Monday, 27 December 2021

ក្រុម​​យុវជន​ធ្វើ​យុទ្ធនាការ​​​ទាមទារឱ្យ​លោក ហេង សួរ លុបចោល​សារ​​គំរាម​កំហែង​និង​​​​លាប​ពណ៌​​កម្មករ​


ដោយ ជាតិ ចំណាន
2021-12-26
ក្រុម​​យុវជន​ធ្វើ​យុទ្ធនាការ​​​ទាមទារឱ្យ​លោក ហេង សួរ លុបចោល​សារ​​គំរាម​កំហែង​និង​​​​លាប​ពណ៌​​កម្មករ​ 

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដែល​​​គេ​​ស្គាល់​​ថា ​ជា​មនុស្ស​ស្និទ្ធនឹង​កូន​​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហេង សួរ


ក្រុម​យុវជន​និងសកម្មជន​​សង្គម ប្ដេជ្ញា​ធ្វើ​យុទ្ធនាការ​លើក​បដា​​​​ទាមទារ​តាម​ហ្វេសប៊ុក ​(facebook) ​​ឲ្យ​​​​មន្រី្ត​ជាន់​ខ្ពស់​ក្រសួង​ការងារ​លោក ហេង សួរ ​​​​លុប​សារ​គំរាម​​កំហែង និង​បញ្ឈប់​ការ​​លាប​ពណ៌​កម្មករ។ សហជីព​ ថាសារ​គំរាម​​​​​​​របស់​លោក​ហេង សួរ មានចរិត​ជា​​ការ​​​​លាប​ពណ៌​ និង​​គាប​សង្កត់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​​ធ្វើ​បាតុកម្ម​​។

សកម្មជន​សង្គម​ ​នឹង​​​​ធ្វើការ​​តស៊ូ​មតិ​ទាមទារ​​រហូត​ទាល់​តែ​រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈលោក ហេង សួរ ​ព្រម​​ចេញ​មុខ​មក​បក​ស្រាយ និង​សន្យា​បញ្ឈប់​ការ​គំរាម​កំហែង​កម្មករ​បន្ត​ទៀត ពិសេស​ គឺ​ការ​លាប​ពណ៌​កម្មករ​​ដោយ​ភ្ជាប់​ទៅ​នឹង​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​​ដូច​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ជាដើម​។


យុវជន​នៃ​ក្រុម​ខ្មែរ​ថាវរៈលោក ស្វាយ សំណាង បញ្ជាក់​ថា​ ក្នុង​ករណី​លោក ហេង សួរ មិន​ព្រម​ចេញ​មុខ​​​បកស្រាយ​ឲ្យ​ច្បាស់ និង​មិន​ព្រម​បញ្ឈប់​ការ​គំរាមកំហែង​​​ទេ ក្រុម​យុវជន​ប្ដេជ្ញា​ថា ពួកគេ​នឹង​បង្កើន​​​ការ​ទាមទារ​តាម​បណ្ដាញ​សង្គម ​(facebook) ឲ្យ​ខ្លាំង​ក្លា​បន្ថែម​ទៀត​៖ «ឃើញ​ថា​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​មាន​សន្ទុះ​នៃ​ការ​ចូលរួម​ច្រើន​ដែរ ការ​ចែក​រំលែក​នៅ​​​លើ​បណ្ដាញ​​សង្គម ក៏​ដូចជា ​​នៅ​ក្នុង​ផេក​ផ្ទាល់​របស់​លោក​ហេង សួរ កន្លែង​សំណេរ​ដែល​គាត់​បាន​បង្ហោះ​ហ្នឹង ក៏​មាន​គេ​ស្នើសុំ​ឲ្យ​គាត់​លុប​ចេញ​ដែរ»។

​យុវជន​​នៃ​ក្រុម​ខ្មែរ​ថាវរៈ​ម្នាក់​ទៀត គឺ​កញ្ញា អេង វ៉ាន់ឌី សោកស្ដាយ​ចំពោះ​ការ​ប្រើ​សារ​​ទាំង​បំពាន និង​បំផ្លើស​របស់​លោក ហេង សួរ។ កញ្ញា​យល់​ថា លោក​ ហេង សួរ គួរ​តែ​លុប​សារ​នេះ​ចោល ហើយ​បញ្ឈប់​ការ​គំរាម​កម្មករ​ទើប​ជា​រឿង​ប្រសើរ​។ កញ្ញាប្ដេជ្ញា​ថា នឹង​ចូលរួម​បង្ហោះ​សារ​យុទ្ធនាការ​នេះ​រហូត​ទាល់តែ​លោក ហេង សួរ ឈប់​​ប្រើ​អំណាច​សម្លុត​​ស្ត្រី​ជា​កម្មករ​បន្ត​ទៀត​៖ «លោក ហេង សួរ មក​បកស្រាយ​ពី​សំណេររបស់​គាត់​អ៊ីចឹង​ណា ហើយ​គួរ​លុប​សំណេរ​ចេញ​ពី​​បណ្ដាញ​សង្គម​អ៊ីចឹង​ណា លោក​ពូ»។

យុទ្ធនាការ​​របស់​ក្រុម​យុវជន​នេះ គឺបន្ទាប់ពី​​លោក ហេង​ សួរ បាន​បញ្ចេញ​សារ​បែប​ចោទ​ប្រកាន់ និង​លាបពណ៌​លើ​អ្នក​តវ៉ា នៅ​ចំពេល​ក្រុម​បុគ្គលិក និង​និយោជិតនៃ​ក្រុមហ៊ុន​កាស៊ីណូណា​ហ្គាវើល៍ (Nagaworld) រាប់​ពាន់​នាក់​កំពុង​ផ្ទុះ​កូដកម្ម​ទ្រង់ទ្រាយធំទាមទារ​ឱ្យ​ក្រុម​ហ៊ុន​គោរព​សិទ្ធិ និង​ច្បាប់​ការងារ។ លោក​សរសេរ​​លើ​ហ្វេសប៊ុក​​កាល​ពី​ថ្ងៃ​ទី១៩ ខែ​​ធ្នូ ក្នុង​ន័យ​​ថា ការ​តវ៉ា​ដោយ​​ប្រើប្រាស់​អនីតិជន ឬ​ស្ត្រី ពិសេស​ស្ត្រី​មាន​កូន​ខ្ចី ឬ​ស្ត្រី​មាន​ផ្ទៃពោះ ​​ជា​តាក់ទិច​ដែល​មាន​សរសេរ​នៅ​ក្នុង​ក្បួន​របស់​អ្នក​រៀបចំ​ចលនា​បដិវត្ត​ន៍ពណ៌​នៅ​ប្រទេស​ណាមួយ។ អ្នក​រៀបចំ​ផែនការ​តែងតែ​បន់​ស្រន់​ឱ្យ​មាន​គ្រោះថ្នាក់​ដោយចៃដន្យ​ណាមួយ​កើតឡើង​លើ​អនីតិជន​ ឬ​លើ​ស្រ្តី ដើម្បី​ទាក់ទាញ​សមានចិត្ត និង​បញ្ឆេះ​កំហឹង​មហាជន។

ពាក់ព័ន្ធ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ហេង សួរ​ ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ។ ប៉ុន្តែ​លោក​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពីថ្ងៃទី​​២០ ខែធ្នូ ថា លោក​​មិន​បាន​ចោទ​នរណា​ទេ តែ​​សាររបស់​លោក​នេះជា​ការ​ចែក​​រំលែក​​ចំណេះ​ដឹងទាក់ទង​នឹង​​តាក់តិក​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​​ប៉ុណ្ណោះ​៖ «វា​ជាចំ​ណេះ​ដឹង គួ​រតែ​ជា​ព័ត៌​មាន​ដែល​យើង​ដឹង​ ហើយ​ដកពិសោធន៍ ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​អនុវត្ត​ការ​ងារ​ហ្នឹង​»។

ផ្ទុយ​ពីការ​បកស្រាយ​នេះ  ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យលោក រី សិទ្ធីណែត ថ្លែងថា លោក ហេង សួរ គួរ​តែ​បញ្ឈប់​ការ​លាប​ពណ៌​កម្មករ ព្រោះ​ការ​ធ្វើ​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហេង សួរ ជា​តំណាង​ក្រសួង​ការងារ​អសមត្ថភាព​ដោះស្រាយ​វិវាទ និង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​។​ មេ​សហជីព​​រូប​នេះ ព្រួយ​បារម្ភ​ថា ការ​ចោទ​ប្រកាន់ និង​ការ​លាប​ពណ៌​ក្នុង​ន័យ​បំបិទ​​សិទ្ធិ​កម្មករ​នេះ នឹង​​ក្លាយ​ជា​ទម្លាប់​អាក្រក់ ហើយ​ប៉ះពាល់​​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​ផល​ប្រយោជន៍​​កម្មករ​។ លោក​បញ្ជាក់ថា ការ​ធ្វើ​បាតុកម្ម គឺជា​សិទ្ធិស្របច្បាប់ ដោយសារ​កម្មករ​មិន​ទទួល​បាន​ដំ​ណោះ​ស្រាយ៖ «វិវាទ​ការងារ​ទេ ហើយ​លក្ខខណ្ឌ​ដែល​សហជីព​នៅ​ណាហ្គាវើលដ៍​ទាម​ទារ​​ គឺ​លក្ខខណ្ឌ​ការងារ មិន​មែន​ជា​បដិវត្តន៍​ពណ៌​ទេ»។

​​​​​​​លោក ហេង សួរ ដែល​​គេ​ស្គាល់​ថា ​ជា​មនុស្ស​ស្និទ្ធនឹង​កូន​​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត តែងតែ​បាន​​​ប្រើ​សារ​សម្លុត​គំរាម​កម្មករ ​ពលករ​​ តាម​អំពើ​ចិត្ត​គ្រប់​រូប​ភាព​។ ​កាល​ពី​ឆ្នាំ​២០១៨ មាន​សារ​សំឡេង​បែក​ធ្លាយ​មួយ​ដែល​គេ​សង្ស័យ​ថា ជា​សារ​របស់​លោក ហេង សួរ ដោយ​លោក​មាន​បំណង​ឱ្យ​​ក្រុម​អ្នក​លេង​តាម​ព្រួត​វាយ​​ពលករ​ខ្មែរ​ណា ដែល​ហ៊ាន​តវ៉ា​នៅ​​ប្រទេស​ជប៉ុន ប្រឆាំង​នឹង​រដ្ឋាភិបាល​ ឬ​ក៏​​​លប​សម្លាប់​ពួកគេ​នៅ​ពេល​ដែល​​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ នៅ​ខែ​មេសា​ ឆ្នាំ​២០២១ លោក ហេង សួរ ក៏​ធ្លាប់​ផ្ដួច​ផ្ដើម​គំនិត​​​ឲ្យ​ថៅកែ​បណ្ដេញ​​​កម្មករ​ណា​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួល​ស្គាល់​ត្រឹមត្រូវ​នៅ​ពេល​នោះ​ ដោយ​គ្មាន​ផ្ដល់​ប្រាក់​សំណង​ដែរ៕

No comments: