ដោយ ជាតិ ចំណាន
2021-12-25
តុលាការកំពូលតម្កល់ការសម្រេចរបស់ក្រសួងមហាផ្ទៃករណីមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិទុកជាបានការ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក។
Photo Courtesy
ស្ថាបនិកគណបក្សបេះដូងជាតិសោកស្ដាយដែលតុលាការកំពូលសម្រេចបដិសេធបណ្តឹងរបស់គណបក្សនេះជុំវិញករណីក្រសួងមហាផ្ទៃមិនព្រមចុះបញ្ជីឱ្យគណបក្សនេះ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកថា ស្ថាបនិកគណបក្សបេះដូងជាតិជាមនុស្សទុច្ចរិតដែលព្យាយាមយករឿងតុលាការប្រឡូកប្រឡាក់នឹងរឿងនយោបាយ។
តុលាការកំពូលនៅថ្ងៃទី២៤ ខែធ្នូ បានជំនុំជម្រះបណ្តឹងគណបក្សបេះដូងជាតិ ដោយបានធ្វើសេចក្តីសម្រេចបដិសេធបណ្តឹងរបស់គណបក្សបេះដូងជាតិ និងសម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបដិសេធការសុំចុះបញ្ជីឲ្យគណបក្សនេះទុកជាបានការ។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ហៅការសម្រេចបែបនេះថា អយុត្តិធម៌ចំពោះគណបក្សបេះដូងជាតិ។ ទោះយ៉ាងណាលោកថា លោកព្រមទទួលយកការសម្រេចនេះទាំងក្តីសោកស្ដាយ ព្រោះលោកអស់ផ្លូវ អស់ជម្រើសដើម្បីតវ៉ា តតាំង តាមច្បាប់ទៀតហើយ។ ស្ថាបនិកគណបក្សបេះដូងជាតិរូបនេះ ថា នេះជារឿងក្តីនយោបាយ ដូច្នេះគឺអាស្រ័យលើឆន្ទៈអ្នកនយោបាយមានអំណាច មិនមែនអាស្រ័យលើហេតុផល អំណះអំណាងនៃអង្គហេតុនិងអង្គច្បាប់នោះឡើយ។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយថា ការស្វែងរកយុត្តិធម៌តាមផ្លូវតុលាការរបស់គណបក្សបេះដូងជាតិ គឺរឿងត្រឹមត្រូវ ។ ទោះយ៉ាងណា លោកចោទលោក សៀម ភ្លុក ថា ជាមនុស្សទុច្ចរិត ដែលយករឿងនយោបាយមកជាប់ទាក់ទងរឿងផ្លូវច្បាប់នេះ៖ «លោក សៀម ភ្លុក ជាមនុស្សទុច្ចរិត អ្វីដែលគាត់និយាយដែលខ្ញុំថា គាត់ទុច្ចរិតហ្នឹង គាត់យករឿងនយោបាយមកនិយាយ គាត់យកទិដ្ឋភាពនយោបាយមកបកស្រាយនៃការចោទប្រកាន់ក្រសួងមហាផ្ទៃអំពីការបន្លំមេដៃ»។
មុនពេលគណបក្សបេះដូងជាតិចាញ់ក្ដីក្រសួងមហាផ្ទៃនៅតុលាការកំពូលពេលនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានចេញដីកាកោះហៅសមាជិកគាំទ្រគណបក្សបេះដូងជាតិចំនួនពីរនាក់ គឺលោក ស៊ីម ធាំ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងលោក ជា អ៊ាន នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ឱ្យចូលបំភ្លឺពីរឿងក្លែងបន្លំស្នាមមេដៃ កាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយបណ្ឌិត សេង សារី សង្កេតឃើញថា មន្ត្រីរដ្ឋាភិបាលតែងចាត់ទុកអ្នកណាមិនគាំទ្រឬប្រឆាំងគណបក្សប្រជាជនកម្ពុជា គឺជាមនុស្សទុច្ចរិត។ លោកបន្តទៀតថា ចំពោះលោក សៀម ភ្លុក ដែលយល់ព្រមទទួលយកសេចក្តីសម្រេចរបស់តុលាការកំពូល គឺស្មើនឹងការទទួលយកថា គណបក្សបេះដូងជាតិមានកំហុស ដូចការចោទប្រកាន់៖ «ការប្រកាសជំហរនេះជាជំហរមួយត្រឹមត្រូវដោយគាត់(លោក សៀម ភ្លុក) ដោយគាត់សំអាងលើផ្លូវច្បាប់ ប៉ុន្តែបើជាជំហរនយោបាយគាត់ត្រូវតែបន្តធ្វើការតស៊ូទៀត បើសិនគាត់មានកត្តាទាំងហ្នឹងកត្តាសេដ្ឋកិច្ច ពេលវេលា ឬកត្តាទី៣បន្ទាប់បន្សំខ្ញុំគិតថា គាត់គួរបន្តការតស៊ូ»។
ក្រសួងបានបដិសេធចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ ដោយសំអាងហេតុថា មានការផ្ដិតមេដៃជំនួស ក្លែងបន្លំអត្តសញ្ញាណបុគ្គល ការផ្ដិតមេដៃធ្វើឲ្យខូចគុណភាពដើម្បីបង្កើនបរិមាណចំនួនអ្នកគាំទ្រ និងលក្ខន្តិកៈគណបក្សផ្ទុយនឹងច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីទី៨ វិច្ឆិកាកន្លងទៅ។ ទោះយ៉ាងណាមុនការសម្រេចបែបនេះ ក្រសួងមហាផ្ទៃបានទាមទារឲ្យកែសម្រួលលក្ខន្តិកៈចំនួន៣លើក ប៉ុន្តែក្រសួងមិនបានជូនដំណឹងពីករណីស្នាមមេដៃនោះទេ។ លោក សេង សារី យល់ថា គណបក្សបេះដូងជាតិ គួរបន្តការតស៊ូក្នុងការទាមទាររកយុត្តិធម៌តទៅទៀត ដោយការស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងការតស៊ូមតិដែលមានការចូលរួមពីអ្នកគាំទ្រគណបក្សនេះ៕
1 comment:
Cambodia National Broken Heart Party. Got some funding from Hun Sen to create this new party. Its only purpose is to make Hun Sen looks good, to make Cambodia appears as a multi-party democratic country.
Post a Comment