ដោយ សុជីវី
2021-11-07
នំ ទិដ្ឋភាពរោងចក្រក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ស្ថិតនៅភ្នំល្អាង ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ ប្រភពហ្វេសបុកផេក (Thai Boon Roong Cement CO, LTD)
ប្រជាពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពត ចោទក្រុមហ៊ុនឈ្មោះថៃ ប៊ុនរ៉ុង ស៊ីមិន (Thai Boon Roong Cement CO, LTD) ដែលរួមវិនិយោគជាមួយក្រុមហ៊ុនចិន កំពុងធ្វើអាជីវកម្មកាយដីភ្នំ ដោយបានឈូសឆាយព្រៃឈើតូចធំ និងរំលាយភ្នំល្អាងជាតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្រ ស្ទើរតែបាត់រូបរាងទាំងស្រុង។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើដល់អាជ្ញាធរខេត្តកំពត និងក្រសួងពាក់ព័ន្ធ បញ្ឈប់សកម្មភាពក្រុមហ៊ុននេះ ដើម្បីអភិរក្សភោគទ្រព្យធនធានធម្មជាតិព្រៃឈើ និងតំបន់ភ្នំមួយចំនួននៅទីនោះ។
ប្រជាពលរដ្ឋរស់នៅឃុំបន្ទាយមាសខាងលិច ស្រុកដងទង់ ខេត្តកំពត សោយស្តាយតំបន់ភ្នំល្អាង ដែលជាភ្នំថ្មកំបោរ និងជាតំបន់ភ្នំវប្បធម៌ប្រវត្តិសាស្ត្រ និងមានទីវត្តអារាមព្រមទាំងមានទេសភាពព្រៃឈើម្លប់បៃតងដ៍ស្រស់ស្អាត កំពុងរងការបំផ្លិចបំផ្លាញធនធានព្រៃឈើ និងកាយថ្មភ្នំ បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឈ្មោះថៃ ប៊ុនរ៉ុង ស៊ីមិន (Thai Boon Roong Cement CO, LTD)ធ្វើអាជីវកម្មថ្មភ្នំ។ លើសពីនេះ ប្រជាពលរដ្ឋមូលដ្ឋាន ត្អូញត្អែរពីទុក្ខលំបាកដោយសារ ក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រធំៗ ដើម្បីវាយកម្ទេចថ្មភ្នំ និងបានឈួសឆាយព្រៃឈើ បណ្តាលឱ្យច្រោះដីនៅរដូវរស្សាមានលាយលំជាតិកំបោរនិងសារធាតុគីមីហូរចូលដីកសិកម្មអ្នកភូមិ បណ្តាលឱ្យខូចខាតផលដំណាំ។
ពលរដ្ឋម្នាក់រស់នៅភូមិកណ្តាល ស្រុកដងទង់លោក យឹម សុភាព ថ្លែងប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាតំបន់រមណីដ្ឋានភ្នំធម្មជាតិមួយចំនួននៅស្រុកដងទង់ កំពុងរងការឈួសឆាយបំផ្លិចបផ្លាញជាបន្តបន្ទាប់ ពីសំណាក់ក្រុមហ៊ុនឈ្មោះថៃ ប៊ុនរ៉ុង សហការជាមួយក្រុមហ៊ុនចិន និងក្រុមបុគ្គលមានលុយអំណាច។ លោកបន្តថា វត្តមានក្រុមហ៊ុនថៃ ប៊ុនរ៉ុង មកធ្វើអាជីវកម្មថ្មភ្នំកន្លងមកនេះ ប្រជាពលរដ្ឋមូលដ្ឋានមិនសប្បាយចិត្តនោះទេ ព្រោះមានការរំលាយភ្នំ និងឈួសឆាយព្រៃឈើដើម្បីធ្វើអាជីវកម្មនេះ៖ «មានក្រុមហ៊ុនយើងជាប្រជាពលរដ្ឋសូម្បីតែដឹកថ្មយកមកធ្វើផ្ទះក៍ក្រុមហ៊ុនហាមឃាត់ដែរ។ ខ្ញុំសោកស្តាយភ្នំដែរជាប្រវត្តិសាស្ត្រ តែត្រូវក្រុមហ៊ុន ក្រុមបុគ្គល កាប់បំផ្លាញរំលាយភស្ភុតាងបានត្រឹមតែសោកស្ដាយព្រោះគេថាមកអភិវឌ្ឍន៍»។
ពលរដ្ឋរូបនេះ សោកស្ដាយតំបន់រមណីដ្ឋានភ្នំល្អាង ដែលធ្លាប់មានកន្លែងគោរពបូជា ដូចជា ទីវត្តអារាម និងកន្លែងប្រជាពលរដ្ឋតែងប្រតិបត្តិគោរពជំនឿ ត្រូវបានក្រុមហ៊ុនកម្ទេច ដោយប្រើប្រាស់គ្រឿងចក្រខួងយកថ្ម និងអាចម៍ដី ដែលបណ្តាលឱ្យបានរូបរាងដើមស្ទើរតែទាំងស្រុង។ លើសពីនេះ លោកជំរុញដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចុះត្រួតពិនិត្យ លើក្រុមហ៊ុនដើម្បីធានាថាភោគទ្រព្យធនធានធម្មជាតិមិនទទួលរងការបំផ្លិចបំផ្លាញបន្ថែមទៀត។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន(Alejandro Gonzalez Davidson) សង្កេតឃើញថា រដ្ឋាភិបាល លោក ហ៊ុន សែន តែងផ្តល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុនឯកជនដែលជិតស្និទ្នរួមមានក្រុមហ៊ុនចិន ដើម្បីបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្រោមលេសអភិវឌ្ឍនេះ ហើយបញ្ហានេះ តែងធ្វើឱ្យពលរដ្ឋមូលដ្ឋានមិនសប្បាយចិត្ត និងមានក្តីបារម្ភពីជោគវាសនាធនធានធម្មជាតិនៅកម្ពុជា។ លោក បន្តថា ការវិនិយោគរបស់ក្រុមហ៊ុនចិននិងឧកញ៉ាមួយចំនួននៅស្រុកខ្មែរ មិនមានតម្លាភាពនោះទេ ព្រោះមានការឃុបឃិតគ្នាជាមួយអ្នកអំណាច ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ទើបមិនបានគិតគូរពីសុខមាលភាពប្រជាជនមូលដ្ឋាន និងមិនមានការទទួលខុសត្រូវលើធនធានធម្មជាតិ៖ «វិធីសាស្ត្ររបស់ក្រុមហ៊ុនចិនហ្នឹងមករបៀបជើងកាង បែរលួចលាក់ មិនសូវចំណេញដល់ប្រទេសជាតិទេ បង់ពន្ធចូលរដ្ឋតិចតួចតែចំណេញដល់បុគ្គលពាក់ព័ន្ធ និងក្រុមហ៊ុនចិនផ្ទាល់ ទាំងយោធា អ្នកនយោបាយនៅខ្មែរ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបកស្រាយពីអ្នកនាំពាក្យសាលាខេត្តកំពត លោក វ៉ិត វឌ្ឍនា និងតំណាងក្រុមហ៊ុនថៃ ប៊ុនរ៉ុង បាននៅឡើយទេ នៅថ្ងៃទី០៧វិច្ឆិកា ដោយទូរស័ព្ទហៅចូលជាច្រើដងតែគ្មានអ្នកទទួល។
ប៉ុន្តែនាយករដ្ឋរដ្ឋបាលព្រៃឈើខេត្តកំពត លោក ជួន សារ៉ា ធ្លាប់ថ្លែងប្រាប់ប្រជាពលរដ្ឋមូលដ្ឋាននៅចំពោះមុខកន្លងទៅថា ក្រុមហ៊ុនអនុវត្តគម្រោងនេះតាមទំហំផ្ទៃដីដែលរដ្ឋាភិបាលបានកំណត់តែប៉ុណ្ណោះ ហើយក្រុមហ៊ុនបានធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានយ៉ាងច្បាស់លាស់។ លោកបន្តថា អាជ្ញាធរមូលដ្ឋាន តែងតែចុះណែនាំដល់ក្រុមហ៊ុន ធ្វើយ៉ាងណាបញ្ចៀសការបំផ្លិចបំផ្លាញព្រៃឈើធ្ងន់ធ្ងរ និងគិតគូរពីសុខមាលភាពប្រជាជនមូលដ្ឋានជាចម្បង។
