Friday, 5 November 2021

ក្រុម​សកម្មជន​ដែល​តវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ចំនួន​ ៥​នាក់ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ


ដោយ អាស៊ីសេរី
2021-11-05
ក្រុម​សកម្មជន​ដែល​តវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ចំនួន​ ៥​នាក់ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ 

ក្រុម​សកម្មជន​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១។
Photo Provided

 

ក្រុម​សកម្មជន​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ចំនួន​ ៥​នាក់ ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​វិញ​ហើយ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បន្ទាប់​ពី​ពួកគាត់​ជាប់ពន្ធនាគារ​ជាង​ ១​ឆ្នាំ។

អ្នក​ទាំង ៥​នាក់​នោះ​រួមមាន សមាជិក​យុវជន​ខ្មែរ​ថាវរៈ គឺ​អតីត​ព្រះសង្ឃ កើត សារ៉ាយ លោក ថា ឡាវី និង​អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក មាន ព្រហ្មមុនី ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ ជាតិ​ ២​រូប​ទៀត គឺ​លោក ជុំ ពុទ្ធី និង​លោក ឈួ ផេង។ ចំណែក​សកម្មជន មួយ​ចំនួន​ទៀត រួមមាន លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដា​រ៉ាវី និង​លោក មួង សុភ័ក្ត្រ នឹង​ត្រូវ​បាន​ដោះលែង​នៅ​សប្តាហ៍​ក្រោយ​នេះ។

សកម្មជន​ដែល​ត្រូវ​បាន​ដោះលែង អះអាង​ថា ពួកគាត់ នៅតែ​ទទួលរង​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​ដដែល ព្រោះ​តុលាការ នៅ​បន្ត​រក្សា​បទ​ចោទ និង​ដាក់​ឲ្យ​ពួកគាត់​ស្ថិត​ក្រោម​ត្រួតពិនិត្យ​តាមផ្លូវ​ការ​។ ទោះ​យ៉ាងណា ក្រុម​សកម្មជន​ទាំងនេះ អះអាង​ថា ពួកគាត់​នៅតែ​ប្រកាន់ខ្ជាប់​គោលជំហរ​ដូចដើម​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​សង្គម​កម្ពុជា មាន​នីតិរដ្ឋ មានការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។


អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​និង​ឃុំខ្លួន​សកម្មជន​ទាំងនេះ កាលពី​ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០២០ ដោយ​ចោទ​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព និង​ជា​អ្នកឃ្លាំមើល​ព្រំដែន លោក រ៉ុង ឈុន។

កាលពី​សប្តាហ៍​មុន​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិត សុ​ទ្ធី បូរ៉ាឆាត បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ចំនួន​ ១០​នាក់​ឲ្យ​ជាប់ពន្ធនាគារ​២០​ខែ និង​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន​ ៥០០​ដុល្លារ​ក្នុង​ម្នាក់ៗ​។ ប៉ុន្តែ​ចៅក្រម​រូប​នេះ បាន​តម្រូវ​ឲ្យ​សកម្មជន​ទាំងនេះ ជាប់ពន្ធនាគារ ១៤​ខែ ទៅ​ ១៥​ខែ ហើយ​ទោស​នៅសល់​ត្រូវ​ព្យួរ។ តុលាការ ក៏បាន​ដាក់​ឲ្យ​ពួកគាត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​រយៈពេល​ពីរ​ឆ្នាំ​ទៀត ហើយ​តម្រូវ​ឲ្យ​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា ប្រសិនបើ​ពួកគេ​ផ្លាស់​ប្តូរ​​អាសយដ្ឋាន ការងារ ឬ​ចង់ទៅ​ក្រៅប្រទេស។

1 comment:

Anonymous said...

Ah Kwack Hun Sen also wanted these 5 activists to know that He (Hun Sen or Hun Shit) released them.

This is the evil Vietnam's tactics: torture you, then give you some shit to heal your wound.