ដោយ ខែ សុណង
2021-10-23
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy)។
រូប៖ ហ្វេសបុកស្ថានទូតអមេរិកកម្ពុជា
ក្រុមអង្គការសង្គមស៊ីវិល និងតំណាងប្រទេសហត្ថលេខីមួយចំនួន លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសុពលភាពនិងជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពនិងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងជាអន្តរជាតិមួយនេះឲ្យបានល្អត្រឹមត្រូវ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលក្រុមអង្គការស៊ីវិលជិត ៣០ស្ថាប័ន រួមគ្នាប្រារព្ធខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ដោយមានការចូលរួមពីតំណាងស្ថានទូតនៃប្រទេសហត្ថលេខីចំនួន៤ ផងដែរ។ ភាគីរដ្ឋាភិបាល ក៏ប្រារព្ធខួប៣០ឆ្នាំនេះទ្រង់ទ្រាយធំដែរ ប៉ុន្តែលើកសរសើរពីសមិទ្ធផលនិងនយោបាយឈ្នះៗ របស់លោក ហ៊ុន សែន ច្រើនជាងឱ្យតម្លៃលើកិច្ចព្រមព្រៀងនេះ។
ក្រុមសង្គមស៊ីវិល និងតំណាងប្រទេសហត្ថលេខីចំនួន៤ រួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងជប៉ុន នៅតែឲ្យតម្លៃ និងទាមទារឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានពេញលេញ ព្រោះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ជាឫសគល់នាំឲ្យកម្ពុជាមានសន្តិភាពលទ្ធិប្រជាធិបតេយ្យ ការផ្សះផ្សារជាតិ និងការរីកចម្រើន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) ថ្លែងសារជាវីដេអូថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ បានជួយប្រែក្លាយកម្ពុជាពីប្រទេសដែលដាច់ដោចដោយសារសង្គ្រាម ទៅជាប្រទេសដែលមានដំណើរការអភិវឌ្ឍល្អ ចាក់គ្រឹះសន្តិភាព និងស្ថិរភាព មកដល់សព្វថ្ងៃនេះ។ លោកបន្តថា ខួប៣០ឆ្នាំនេះ គឺជាឱកាសមួយសម្រាប់អបអរសមិទ្ធផលទាំងនោះ និងជាឱកាសសម្រាប់ធ្វើការឆ្លុះបញ្ចាំងលើចំណុចខ្វះខាតផងដែរ។ លោកបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះ បាននាំឲ្យកម្ពុជាឈានទៅបង្កើតរដ្ឋធម្មនុញ្ញមួយ តែសេចក្តីប្រាថ្នាជាច្រើនរបស់ប្រជាជនកម្ពុជា នៅតែមិនទាន់សម្រេចបាននោះទេ ដូចជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសិទ្ធិសេរីភាពពេញលេញជាដើម។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ បញ្ជាក់ថា សហរដ្ឋអាមេរិក សូមប្ដេជ្ញាចិត្តជាថ្មីក្នុងការជួយឲ្យសម្រេចបាននូវគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងលើកទឹកចិត្តដល់ប្រទេសហត្ថលេខីទាំងអស់ ដោយរួមទាំងប្រទេសកម្ពុជាផង ឲ្យធ្វើដូចគ្នានេះដែរ។ លោកគូសបញ្ជាក់ចុងក្រោយថា អាមេរិកនៅតែដៃគូនិងជាមិត្តរឹងមាំរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកអគ្គរាជទូតអង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) បានលើកឡើងថា ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺជាឱកាសសម្រាប់ប្រទេសហត្ថលេខីទាំងអស់ដើម្បីឆ្លុះបញ្ចាំងនិងពិចារណាអំពីប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។ អ្នកស្រី លើកឡើងថា កិច្ចព្រមព្រៀងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវសន្តិភាពនិងស្ថិរភាពដល់កម្ពុជា។អ្នកស្រី លើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រឹងនូវមហិច្ឆតារបស់កិច្ចព្រមព្រៀងនិងរដ្ឋធម្មនុញ្ញកម្ពុជាដើម្បីធានាបានថាប្រជាជនកម្ពុជាមានសិទ្ធិកំណត់អនាគតនយោបាយរបស់ខ្លួន។
ក្នុងពិធីរំលឹកខួប៣០ឆ្នាំដែលរៀបចំនៅទីស្នាក់ការអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ ហៅកាត់ថា (Clec) មន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមអ្នកវិភាគឯករាជ្យ បានលើកឡើងអំពីប្រវត្តិ និងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងការអនុវត្តរបស់រដ្ឋាភិបាលនាពេលកន្លងមក។ ចំណែកតំណាងកម្មករ កសិករ និងយុវជនវិញ ពួកគេ ក៏បានឡើងបញ្ចេញមតិអំពីស្ថានភាពអាក្រក់ៗ ដែលពួកគេបានជួបប្រទះដូចជាការបំបិទសិទ្ធិសេរីភាពជាមូលដ្ឋាន ការរំលោភសិទ្ធិដីធ្លី និងសិទ្ធិការងារជាដើម។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាល អះអាងថា កិច្ចព្រមព្រៀងជាអន្តរជាតិនេះផុតសុពលភាពដោយជំនួសមកវិញនូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ក្តី ក៏លោកសង្កេតឃើញថា រដ្ឋាភិបាល មិនទាន់បានអនុវត្តឲ្យស្របតាមរដ្ឋធម្មនុញ្ញពេញលេញនោះដែរ។ លោកបន្តថា សព្វថ្ងៃនេះ រដ្ឋាភិបាល បានបង្កើតច្បាប់ផ្សេងៗដែលផ្ទុយពីស្មារតីដើមនៃរដ្ឋធម្មនុញ្ញ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «ខ្ញុំសូមផ្តល់អនុសាសន៍គឺថា សូមឲ្យតែស្មារតីរដ្ឋធម្មនុញ្ញ១៩៩៣ អនុវត្តបានទៅ គឺបានហើយ។រដ្ឋនុញ្ញ កំណត់ឲ្យរដ្ឋធានាសិទ្ធិសេរីភាពប្រជា ពលរដ្ឋ ប៉ុន្តែយើងសព្វថ្ងៃ សេរីភាពបញ្ចេញមតិ គឺធ្លាក់ជិតសូន្យហើយ។យើងអាចនិយាយតាមសិក្ខាសាលាអ៊ីចឹងតិចតូចមែន តែនិយាយមិនស្រួល ក៏អត់ល្អដែរ។ សិទ្ធិធ្វើបាតុកម្ម គឺជាសិទ្ធិតែយើងមិនអាចធ្វើបានទេ បើធ្វើបានក្លាយអ្នកប្រឆាំង ក្លាយទៅជា មានទោសពីបទញុះញង់អី។ អត់សិទ្ធិបញ្ចេញមតិ និងសិទ្ធិបាតុកម្មទេ ប្រទេសយើង មិនមែនលទ្ធិប្រជាធិបតេយ្យទេ»។
ទន្ទឹមគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែរស់រវើក ហើយប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ក៏ចាប់ផ្តើមចូលរួមអបអរខួប៣០ឆ្នាំនេះនិងជជែកពិភាក្សាគ្នាយ៉ាងផុសផុសទាំងក្នុងចំណោមភាគីរដ្ឋាភិបាល។ លោកយល់ថា ប្រសិនបើពលរដ្ឋខ្មែរ និងគណបក្សនយោបាយផ្សេងៗ កុំពឹងផ្អែកតែលើសហគមន៍អន្តរជាតិ ហើយងាកមករួមគ្នាទាមទារនោះ គឺអាចនឹងធ្វើឲ្យមានការគោរពនិងអនុវត្តពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ៖ «ការប្រជុំថ្ងៃនេះ ក៏ជាផ្នែកមួយនៃសកម្មភាពចាប់ផ្តើមរបស់យើងដែរ តែយើងក៏ទទួលស្គាល់បានថា យើងមិនអាចដើរស្រែកពេញប្រទេសពេញស្រុកបានទេ។ យើងត្រូវតែមានយន្តការណាមួយដែលត្រូវរៀបចំឡើងចាប់ផ្តើមធ្វើការទំនាក់ទំនងជាមួយនឹងអន្តរជាតិ ជាមួយនឹងប្រទេសហត្ថលេខី ដើម្បីឲ្យអន្តរជាតិ និងអ្នកនយោបាយខ្មែររួមទាំងរដ្ឋាភិបាលខ្មែរវិញ ចាប់ផ្តើមពិនិត្យមើលរឿងនេះឡើងវិញ។ ទី២គណបក្សនយោបាយដែលមិនមែនជាគណបក្សកាន់អំណាចក៏ត្រូវតែមានតួនាទី ណាមួយ ដើម្បីរួមគ្នាគិត និងលើករឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឡើងដែរ»។
ទាក់ទងនឹងខួប៣០ឆ្នាំនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏បានធ្វើពិធីអបអរទ្រង់ទ្រាយធំដែរនៅទីស្តីការគណៈរដ្ឋមន្ត្រី។
រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលោកប្រាក់ សុខុន ថ្លែងក្នុងពិធីនោះថា មានតែលោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ប៉ុន្តែលោក ហាក់មិនផ្ដល់តម្លៃដល់កិច្ចព្រមព្រៀងនេះប៉ុន្មានទេ។លោក អះអាងថា នយោបាយឈ្នះ-ឈ្នះៗរបស់លោកលោក ហ៊ុន សែន ទៅវិញទេ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ហើយកម្ពុជាស្គាល់សន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៖ «ប្រទេសធំ និងតូច តែងមានប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ប្រទេសនីមួយៗ មិនគួរត្រូវបានបង្អាក់ដំណើរដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនោះឡើយ»។
ទោះជាយ៉ាងណា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ាសាហ៊ីរូ មីកាមិ ដែល តំណាងឱ្យអង្គទូតនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានថ្លែងនៅចំពោះមុខលោកប្រាក់ សុខុន ថា ចំណុចមួយចំនួនដែលចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមិនទាន់ផុតរលត់នោះទេ។លោក សង្ឃឹមថា កម្ពុជា នឹងអាចស្វែងរកវិធីសាស្ត្រផ្ទាល់ខ្លួនដើម្បីសម្រេចបាននូវគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបង្កើតមូលដ្ឋានដ៏រឹងមាំមួយដើម្បីកសាងអនាគតប្រទេសកម្ពុជា។វាជាការពិតដែលថាផ្នែកខ្លះនៃកិច្ច ព្រមព្រៀងសន្តិភាពនេះ មានលក្ខណៈជាអន្តរកាល ហើយបានបំពេញគោលបំណងប្រវត្តិសាស្ត្ររបស់ខ្លួនជាយូរមកហើយ។ ឧទាហរណ៍ដូចជាការរៀបចំនិងបង្កើតអ៊ុនតាក់ (UNTAC )និងការបោះឆ្នោតលើកដំបូង។ យ៉ាងណាក្តី វាជាការពិតផងដែរ ដែលផ្នែក ខ្លះទៀត មិនបានបាត់បង់តម្លៃរបស់វានោះទេ ហើយបន្តមានភាពពាក់ព័ន្ធរហូតមកទល់សព្វថ្ងៃ។ ខ្ញុំជឿជាក់ថាផ្នែកទាំងនោះ គឺនៅរួមគ្នាជាមួយនឹងរដ្ឋធម្មនុញ្ញកម្ពុជាហើយផ្នែកទាំងនោះ គឺជាឯកសាររស់ ដែលនឹងនៅបន្តដឹកនាំកម្ពុជាឲ្យក្លាយទៅជា កោះសន្តិភាព។ ខ្ញុំសូមដកស្រង់ចេញពីរដ្ឋធម្មនុញ្ញកម្ពុជា គឺកោះសន្តភាពផ្អែកលើ ប្រជាធិបតេយ្យ សេរី ពហុបក្ស និងការធានាសិទ្ធិមនុស្ស»។
ក្នុងឱកាសនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហោះសារនៅលើហ្វេសប៊ុក(Facebook)ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ មិនមែនសម្រាប់តែភាគីខ្មែរណាមួយទេ តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ លោក យល់ថា ការផ្តល់តម្លៃដោយគោរព និងអនុវត្តន៍នូវស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងនេះ ជាពិសេស កិច្ចព្រមព្រៀងនេះ អាចជួយធានាការពារនូវអធិបតេយ្យភាព ឯករាជ្យបូរណភាពទឹកដី និងដំណើរការប្រជាធិបតេយ្យសេរីពហុបក្សទៀតផង។
គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកជំនាញ អះអាងដូចគ្នាថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅតែមានសុពលភាព ហើយការដែលលោក ហ៊ុន សែន ចង់លុបបំបាត់កិច្ចព្រមព្រៀងនេះ ព្រោះលោកកំពុងដឹកនាំប្រទេសទៅរករបបផ្ដាច់ការ ផ្ទុយពីអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ៕
No comments:
Post a Comment