ក្រុមហ៊ុនថៃប៊ុនរ៉ុង បានដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ដ៏ធំរបស់ខ្លួនដែលរួមវិនិយោគជាមួយក្រុមហ៊ុនចិន ស្ថិតនៅស្រុកដងទង់ ខេត្តកំពត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ រោងចក្រស៊ីម៉ងតិ៍ថៃប៊ុនរ៉ុងនេះ មានតម្លៃវិនិយោគជាង១រយ (១១០)លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំជិត៧រយ (៦៧៨,៤)ហិកតា ហើយមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ២ពាន់៥រយ (២.៥០០) តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ១លានតោនក្នុងមួយឆ្នាំ។ លោក ហ៊ុន សែនអះអាងក្នុងពេលចូលរួមសម្ពោធរោងចក្រស៊ីម៉ង់តិ៍នេះថា ការវិនិយោគនៅតំបន់នោះ ព្រោះនៅស្រុកដងទង់មានភ្នំជាច្រើនដែលជាវត្ថុធាតុដើម សម្រាប់ផលិតស៊ីម៉ង់តិ៍។ លោក រំពឹងថា គម្រោងវិនិយោគនេះ នឹងជួយជំរុញដល់សេដ្ឋកិច្ចជាតិយ៉ាងច្រើនដូចជា ផ្តល់ការងារជូនប្រជាពលរដ្ឋ កសាងហេដ្ឋានរចនាសម្ព័ន្ធ សាងសង់អគារក្នុងក្រុង និងទីជនបទជាដើម។
ជុំវិញរឿងនេះអ្នកសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពត លោក យន់ ផល្លី ព្រួយបារម្ភថា ធនធានធម្មជាតិភ្នំប្រវត្តិសាស្ត្រមួយចំនួនអាចនឹងត្រូវបាត់រូបរាងនៅថ្ងៃអនាគត ស្របពេលដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មថ្មភ្នំជាបន្តបន្ទាប់។ លោក សង្កេតឃើញថា ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនកន្លងមកនេះ មិនទាន់មានការវាយតម្លៃផលប៉ះពាល់បរិស្ថានបានត្រឹមត្រូវនៅឡើយ ដែលនាំឱ្យមានការបំផ្លាញធនធានព្រៃឈើ និងប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន៖ «នៅពេលដែរក្រុមហ៊ុនមានអាជ្ញាប័ណ្ណអាជ្ញាធរថ្នាក់ក្រោម យើងសង្កេតមើលទៅមិនហ៊ានទេ។ ទោះបីជាមានផលប៉ះពាល់ ដូចជាក្នុងឃុំស្តេចគង់ខាងត្បូង ប្រជាពលរដ្ឋបានត្រឹមតែនិយាយរអ៊ូ តែមិនហ៊ានធ្វើការតវ៉ា។ បើយើងក្រឡេកមើលភ្នំដែរអស់ហ្នឹង ធម្មតាបើយើងបំផ្លិចបំផ្លាញភាពរេចរឹលចេះតែទៅមុខ ហើយការកកើតក៍មិនអាចកើតឡើងវិញបានដែរ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា រដ្ឋាភិបាលគួរតែពិចារណាលើក្រុមហ៊ុនដែលបានបង្កផលប៉ះពាល់ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋកន្លងមក ដើម្បីអភិរក្សធនធានព្រៃឈើ និងភ្នំ សម្រាប់ឱ្យមនុស្សជំនាន់ក្រោយបានស្គាល់។
ច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា ១៦ ចែងថា ទ្រព្យសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានទេ ហើយទ្រព្យកម្មសិទ្ធិទាំងនោះ មិនអាចកំណត់អាជ្ញាយុកាលបានឡើយ៕
1 comment:
Kanduoy Meh Vear !!
The Rocky mountains present an incredible view for tourists attraction. Besides, these rocky mountains are priceless. No asshole in the world can build the natural Rocky mountains. They are priceless.
Under Ah Chker Chkuot Yuon's slave Hun Sen, everything will be dissolved in ashes.
Post a Comment