Friday, 31 December 2021

លោក​ហ៊ុន ម៉ាណែត​ បបួល​លោក​​សម រង្ស៊ី​ តតាំង​ផ្ទាល់​មុខ​ ខណៈ​ឪពុក​​រារាំង​មិន​ឲ្យ​លោក​សម​ រង្ស៊ី ចូលស្រុក


ដោយ ខែ សុណង
2021-12-30
លោក​ហ៊ុន ម៉ាណែត​ បបួល​លោក​​សម រង្ស៊ី​ តតាំង​ផ្ទាល់​មុខ​ ខណៈ​ឪពុក​​រារាំង​មិន​ឲ្យ​លោក​សម​ រង្ស៊ី ចូលស្រុក​​​​​​
​​​​​

(ឆ្វេង) លោក សម រង្ស៊ី និងលោក ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុករបស់លោកទាំងពីរ។

បេក្ខភាព​នាយករដ្ឋមន្ត្រី​បម្រុង​របស់គណបក្សប្រជាជនកម្ពុជា​លោក​ ហ៊ុន​ ម៉ាណែត​ ស្នើ​ទៅ​​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ សម​ រង្ស៊ី​ ឱ្យដាក់​បេក្ខភាព​អ្នក​បន្ត​វេន​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក។​ ​ទោះយ៉ាងណា​ យុវជន​គាំទ្រ​គណបក្ស​ប្រឆាំងឆ្លើយតបថា ​គណបក្ស​ប្រឆាំង​មិន​ខ្វះ​យុវជន​បន្ត​វេន​ទេ​ ប៉ុន្តែ​ទាមទារឲ្យបក្ស​កាន់​​​អំណាច​ត្រូវ​ក្លាហាន​បើក​ឲ្យ​មាន​គណបក្ស​សង្គ្រោះជាតិ​ឡើងវិញ​ និង​រៀបចំ​ការបោះឆ្នោត​មួយដែល​ត្រឹមត្រូវ​​ជាមុន​សិន​។​

លោក ហ៊ុន ម៉ាណែត ​ពេល​​ទទួល​​បានការ​​តែងតាំង​​ជាផ្លូវការ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ពី​គណបក្ស​របស់​ខ្លួន  មាន​​ភាព​​សកម្ម​​ជាង​​​មុន​​ក្នុង​​ការ​​ឆ្លើយ​ឆ្លង ​ឬ​​វាយ​​បក​​​មក​​​លោក​ សម​ រង្ស៊ី។​ អស់​​ពី​រឿង​បបួល​លោក​ សម​ រង្ស៊ី​ ភ្នាល់​រឿង​គុណភាព​សញ្ញាបត្រ​​ លោក​ ហ៊ុន​ ម៉ាណែត សរសេរ​លើ​ហ្វេសប៊ុក​​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ថា លោក សម រង្ស៊ី ជាអ្នក​នយោបាយ​ចាស់​វស្សា​ចូលចិត្ត​វាយប្រហារលោក​ពី​ក្រោយ​ខ្នង​ តែ​គ្មាន​ភាព​ក្លាហាន​ចេញ​មក​តតាំង​ផ្ទាល់​ជាមួយ​លោក។ លោក​ ហ៊ុន ​ម៉ាណែត​ ស្នើ​ទៅ​លោក​ សម​ រង្ស៊ី​ ឱ្យបញ្ចេញ​បេក្ខភាព​បន្ត​វេន​មក​ប្រកួតប្រជែង​ជាមួយលោកដូច​ដែល​គណបក្ស​ប្រជាជនកម្ពុជា​​បាន​ធ្វើ។​ លោក​លើក​ជា​សំនួរ​ថា «តើ​លោក​សម ​រង្ស៊ី មាន​ភាព​ក្លាហាន​និង​ឆន្ទៈ​នយោបាយ​គ្រប់គ្រាន់​ទេ? ឬ​លោក​នៅ​តាំង​ខ្លួន​ជា​ក្របី​ចាស់​ ចង់​ជល់​ជាមួយ​នឹង​កូន​ក្របី​?»។​


ទោះជាយ៉ាងណា​​ ក្នុង​ពេលដែល​លោក​ ហ៊ុន ម៉ាណែត​ បបួល​លោក​​សម រង្ស៊ី​ មកតតាំង​ផ្ទាល់​មុខ​បែបនេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​​សែន​​ ដែល​ជា​ឪពុក​ របស់លោក​​បាន​ប្រើ​គ្រប់​មធ្យោបាយ​រារាំង​​លោក​ សម រង្ស៊ី និង​មន្រ្តី​​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ​មិន​ឲ្យ​អាច​ចូល​ស្រុកបាន​​។​

ជុំវិញ​ការ​ស្នើឡើង​របស់​លោក​ ហ៊ុន ម៉ាណែត​​ ​នេះ ​វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំការ​ឆ្លើយ​តប​ពី​​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​​គណបក្ស​សង្គ្រោះជាតិបាន​ទេ​ នៅ​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​។​

ទោះយ៉ាងណា​ ក្នុង​វេទិកាអ្នកស្តាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​​ពេល​ថ្មីៗ​នេះ​ លោក​ សម​ រង្ស៊ី​ អះអាង​ថា​ គណបក្ស​សង្គ្រោះជាតិ​មាន​ធនធាន​យុវជនបន្តវេន​គ្រប់គ្រាន់​។ លោកបញ្ជាក់ថា ​គណបក្សប្រឆាំង​ថែម​ទាំង​ផ្ដល់​ឱកាស​ដល់​យុវជន​មាន​សមត្ថភាព​ដែល​មិនមែន​ជា​យុវជន​ក្នុង​ជួរ​បក្ស​ថែម​ទៀត​ផង៖ «​យើង​មិន​ចាំបាច់​ជ្រើស​រើស​​ជា​ផ្លូវ​ការ​ប្រកួតប្រជែង​ប្រលង​អី​ទេ ​​​យើង​សម្គាល់​ៗ​អ្នក​ណា​ដែល​មាន​ថ្វីដៃ​ថ្វីមាត់​ដែល​អាច​ធ្វើ​ការ​បាន​ល្អ​ ហើយ​ខ្ញុំ​ជម្រាប​ថា ​​មិនមែន​​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះជាតិ​ទេ​ នៅ​ក្នុង​សង្គម​ស៊ីវិល​ សង្គម​ស៊ីវិល​មាន​យុវជន​បញ្ញវ័ន្ត​ជា​ច្រើន»។

ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ជប៉ុន​ លោក​ ហៃ​ វណ្ណា​ និយាយ​ថា​ ការ​លើកឡើង​របស់​លោក​ ហ៊ុន ម៉ាណែត​ ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ ព្រោះ​ការ​ទាមទារ​របស់​លោក​ ហ៊ុន ម៉ាណែត​ បែបនេះ​ ខណៈ​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ធ្វើ​សកម្មភាព​នៅ​ប្រទេស​កម្ពុជាបាន​​។​ លោក​បន្ត​ថា​ បើ​លោក​ ហ៊ុន​ ម៉ាណែត​ ពិត​ជា​​ហ៊ាន​ប្រកួតប្រជែង​​មែន​នោះ​ ត្រូវ​បើក​ឲ្យ​មាន​គណបក្ស​សង្គ្រោះជាតិ​អាចដំណើរការឡើង​វិញ​​ បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​ និង​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​ត្រឹមត្រូវ​និង​យុត្តិធម៌៖ «​វា​អន់​ វា​គួរ​ឲ្យអស់​សំណើច​ បើ​និយាយ​គួរ​អាក្រក់​ស្ដាប់​ទៅ​ ​ថោកទាប​បំផុត​ នៅ​ពេល​យើង​ខាំ​ស្លឹកត្រចៀក​គេ​ ដូច​ម៉ៃថៃសាន​អញ្ចឹង​ មិន​បើក​​ចំហ​សេរីភាព​ក្នុង​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាពិសេស​គឺ​គណបក្ស​ប្រឆាំង​តែម្ដង​ បើ​សិន​គាត់​ (លោក​ ហ៊ុន ម៉ាណែត​)​គាត់​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​​ ​តាំង​ខ្លួន​ជា​បុរស​ដើម​​​ទ្រូង​​ប្រាំ​ហត្ថ​ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ ហ៊ុន​ ម៉ាណែត​ អសមត្ថភាព​ សូម្បី​ប្រកួតប្រជែង​ដោយ​ស្មើមុខ​ស្មើ​មាត់​ គាត់​គ្មាន​សមត្ថភាព​ធ្វើ​ផង​»។

ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត​ សេង សារី​ យល់ថា​ ទាំង​គណបក្ស​កាន់​អំណាច​​ ទាំង​គណបក្ស​ប្រឆាំង ​គួរ​​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយា​បទ ក្នុងការធ្វើ​នយោបាយ​​។​ លោក​បន្ត​ថា​ ចំពោះ​គណបក្ស​ប្រឆាំង​ ទោះ​​​ឆ្នាំ​២០២២​ និង​ឆ្នាំ​២០២៣​ ខាងមុខ​​ ​មិន​ទាន់​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ក្ដី​ ប៉ុន្តែ​គណបក្ស​ប្រឆាំងគួរ​បញ្ចេញ​អ្នក​បន្ត​វេន​របស់​ខ្លួន៖ «​​ពេល​វេលា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​មនុស្ស​ជំនាន់​ថ្មី​​ដើម្បី​អាច​ប្រកួតប្រជែង​បាន​ ​រឿង​ទី២​ មនុស្ស​ជំនាន់​ថ្មី​ហ្នឹង​ គឺ​ត្រូវ​តែ​ឲ្យ​​មាន​ឥរិយា​បទ​ដើម្បី​អាច​ប្រកួតប្រជែង​បាន​​ដឹកនាំ​បណ្ដុះ​បណ្ដាល​មនោគមន៍​វិជ្ជា​​យ៉ាងណា​ដើម្បី​បន្ត​ដឹកនាំ​​​​ពី​អ្វី​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន​កុំ​ឲ្យ​ក្លាយ​ជា​មេដឹកនាំ​ដែល​ចាប់​ផ្ដើម​ពី​សូន្យ​ដូច​មេដឹកនាំ​ជំនាន់​មុន​​»។

​អ្នក​ឃ្លាំមើល​សង្គម​សង្កេត​ឃើញ​ថា រយៈ​ពេល​ជាង​ ៤ ​ឆ្នាំ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ គណបក្ស​កាន់​អំណាច​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​ បរិស្ថាន​ សិទ្ធិមនុស្ស​ ​និង​ហាមឃាត់​ មិន​​ឲ្យ​លោក​ កឹម​ សុខា​​ ធ្វើ​នយោបាយ​ រារាំង​មិន​លោក​ សម​ រង្ស៊ី​​ ចូល​ស្រុក​ ហើយជាង​នេះ​ទៅទៀតនោះ រដ្ឋាភិបាលលោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ដែលខ្លួន​សង្ស័យថា ​មាន​​លោក​ សម​ រង្ស៊ី​ បើកដំណើរការ ឬធ្វើ​សកម្មភាព​នយោ​បាយឱ្យបានពេញលេញនោះដែរ៕

2 comments:

Anonymous said...

Ah Lob Hun Manet,

Why are you so cheap like your motherfucker Hun Sen ?
What kind of education did you get ?

Anonymous said...

Hun Manet is not a PM yet, but he already acts like one.
Sam Rainsy should assign Sorn Dara to debate with Hun Manet.