ដោយ មួង ណារ៉េត
2021-11-21
លោក ស៊ិន ខុន កាលពេលនៅមានជីវិត និងកញ្ញា វ៉ាន់ ស្រីពេជ្រ ជាក្មួយស្រីនៅពេលមកទទួលសពលោក ស៊ិន ខុន នៅវត្តចាស់ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
ឃាតករបានវាយសម្លាប់សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ យប់ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ សាច់ញាតិជនរងគ្រោះ ចាត់ទុកអំពើឃាតកម្មនេះថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ និងស្នើប៉ូលិសស្រាវជ្រាវចាប់ឃាតករមកផ្ដន្ទាទោសឱ្យបានឆាប់។ ប៉ុន្តែសមត្ថកិច្ចបកស្រាយថា ករណីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងគំនុំផ្ទាល់ខ្លួន។
ជនរងគ្រោះដែលស្លាប់នោះ គឺជាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញលោក ស៊ិន ខុន អាយុ ៣១ ឆ្នាំ។ សកម្មជននយោបាយរូបនេះ ត្រូវបានជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតនៅលើដងខ្លួន បណ្ដាលឱ្យដាច់ជើងមួយចំហៀងត្រឹមភ្លៅនៅមាត់ទន្លេក្បែរវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ យប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា។ នៅលើត្រង់ក្បាល និងខ្នងសាកសពមានស្នាមកាំបិតកាប់ដាច់ជាច្រើនកន្លែង។
ព្រះសង្ឃនិងសាច់ញ្ញាតិសពលោក ស៊ិន ខុន ធ្វើពិធីលើកសពលោក ស៊ិន ខុន ដាក់ក្នុងក្តាមឈូសដើម្បីដឹកយកទៅធ្វើបុណ្យឯស្រុកកំណើតនៅភូមិចេក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
ក្មួយស្រីជនរងគ្រោះកញ្ញា វ៉ាន់ ស្រីពេជ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ថា អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ ជារឿងគំនុំនយោបាយ ព្រោះគាត់ តែងបង្ហោះសាររឿងនយោបាយលើបណ្ដាញសង្គមហ្វេសប៊ុក និងចូលរួមឈឺឆ្អាលបញ្ហាសង្គម និងនយោបាយដោយផ្ទាល់ផងដែរ។ កញ្ញាបន្តថា ជនរងគ្រោះជាមនុស្សស្លូតត្រង់មិនចេះផឹកស្រា និងមិនដែលមានជម្លោះជាមួយអ្នកណានោះទេ។ កញ្ញាស្នើឱ្យប៉ូលិសស្រាវជ្រាវរកចាប់ឃាតករមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់៖ «ខ្ញុំជាក្មួយគាត់ខ្ញុំដឹង សូម្បីគាត់យកចិត្តទុកដាក់ជាមួយខ្ញុំដែរ ទុកជាក្មួយក៏ដោយ ហើយអ្នកក្នុងភូមិអីក៏ស្រលាញ់ចូលចិត្តរាប់អានគាត់ដែរ។ គាត់អត់ដែលមានរឿងជាមួយអ្នកណាទេ ហើយការគោរពឪពុកម្ដាយវិញ គឺគាត់ជាមនុស្សល្អនៅក្នុងគ្រួសារហ្មង»។
ពលរដ្ឋម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះនិងសំឡេងថ្លែងថា នៅយប់កើតហេតុជនរងគ្រោះ បានចេញទៅផឹកស៊ីជាមួយមិត្តភ័ក្ដិ ៤ នាក់នៅសួនសាធារណៈ នៅមាត់ទន្លេក្បែរវត្តចាស់។ ក្រោយមកលោក ស៊ិន ខុន និងមិត្តភ័ក្ដិបានត្រឡប់មកវត្តចាស់វិញ ប៉ុន្តែមួយសន្ទុះក្រោយមកទៀតលោក ក៏បានចេញទៅមាត់ទន្លេម្នាក់ឯងម្ដងទៀត ក៏ត្រូវជនដៃដល់កាប់សម្លាប់តែម្ដង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតនៅភូមិចេក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោក ស៊ិន ខុន ជាសកម្មជនបក្សប្រឆាំងដំបូងគេ ដែលត្រូវបានជនមិនស្គាល់មុខលបវាយសម្លាប់ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។ កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ លោក ស៊ិន ខុន ក៏ធ្លាប់ត្រូវបានជនដៃដល់មានគ្នា ៤ នាក់ កាន់ដំបងទីប និងដែករលាស់ វាយលោកត្រូវក្បាល បែកចិញ្ចើមខាងស្តាំ និងបាក់ឆ្អឹងដៃឆ្វេង ហូរឈាមស្រោចពេញខ្លួន ដេរ ១២ ថ្នេរម្ដងរួចមកហើយ ។ កាលនោះជនរងគ្រោះអះអាងថា ការប្រើអំពើហិង្សាលើរូបលោក និងលើសកម្មជនបក្សប្រឆាំងផ្សេងៗទៀត គឺជាការគំរាមកំហែងផ្នែកនយោបាយ ព្រោះលោក គ្មានទំនាស់ឬគំនុំផ្ទាល់ខ្លួនជាមួយអ្នកណាម្នាក់ឡើយ។ កាលនៅមានជីវិត លោក តែងតែបង្ហោះសារទាមទារយុត្តិធម៌ និងរិះគន់លើស្ថាប័នអនុវត្តច្បាប់ដែលព្រងើយកន្តើយក្នុងការតាមចាប់ខ្លួនជនដៃដល់។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅតែមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយទេ រហូតដល់កើតមានអំពើកាប់សម្លាប់លោកម្តងទៀត។
(ឆ្វេង) កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា សមាជិកយុវជនខ្មែរថាវរៈ និងមិត្តភក្តិរបស់លោក ស៊ិន ខុន មកចូលរួមរំលែកទុក្ខសពលោក ស៊ិន ខុន នៅវត្តចាស់ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់វិទ្យុអាស៊ីសេរីថា ការស្លាប់នេះអាចបណ្ដាលមកពីជម្លោះផ្ទាល់ខ្លួន។ លោកបន្តថា សមត្ថកិច្ចកំពុងស្រាវជ្រាវលើរឿងនេះបន្ថែមទៀត។ ចំណែកករណីដែលថា ជនសង្ស័យបានប្រើហិង្សាលើលោក ស៊ិន ខុន បណ្ដាលឱ្យបែកចិញ្ចឹមនោះលោកថា សមត្ថកិច្ចក៏កំពុងស្រាវជ្រាវលើរឿងនេះដែរ៖ «អីចឹងបើថាខ្ញុំប៉ាន់ស្មានជាបឋម វាអាចក្លាយមកពីករណីគុំគួន ឬករណីជម្លោះណាមួយ ដោយសារការផឹកស៊ីស្រវឹង ឬក៏បញ្ហាណាមួយ។ ប៉ុន្តែយើងអត់ទាន់វាយតម្លៃថាយ៉ាងម៉េចទេ ឥឡូវសមត្ថកិច្ចជំនាញកំពុងតែធ្វើការបន្តដើម្បីស្រាវជ្រាវ។ ព្រោះឱ្យតែករណីអីកើតឡើង គាត់ចោទចេះចោទចុះ អាហ្នឹងវាជាសេរីភាពរបស់គាត់ ប៉ុន្តែជាក់ស្ដែងយើងមិនអាចវាយតម្លៃថា យ៉ាងម៉េច ព្រោះថា តាមលទ្ធភាពនៃការស្រាវជ្រាវយើងអត់ទាន់បានបញ្ជាក់នៅឡើយ»។
ទោះជាយ៉ាងណា ក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិរបស់លោកអះអាងថា លោក ស៊ិន ខុន ជាមនុស្សស្លូតបូត ឈឺឆ្អាលរឿងសង្គមជាតិ ដូច្នេះលោកគ្មានទំនាស់ឬគំនុំផ្ទាល់ខ្លួនជាមួយអ្នកណាឡើយ។ កន្លងមក ទោះបីជាសកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់រងអំពើហិង្សាក្តី លោកតែងតែចូលរួមគាំទ្រសកម្មជនប្រឆាំង និងសកម្មជនសង្គមដែលជាប់ពន្ធនាគារជាហូរហែ។ ថ្មីៗនេះ លោកបានទៅចូលរួមជាមួយមេដឹកនាំសហជីពលោក រ៉ុង ឈុន និងសកម្មជនសង្គមមួយចំនួនទៀតចុះឃ្លាំមើលសវនានៅមុខសាលាដំបូងក្រុងភ្នំពេញ។ ក្រៅពីនេះ លោកក៏តែងបញ្ចេញមតិរិះគន់រដ្ឋាភិបាលនៅលើបណ្ដាញសង្គមអំពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ព្រមទាំងសកម្មក្នុងការ ចែកចាយព័ត៌មានទាក់ទងរឿងសង្គម និងនយោបាយផងដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក ស៊ឹង សែនករុណា យល់ថា ការស្លាប់នេះអាចជាប់ពាក់ព័ន្ធរឿងនយោបាយ ពីព្រោះលោកសង្កេតឃើញថា ជនរងគ្រោះតែងបង្ហោះសារតាមបណ្ដាញសង្គមគាំទ្រ ថ្នាក់ដឹកនាំគណបក្សប្រឆាំង និងរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលជាបន្តបន្ទាប់។ លោកជំរុញឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ឃាតករមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យជនដៃដល់ចេះតែដើរវាយសម្លាប់គេតាមអំពើចិត្តបន្តទៀត៖ «អីចឹងហើយគាត់ធ្លាប់រងការប្រព្រឹត្តនូវអំពើហិង្សាមកលើរូបគាត់ផងទៀត រហូតដល់មានការសម្លាប់គាត់នៅរាត្រីរំលងអធ្រាត្រហ្នឹងទៀត។ អីចឹងខ្ញុំយល់ថា ករណីដែលកើតលើសកម្មជននយោបាយបើសិនជាសមត្ថកិច្ចចង់ជៀសផុតពីការចោទប្រកាន់ថា វាមិនមែនជាករណីនយោបាយ លុះត្រាតែសមត្ថកិច្ចស្វែងរកជនប្រព្រឹត្តហ្នឹងមក ចាត់វិធានការតាមផ្លូវច្បាប់ ហើយបញ្ជាក់អំពីមូលហេតុនៃការសម្លាប់ហ្នឹង។ អាហ្នឹងបានទើបជៀសផុតអំពីការចោទប្រកាន់ពីសំណាក់សាធារណជនដែលគេបានតាមដានសំណុំរឿងរបស់គាត់»។
ឪពុកម្តាយចាស់ជរារបស់លោក ស៊ិន ខុន កំពុងទន្ទឹងរង់ចាំសពកូនប្រុសនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកកំណើតភូមិចេក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
នៅមុនពេលអំពើឃាតកម្មនេះលោក ស៊ិន ខុន បានសរសេរបង្ហោះប្រវត្តិរូបខ្លីរបស់លោកនៅលើហ្វេសប៊ុកថា លោកគឺជាកូនកសិករក្រីក្រនៅក្នុងខេត្តតាកែវ។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ លោកបានបន្តការសិក្សានៅភ្នំពេញរហូតដល់បច្ចុប្បន្ន ដោយស្នាក់នៅក្នុងវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ។ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រឆ្នាំ២០១៤ និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ន លោកកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
អំពើឃាតកម្មដ៏ឃោរឃៅលើសកម្មជននយោបាយរូបនេះ ត្រូវបានប្រជាពលរដ្ឋ សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសិទ្ធិមនុស្ស បង្ហោះសារព្រោងព្រាតសម្ដែងការសោកស្តាយជាខ្លាំង និងថ្កោលទោសចំពោះជនដៃដល់ និងអ្នកនៅពីក្រោយនៃអំពើឃាតកម្ម។ ពួកគាត់ ចាត់ទុកថា ករណីនេះ គឺជាឃាតកម្មនយោបាយ ដើម្បីគំរាមដល់សកម្មជនផ្សេងទៀត ក្នុងពេលដែលស្ថានភាពនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំងកំពុងតានតឹងនេះ។ ទោះជាយ៉ាងណា ពួកគាត់នៅតែជំរុញឲ្យមានការស៊ើបអង្កេតឲ្យម៉ឺងម៉ាត់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់វប្បធម៌និទណ្ឌភាព។
ចាប់ពីពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក មានសកម្មជនគណបក្សប្រឆាំង សាច់ញាតិរបស់ពួកគេ និងសង្គមស៊ីវិលប្រមាណជាង ៤០ នាក់ហើយ ត្រូវបានជនមិនស្គាល់មុខលបវាយធ្វើបាប លបគប់ឲ្យរបួសក្បាល និងធាក់ផ្ដួលម៉ូតូបង្កឲ្យមានគ្រោះថ្នាក់នៅពេលបើកបរ។ ជនរងគ្រោះទាំងនោះ មានខ្លះបានធ្លាក់ខ្លួនពិការអស់មួយជីវិត ខ្លះទៀតកំពុងជាប់ពន្ធនាគារពីបទញុះញង់ និងខ្លះទៀតឈឺគ្រាំដល់ស្លាប់។ ប៉ុន្តែសមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសនៅឡើយទេ៕
1 comment:
It's so sad that he died at the very young age to protect Cambodia.
As we all know, Ah Chker Chkuot Hun Sen was never hesitated to kill Khmer people or to destroy Cambodia to please his master YUon.
Post a Comment