Tuesday, 28 December 2021

គណបក្ស​នយោបាយ​មួយ​ចំនួន​ ចង់​​​​ឲ្យ​មាន​ការ​កែ​ទម្រង់ ​គ.ជ.ប​ ​នៅ​​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់


ដោយ ទីន ហ្សាការីយ៉ា
2021-12-27
គណបក្ស​នយោបាយ​មួយ​ចំនួន​ ចង់​​​​ឲ្យ​មាន​ការ​កែ​ទម្រង់ ​គ.ជ.ប​ ​នៅ​​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ 

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការ គ.ជ.ប។
រូប៖ NEC


គណបក្ស​នយោបាយ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប)​ ដែល​មក​ពី​បក្ស​តែ​មួយ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ពួកគាត់​​ចង់​​​​​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប) ឲ្យ​បាន​លឿន​បំផុត​ គឺ​​​នៅ​​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​ឆ្នាំ​​ក្រោយ​ចូល​មក​ដល់​ ​ទើប​ពួកគាត់​ព្រម​ចូលរួម​ការ​បោះឆ្នោត​​ និង​ព្រម​​​ទទួល​យក​លទ្ធផល​ឆ្នោត​។

គណបក្ស​នយោបាយ​ខ្លះ នឹង​ពិចារណា​គម្រោង​ពហិការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាង​មុខ​បន្ត​ទៀត ប្រសិន​បើ​​​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​មិន​​ព្រម​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប) ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​គ្រប់​ភាគី​ទេនោះ។


​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះលោក សួង សុភ័ណ្ឌ ឲ្យ​ដឹង​ថា គណបក្ស​លោក​នឹង​តស៊ូ​មតិ​រាល់​​ជំនួប​​នានា​ ដើម្បី​ទាមទារ​ឲ្យ​កែ​ទម្រង់ ​គ.ជ.ប មួយ​ដែល​មាន​ភាព​សុក្រឹត្យ ពិសេស​ ​គឺ​​ក្បាល​ម៉ាស៊ីន​ទាំង​ ៩ ​នាក់​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប)។ តំណាង​គណបក្ស​នយោបាយ​មួយ​នេះ មើល​ឃើញ​ថា ប្រសិន​បើ​គ្មាន​ការ​កែទម្រង់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប)​​​ ឲ្យ​ទាន់​ពេល​វេលា​ទេ នោះ​​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២ នឹង​ក្លាយ​ជា​ការ​បោះឆ្នោត​​គ្មាន​ន័យ​ និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិទៀត។ លោកថា គណបក្ស​ខ្មែរ​ឈ្មះ ក៏​នឹង​ធ្វើ​ពហិការ​ម្ដង​ទៀត​ដែរ​ នៅ​ពេល​នោះ៖ «គជប ហ្នឹង​សង្ឃឹម​ថា នៅ​កណ្ដាល​។ អ៊ីចឹង​!​បើ​គជប​នៅ​កណ្ដាល គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​តែ​ចូលរួម​ការ​បោះឆ្នោត​។ ក៏​ប៉ុន្តែ​បើ​មិន​ផ្ដល់​ភាព​សុក្រឹត្យ​ដល់​បក្ស​ទូទៅ​ទេ គឺ​ដើម្បី​តែ​បក្ស​មួយ អាហ្នឹង​​យើង​នឹង​ពិចារណា​ក្នុង​ការ​ចូលរួម ​(បោះឆ្នោត)»។​

លោក សួង សុភ័ណ្ឌ ធ្លាប់​ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ ធ្វើ​ពហិការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​ម្ដង​ហើយ ​ដោយ​សារ​លោក​មិន​ពេញ​ចិត្ត​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ផ្លាស់ប្ដូរ​ដាក់​​សមាជិក​​គជប​ថ្មី​សុទ្ធ​តែ​ជា​មនុស្ស​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​។

ចំណែក​គណបក្ស​មាន​និន្នាការ​ប្រឆាំង​មួយ​ទៀត ដែល​ទើប​ធ្វើ​សកម្មភាព​​យ៉ាង​ផុស​ផុល​ឡើងវិញ គឺ​គណបក្ស​ភ្លើង​ទៀន ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប) បច្ចុប្បន្ន​ដែរ។ ប្រធាន​ស្ដីទី​គណបក្ស​នេះ គឺលោក ថាច់ សេដ្ឋា ប្រាប់​ថា ​គណបក្ស​ភ្លើង​ទៀន នឹង​ដាក់​​សំណើរ​​​តាម​ស្ថាប័ន​​ពាក់ព័ន្ធ​​ ដើម្បី​​ទាមទារ​ឲ្យ​​មាន​ការ​ផ្លាស់ប្ដូរ​ក្បាល​ម៉ាស៊ីន​ គ.ជ.ប មុន​នឹង​​សម្រេច​ចិត្ត​ថា ចូលរួម ឬ​ធ្វើ​ពហិការ​បោះឆ្នោត​ម្ដង​ទៀត។

​ទោះ​យ៉ាង​ណា លោក​មាន​សុដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​ពិចារណា​កែ​ទម្រង់ ​គ.ជ.ប ​ថ្មី​​តាម​សំណើរ​ ដោយ​មាន​សមាសភាព​ចម្រុះ​​ចូលរួម​ ហើយ​​គ្រប់​ភាគី​ទទួល​យក​បាន​ ទើប​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ អាច​ទទួល​យក​បាន​៖ «(គជប) មិន​អាច​ធានា​បាន​នូវ​​ឯករាជ្យ​ភាព​របស់​ខ្លួន​បាន​ទេ​។ អ៊ីចឹង! ​ខ្ញុំ​កំពុង​តែ​រៀបចំ​មើល​នូវ​​ចំណុច​ណា​ខ្លះ​ ដែល​យើង​ត្រូវ​តែ​ស្នើសុំ​ការ​កែ​សម្រួល​ឲ្យ​យើង​អាច​ទទួល​យក​បាន​នៅ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​នេះ​»។

​​​​​​​គណបក្ស​ភ្លើង​ទៀន ក៏​​ធ្លាប់​ធ្វើ​ពហិការ​ចូលរួម​ការ​​បោះឆ្នោត​​ដែរ កាល​ពី​ឆ្នាំ​២០១៨ ព្រោះ​​មិន​ពេញ​ចិត្ត​នឹង​ការ​រំលាយ​បក្ស​ប្រឆាំង និង​មិន​ជឿជាក់​លើ​ គ.ជ.ប​ ដូច​គ្នា។

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប) លោក ហង្ស ពុទ្ធា បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប) ​តែងតែ​រង​ការ​ចោទ​ថា ជា​ស្ថាប័ន​​​​ស្ថិត​ក្រោម​ឥទ្ធិពល​​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន  ហើយ​ជួយ​លួច​បន្លំ​សន្លឹក​ឆ្នោត​ ព្រម​ទាំង​កាត់ក្ដី​ជម្លោះ​​ការ​បោះ​​​ឆ្នោត​ដោយ​​​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ទាំង​ស្រុង​។ ​ក្រុម​អ្នក​ឃ្លាំមើល ​និង​សហគមន៍​អន្តរជាតិ ​សង្កេត​​ឃើញ​​ថា មាន​​តែ​ការ​បោះឆ្នោត​រៀបចំ​ដោយ​អង្គ​ការ​សហប្រជាជាតិ ​ឬ​អ៊ុនតាក់ (UNTAC) ​នៅ​ឆ្នាំ​១៩៩៣ និង​​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ ​​ចំនួន​ពីរ​លើក​​គត់​ ដែល​​គ្រប់​ភាគី និង​សហគមន៍​អន្តរជាតិ អាច​ទទួល​យក​បាន​។

​​​​អតីត​សមាជិក​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប) ​ដែល​សុំ​លាឈប់​​​ និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក រ៉ុង ឈុន យល់​ថា ការ​ដែល​គណបក្ស​នយោបាយ​ និង​ពលរដ្ឋ​ លែង​​ទុក​ចិត្ត​​ថា គ.ជ.ប​ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​​​​​​ទាំង​​ថ្នាក់​ដឹកនាំ​​​ គ.ជ.ប​​​ និង​មន្ត្រី​​ គ.ជ.ប ​​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​ភាគច្រើន​​ មាន​ប្រភព​​ និង​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច​។ លោក រ៉ុង ឈុន ជំរុញ​ឲ្យ​​​ស្ថាប័ន​មាន​សមត្ថកិច្ច​​ផ្ដល់​​សិទ្ធិ​ និង​ផ្ដល់​​តួនាទី​​គ្រប់​ស្ថាប័ន​ទាំង​អស់​ ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​​ឡើងវិញ ​ទើប​​អាច​ធ្វើ​ឲ្យ ​គ.ជ.ប ​មាន​ភាព​​សុក្រឹត្យ​ និង​ទទួល​យក​បាន​៖ «គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​​​ការ​ចូលរួម​ប្រកួត​​ជ្រើស​រើស​សមាសភាព​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​តាម​រូបមន្ត​កំណត់​ទៅ​តាម​ច្បាប់​បោះឆ្នោត​ទៅ។ ​អា​ហ្នឹង​គឺ​ជា​សេណារីយ៉ូ​មួយ ហើយ​បើ​អា​ហ្នឹង​មិន​ចេញ​ទេ យើង​ឃើញ​ថា​ ដល់​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​គជប ហើយ​បើក​ផ្លូវ​ឲ្យ​ខាង​សង្គម​ស៊ីវិល​ហ្នឹង​​ចូលរួម​ក្នុង​សមាសភាព​ គជប ឲ្យ​បាន​ច្រើន​ទៅ​។ អា​ហ្នឹង​បាន​​​អាច​ទាញ​ទំនុក​ចិត្ត​ពី​គណបក្ស​នយោបាយ​​ ក៏​ដូចជា​ម្ចាស់​ឆ្នោត»។

​កាល​ពី​ខែ​សីហា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​​​បង្ហាញ​ការ​​ព្រួយ​បារម្ភ​ពី​ស្ថានភាព​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ នឹង​​ប្រព្រឹត្ត​ទៅ​ដោយ​មិន​សេរី មិន​​យុត្តិធម៌ ​មិន​​អាច​ទទួល​យក​បាន​ពី​គណបក្ស​នយោបាយ ព្រោះ​ថា គ្រប់​ភាគី​មិន​ទាន់​ជឿ​ទុក​ចិត្ត​ថា គ.ជ.ប​ ឯករាជ្យ​។​

ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ជាង​ហុកសិប (៦៤)​ស្ថាប័ន​ ក៏​ធ្លាប់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​ដែរ ដើម្បី​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​​ធានា​​លក្ខខណ្ឌ​​៦​ចំណុច ទើប​ការ​បោះ​ឆ្នោត​​នៅ​ពេល​ខាង​មុខ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​បាន​។ លក្ខខណ្ឌ​ទាំង​នោះ​ មាន​​ដូចជា ការ​បង្កើត​​បរិយាកាស​នយោបាយ​សេរី​ ការ​ធានា​សិទ្ធិ​នយោបាយ ​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត កែ​សម្រួល​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប) ធានា​ឯករាជ្យ​​នៃ​អំណាច​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ព្រម​ទាំង​ធានា​ការ​អនុវត្ត​តួនាទី​ដោយ​សេរី​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយជាដើម៕

1 comment:

Anonymous said...

NEC stands for No Election Control.