ដោយ ជី វិតា
2021-11-21
លោក ស៊ិន ខុន យុវជនគណបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វារ ត្រូវបានជនមិនស្គាល់មុខលបកាប់សម្លាប់កាលពីវេលាម៉ោង ១ យប់ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ ទូរទស្សន៍ព្រះអាទិត្យ។
សកម្មជនសង្គម និងសមាជិករបស់គណបក្សសង្គ្រោះជាតិ ថ្កោលទោសករណីជនមិនស្គាល់មុខលបកាប់សម្លាប់សកម្មជនម្នាក់គឺលោក ស៊ិន ខុន។ ពួកគេ ហៅឃាតកម្មនេះថា ជារឿងនយោបាយ និងជាសារគំរាមដល់សិទ្ធិដល់សកម្មភាពតវ៉ា និងការបញ្ចេញមតិនៅកម្ពុជា។
សកម្មជនសង្គម និងមន្ត្រីបក្សប្រឆាំងសង្ស័យថា ករណីសម្លាប់សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា លោក ស៊ិន ខុន គឺជាឃាតកម្មផ្នែកនយោបាយ ហើយអាចជាប់ពាក់ព័ន្ធនឹងករណីជនមិនស្គាល់មុខ៤នាក់ ដែលធ្លាប់លបវាយគាត់ឲ្យរងរបួសក្បាល និងបាក់ឆ្អឹងដៃធ្ងន់ធ្ងរម្តងហើយ កាលពីខែឧសភាកន្លងទៅ ប៉ុន្តែសមត្ថកិច្ចមិនបាននាំខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់នោះទេ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញលោក ម៉ន ផល្លា ឲ្យដឹងថា លោក ស៊ិន ខុន ជាមនុស្សស្លូតត្រង់ ហើយសកម្មជនរូបនេះតែងតែចូលរួមរាល់សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ និងសកម្មភាពការតវ៉ាដោយអហិង្សានានា។ លោក ម៉ន ផល្លា ក៏មិនជឿថា សមត្ថកិច្ចមានឆន្ទៈអាចរកមុខឃាតកសម្លាប់លោក ស៊ិន ខុន ឃើញដែរ៖ «(សកម្មជន)ចេញមុខទាមទារសេរីភាពសម្រាប់យុត្តិធម៌សង្គមនេះ គឺប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ហើយក៏អាចប្រឈមទៅនឹងការវាយប្រហារថែមទៀត។ រហូតមកដល់ពេលនេះ គឺថាអាជ្ញាធររបបក្រុងភ្នំពេញមិនទាន់អនុវត្តបាននូវការចាប់ខ្លួនជនដែលបានប្រព្រឹត្តិម្នាក់ណាយកមកកាត់ទោសនោះទេ។ អ៊ីចឹងហើយ ខ្ញុំនៅតែមានជំនឿថា អាជ្ញាធរនៃរបបនេះគឺមិនយកចិត្តទុកដាក់ចំពោះបទឧក្រិដ្ឋដែលពាក់ព័ន្ធមកលើគណបក្សសង្គ្រោះជាតិនោះទេ»។
ចំណែកសកម្មជននៃចលនាស្ត្រីរបស់គណបក្សសង្គ្រោះជាតិប្រចាំស្រុកបាភ្នំ ខេត្តព្រៃវែង ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោកស្រី ស ខ្ចី ក៏ថ្កោលទោសចំពោះការសម្លាប់នេះដែរ។
លោក ស៊ិន ខុន ធ្លាប់ជនមិនស្គាល់មុខ៤នាក់ព្រួយវាយឱ្យរងរបួសកាលពីខែឧសភា ឆ្នាំ២០២១។ (រូប៖ សកម្មជនផ្តល់ឱ្យ)
លោកស្រី ស ខ្ចី ជឿជាក់ថា ការសម្លាប់លោក ស៊ិន ខុន ពាក់ព័ន្ធនឹងរឿងនយោបាយដែរ ព្រោះលោក គឺជាយុវជនដែលហ៊ានចូលរួមតវ៉ាទាមទារឲ្យតុលាការដោះលែងសកម្មជនបក្សប្រឆាំង ហើយក៏ជាមុខសញ្ញាចាស់នៃការលបវាយពីសំណាក់ជនមិនស្គាល់មុខដែរ៖ «ដែលមនុស្សធម្មតាគេមិនអាចធ្វើបានទេ ក្រៅពីពួកសត្វតិរច្ឆាន។ អ៊ីចឹងខ្ញុំក្នុងនាមជាយុវជនម្នាក់ ក្នុងនាមជាឈាមជ័រជាខ្មែរដូចគ្នា គឺខ្ញុំមានការសោកស្ដាយនៃការបាត់បង់អាយុជីវិតរបស់សកម្មជនគណបក្សសង្គ្រោះជាតិណាស់។ សូមថ្កោលទោសដាច់អហង្ការតែម្ដងចំពោះរបបក្រុងភ្នំពេញដែលបានធ្វើទុក្ខបុកម្នេញគាត់ វាយមួយសារហើយ»។
ដូចគ្នានេះដែរ សមាជិកក្រុមស្ត្រីក្លាហានម្នាក់ដែលទើបបានចេញពីពន្ធនាគារគឺលោកស្រី លឹម សាន ក៏សោកស្ដាយចំពោះករណីសម្លាប់ លោក ស៊ិន ខុន នេះ។ លោកស្រីបារម្ភថា ប្រសិនបើសមត្ថកិច្ចនៅតែមិនអាចចាប់បានជនដៃដល់បានទេ សកម្មជននយោបាយ និងសកម្មជនសង្គមជាច្រើនទៀត នឹងត្រូវរងគ្រោះបន្ត៖ «ខ្ញុំជាប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបានទេ មិនដែលចាប់បានឃាតកតែងតែរួចខ្លួន។ ចំណែកអ្នករងគ្រោះ នៅតែរងគ្រោះរហូត។ ស្វែងរកយុត្តិធម៌ជួយពួកខ្ញុំមិនបាន។ អ៊ីចឹងក្នុងនាមជាប្រជាពលរដ្ឋមានតែការសោកស្ដាយ និងទង្វើព្រៃផ្សៃមកលើពួកយើងខ្ញុំ»។
មុនការសម្លាប់នេះ ៣ថ្ងៃ គឺកាលពីថ្ងៃទី១៧ ខែវិច្ឆិកា លោក ស៊ិន ខុន បានទៅចូលរួមឃ្លាំមើលសវនាការរបស់សកម្មជនបក្សប្រឆាំងចំនួន១៧នាក់ នៅសាលាដំបូងរាជធានីភ្នំពេញ ជាមួយអតីតអ្នកជាប់ឃុំបក្សប្រឆាំង និងប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន។
លោក រ៉ុង ឈុន យល់ថា ករណីឃាតកម្មនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពរបស់អាជ្ញាធរកម្ពុជា ថានៅមានកម្រិត។ លោកជំរុញឲ្យសមត្ថកិច្ចទប់ស្កាត់កុំឲ្យកើតមានករណីឃាតកម្មលើសកម្មជន និងអ្នកនិយមប្រជាធិបតេយ្យបន្តទៀត។ លោក រ៉ុង ឈុន ហៅការសម្លាប់លោក ស៊ិន ខុន ជាករណីធ្ងន់ធ្ងរ និងជាការគំរាមដល់សកម្មជនសង្គមផ្សេងទៀត៖ «ការសម្លាប់ក្រៅប្រព័ន្ធ វាមិនមែនជាការធ្វើឲ្យយើងបន្ថុចបង្អាក់នូវគេហៅថាសកម្មភាពរបស់យើងទេ។ តែគ្រាន់ថា ការដែលយើងធ្វើការងារយើងត្រូវតែមានអាការបត់បែន មានអាភាពឆ្លាតវ៉ៃបន្តទៅទៀត។ ប៉ុន្តែឲ្យថាមកបង្អាក់ ឬបញ្ឈប់ការងាររបស់យើងអាហ្នឹងមិនអាចប្រព្រឹត្តិទៅបានទេ។ យើងនៅតែបន្តបេសកកម្មដើម្បីស្វែងរកសិទ្ធិសេរីភាពប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរបន្តទៀត»។
ព្រះសង្ឃនិងសាច់ញ្ញាតិសពលោក ស៊ិន ខុន ធ្វើពិធីលើកសពលោក ស៊ិន ខុន ដាក់ក្នុងក្តាមឈូសដើម្បីដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ស្ថិតនៅភូមិចេក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
ក្រុមសកម្មជននយោបាយ និងសកម្មជនសង្គមទាំងនេះ អំពាវនាវដល់អាជ្ញាធរ ឲ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព ចំពោះឃាតកម្មលើសកម្មជននយោបាយរូបនេះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងលុបបំបាត់វប្បធម៌និទណ្ឌភាព បើពុំនោះទេ រដ្ឋាភិបាល នឹងជៀសមិនផុតពីការរិះគន់របស់សាធារណៈជនឡើយ។ ទោះជាយ៉ាងណា កន្លងមក ករណីអំពើហិង្សា និងអំពើឃាតកម្មលើបុគ្គលល្បីៗដែលរិះគន់រដ្ឋាភិបាល ដូចជា សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនព្រៃឈើ អ្នកកាសែត អ្នកវិភាគនយោបាយ និងព្រះសង្ឃជាដើម កម្រឃើញអាជ្ញាធរ នាំខ្លួនជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់ណាស់។ អាជ្ញាធររដ្ឋាភិបាល តែងបកស្រាយដោយគ្មានភស្តុតាងថា ករណីហិង្សានិងឃាតកម្មទាំងនោះ គឺជារឿងទំនាស់បុគ្គល មិនមែនជារឿងនយោបាយឡើយ។ ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិ តែងតែរិះគន់ថា ករណីទាំងនោះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ ទើបរកជនដៃដល់មិនឃើញ ដែលនាំឲ្យសង្គមកម្ពុជា ជាកន្លែងគ្មានសុវត្ថិភាព និងកំពុងតែញាំញីដោយវប្បធម៌និទណ្ឌភាព៕
3 comments:
មិនត្រឹមតែយើងជាបក្សប្រឆាំងរបស់គេទេ ខ្មែរយើងត្រូវដឹងខ្លួននឹងចាំថា គេនិងសំលាប់ខ្មែរយើងឲ្យផុតពូជ។
Not only do they kill because we are their opposition party [being patriotic Khmer and all] but know that, they will kill Khmer race to the last one on earth!!!
It's so sad that he died at the very young age to protect Cambodia.
As we all know, Ah Chker Chkuot Hun Sen was never hesitated to kill Khmer people or to destroy Cambodia to please his master YUon.
Send Hun Sen and his goons to hell. Any means necessary.
Post a Comment