Thursday, 23 December 2021

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជួប​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី ជជែក​រឿង​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ


ដោយ ខែ សុណង
2021-12-21

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជួប​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី ជជែក​រឿង​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ
 

(ស្ដាំទីពីរ) លោក ម៉ន ផល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ ជួប​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) មេដឹក​នាំ​គណបក្សប្រឆាំង​ដ៏ល្បី​របស់​ប្រទេស​​ម៉ាឡេស៊ី និង​​​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ប្រទេស​នេះ​ លោក មហាម៉ាត អាហ្ស្មី (Mohamad Abdul Hamid) (កណ្ដាល) នៅ​​​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
រូប៖ គេផ្ដល់ឱ្យ


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ជួប​ពិភាក្សា​ជា​មួយ​ជួប​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​យល់​ថា សកម្ម​ភាព​នេះ នឹង​មិន​បាន​ផល​អ្វី​នោះ​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​​ជួប​​ពិភាក្សា​​​ជា​​មួយ​​​​មេដឹក​នាំ​គណបក្សប្រឆាំង​ដ៏ល្បី​របស់​ប្រទេស​​ម៉ាឡេស៊ី គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)  និង​​​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ប្រទេស​នេះ​លោក មហាម៉ាត អាហ្ស្មី (Mohamad Abdul Hamid) នៅ​​​ថ្ងៃទី ២១ ខែធ្នូ។ ពួកគេ​​បាន​​​ស្នើ​ដល់​តំណាងរាស្រ្ត​ម៉ាឡេ​ស៊ី​​ជួយជំរុញ​​ឱ្យ​​រដ្ឋា​​ភិបាល​​លោក ហ៊ុន សែន ​​​ឱ្យ​ងាក​មក​គោរព​សិទ្ធិ​​មនុស្ស និង​​ស្តារ​​ប្រជា​ធិប​​តេយ្យ​​ឡើង​​វិញ។


ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ថ្លែង​​​​​​ប្រាប់​​​​​​វិទ្យុ​​​​​​អាស៊ី​​​​សេរី​ក្រោយ​ជំនួប​នោះ​ថា ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​លើក​ឡើង​​អំពី​​ស្ថានភាព​​នយោ​បាយ​នៅ​កម្ពុជា ដូច​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ គំរាម​កំហែង និង​រំលោភ​​សិទ្ធិ​​​មនុស្ស​ធ្ងន់ធ្ងរ​លើ​អ្នក​ប្រជា​ធិបតេយ្យ​ដែលមាន​និន្នា​ការ​ផ្ទុយ​ពី​រដ្ឋា​ភិបាល។ លោក​ថា រូបភាព​អាក្រក់​ពី​សំណាក់​រដ្ឋា​ភិបាលកម្ពុជា​ជា​បន្តបន្ទាប់​មក​នេះ​បាន​ប៉ះពាល់​ដល់​មុខ​មាត់​របស់​សហគមន​អាស៊ាន ដោយ​សារ​លោក ហ៊ុន សែន កំពុង​គាំទ្រ​មេដឹង​នាំ​យោធា​នៅ​ភូមា(Burma)។ លោក​​ក៏​​បាន​​ស្នើ​​សុំ​​ឱ្យ​​តំណាងរាស្រ្ត​ប្រទេស​មួយ​នេះ​​អន្តរា​​គមន៍​ទៅ​​រដ្ឋា​​ភិបាល​កម្ពុជា​​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ ដោយ​បើក​ផ្លូវ​ឱ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​ខាង​មុខ​ដោយ​សេរី ត្រឹម​ត្រូវ​និង​យុត្តិធម៌។ ជា​មួយ​គ្នា​នេះ លោក​បាន​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ម៉ាឡេ​ស៊ី​ជួយ​យក​ចិត្ត​ទុក​ដាក់​ដល់ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ៖ «ខ្ញុំ​មាន​មោទកភាព​នឹង​ជំនឿ​ថា​ក្រោយ​ពី​ខ្ញុំ​បាន​ដាក់​សំណើ​នេះ​ទៅ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ជា​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី លោក​បាន​ទទួល​សំណើ​ផ្លូវ​ការ​របស់​ខ្ញុំ ហើយ​គាត់​នឹង​មាន​ទំនាក់​ទំនង និង​វិធាន​ការ​តាម​សមាជិក​សភា​គេ​នឹង​ធ្វើ​ការ​ពេល​ខាង​មុខ»។

លោក ម៉ន ផល្លា បញ្ជាក់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​តាម​ដាន​ពី​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​រហូត​មក ព្រម​ទាំង​ទទួល​យក​សំណើ​របស់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋសភា​និង​រដ្ឋាភិបាល​ម៉ាឡេស៊ី​តាម​រយៈ​ក្រសួង​ការ​បរទេស។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សុំ​អត្ថាធិប្បាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែធ្នូ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​​ថា​រដ្ឋា​ភិបាល​កម្ពុជា​ពុំ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​ដូច​ការលើក​របស់​មន្រ្តី​បក្ស​ប្រឆាំង​នោះ​ទេ។ លោក​យល់​ថា​សកម្មភាព​​មន្រ្តី​បក្សសង្គ្រោះ​ជាតិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ​ប្រទេស​ម៉ាសឡេស៊ី​​មិន​​បាន​លទ្ធ​ផល​​អ្វី​នោះ​ដែរ ព្រោះ​ធម្មនុញ្ញ​អាស៊ាន​មិន​បាន​អនុញ្ញាត​ឱ្យ​លូក​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក​ទាក់​ទង​រឿង​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ៖ «នៅ​កម្ពុជា​កំពុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​តាម​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​អត់​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ដែរ ហើយ​ការ​ប្រជុំ​អាស៊ាន​នេះ​អត់​មាន​លើក​យក​បញ្ហា​ប្រទេស​ណា​មក​អនុវត្ត​ទេ ជា​ពិសេស​ថា​តើ​យក​បញ្ហា​សិទ្ធិ​មនុស្ស ឬ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​អត់​មាន​ហើយ»។

រដ្ឋា​ភិបាល​ឯកបក្ស​លោក ហ៊ុន សែន បាន​​រំលាយ​​គណបក្ស​​សង្គ្រោះជាតិ​ដែល​​មាន​​អ្នក​គាំទ្រ​​ជិត​​ពាក់​កណ្តាល​​ប្រទេស កាល​​ពី​​ចុង​ឆ្នាំ​២០១៧ រួច​​រៀប​​ចំ​ការ​បោះឆ្នោត​​ដោយ​​ប្រមូល​យក​​​អាសនៈ​សភា​ទាំង​ស្រុង​​មក​​កាន់​​កាប់​​តែ​ម្នាក់​ឯង។ រដ្ឋា​ភិបាល​​​បាន​​បំបិទ​សិទ្ធិ​​ថ្នាក់​ដឹក​នាំ​​គណបក្ស​​ប្រឆាំង​​ចំនួន​​១១៨ នាក់ មិន​​ឱ្យ​​ធ្វើ​​នយោ​បាយរយៈ​ពេល​៥ ឆ្នាំ និង​​ដក​​ហូត​​យក​​អាសនៈ​ពី​​ថ្នាក់​​មូល​ដ្ឋាន​រហូត​​ដល់​​ថ្នាក់​​ជាតិ​​របស់​​បក្ស​​សង្គ្រោះ​ជាតិ​​ទៅ​​ចែក​​គ្នា​​កាន់​​កាប់។ មក​ដល់​ពេល​​នេះ ថ្នាក់​ដឹក​នាំ និង​​សកម្មជន​បក្ស​ប្រឆាំង​​​ជា​ច្រើន​រូប​កំពុង​​ជាប់​​បណ្តឹងនៅ​​តុលាការ ក្រោម​​បទ​ចោទ ញុះ​ញង់ និង​​រួម​​គំនិត​ក្បត់ ក្នុង​​នោះ​​មួយ​​ចំនួន​កំពុង​​ជាប់​​ឃុំ​​ក្នុង​​ពន្ធនាគារ និង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ អាជ្ញាធរ​​មិន​​មែន​ធ្វើ​ទុក​បុក​ម្នេញ​លើ​​សកម្មជន​​គណបក្ស​​សង្គ្រោះជាតិ​តែ​ក្នុង​ប្រទេស​​នោះ​ទេ ​សកម្ម​ជន​បក្ស​នេះ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​​ក៏​អាជ្ញាធរ​បាន​តាមចាប់​ខ្លួន​​បញ្ជូន​ទៅ​កម្ពុជា​វិញ​ដែរ។

បច្ចុប្បន្ន​​នេះ សកម្ម​ជន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដែល​​កំពុង​​ភៀស​​ខ្លួន​​ក្នុង​ប្រទេស​​ថៃ ម៉ាឡេស៊ី និង​ហ្វីលីពីន​​ជាង​១០០​នាក់ ដោយ​​ពួក​គាត់​​ភាគ​ច្រើន​ត្រូវ​​បាន​​ចោទ​​ប្រកាន់​​ក្នុង​​សំណុំ​​រឿង​​ដំណើរ​​មាតុភូមិ​​និវត្តន៍​​របស់​​លោក សម រង្ស៊ី កាល​​ពី​​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ២០១៩។

ជុំវិញ​រឿង​នេះ អគ្គ​លេខា​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន​ ពន្លក យល់​ថា​សកម្មភាព​តស៊ូមតិ​​តាម​បណ្តា​​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អាច​មានប្រសិទ្ធភាព និង​ជះឥទ្ធិល​ដល់​មុខ​មាត់​រដ្ឋា​ភិបាល​លើ​​ឆាក​អន្តរ​ជាតិ ហើយលើស​ពី​នេះ​ពួក​នឹង​ទទួល​​បាន​បទពិសោធន៍​តស៊ូ​ផ្នែក​នយោ​បាយ និង​លទ្ធិប្រជា​ធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត។ លោក​ជឿ​​ជាក់​​ថា ក្រោយ​ទទួលជំនួប​ជាមួយ​អ្នក​ប្រជាធិប​តេយ្យ ឬ​តំណាង​រាស្រ្ត​ម៉ាឡេស៊ី​រួច​នោះ ប្រទេសដែល​គោរព​លទ្ធិប្រជា​ធិបតេយ្យ​មួយ​នេះ​​អាច​នឹង​រក​មធ្យោ​បាយ​ជួយ​អន្តរា​គមន៍​ក្រោម​រូប​ភាព​ផ្សេងៗ ដើម្បី​​ជំរុញ​​ឱ្យ​​រដ្ឋា​ភិបាល​​កម្ពុជា​​បើក​​លំហ​ការ​​គោរព​សិទ្ធិ​​មនុស្ស​​និង​​​ប្រជា​​ធិប​តេយ្យ​​ឡើង​​វិញ៖ «ទាំង​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​អាស៊ាន​ដែល​ប្រកាន់​របបប្រជា​ធិបតេយ្យ​ហ្នឹង គេ​នៅ​តែ​ទទួល​ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​ជាង​គេ ប្រជាប្រិយ​ភាព​ជាងគេ​ជា​ពិសេស​បក្ស​សំបូរ​ទៅ​ដោយអ្នក​ប្រជា​ធិបតេយ្យ ហើយ​បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាចឈឺ​ក្បាល​កំពុង​ព្រួយ​បារម្ភ​ថា​ស្ថានការណ៍​ខាង​មុខ​នឹង​អាច​ប៉ះ​ពាល់​ទៅ​ដល់ការ​កាន់​អំណាច»។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​ដឹង​ទៀត​ថា​ក្រោយ​ជួប​ពិភាក្សា​ជា​មួយ​មេដឹកនាំ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​នៅ​ម៉ាឡេ​ស៊ី​ហើយ ពួក​គេ​ក៏គ្រោង​ជួប​មន្រ្តី​រដ្ឋា​ភិបាល សមាជិក​សភា និង​គណបក្ស​ផ្សេង​ទៀត​ផង​ដែរ។

សហគមន៍​ជាតិ និង​អន្តរជាតិ និង​​​គណបក្ស​​សង្គ្រោះ​ជាតិ​​ទទូច​​ដល់​​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​​បញ្ឈប់​​ការ​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​​តទៅ​ទៀត ហើយ​រដ្ឋាភិបាល​ ត្រូវ​តែ​បើក​លំហ​នយោបាយ​​ ដើម្បី​​ឱ្យ​ប្រជា​​ពលរដ្ឋ​​អាច​ជ្រើស​​រើស​​គណបក្ស​នយោបាយ​​​ដែល​​ពួក​គាត់​ពេញចិត្ត ស្រប​តាម​​គោលការណ៍​​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ចៀស​ផុត​​ពី​​សម្ពាធ ឬ​​ទណ្ឌកម្ម​​នានា​​របស់​​អន្តរជាតិ៕

No comments: