Thursday, 30 December 2021

តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម បដិសេធ​សំណើ​សុំ​កាត់​ទោស​លោក យឹម ទិត្យ


ដោយ ម៉ៅ សុធានី
2021-12-29
តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម បដិសេធ​សំណើ​សុំ​កាត់​ទោស​លោក យឹម ទិត្យ

(ឆ្វេង) លោក យឹម ទិត្យ អតី​លេខាតំបន់ ១៣ (ខេត្តតាកែវ) ភូមិភាគនិរតី ដែល​មាន​ទីតាំងសម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ ឈ្មោះ គុកតក្រាំងតាចាន់ នៅក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ។ (ស្ដាំ) សាលសវនាការ​របស់សាក្ដីខ្មែរក្រហម (អ.វ.ត.ក)
រូប៖ សាលាក្ដី​ខ្មែរក្រហម (ECCC)

 

អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម បាន​បដិសេធ​សំណើ​សុំ​កាត់​ទោស​លោក យឹម ទិត្យ។ ស្ថាប័ន​តុលាការ​កំពូល​នេះ លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូថា ខ្លួន​សម្រេច​ជា​ឯកច្ឆន្ទ ​បដិសេធ​សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ដែល​សុំ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ។

សេចក្តីសម្រេចនេះ ធ្វើ​ឡើង​តប​ទៅ​នឹង​បណ្ដឹង​សាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ដែល​ថា សំណុំរឿង ០០៤ គួរ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ ដោយ​កត់​សម្គាល់​ថា សហ​ចៅក្រម​ស៊ើបអង្កេត និង​អង្គ​បុរេ​ជំនុំជម្រះ មិន​បាន​ចេញ​ដីកា​បញ្ជូន​រឿង​លោក យឹម ទិត្យ ទៅ​ជំនុំជម្រះ ដោយ​អនុលោម​តាម​វិធាន​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរក្រហម។


ប៉ុន្តែ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​លើក​ឡើង​ថា សំណុំរឿង​លោក យឹម ទិត្យ នេះ ត្រូវ​បាន​បញ្ចប់​ដោយ​គ្មាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ស្ថាពរ។

ករណី​លោក យឹម ទិត្យនេះ ក៏​មិន​ខុស​គ្នា​ពី​ករណី​របស់​លោក មាស មុត អតីត​មេបញ្ជាការ​យោធា​ខ្មែរក្រហម​ម្នាក់​ទៀត​ឡើយ។ ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបអង្កេត​ជាតិ ខ្វែង​យោបល់​គ្នា​ជាមួយ​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ គ្រប់​ដំណាក់​កាល។ ខាង​ភាគី​ជាតិ​ថា សាលាក្ដី​គ្មាន​យុត្តាធិការ ឬ​ដែន​សមត្ថកិច្ច​ក្នុង​ការ​ជំនុំជម្រះ​ក្ដី​លោក យឹម ទិត្យ នោះ​ទេ ព្រោះ​គាត់​មិនមែន​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់ ឬ​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត នៃ​របប​ខ្មែរក្រហម។ ប៉ុន្តែ ខាង​ភាគ​អន្តរជាតិ ប្រកាន់​ជំហរ​ថា មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​អាច​បញ្ជាក់​បាន​ថា លោក យឹម ទិត្យ ពិត​ជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្ដន្ទាទោស។

ដោយសារ​មូលហេតុ​នេះ​ឯង ទើប​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​អន្តរជាតិ មិន​មូល​មាត់​គ្នា ហើយ​នាំ​គ្នា​ចេញ​ដីកា​មួយ​ម្នាក់ ទោះ​ស្ថិត​ក្នុង​ស្ថាប័ន​ស៊ើបអង្កេត​តែ​មួយ។ ខាង​ភាគី​ជាតិ ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ ស្រប​ពេល​ដែល​ខាង​ភាគី​អន្តរជាតិ ឲ្យ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។ ចៅក្រម​អង្គ​បុរេ​ជំនុំជម្រះ ក៏​ខ្វែង​យោបល់​គ្នា​ទៀត។ ពួកគាត់​ចេញ​សេចក្ដី​សម្រេច​មួយ ដែល​ធ្វើ​ឲ្យ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ មិនអស់ចិត្ត ទើប​ប្ដឹង​សាទុក្ខ។

ប៉ុន្តែ សេចក្តី​សម្រេច​របស់​តុលាការ​កំពូល គឺ​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ បិទ​ផ្លូវ​តវ៉ា៕

No comments: