Wednesday, 29 December 2021

តុលាការ​បន្ត​សវនាការ​សួរ​​ដេញ​​​ដោល​កញ្ញា សេង ធារី ពាក់ព័ន្ធ​ផែនការ​លោក សម រង្ស៊ី ​វិល​ចូល​ស្រុកនៅ​​​ឆ្នាំ​២០១៩


ដោយ សេក បណ្ឌិត
2021-12-28
តុលាការ​បន្ត​សវនាការ​សួរ​​ដេញ​​​ដោល​កញ្ញា សេង ធារី ពាក់ព័ន្ធ​ផែនការ​លោក សម រង្ស៊ី ​វិល​ចូល​ស្រុកនៅ​​​ឆ្នាំ​២០១៩ 

(ពាក់អាវធំខាងមុខ) កញ្ញា សេង ធារី ក្រោយពេលដើរចេញពីតុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ បាន​បន្ត​សវនាការ​​បទ «​ញុះញង់» និង «​រួម​គំនិត​ក្បត់» ​​ពាក់​ព័ន្ធ​ផែនការ​​​ប្រធាន​​ស្ដី​​ទី​​បក្ស​ប្រឆាំងលោក ​សម រង្ស៊ី ​វិល​ចូល​ស្រុក​​​កាល​​ពី​ឆ្នាំ​២០១៩​ បន្ត​ទៀត ​ដោយ​​​សួរ​​ដេញ​​​ដោល​​​​ទៅ​លើ​​​​​​អ្នក​ជំនាញ​ផ្នែក​ច្បាប់និង​វិទ្យា​សាស្ត្រ​​នយោបាយ​អន្តរជាតិ​កញ្ញា សេង ធារី។ កញ្ញា សេង​ ធារី ​​អះអាង​ថា​ ចៅ​ក្រម និង​តំណាង​អយ្យការ​​​ ព្យាយាម​សួរ​លើស​​ពី​អង្គហេតុ​នៃ​បទ​ចោទ​។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ចៅក្រមលោក រស់ ពិសិដ្ឋ និង​​​តំណាង​អយ្យការ​​លោក​ សេង ហៀង បាន​ស្វាគមន៍​វត្តមាន​របស់កញ្ញា សេង ធារី ក្នុង​​សវនាការ​​ក្នុង​សំលៀក​បំពាក់​បែប​បុរស​​​បរទេស​ម្ដង​​​។ បរិយាកាស​ដំបូង​ក្នុង​សវនាការ ​គឺ​មាន​ភាព​​លូន​​ ដោយ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញាបាន​បំបុក​សួរ​​សំណួរ​ តែ​កញ្ញា សេង ធារី ម្នាក់​គត់ដោយផ្ដោត​លើ​​​​សកម្មភាព​កិច្ច​ការងារ​របស់​កញ្ញា​ក្នុងរយៈ​ពេល​៣០​ឆ្នាំ​នៅ​កម្ពុជា ​និង​​​ផែន​ការ​វិល​ចូល​ស្រុក​របស់​​​​លោក សម រង្ស៊ី។


ខុស​ពី​​ជន​ជាប់​ចោទ​ផ្សេង​ទៀត ក្នុង​សំណុំ​រឿង​នេះ​ គឺ​កញ្ញា សេង ធារី បាន​ប្រាប់​មន្ត្រី​តុលា​ការ​​ថា កញ្ញាគាំទ្រ​លោក​ សម រង្ស៊ី ព្រោះ​​​ជា​​តំណាង​នៃ​ការ​​បញ្ចេញ​សិទ្ធិ​សេរីភាព ឬ​ជា​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​។ ​ក្រោយ​មក​​ស្ថានភាព​ក្នុង​សវនាការ​កាន់​តែ​តានតឹង​ឡើង ដោយ​សារ​ចៅ​ក្រម​បាន​ព្យាយាម​សួរ​សំណួរ​ដែល​ភ្ជាប់​ទៅ​អង្គហេតុ​ថ្មី ក្រៅ​ពី​ផែន​ការ​វិល​ចូល​ស្រុក​​របស់​លោក​ សម រង្ស៊ី ​តែ​កញ្ញា​ សេង ធារី​ បាន​ទាមទារ​ឲ្យ​តុលាការ​បង្ហាញ​ឯកសារ​​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​ថ្មី​​​ទាំង​អស់​​នោះ​សិន ទើប​កញ្ញា​ ព្រម​ឆ្លើយ​សំណួរ​បន្ត។

នៅ​​ចុងបញ្ចប់នៃ​សវនាការ​លោកចៅក្រម រស់​ ពិសិដ្ឋ បាន​សម្រេច​លើក​ពេល​សវនាការ​កញ្ញា សេង ធារី បន្ត​ទៅ​​​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ និង​បាន​បង្ខំ​ឲ្យ​កញ្ញា សេង ធារី រក​មេធាវី​តំណាង ឬ​ត្រូវ​ទទួល​យក​មេធាវី​តាម​ការ​ចាត់តាំង​ ទើប​អាច​ទទួល​បាន​ឯកសារ​ទាំង​នោះ ​តាម​រយៈ​មេធាវី​​ដូច​ច្បាប់​​បាន​តម្រូវ​​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ។ កញ្ញា សេង ធារី​ បដិសេធ​មេធាវី​​ចាត់​តាំង​ទាំង​អស់​ ហើយ​កញ្ញា នឹង​រក​មេធាវី​ដោយ​ខ្លួន​ឯង។

ក្រោយ​បញ្ចប់​សវនាការកញ្ញា សេង ធារី បាន​ដើរ​មក​ជួប​ជុំ​អ្នក​គាំទ្រ​ និង​ផ្ដល់​បទ​សម្ភាសន៍​នៅ​មុខ​តុលាការ​ថា ​​​​សវនាការ​នៅ​តែ​បន្ត​ក្នុង​ទម្រង់​ឆាក​​​ល្ខោន​នយោបាយ​​​ដដែល​។ តែ​យ៉ាង​ណា កញ្ញា​​តាំង​ចិត្ត​​ថា​ នឹង​ចូលរួម​រាល់​សវនាការ​​នេះ​ ព្រោះ​​​កញ្ញា​យល់​ថា​ វា​ជា​ឱកាស​ល្អ សម្រាប់​កញ្ញា​អាច​ធ្វើ​ការងារ​មួយ​ដែល​ពេញ​ចិត្ត​យូរ​មក​ហើយ នោះ​គឺ​ការ​តស៊ូ​មតិ និង​ការ​​ពន្យល់​អំពី​សិទ្ធិ​មនុស្ស សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ប្រាប់​ទៅ​មន្ត្រី​តុលាការ៖ «អំពី​លោក សម រង្ស៊ី ខ្ញុំ​អត់​ដែល​លាក់​លៀម​សោះ​ នៅ​ក្នុង​ការ​គាំទ្រ​គាត់​ពេញ​ទំហឹង មិន​មែន​ជា​បុគ្គល​​ទេ។ ប៉ុន្តែ​គាត់​ជានិមិត្ត​រូប​នៃ​គោលការណ៍​សំខាន់ៗ ​ស្រប​នឹង​បំណង​ប្រាថ្នា​របស់​ខ្ញុំ។ គេ​​(ចៅក្រម)ចេះ​តែ​​ចង់​បញ្ចូល​​អង្គ​ហេតុ​ថ្មីៗ។ ខ្ញុំ​ថា ខ្ញុំ​អត់​អាច​ឆ្លើយ​តប​ភ្លាមៗ​នូវ​អ្វី​ដែល​កំពុង​ជះ​មក​លើ​​ខ្ញុំ​ភ្លាមៗ​ទេ។ ខ្ញុំ​ត្រូវ​ការ​ពេល​វេលា។ ដល់​អ៊ីចឹង! ចេះ​ទៅ​ (ឆ្លើយឆ្លង)​ទៅ​វិញ​ទៅ​មក។ គាត់​(ចៅក្រម​) ​ឆ្វេចឆ្វាច​មែនទែន។ ម្ដង​គាត់​និយាយ​អ៊ីចេះ ម្ដង​គាត់​និយាយ​អ៊ីចុះ»។

កញ្ញា សេង ធារី និង​ក្រុម​ស្ត្រី​តវ៉ា​រៀងរាល់​ថ្ងៃ​សុក្រ​ជាង​១០​នាក់ បាននាំ​គ្នា​ស្លៀក​សំលៀក​បំពាក់​បែប​បុរស​បរទេស​ទាំង​អស់​គ្នា​​ ក្រោយ​ពេល​កញ្ញា​ធ្លាប់​ត្រូវ​​​តុលាការ​បដិសេធ​​ឲ្យ​​ចូល​បន្ទប់​សវនាការ​កាល​ពី​ខែ​វិច្ឆិកា ដោយសារ​កញ្ញា​ស្លៀក​សំលៀក​បំពាក់​បែប​សិល្បះ​​ខ្មែរ​ក្នុង​ទម្រង់​ជា​អប្សរា​។ កញ្ញាបញ្ជាក់​​​ជា​ថ្មី​ថា ការ​ស្លៀក​សំលៀក​បំពាក់​​​ទាំង​នេះ ជា​ការ​សម្ដែង​​ល្ខោន​​​​ តាម​តុលាការ​ដែល​បាន​អនុវត្ត​មក​លើ​កញ្ញា។​​​​

ចំណែក​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​៣នាក់​ គឺ​លោក ហេង ច័ន្ទ​សុទ្ធី លោក កាក់ កុម្ភារ និង​លោក ទុំ​ ប៊ុនថន ក៏​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បន្ត​ដឹក​មក​ចូលរួម​សវនាការ​ដែរ​ តែ​ចៅក្រម​​មិន​​បាន​សួរ និង​​មិន​អនុញ្ញាតិ​ឲ្យ​ពួកគាត់​និយាយ​ទេ។ នៅ​សប្ដាហ៍​នេះ​ ពួក​គាត់​មិន​បាន​បង្ហាញ​ការ​តវ៉ា​ចំពោះ​បម្រាម​នេះ​ទេ។​

ប្រពន្ធ​របស់លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា មិន​ពេញ​ចិត្ត​នឹង​ការ​បន្ត​ឃុំ​ខ្លួន​ប្ដី​របស់​លោកស្រី និង​អ្នក​នយោបាយ​ទាំង​អស់​រង់ចាំ​សវនាការ​បែប​នេះ​ទេ​។ លោក​ស្រីនៅ​តែ​ចាត់​ទុក​ថា ​ការ​ចាប់​ឃុំ​ខ្លួន​ប្ដី​ គឺជា​រឿង​អយុត្តិធម៌ និង​​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​នយោបាយ​​ទាំង​អស់​វិញ។​

សវនាការ​នេះ ក៏​មាន​ការ​ចូលរួម​​ឃ្លាំមើល​ពី​តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា តំណាង​ស្ថានទូត​​នានា​ និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​។ រី​ឯ​ក្រុម​ស្ត្រី​​ថ្ងៃ​សុក្រ​ និង​​សកម្មជន​សង្រ្គោះ​ជាតិ ដែល​គាំទ្រ​នៅ​ខាង​ក្រៅ​តុលាការ​វិញ នាំ​គ្នា​​ពាក់​អាវ​ស ​ចង​ក្រវ៉ាត់​ក​ពណ៏​ខ្មៅ ​ដើម្បី​​បង្ហាញ​​ថា​​ សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​គឺ​ស្អាតស្អំ ​រង​ភាព​អយុត្តិធម៏ ​ដោយ​សារ​​ប្រព័ន្ធ​តុលាការ​កាត់​ក្ដី​​ ជា​ការ​សម្ដែង​​ ​ល្ខោន​​។

អាជ្ញាធរ​ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ដូច​សវនាការ​មុនៗ​ដែរ​ ​តែ​​​​នគរបាល និង​ក្រុម​សន្តិសុខ​ខណ្ឌ​៧​មករា មិន​បាន​​ប្រើ​ហិង្សា បើក​ការ​​វាយ​បង្ក្រាប ឬ​ រុញ​ច្រាន​​​​ក្រុម​ស្ត្រី​ថ្ងៃ​​សុក្រ ​ដូច​ពេល​មុនៗ​នោះ​ទេ។

ជុំវិញ​សវនាការ​នេះ​ដែរ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញលោក អ៊ី រិន្ទ បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូនេះ។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុកលោក ស៊ឹង សែន​ករុណា ​សង្កេត​ឃើញ​ថា ​សវនាការ​មាន​ការ​សួរ​ដេញដោល​គ្នា​​បាន​ល្អ ដោយ​សារ​កញ្ញា សេង ធារី ជា​អ្នក​ជំនាញ​ច្បាប់​​​ស្រាប់​។ ទោះ​យ៉ាង​ណា សម្រាប់​ក្រុម​សង្គម​ស៊ីវិល​ សំណុំរឿង​នេះ​​នឹង​មិន​អាច​រក​​យុត្តិធម៌ ​តាម​ផ្លូវ​តុលាការ​បាន​ទេ ព្រោះ​ជា​សំណុំ​រឿង​នយោបាយ។

លោក ស៊ឹង សែន​ករុណា ព្រួយ​បារម្ភ​ថា ប្រសិន​បើ​តុលាការ​​នៅ​តែ​ជម្នះ​បន្ត​​ការ​រៀបចំ​សវនាការ​ទាំង​ភាព​ចម្រូង​ចម្រាស់​បែប​នេះ​ទៀត ​កិត្យានុភាព​របស់​​ប្រព័ន្ធ​​តុលាការ ​នឹង​​កាន់​តែ​​ធ្លាក់​ចុះ ហើយ​រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ថែម​ទៀត។ លោកលើក​ទឹក​ចិត្ត​ឲ្យ​​​មាន​ការ​ដោះស្រាយ​វិវាទ​នេះ តាម​ផ្លូវ​នយោបាយ​វិញ៖ «អង្គការ​សង្គម​ស៊ីវិលយើង​យល់​ថា សំណុំ​រឿង​ហ្នឹង​អាច​បញ្ចប់​ទៅ​បាន​លុះត្រា​តែ​​​ស្ថានភាព​អ្នក​នយោបាយ​ហ្នឹង​ វិល​មក​ភាព​ល្អប្រសើរ​​ ដែល​អាច​គួរ​ជា​ទី​ទុក​ចិត្ត​បាន​​ ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ ហើយ​ចំណុច​ទាំង​អស់​ហ្នឹង នឹង​អាច​មាន​ភាព​បញ្ចប់ ហើយ​សំណុំ​រឿង​ហ្នឹង​ ហ្នឹង​ត្រូវ​ទុក​ចោល​ដូច​សំណុំ​រឿង​នយោបាយ​មុនៗ​ ដែល​យើង​បាន​កត់​សម្គាល់​»។

​​​​​​​​​​​​តុលាការ​ក្រុង​ភ្នំពេញ​​ បាន​បំបែក​សវនាការ​​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម និង​រួម​គំនិត​ក្បត់ លើ​សកម្មជន​​ចំនួន​ ៤២​នាក់ ​​ជា​៧​សវនាការ។ សំណុំ​រឿង​នេះ ​តុលាការ​​ចោទ​​ពួកគេ​​​ ថា​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​គម្រោង​មាតុ​ភូមិ​និវត្តន៍ ៩ វិច្ឆិកា ឆ្នាំ​២០១៩ របស់​លោក សម រង្ស៊ី។ ប៉ុន្តែ​​តុលាការ និង​រដ្ឋាភិបាល ​នៅ​តែ​បន្ត​បិទ​ផ្លូវ​លោក សម រង្ស៊ី និង​ក្រុម​មេដឹក​នាំ​​​គណបក្ស​សង្គ្រោះ​ជាតិ​​​មិន​​ឲ្យ​​​មក​​បំភ្លឺ​​​ក្នុង​តុលាការ​។ ​តុលា​ការ​​គ្រោង​បើក​សវនាការ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​​​ជាបន្ត​បន្ទាប់​ទៀត រហូត​ដល់​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០២២​៕


2 comments:

Anonymous said...

SEng Theary,
You are our Khmer hero.

Anonymous said...

When the devil ignorant Hun Sen who got the power by promising and guaranteeing to the evil Yuon Vietnam that he will be given in to all Vietnam's demands at all cost - killing Khmer people, destroying Cambodia - in exchange for his lifetime staying in power.
Now he needs to keep his promise to his master Yuon by forcefully transferring his power to his son of a bitch Le Duc Thong aka Hun Baillonette.

And Cambodia will be fully "Yuonnizided" under Ah Hun Manet.