាន ស្របពេលដែលគ្មានការងារធ្វើនិងគ្មានប្រាក់បង់ថ្លៃបន្ទប់ជួលនៅប្រទេសថៃ។
អាជ្ញាធរថៃបានបិទខ្ទប់ទីក្រុងបាងកកនិងខេត្តចំនួន៥ នៅជុំវិញនោះ ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ កក្កដា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ វិធានការរបស់អាជ្ញាធរថៃនេះ ហាមឃាត់មនុស្សធ្វើដំណើរចាប់ពីម៉ោង៩យប់ដល់ម៉ោង៤ទៀបភ្លឺ និងហាមការប្រមូលផ្ដុំគ្នាលើសពី ៥នាក់។ ប្រសិនបើជនណាល្មើសនឹងបម្រាមនេះ អាចនឹងត្រូវមានទោសដាក់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត ឬស្មើប្រមាណ ១.៣០០ដុល្លារ។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីក្ដីកង្វល់របស់ពលករខ្មែរនេះបានទេនៅថ្ងៃទី១៥ កក្កដា។
ប៉ុន្តែកាលពីថ្ងៃទី១ កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃ កុំឱ្យព្រួយបារម្ភចំពោះបញ្ហានេះ ពីព្រោះលោកថា រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលថៃជួយដោះស្រាយទុក្ខលំបាករបស់ពលករខ្មែរទាំងនោះហើយ៖ «ព្រោះអ្នកដែលមានការងារធ្វើស្របច្បាប់អត់មានភ័យខ្លាចទេ ប៉ុន្តែអ្នកដែលទៅមិនស្របច្បាប់ ធ្វើមិនស្របច្បាប់ ទាំងថៅកែទាំងកម្មករសុទ្ធតែភ័យ។ ប៉ុន្តែខាងភាគីថៃគេបានបញ្ជាក់ហើយថា នៅពេលដែលគេរកឃើញគេមិនដាក់ទោសទេ។ ផ្ទុយទៅវិញគេចុះឈ្មោះឱ្យធ្វើការស្របច្បាប់ នេះគឺជាទឹកចិត្តដែលយើងសូមអបអរ អរគុណ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលថៃ ដែលបានជួយដោះស្រាយបញ្ហា»។
ទោះជាយ៉ាងណាក្រុមពលករទាំងនោះបានអះអាងថា រហូតមកដល់ពេលនេះរដ្ឋាភិបាលថៃពុំបានឧបត្ថម្ភប្រាក់៥០ភាគរយដែលសន្យាផ្ដល់ជូនពលករ ក្នុងពេលបិទខ្ទប់ការដ្ឋានសំណង់ នៅទីក្រុងបាងកកនិងខេត្តចំនួន៥ទៀតនៅជុំវិញនោះនៅឡើយទេ។
ជុំវិញរឿងនេះ មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរនៅក្នុងប្រទេសថៃដល់កម្រិតអាសន្នខ្លាំង ដែលរដ្ឋាភិបាលកម្ពុជាគួរតែជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់ជាបន្ទាន់។ លោកបញ្ជាក់ទៀតថា សព្វថ្ងៃនេះរដ្ឋាភិបាលថៃហាក់មិនសូវអើពើជួយដល់ពលករខ្មែរដែលឆ្លងជំងឺកូវីដនោះទេ ពីព្រោះលោកថា មានពលករខ្មែររាប់ពាន់នាក់ ដែលបានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ។ លោកថា ពួកគាត់បានស្នាក់នៅក្នុងការដ្ឋានសំណង់តាមយថាកម្ម ដោយមានជីវភាពខ្វះខាត និងគ្មានថ្នាំព្យាបាលជំងឺឡើយ៖ «ពលករខ្លួនឯងក៏ត្រូវបង្ហាញទុក្ខកង្វល់បញ្ហាប្រឈមរបស់ខ្លួនដែរ។ ស្ថានទូតស្ថានកុងស៊ុលខ្មែរ ក៏ត្រូវតែក្ដាប់ស្ថានការណ៍នេះឱ្យដឹងហើយរាយការណ៍មករដ្ឋាភិបាល ដើម្បីឆ្លើយតបបាន ប្រសិនបើពួកគាត់លើកឡើងទៅកុំមានការគំរាមកំហែង។ រដ្ឋាភិបាល ក៏ត្រូវសហការណ៍ជាមួយរដ្ឋាភិបាលថៃ ធ្វើយ៉ាងណាផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ។ ទី២ អ្នកដែលប្រឈមនឹងជំងឺ ក៏ត្រូវតែផ្ដល់ស្បៀងអាហារហូបចុក និងផ្ដល់សេវាកម្មព្យាបាលជំងឺឱ្យសមស្រប»។
របាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់និងមិនស្របច្បាប់មានជិត២លាន(២.០០០.០០០)នាក់ធ្វើការនៅប្រទេសថៃ។
ប៉ុន្តែក្រសួងសុខាភិបាលថៃឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ កក្កដា មានពលករខ្មែរជាង ៨ពាន់ ៦០០នាក់ (៨.៦២៥) ហើយបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានពលករមួយចំនួនធ្លាក់ខ្លួនឈឺធ្ងន់។
យ៉ាងណាពលករខ្មែរមួយគ្រួសារនេះប្រាប់ថា ពួកគេគ្រោងនាំគ្នាប្រថុយជីវិតត្រឡប់កម្ពុជាវិញនៅពេលដែលពួកគេបានជាសះស្បើយពីជំងឺ ព្រោះពួកគេគ្មានប្រាក់ចាយវាយ និងមិនអាចអត់ទ្រាំការលំបាកនៅក្នុងប្រទេសថៃបានឡើយ៕
No comments:
Post a Comment