Wednesday, 15 December 2021

លោក ហ៊ុន សែន តាំង​ខ្លួន​ជា​អ្នក​ពូកែ​ចរចា តែ​ស្នើ​កុំ​ឱ្យ​បន្ទោស បើ​លោក​ដោះស្រាយ​វិបត្តិ​ភូមា​មិន​បាន


ដោយ ទីន ហ្សាការីយ៉ា
2021-12-15
លោក ហ៊ុន សែន តាំង​ខ្លួន​ជា​អ្នក​ពូកែ​ចរចា តែ​ស្នើ​កុំ​ឱ្យ​បន្ទោស បើ​លោក​ដោះស្រាយ​វិបត្តិ​ភូមា​មិន​បាន
 

លោក ហ៊ុន សែន ពេល​ចូលរួម​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​​សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
រូប៖ ហ្វេសប៊ុក SMP

 

មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ប្រឹងប្រែង​ សម្រួល​សភាពការណ៍​នៅ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ​(Myanmar)​ ឱ្យ​វិល​ទៅ​រក​ស្ថានភាព​​មួយ​​ល្អ​ប្រសើរ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា​រូប​នេះ កុំ​ព្យាយាម​ទាញ​របប​សឹក​ភូមា​ឱ្យ​ចូល​វេទិកា​ថ្នាក់​តំបន់ និង​អន្តរជាតិ​​ដែល​កម្ពុជា​គ្រោង​រៀប​ចំក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដើម្បី​ចៀសវាង​ការ​ខូច​ឈ្មោះ​លើ​ឆាក​អន្តរជាតិ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​តាំង​ខ្លួន​ថា ជា​អ្នក​ពូកែ​ចរចា​រក​ដំណោះស្រាយ ហើយ​លោក​នឹង​យក​បទពិសោធន៍​ដែល​មាន ដើម្បី​ទៅ​ចរចា​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា។ លោក​ស្នើ​ដល់​មជ្ឈដ្ឋាន​នានា​ឱ្យ​ឈប់​រិះគន់ ឬ​បញ្ចេញ​យោបល់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា ដោយ​ទុក​ពេល​ឱ្យ​លោក​ធ្វើ​ការ​សិន៖ «ការចរចា​ដែល​បាន​ផល​បំផុត គឺ​ការចរចា អា​លើ​តុ​គ្រាន់តែ​យក​មក​ប្រថាប់​ត្រា​ទេ អា​ក្រោម​តុ ទើប​វា​សំខាន់។ អ៊ីចឹង​ការ​ជួប​ផ្ទាល់​ជាមួយ​មេដឹកនាំ​នៅ​មីយ៉ាន់ម៉ា វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ។ សូម​កុំ​រំខាន​ខ្ញុំ ទុក​ពេល​វេលា​ឱ្យ​ខ្ញុំ​ធ្វើ។ ខ្ញុំ​មិនមែន​ធ្វើ​គ្រូ​អស់​លោក​អ្នក​ទេ ក៏ប៉ុន្តែ​អស់​លោក​អ្នក​គួរ​កុំ​តាំង​ខ្លួន​ធ្វើ​ជា​គ្រូ​របស់​ខ្ញុំ»។


លោក ហ៊ុន សែន ថ្លែង​បែបនេះ​នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ការទូត​បរទេស​ជាច្រើន​នាក់ ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​ឯកជន​មួយ នៅ​ព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ថ្វីបើ​តាំង​ខ្លួន​ជា​អ្នក​ពូកែ​ចរចា​យ៉ាងនេះ​ក្ដី លោក ហ៊ុន សែន បាន​ទទូច​ទុក​ជា​មុន​ដល់​សហគមន៍​ជាតិ និង​អន្តរជាតិ កុំ​ឱ្យ​ស្ដី​បន្ទោស​លោក ប្រសិនបើ​លោក​មិន​អាច​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​បាន​ទេ​នោះ៖ «សូម​កុំ​បន្ទោស​ខ្ញុំ! សូម​និយាយ​គ្នា​ឱ្យ​ហើយ កុំ​បន្ទោស​ឱ្យ​សោះ។ ដោះ(ស្រាយ)ចប់ ឬ​មិន​ចប់ វា​មិន​ចំណុះ​លើ​អាស៊ាន​ទេ។ អាស៊ាន​គ្រាន់​តែ​ជា​ចំណែក​ក្នុង​ការ​ជួយ​ដល់​មីយ៉ាន់ម៉ា ក៏ប៉ុន្តែ​ដោះ​បញ្ហា​ខ្លួន​ឯង គឺ​មីយ៉ាន់ម៉ា​ខ្លួន​ឯង​ជា​អ្នក​ដោះ។ តែ​កម្ពុជា​នឹង​ខិតខំ​ដើម្បី​សម្រួល​សភាពការណ៍​មីយ៉ាន់ម៉ា ដើម្បី​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​មួយ​ដ៏​ប្រសើរ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមាលោក មីន អ៊ុងឡាំង​ ​(Min Aung Hlaing)​ នៅ​ថ្ងៃទី៧ និង​ទី៨ ខែ​មករា ឆ្នាំ២០២២។ លោក​បញ្ជាក់​ជាថ្មី​ទៀត​ថា លោក​មិន​អាច​ធ្វើ​ការ​ជាមួយ​អ្នក​ណា​ផ្សេង ក្រៅ​ពី​មេដឹកនាំ​យោធា​រូប​នេះ​ឡើយ។

លោក​ប្រកាស​ថា លោក​នឹង​តែងតាំង​រដ្ឋមន្ត្រីការបរទេស​លោក ប្រាក់ សុខុន ជា​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន និង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម លោក ចម ប្រសិទ្ធ ជា​ជំនួយ​ការ សម្រាប់​សម្របសម្រួល​ជាមួយ​ភាគី​ភូមា។ លោក ហ៊ុន សែន អះអាង​ម្ដង​ទៀត​ថា ការ​ព្យាយាម​ទាញ​ប្រទេស​ភូមា​ឱ្យត្រឡប់​មក​វិញ​នេះ ជា​ការ​អនុវត្ត​តាម​ធម្មនុញ្ញ​អាស៊ាន និង​ជា​ការ​សង្គ្រោះ​អង្គការ​តំបន់​មួយ​នេះ ដែល​លោក​ថា កំពុង​បែកបាក់​គ្នា​ដោយ​សារ​វិបត្តិ​នៅ​ភូមា។

ទោះជាយ៉ាងណា ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ពិនិត្យ​ឃើញ​ថា ប្រទេស​ភូមា​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​វេទិកា​ថ្នាក់​តំបន់ និង​អន្តរជាតិ ដោយសារ​តែ​ប្រទេស​​នេះ​កំពុង​គ្រប់គ្រង​ដោយ​របប​សឹក ដែល​កាប់​សម្លាប់ និង​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ​របស់​ខ្លួន។ អ្នកឃ្លាំមើល​ថា ករណី​នេះ​មិនមែន​បង្ហាញ​ថា អាស៊ាន​បែកបាក់​នោះ​ទេ តែ​បង្ហាញ​ថា អាស៊ាន​មាន​សាមគ្គីភាព​ក្នុង​ការ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ប្រទេស​សមាជិក​រូប​ណា​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ទោះបី​ជា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ភូមា​ក៏ដោយ ក៏​ពេល​នេះ​វា​ហាក់​បាន​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​រួច​ទៅ​ហើយ ព្រោះ​សហគមន៍​អន្តរជាតិ​កំពុង​ជួយ​ឈឺឆ្អាល​ច្រើន។ ក្នុង​បរិបទ​បែបនេះ លោក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​បង្ហាញ​ជំហរ​គាំទ្រ​របប​សឹក​ភូមា​នោះ​ទេ ហើយ​រឹតតែ​មិន​គួរ​ប្រឹងប្រែង​ទាញ​របប​នេះ​ឱ្យ​ចូល​មក​ក្នុង​វេទិកា​អាស៊ាន​វិញ​នោះ​ឡើយ៖ «នេះ​គឺ​ជា​ដំណើរ​មួយ​​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​លម្អៀង​ទៅ​មេដឹកនាំ​ផ្ដាច់ការ ដែល​អន្តរជាតិ​កំពុងតែ​ថ្កោលទោស ហើយ​ជាពិសេស​ហ្នឹង គឺ​ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​គាំទ្រ​មេដឹកនាំ​ផ្ដាច់ការ​បែបនេះ​ទៀត ខ្ញុំ​គិត​ថា នេះ​គ្រាន់តែ​ជា​លេស​មួយ​ដើម្បី​ចង​សម្ពន្ធភាព។ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​ប្រឈម​ទៅ​នឹង​ការ​ដាក់ទណ្ឌកម្ម​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​នយោបាយ ដូច​ប្រទេស​ភូមា​ដែរ»។

ទាក់ទង​នឹង​ការ​ចរចា​រក​ដំណោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​នេះ​ដែរ អ្នកស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយលោក វណ្ណ ប៊ុនណា ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ធ្វើ​ការ​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​របស់​អ្នកស្រី អ៊ុង សានសូជី (Aung San Suu Kyi) ដែរ ដើម្បី​បង្កើត​ទំនុកចិត្ត​ពី​គ្រប់​ភាគី និង​ទទួល​បាន​ដំណោះស្រាយ​រួម៖ «កម្ពុជា​ជា​រឿង​ល្អ​ហើយ​ ដែល​ទៅ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​មេដឹកនាំ​យោធា​ភូមា​ហ្នឹង ក៏ប៉ុន្តែ​ជា​ជំហាន​បន្ទាប់​កម្ពុជា​ត្រូវតែ​ប្រាកដ​ថា ខ្លួន​នឹង​បញ្ចូល ឬ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ស្រមោល​របស់​ក្រុម​ស៊ីវិល​ភូមា​ផង​ដែរ អាហ្នឹង​ទើប​ដំណោះស្រាយ​អាច​កើត​ចេញ​ជា​រូបរាង​ទៅ​បាន។ បើ​ទាក់ទង​ទៅ​ខាង​តែ​យោធា ហើយ​យោធា​មិន​អនុញ្ញាត​ឱ្យ​ទៅ​ជួប​ខាង​រដ្ឋាភិបាល​ស៊ីវិល​ទេ អាហ្នឹង​ចង់ ឬ​មិន​ចង់ វា​នៅតែ​ជា​រឿង​មិន​ទទួល​បាន​ជោគជ័យ ឬក៏​យើង​អាច​ហៅថា​បរាជ័យ​ដដែល។ ហើយ​បើ​រឿង​ហ្នឹង​បរាជ័យ​ទៅ វា​ធ្វើ​ឱ្យ​ការចូលរួម​របស់​កម្ពុជា​ជាមួយ​ពួក​មេដឹកនាំ​យោធា(ភូមា)​ហ្នឹង​គ្រាន់តែ​ជា​លក្ខណៈ​បំពេញ​រូបភាព​ឱ្យ​មាន​ភាព​ស្រប​ច្បាប់​បន្ថែម​ទៀត​ទៅ​លើ​មេដឹកនាំ​យោធា(ភូមា)»។

វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា​បាន​អូស​បន្លាយ​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង សានសូជី កាលពី​ដើម​ខែកុម្ភៈ ឆ្នាំ២០២១។ កង​កម្លាំង​យោធា និង​សន្តិសុខ ក្រោម​បញ្ជា​ការ​របស់​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​លើ​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​ប្រឆាំង​នឹង​អំពើ​រដ្ឋប្រហារ និង​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប​យ៉ាងហោចណាស់​ជាង ១ពាន់ ៣រយ​នាក់ (១.៣០៥) និង​ជាង ១ម៉ឺន​នាក់ (១០.៧៥៦) ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​ក៏​រួមមាន​ទាំង​កុមារ និង​ស្ត្រី​ជា​ច្រើន​នាក់​ផង​ដែរ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ព្រមាន​ថា កម្ពុជា​អាច​នឹង​ខូច​ឈ្មោះ​ថែម​ទៀត​លើ​ឆាក​អន្តរជាតិ បើ​លោក ហ៊ុន សែន ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​នេះ​មិន​បាន​ត្រឹមត្រូវ ជាពិសេស​បើ​លោក​នៅតែ​ព្យាយាម​ទាញ​ក្រុម​មេដឹកនាំ​របប​សឹក​ភូមា​ឱ្យ​ចូល​វេទិកា​នានា​របស់​អាស៊ាន​ឡើងវិញ។ ជាង​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​ភូមា​មួយចំនួន​បាន​ថ្កោលទោស​លោក ហ៊ុន សែន ចំពោះ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ភូមា ដោយ​ពួកគេ​បាន​ទាមទារ​ឱ្យ​លោក​ដក​ខ្លួន​ថយ​ពី​ឧក្រិដ្ឋកម្ម​របស់​ពួក​យោធា​ភូមា បើ​ពុំ​នោះ​ទេ បុរស​ខ្លាំង​នៃ​កម្ពុជា​រូប​នេះ​នឹង​ក្លាយ​សត្រូវ​របស់​ពលរដ្ឋ​ភូមា។ ថ្មីៗនេះ​ទៀតសោត មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក ក៏​បាន​ជំរុញ​កម្ពុជា កុំ​ឱ្យ​ធ្វើ​សម្បទាន​ណាមួយ​ទៅ​ឱ្យ​របប​សឹក​ភូមា ក្នុង​ពេល​ដែល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​ផង​ដែរ៕

No comments: