Khmer Circle: What's the use of leaving the land to be overgrown with trees or forest, eh?
🔺🔺🔺
ដោយ ជី វិតា
2021-12-21
រូប៖ ពលរដ្ឋសហគមន៍ផ្ដល់ឱ្យ
ប្រជាសហគមន៍ព្រៃឡង់រកឃើញរណាយន្តជាង ១០០គ្រឿង គោយន្តដឹកឈើជិត ១០០គ្រឿង និងរថយន្តកែច្នៃ ៤គ្រឿង ដែលជាមធ្យោបាយកាប់បំផ្លាញព្រៃឡង់ ធ្វើអាជីវកម្មយ៉ាងពេញទំហឹង ក្នុងដែនជម្រកសត្វព្រៃឡង់ ខេត្តព្រះវិហារ ដែលមានជាប់ព័ន្ធក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.)។ ប្រជាសហគមន៍ព្រៃឡង់បានស្ដីបន្ទោសឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានថា នៅតែមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើខ្នាតធំទាំងនេះ តែបែរជាស្វែងរកអ្នកការពារព្រៃឈើ ដើម្បីអនុវត្តច្បាប់ទៅវិញ។
ប្រជាសហគមន៍ខេត្តព្រះវិហារ ៨នាក់ បានលបចុះល្បាតព្រៃឡង់ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ធ្នូ ដោយបានរកឃើញទីតាំងកាប់ឈើខ្នាតធំ ៩កន្លែង ដែលជាតំបន់បន្សល់ឈើមូលធំៗ ចុងក្រោយ ដែលក្រសួងបរិស្ថានចាត់ទុកថា ជាតំបន់ស្នូល ឬហៅថា តំបន់ការពារតឹងតែងបំផុត។ ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ ឋិតនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដោល ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ អូរអាមច៍ដែក និងចំណុចក្បាលតាង៉ុត។
ប្រជាសហគមន៍អះអាងថា ក្រុមអ្នកកាប់ឈើ បានបោះតង់ជាច្រើនកន្លែង ដើម្បីលបកាប់ឈើធំៗ ពង្រាយពេញព្រៃ ដោយភាគច្រើនជាពលរដ្ឋចំណូលស្រុក មកពីខេត្តរតនគិរី ឧត្តរមានជ័យ និង ខេត្តកំពង់ ធំជាដើម។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ទីន អះអាងនៅថ្ងៃទី២០ ធ្នូថា ឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំនេះ កើតឡើងតាំងពីដើមឆ្នាំ២០២១ មកទល់ពេលនេះ ដោយគ្មានមន្ត្រីបរិស្ថាន និងអាជ្ញាធរណាទប់ស្កាត់នោះទេ។ លោកថា គ្រាន់តែផ្លូវមួយច្រក មានគោយន្ត២៧គ្រឿង ដឹកឈើទាំងយប់ទាំងថ្ងៃ ចេញពីព្រៃឡង់ មកទម្លាក់ទុកនៅជាយព្រៃឡង់ ក្នុងការដ្ឋានក្រុមហ៊ុនវៀតណាម ភីអ៊ិនធី ឋិតក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយមានរថយន្តច្នៃ ៤គ្រឿង ចាំទទួលដឹកឈើបន្ត។
លោកបន្ថែមថា ក្រុមកម្មករជាង ១០០នាក់ ដែលស៊ីឈ្នួលកាប់ឈើ និងដឹកឈើឱ្យក្រុមហ៊ុនសុទ្ធតែមានជំនាញអារឈើក្នុងព្រៃដោយមិនខ្លាចច្បាប់នោះឡើយ។ លោកអះអាងថា លោកស៊ើបដឹងថា ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះកើតឡើងច្រើនដោយសារមានការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន៖ «ការធ្វើទ្រង់ទ្រាយធំដោយសារមានការឃុបឃិតពីពួក មន្ត្រីបរិស្ថាន អត់មានធ្វើវិធានការទប់ស្កាត់បទល្មើសណាមួយ មានតែការបណ្ដែតបណ្ដោយឱ្យបទល្មើសចូលកាប់គ្មានច្បាប់ទម្លាប់។ ទោះបីជា ក្រុមហ៊ុនហ្នឹងចុះកុងត្រាជាមួយក្រសួង ឱ្យដីសម្បទាន ឬក៏ព្រៃសម្បទាន ក៏វាមិនចូលដល់តំបន់ការពារអ៊ីចឹងដែរ។ ក្រសួងបរិស្ថាននៅតែព្រងើយកន្តើយ មិនអើក្នុងព្រៃឡង់ នៅថ្ងៃខាងមុខ ព្រៃហ្នឹង ព្រៃក្លាយជាវាល អត់មែនជាព្រៃដែលត្រូវអភិរក្សទៀតទេ។
រីឯអ្នកសម្របសម្រួលសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ចោទ ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានថា ជាអ្នកបន្តលាក់បាំងអាជីវកម្មឈើខុសច្បាប់របស់ក្រុមហ៊ុនវៀតណាមមួយនេះ។ លោកថា ទីតាំងដែលក្រុមហ៊ុនបញ្ជូនកម្លាំងកម្មករកាប់ផ្ដួលឈើធំៗ គឺសំបូរដោយដើម គគីរ ត្រាច ដួងចែម ផ្ដៀក លំបោរ និង ស្ទៀង ដែលមានមុខកាត់ ៤តឹកឡើងទៅ។ លើសពីនេះ តំបន់នោះ ក៏ជាកន្លែងសំខាន់ ដែលសត្វព្រៃកម្ររស់នៅ និងចិញ្ចឹមជីវិតផងដែរ។
លោកបន្ថែមថា លោក ចាប សារ៉ន មានតួនាទីជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស នៅតែបន្តធ្វើជាមេការក្រុមហ៊ុនវៀតណាមមួយនេះ ធ្វើអាជីវកម្មឈើយ៉ាងសស្រាក់សស្រាំជាច្រើនខែមកហើយ៖ «ខ្ញុំដើរហើយ ចាប់អីក៏ចាប់ទៅ ចង់វែកមុខថា បើចាប់ខ្ញុំដាក់គុក ឱ្យចាប់អ្នកអារឈើផង មេការក្រុមហ៊ុនផង។ វាហួសហេតុ ហួសចិត្តពេក ដូចធ្វើអីអត់មានប្រសិទ្ធភាពសោះ ដាក់របាយការណ៍លើកណា ច្រានចោល គ្រប់ទឹក អត់មានអីលើកទឹកចិត្តឱ្យបណ្ដាញព្រៃឡង់ មានទឹកមុខ មានតែចោទយើងថា បង្កថេរភាពសង្គមវិញ។ នេះយើងចង់សំណូមឱ្យសម្ដេចធ្វើដូចព្រៃលិចទឹក។
ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ ៧.៩០០ហិកតារ នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។
ក្នុងកិច្ចសន្យាក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមច័ន្ទ ចន្ទី និងដំណាំរួមផ្សំផ្សេងៗ ទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ដោយសម្រុកកាប់ឈើ និងអាជីវកម្មឈើទៅវិញ។ លើសពីនេះទៀត ក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ៤គ្រឿងឋិតក្នុងស្រុករវៀង ជាប់ព្រៃឡង់ខេត្តព្រះវិហារ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានដែនជម្រកសត្វព្រៃឡង់ខេត្តព្រះវិហារ លោក មាស ញឹម និងមេការក្រុមហ៊ុន ភីអ៊ិនធី លោក ចាប សារ៉ន បាននៅឡើយទេ នៅថ្ងៃទី២០ ធ្នូ។ រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និង អ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី អាស៊ីសេរីក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ទាក់ទងរឿងនេះដែរ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់វិទ្យុអាស៊ីសេរីថា សំណុំរឿងបទល្មើសព្រៃឈើ ពាក់ព័ន្ធក្រុមហ៊ុននេះ បានឈានដល់ដៃ ចៅក្រមស៊ើបសួរហើយ។ លោកបដិសេធមិនអធិប្បាយលម្អិតរឿងនេះទេ ដោយលោកអះអាងថា វាជាកិច្ចការសម្ងាត់របស់តំណាងអយ្យការ និងតុលាការ។ តែយ៉ាងណា លោកផ្កាំផ្ញើឱ្យប្រជាសហគមន៍ព្រៃឡង់ ទាក់ទងមកលោកផ្ទាល់ ហើយជូនលោកទៅពិនិត្យមើលបទល្មើសព្រៃឈើជាក់ស្ដែង ប្រសិនបើរកឃើញថា មានជនណាប្រព្រឹត្តខុសច្បាប់ ដោយលោកត្រូវអនុវត្តច្បាប់មិនលើកលែងទេ៖ «បើហាមសហគមន៍ហើយ បែរជាមិនអាចទប់ស្កាត់បទល្មើសបាន អាហ្នឹងជារឿងឱ្យអាម៉ាស់។ ក្រសួងខ្លួនឯងបើសិនជាមានចេតនាឱ្យព្រៃឡង់នៅគង់វង្សបាន ខ្ញុំគិតថា មិនចាំបាច់ បង្កបរិយាកាសស្មុគស្មាញដល់សហគមន៍មូលដ្ឋានទេ។ អាហ្នឹងគ្រាន់តែជាលេសមួយ ដាក់គំនាបពួកគាត់ ក្នុងការពារព្រៃទេ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន សង្កេតឃើញថា ក្រសួងបរិស្ថានទាំងមូល មិនត្រឹមតែគ្មានសមត្ថភាពការពារព្រៃឡង់ឱ្យគង់វង្សទេ តែបែរជាបន្តធ្វើទុក្ខបុកម្នេញ និងរារាំង លើប្រជាសហគមន៍ការពារព្រៃឡង់ទៅវិញ។ លោកថា ក្រុមល្បាតមិនអាចការពារព្រៃឈើបានពេញលេញនោះទេ ព្រោះមន្ត្រីបរិស្ថានតែងតែតាមដាន និងឃ្លាំមើលពួកគាត់ដល់ផ្ទះ។
លោកគិតថា ប្រសិនបើក្រសួងបរិស្ថាននៅតែបន្តរឹតត្បិតសិទ្ធិសហគមន៍មិនឱ្យចុះល្បាតព្រៃឈើបែបនេះ មិនយូរទេ ដើមឈើធំៗ ក្នុងដែនអភិរក្សនេះនឹងរលាយហិនហិចទាំងស្រុង៖ «ចង់ដឹងការពិតឱ្យពួកហ្នឹង បុគ្គលទាំងអស់ហ្នឹងមកចួបខ្ញុំ ហើយខ្ញុំសុខចិត្តចំណាយលុយផ្ទាល់ខ្លួន ចុះទៅពិនិត្យមើល ហើយដាក់លក្ខខណ្ឌទាំងអស់គ្នា។ អ្នកណាខុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ប្រជាសហគមន៍បានឆ្មក់ចុះល្បាតព្រៃឡង់ដេកក្នុងព្រៃ ៣យប់ដើម្បីឃ្លាំមើលពីស្ថានភាពព្រៃឡង់ពេលថ្មីៗ នេះ ដោយរកឃើញភស្តុតាងភ្ជាប់រូបភាព និងវីដេអូបទបង្ហាញពីល្មើសព្រៃឈើច្បាស់លាស់ក្នុងបំណងស្នើឱ្យក្រសួងបរិស្ថានលុបបំបាត់បទល្មើសព្រៃឈើប៉ុន្តែក្រសួងសាមី និងអាជ្ញាធរតែងតែច្រានចោល ដោយមិនបានចុះទៅស៊ើបអង្កេតនោះទេ។
កាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបញ្ជាឱ្យ ម្ចាស់ក្រុមហ៊ុន ដួង ស្រួច គ្រុប (DOUNG SROUCH GROUP) គឺលោក ដួង ស្រួច និងបក្ខពួកបង្ហាញខ្លួនមកស្ថាប័នអយ្យការខេត្តនេះ ដើម្បីសាកសួរក្នុងសំណុំរឿងកាប់ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ និងបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តឡើងនៅចំណុច ត្រពាំងឈើទាលពេន ក្នុងដែនព្រៃឡង់ ខេត្តព្រះវិហារ ផ្អែកតាមច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ប្រជាសហគមន៍ថា សំណុំរឿងនេះ គឺមានជាប់ពាក់ព័ន្ធក្រុមហ៊ុនវៀតណាម ភីអ៊ិនធី ប៉ុន្តែមកទល់ពេលនេះហាក់ដូចជាស្ងាត់ឈឹង មិនឃើញស្ថាប័នអយ្យការនាំខ្លួនជនសង្ស័យណាម្នាក់មកផ្ដន្ទាទោសនៅឡើយទេ។ ចំណែកក្រុមហ៊ុន នៅតែបន្តបញ្ជូនកម្មករកាប់ឈើក្នុងព្រៃឡង់ ធ្វើអាជីវកម្មដដែល៕
1 comment:
It feels like the evil Yuon cutting Khmers' hearts.
Where is the strong man Ah Runteas Banh Hun Sen ?
Post a Comment