Wednesday, 22 December 2021

តុលាការ​បន្ត​សវនាការ​សកម្មជន​បក្ស​ប្រឆាំង​ពាក់ព័ន្ធ​ផែនការ​លោក សម រង្ស៊ី ​វិល​ចូល​ស្រុកកាល​ពី​ឆ្នាំ២០១៩


ដោយ សេក បណ្ឌិត
2021-12-21
តុលាការ​បន្ត​សវនាការ​សកម្មជន​បក្ស​ប្រឆាំង​ពាក់ព័ន្ធ​ផែនការ​លោក សម រង្ស៊ី ​វិល​ចូល​ស្រុកកាល​ពី​ឆ្នាំ២០១៩ 

(អាវខៀវ) លោកស្រី មី សុផុន សមាជិកក្រុមស្ត្រីថ្ងៃ​សុក្រ ក៏​ត្រូវ​បាន​ឆ្មាំពន្ធនាគារ​នាំ​ចូលរួមសវនាការ​ជាមួយសមាជិកបក្សប្រឆាំង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែរ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​ជំនុំជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង ៥នាក់​ពាក់ព័ន្ធ​ការ​វិល​ចូល​ស្រុក លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។ ពេល​សួរដេញដោល​នោះ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​គឺ លោក ទុំ ប៊ុនថន ដែល​បាន​កោ​សក់​របស់​ខ្លួន​ពី​ក្នុង​ពន្ធនាការ លោក​បាន​ដោះ​អាវ​នៅ​ក្នុង​បន្ទប់​សវនាការ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​តុលាការ​​​ដែល​​មិន​ផ្ដល់​ឱកាស​ឲ្យ​លោក​និយាយ​ក្នុង​សវនាការ​នោះ។

តុលាការ​នៅ​តែ​បន្ត​សាកសួរ​សកម្មជន​បក្ស​ប្រឆាំង​ពី​ទំនាក់​ទំនាក់​របស់​ពួក​គេ ជាមួយ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស និង​ការ​ចែក​រំលែក​ព័ត៌មាន​ពី​ហ្វេសប៊ុក​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន។

ជា​សវនាការ​តុលាការ​ភ្នំពេញ ​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ​នេះ ពាក់ព័ន្ធ​សំណុំ​រឿង​ក្បត់​ជាតិ​ និង​ករណី​ញុះញង់។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​គឺ លោក​ចៅក្រម រស់ ពិសិដ្ឋ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​តំណាង​អយ្យការ​គឺ ព្រះរាជអាជ្ញា​រង សេង ហៀង។


សកម្មជន​បក្ស​ប្រឆាំង​ដែល​បាន​ចូល​បំភ្លឺ​ក្នុង​បន្ទប់​សវនាការ​ទាំង ៥នាក់ ក្នុង​នោះ​បី​នាក់​ជា​អ្នក​ជាប់​ឃុំ រួម​មាន​លោក ហេង ច័ន្ទ​សុទ្ធី លោក កាក់ កុម្ភារ និង​លោក ទុំ ប៊ុនថន និង​សកម្មជន ២នាក់​ទៀត​នៅ​ក្រៅ​ឃុំ​គឺ សមាជិក​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ចលនា​ស្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី យក់ នាង និង​សមាជិក​​ក្រុម​ប្រឹក្សា​សង្កាត់​បឹង​សាឡាង​នៃ​រាជធានី​ភ្នំពេញ អ្នកស្រី ហង់ សុផារី។

សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ម្នាក់​គឺ លោក ទុំ ប៊ុនថន បាន​បង្ហាញ​ការ​តស៊ូ​មតិ​របស់​ខ្លួន​ដោយ​លោក​បាន​កោសក់​ពី​ក្នុង​ពន្ធនាគារ និង​ដោះអាវ នៅ​ចំពោះ​មុខ​ក្រុម​ជំនុំជម្រះ​នៅ​ក្នុង​បន្ទប់​សវនាការ។

ប្រពន្ធ​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កាក់ កុម្ភារ លោក​ស្រី ព្រំ ចន្ថា ដែល​បាន​ចូល​រួម​ស្ដាប់​ក្នុង​សវនាការ​ដែរ​នោះ​ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក ទុំ ប៊ុនថន បាន​ស្នើ​សុំ​ផ្ដល់​ចម្លើយ​ជា​ច្រើន​ដង​ក្នុង​បន្ទប់​សវនាការ ប៉ុន្តែ តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក​និយាយ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​សកម្មជន​រូប​នេះ​បាន​ដោះ​អាវ​ចេញ​ពី​ខ្លួន​ បង្ហាញ​ការ​មិន​សុខ​ចិត្ត៖ «គាត់ (លោក ទុំ ប៊ុនថន) ដោះអាវ និង​កោ​សក់​នេះ​គាត់​ចង់​បង្ហាញ​បី​វីរភាព​របស់​គាត់​ដែល​គាត់​មិន​បាន​ធ្វើ​ខុស​ទី១ ទី២ គាត់​មិន​ធ្វើ​ដូច​តុលាការ​ចោទ​ប្រកាន់​ទី៣ គាត់​មាន​ទុក្ខ​លំបាក​ផ្ទាល់​ខ្លួន អ៊ីចឹង​គាត់​ចង់​សម្ដែង​នៃ​ការ​លំបាក​របស់​គាត់ ប៉ុន្តែ តុលាការ​មិន​គាត់​អត់​បាន​យល់​អារម្មណ៍​មួយ​ហ្នឹង ហើយ​អត់​បាន​សួរ​គាត់​ទេ»។

លោក ទុំ ប៊ុនថន គឺជា​សមាជិក​បក្ស​ប្រឆាំង​ម្នាក់ ក្នុង​ចំណោម​សកម្មជន​ច្រើន​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​ពេល​វិល​ត្រឡប់​ទៅ​រស់​នៅ​ជួបជុំ​ប្រពន្ធ​កូន​ក្នុង​ប្រទេស​កម្ពុជា​វិញ។លោក​បាន​ជាប់​ឃុំ​ចំនួន​ពីរ​ដង​ហើយ​លើក​ទី​១​ ក្នុង​ព្រឹត្តិការណ៍​​វិច្ឆិកា​ឆ្នាំ២០១៩ និង​លើក​ទី២ កាល​ពី​ថ្ងៃ​ថ្ងៃ​ទី២៩ ខែកញ្ញា។

ទាក់ទង​ករណី​លោក ទុំ ប៊ុនថន នេះ​ដែរ នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​មាន​ក្រុម​ការងារ​លោក​ឃ្លាំមើល​តុលាការ​ ឲ្យ​ដឹង​ថា​ ករណី​លោក ទុំ ប៊ុនថន កោ​សក់ គឺ​លោក​បាន​កោ​សក់ តាំង​ពី​ក្នុង​ពន្ធនាគារ ដើម្បី​បង្ហាញ​ថា លោក​កំពុង​រង​ភាព​អយុត្តិធម៌។ លោក​បន្ត​ថា ចំពោះ​ករណី​លោក ទុំ ប៊ុនថន ដោះអាវ​ នៅ​បន្ទប់​សវនាការ​គឺ ដើម្បី​សុំ​សិទ្ធិ​និយាយ​ក្នុង​ពេល​បើក​សវនាការ។ លោក​ អំ សំអាត យល់​ថា នេះ​ជា​ការ​តស៊ូ​មតិ​របស់​លោក ទុំ ប៊ុនថន ដែល​ទាមទារ​ចង់​បាន​យុត្តិធម៌៖ «ខ្ញុំ​គិត​ថា នេះ​ជា​សេរីភាព​របស់​គាត់ (លោក ទុំ ប៊ុនថន) ក្នុង​ការ​តស៊ូ​មតិ​ហើយ​ក្នុង​ច្បាប់​ក៏​អត់​បាន​ហាម​ទៅ​ទៀត​ក្នុង​ការ​ពាក់​ខោអាវ​ ឬ​មិន​ពាក់​ខោអាវ​អ៊ីចឹង​ជា​សេរីភាព​របស់​គាត់ ដែល​ចង់​បង្ហាញ​ការ​តស៊ូ​មតិ ដើម្បី​ទាមទារ​រក​យុត្តិធម៌​របស់​គាត់»។

មេធាវី​ការពារ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​​លោក​ សំ សុគង់​ ឲ្យ​ដឹង​ថា តុលាការ​នៅ​តែ​បន្ត​សាកសួរ​ទាក់ទង​អង្គហេតុ​ដែល​ទាក់ទង​ផែនការ​​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី​​ ​ និង​សកម្មភាព​ការងារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រង​ការ​ចោទ​ប្រកាន់​។​ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា​ ​ ក្នុង​ពេល​សវនាការ ក្នុងចំណោម​សកម្មជន​ទាំង​៥​រូប​ដែល​មាន​វត្តមាន​​នៅ​បន្ទប់​សវនាការ​ តុលាការ​បាន​សាកសួរ​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​គឺ អ្នកស្រី ហង់ សុផារី និង​អ្នកស្រី យក់ នាង៖ «ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដោយសារ​សកម្មជន ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​នយោបាយ ហើយ​រឿង​វិល​ត្រឡប់ រឿង​ផែនការ​អី​ផ្សេង​ទៀត គឺ​ជា​វោហារ​សាសន៍​នយោបាយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទាក់ទង​ទៅ​នឹង​សារ​ផ្សេងៗ​ទៀត​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សម្ភាស ក៏​ដូច​ជា​ផ្សាយ​ក្នុង​ហ្វេសប៊ុក ជា​បច្ចេកទេស​ជា​លក្ខណៈ​នយោបាយ​ មិនមែន​ជា​សកម្មភាព​ផ្លូវ​ច្បាប់​ទេ»។

សមាជិក​​ក្រុម​ប្រឹក្សា​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បឹង​សាឡាង រាជធានី​ភ្នំពេញ អ្នកស្រី ហង់ សុផារី ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ក្រោយ​ចប់​ការ​សាកសួរ​ថា តុលាការ​បាន​សាកសួរ​អ្នក​ស្រី​ជា​ច្រើន​សំណួរ​ក្នុង​នោះ​ក៏​មាន​សំណួរ​ទាក់ទង​នឹង​ផែនការ​មាតុភូមិនិវត្តន៍​លោក សម រង្ស៊ី ដែរ។ លោកស្រី​បន្ត អ្នកស្រី​ប្រាប់​តុលាការ​ថា អ្នកស្រី​មិន​ដឹង​រឿង​នេះ។ អ្នក​ស្រី​បន្ត​ទៀត​ថា ក្រៅ​ពី​នេះ​អ្នកស្រី​សុំ​សិទ្ធិ​មិន​ឆ្លើយ​តប​ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​មេធាវី​ឆ្លើយ​ជំនួស។

អ្នកស្រី​បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​អ្នក​ស្រី ព្រោះ​អ្នក​ស្រី​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​នោះ​ទេ ក្រោយ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧៖ «ពួក​ខ្ញុំ​ទាំង​អស់​ដូច​ជា​អត់​មាន​ទោស​អី​យក​មក​កាត់​ទេ និយាយ​ទៅ​អត់​មាន​ទោស​អី​ទាំង​អស់​ក្បត់​ជាតិ ក៏​អត់​មាន ព្រោះ​ខ្ញុំ​អត់​បាន​លក់​ជាតិ​ស្អី​បន្តិច​ផង បើ​និយាយ​គណបក្ស​ជា​ធម្មតា​ការ​ស្រលាញ់​របស់​ប្រជាពលរដ្ឋ​មួយៗ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែនករុណា សង្កេត​សំណុំរឿង​នេះ​ជា​រឿង​នយោបាយ ហើយ​ការ​បន្ត​អូស​បន្លាយ​លើ​ករណី​នេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។ មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​ជំរុញ​ទៅ​អ្នក​នយោបាយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​ជជែក​ចរចា​គ្នា​ឡើង​វិញ៖ «ជា​ការ​ខាតបង់​របស់​យើង​ទៅ​វិញ​ទេ​ បើ​សិន​ជា​រឿង​នយោបាយ​ត្រូវ​បាន​អូស​បន្លាយ​អ៊ីចឹង​ជា​អ្វី​ដែល​យើង​មើល​ឃើញ​ ខ្ញុំ​គិត​ថា​ ​បើ​សិន​ជា​មាន​ដំណោះស្រាយ​នយោបាយ​កើត​ឡើង​ហើយ​សំណុំរឿង​ទាំង​អស់​ហ្នឹង​ក៏​ត្រូវ​បាន​បញ្ចប់​​បែប​ហ្នឹង​តាម​ដែល​កត់​សម្គាល់​រឿង​នយោបាយ​កន្លង​មក​បាទ»។

សវនាការ​នេះ មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​តំណាង​ទូត​ប្រទេស​លោក​សេរី​ជា​ច្រើន​និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សាច់​ញាតិ​របស់​ជន​ជាប់​ចោទ​ជា​ច្រើន​នាក់។ ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ​វិញ អាជ្ញាធរ​បាន​ពង្រាយ​កង​សន្តិសុខ​ជា​ច្រើន​នាក់ ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​ជិត ១០នាក់​រង់ចាំ​លើក​ទឹក​ចិត្ត​ជន​ជាប់​ចោទ ប៉ុន្តែ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នោះ​ទេ។

តុលាការ​ក្រុង​ភ្នំពេញ​​បាន​បំបែក​ជា ៧សវនាការ​ក្នុង​សំណុំ​រឿង​សកម្មជន ៤២នាក់ ដែល​ត្រូវ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម និង​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​គម្រោង​មាតុភូមិ​និវត្តន៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ របស់​លោក សម រង្ស៊ី។

តុលាការ​នឹង​បន្ត​ជំនុំជម្រះក្ដី​សំណុំរឿង​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី២៨ ធ្នូ​ខាង​មុខ ដោយ​មាន​ការ​សាកសួរ​អ្នក​ជំនាញ​ខាង​ច្បាប់ និង​នយោបាយ​អន្តរជាតិ សេង ធារី ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា​ ក្រៅ​ពី​នេះ​មាន លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​សំខាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រារាំង​ពួក​គេ​មិន​ឲ្យ​ចូល​ស្រុក ដើម្បី​បំភ្លឺ​​នៅ​មុខ​តុលាការ៕

No comments: