ដោយ ទីន ហ្សាការីយ៉ា
2021-10-25
ក្រុមតំណាងរាស្ត្ររដ្ឋសភាឯកបក្ស ១១១នាក់ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង អនុម័តគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិតែខ្មែរមួយសម្រាប់អ្នកដឹកនាំ នៅក្នុងសម័យប្រជុំលើកទី៦ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោក ហេង សំរិន ប្រធានរដ្ឋសភា
តំណាងរាស្ត្របក្សប្រឆាំងរិះគន់ថា រដ្ឋសភាឯកបក្ស កែរដ្ឋធម្មនុញ្ញដោយឥតប្រយោជន៍ ព្រោះតែមិនហ៊ានជំទាស់ចិត្តលោក ហ៊ុន សែន។ អ្នកវិភាគបារម្ភថា ការកែច្បាប់ក្នុងរូបភាពសងសឹកគ្នានេះ នឹងបណ្ដាលឱ្យជាតិកាន់តែបែកបាក់ទៅ។
បើទោះជាការកែរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិមេដឹកនាំ អាចប្រព្រឹត្តិទៅយ៉ាងរលូនក្នុងយ៉ាងណាក៏ដោយ ក៏ក្រុមអ្នករិះគន់ មើលឃើញថា វាមិនអាចក្លាយជាច្បាប់ល្អ និងមានផលប្រយោជន៍សម្រាប់ជាតិបានដែរ។
តំណាងរាស្ត្ររដ្ឋសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី លោក ងឹម ញ៉េង មិនគាំទ្រនឹងវិសោធនកម្មនេះទេ។ លោកថា ការកែច្បាប់ដែលធ្វើឲ្យខាតបង់ដល់ប្រយោជន៍ជាតិបែបនេះ ជាការបង្កើតភាពអាម៉ាស់សម្រាប់សភាឯកបក្សក្នុងរបបក្រុងភ្នំពេញ៖ «សបញ្ជាក់ឲ្យឃើញថាស្ថាប័នរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយហ្នឹង គឺជាស្ថាប័នទីងមោង ធ្វើតាមតែអ្វីដែលជនផ្ដាច់ការបញ្ជា។ មិនមែនធ្វើតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ធ្វើតាមឆន្ទៈរបស់តំណាងរាស្ត្រដែលតំណាងឲ្យជាតិទេ គឺធ្វើតាមតែឆន្ទៈរបស់ជនផ្ដាច់ការ»។
ក្រុមតំណាងរាស្ត្ររដ្ឋសភាឯកបក្ស ១១១នាក់ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង នៅថ្ងៃទី២៥ តុលា បានអនុម័តគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា ១១៩ថ្មី មាត្រា ១៣៧ថ្មី និងច្បាប់ស្ដីពីធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ត្រង់មាត្រា៣ និងមាត្រា៤ ដើម្បីកំណត់ឲ្យអ្នកកាន់តំណែងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់។
គេហទំព័ររដ្ឋសភា ចុះផ្សាយថា ការធ្វើវិសោធនកម្មលើកនេះ ដើម្បីធានា និងការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងប្រឆាំងរាល់ការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ។ ប៉ុន្តែបំណងពិតប្រាកដតែមួយគត់នៃច្បាប់នេះ គឺលោក ហ៊ុន សែន ធ្លាប់បញ្ជាក់ថាលោកចង់បិទផ្លូវមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី មិនឲ្យមានឱកាសបានធ្វើជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ប្រកាសថាការធ្វើបែបនេះមិនអាចរារាំងលោកបានទេ ព្រោះលោកនឹងលាសញ្ជាតិបារាំង ប្រសិនបើដល់ពេលវេលាចាំបាច់។
ជុំវិញការអនុម័តសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរដ្ឋធម្មនុញ្ញបន្ថែមនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានទេ នៅថ្ងៃទី២៥ តុលា។ រដ្ឋសភា ក៏មិនទាន់បានប្រកាសថានឹងបញ្ជូនវិសោធនកម្មច្បាប់នេះ ទៅព្រឹទ្ធសភាបន្តនៅពេលណាដែរ។ តែយ៉ាងណា ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រថា ការកំណត់សញ្ជាតិខ្មែរតែមួយក្នុងធម្មនុញ្ញ គឺអាចធ្វើទៅបាន។
ក្រុមឃ្លាំមើល ក៏ជឿជាក់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមនេះ នឹងអាចចូលជាធរមានក្នុងពេលឆាប់ៗនេះតាមការចង់បានរបស់លោក ហ៊ុន សែន តែច្បាប់នេះនឹងមិនបានជួយបម្រើដល់ផលប្រយោជន៍ជាតិទេ។
អនុប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហេង ច័ន្ទរស្មី មើលឃើញថា ការកែច្បាប់យ៉ាងតក់ក្រហល់ដើម្បីផ្ចាញ់ផ្ចាលគ្នា នឹងបង្កើតជាបញ្ហាបណ្ដាលឱ្យជាតិកាន់តែបែកបាក់បន្ថែមទៀត។ លោកយល់ថា ភារកិច្ចរបស់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិទាំង ៤ស្ថាប័ន មិនពាក់ព័ន្ធនឹងការមានសញ្ជាតិមួយ ឬច្រើនទេ តែអ្វីដែលសំខាន់គឺ ការអនុវត្តការងារឲ្យមានប្រសិទ្ធិភាព និងភាពឯករាជ្យរបស់ស្ថាប័នខ្លួន កុំឲ្យចំណុះក្រោមអំណាចរដ្ឋាភិបាល៖ «ពួកគាត់មានសញ្ជាតិតែមួយមែន។ ប៉ុន្តែ បើសិនជាស្ថាប័នទាំងនោះ មិនឯករាជ្យស្របតាមស្ថាប័នរដ្ឋធម្មនុញ្ញបានចែងថាអំណាចទាំង៣ ត្រូវតែដាច់ដោយឡែកពីគ្នា ឧទាហរណ៍។ អ៊ីចឹងបើស្ថាប័នទាំងអស់មិនឯករាជ្យ មិនរឹងមាំដោយខ្លួនឯង ខ្ញុំគិតថា ការបម្រើផលប្រយោជន៍ជាតិ វាកម្រិតទៅតាមហ្នឹង»។
រដ្ឋសភាធ្លាប់វិសោធនកម្មរដ្ឋធម្មនុញ្ញយ៉ាងហោចណាស់ ១០ដងហើយ ចាប់តាំងពីឆ្នាំ១៩៩៣ មក។ ការវិសោធនកម្មច្រើនដងបែបនេះ បណ្ដាលឲ្យច្បាប់កំពូលចុះទន់ខ្សោយ និងត្រូវរងការរិះគន់ថា ជាឧបករណ៍នយោបាយសម្រាប់គណបក្សកាន់អំណាច ជាជាងច្បាប់ដែលបម្រើឲ្យផលប្រយោជន៍ប្រជាជាតិខ្មែរ៕
1 comment:
Kem Min Sok Kha has shut his fucking mouth up.
Why do you expect the SEE PEE PEE's members to denounce the SEE PEE PEE's party ?
If you are not crazy, you are at least LOB.
Post a Comment