ដោយ សុជីវី
2021-12-22
លោក ទុំ ប៊ុនថន ជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការចែករំលែកសាររបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលអំពាវនាវដល់ពលរដ្ឋផ្អាកឱ្យសងបំណុលធនាគាររហូតដល់ស្ថានការណ៍ជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកការពារសិទ្ធិសិទ្ធិមនុស្សសោកស្ដាយចំពោះសាលាឧទ្ធរណ៍ភ្នំពេញដែលបានសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ លោក ទុំ ប៊ុនថន ក្នុងបទចោទញុះញង់។ សកម្មជនគណបក្សប្រឆាំងរូបនេះត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ដែលសុទ្ធសឹងតែជាសំណុំរឿងមានចរិតនយោបាយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញថា ជារឿងអយុត្តិធម៌សម្រាប់លោក ទុំ ប៊ុនថន និងជាការគំរាមកំហែងលើសកម្មជនដទៃទៀត។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី (Malaysia) លោក ម៉ន ផល្លា មានប្រសាសន៍ថា លោក ទុំ ប៊ុនថន មិនបានប្រព្រឹត្តអំពើខុសច្បាប់អ្វីឡើយ ហើយសកម្មភាពរបស់គាត់កន្លងមក ជាការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់។ លោកចាត់ទុកការចាប់ឃុំខ្លួន និងការដាក់ទោសសហការីរបស់លោករូបនេះថា ជាការសងសឹកផ្នែកនយោបាយ និងជាការបំភិតបំភ័យលើសកម្មជនគណបក្សប្រឆាំងនៅមុនការបោះឆ្នោតមកដល់៖ «ចំណាត់ការរបស់អាជ្ញាធរ និងតុលាការរបបក្រុងភ្នំពេញលើលោក ទុំ ប៊ុនថន និងសកម្មជនផ្សេងទៀតនេះ គឺជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ វាមិនមែនជារឿងច្បាប់ ឬរឿងញុះញង់អ្វីនោះទេ។ ហេតុដូច្នេះហើយរបបក្រុងភ្នំពេញតែងតែយកច្បាប់ និងតុលាការនេះយកមកបំភិតបំភ័យមកលើសកម្មជនគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋដែលហ៊ានសម្ដែងមតិ»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកានៅថ្ងៃទី ២២ ធ្នូ ដោយសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសកំបាំងមុខ លោក ទុំ ប៊ុនថន ចេញដោយតុលាការក្រុងភ្នំពេញ ទុកជាបានការដដែល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក សំ សុគង់ មេធាវីការពារក្ដី និងលោកស្រី សៀង ឡេង ប្រពន្ធរបស់លោក ទុំ ប៊ុនថន ដើម្បីសាកសួរ និងសុំប្រតិកម្មតបទៅនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងសំណុំរឿងនេះបានទេ នៅថ្ងៃទី២២ ខែធ្នូ។
កាលពីចុងឆ្នាំ២០២០ តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសកំបាំងមុខលោក ទុំ ប៊ុនថន ដាក់ពន្ធនាគារចំនួន ១ឆ្នាំ ៨ខែ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការចែករំលែកសាររបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលអំពាវនាវឱ្យពលរដ្ឋផ្អាកសងបំណុលធនាគាររហូតដល់ស្ថានការណ៍ជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។ ក្រៅពីលោក ទុំ ប៊ុនថន តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសមនុស្ស ៤នាក់ផ្សេងទៀត ក្នុងនោះរួមទាំងលោក សម រង្ស៊ី ផង ដាក់ពន្ធនាគារពី ១៨ខែ ដល់ ២ឆ្នាំ ក្នុងសំណុំរឿងជាមួយគ្នានេះ។ ការផ្ដន្ទាទោសកំបាំងមុខរបស់តុលាការនេះ គឺក្នុងពេលដែលលោកកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ លោកបន្តថា សំណុំរឿងប្រឆាំងនឹងលោក ទុំ ប៊ុនថន និងសកម្មជនដទៃទៀតនៃគណបក្សសង្គ្រោះជាតិ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយ ដូច្នេះពួកគេមិនងាយរួចផុតពីការចោទប្រកាន់ ឬទទួលបានការដោះលែងពីសំណាក់តុលាការនោះឡើយ៖ «យើងមើលបទពិសោធន៍កន្លងមក រឿងដែលគេថាវាជាប់ពាក់ព័ន្ធនឹងរឿងនយោបាយហ្នឹង នៅពេលដែលមានដំណោះស្រាយនយោបាយ ហើយបរិយាកាសនយោបាយធូរស្រាល អ៊ីចឹងអ្នកដែលជាប់ឃុំហ្នឹង (តុលាការ) អាចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ឬក៏កាត់តម្រឹមជាដើម»។
លោក ទុំ ប៊ុនថន គឺជាសមាជិកក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ។ លោកជាសកម្មជននយោបាយលេចធ្លោមួយរូប ដែលតែងតែចេញមុខរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ឥតសំចៃមាត់ ជាពិសេស លោកបាននិពន្ធ និងច្រៀងចម្រៀងជាច្រើនបទទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អំឡុងពេលលោកភៀសខ្លួននៅប្រទេសថៃ។
អាជ្ញាធរបានចាប់ឃុំខ្លួនលោកកាលពីចុងខែកញ្ញាកន្លងទៅនេះ ក្រោយពីលោកបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីរស់នៅជួបជុំគ្នាជាមួយគ្រួសារវិញបានរយៈពេលជាងមួយខែ។
ក្រៅពីត្រូវបានផ្ដន្ទាទោសក្នុងសំណុំរឿងញុះញង់នេះហើយ លោក ទុំ ប៊ុនថន កំពុងរងបណ្ដឹងមួយទៀតនៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ តុលាការបានចោទប្រកាន់លោកពីបទ «រួមគំនិតក្បត់» និង «ញុះញង់» ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ។ លោក ទុំ ប៊ុនថន ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសំណុំរឿងមួយទៀតនេះ។
ទាក់ទងនឹងក្ដីក្ដាំប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិនេះដែរ តុលាការក្រុងភ្នំពេញបានសម្រេចលើកពេលសវនាការសំណុំរឿង លោក វឿន វាសនា ហៅគ្រញូងព្រៃឡង់ និងលោក វឿង សំណាង ដែលគ្រោងធ្វើនៅថ្ងៃទី ២២ ខែធ្នូ ទៅថ្ងៃក្រោយវិញដោយមិនកំណត់ពេលជាក់លាក់។ សកម្មជនបក្សប្រឆាំងទាំងពីររូប គឺជាជនភៀសខ្លួននយោបាយដែលទទួលស្គាល់ដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ។ ប៉ុន្តែពួកលោកទាំងពីរត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនឱ្យអាជ្ញាធរកម្ពុជាកាលពីដើមខែវិច្ឆិកា ហើយពេលនេះកំពុងជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃស ក្រោមបទចោទ «រួមគំនិតក្បត់» និង «ញុះញង់»។
ជុំវិញការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំងនារយៈពេលចុងក្រោយនេះ ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញសេចក្ដីថ្លែងការណ៍អំពាវនាវដល់អាជ្ញាធរថៃ ឱ្យបញ្ឈប់ការចាប់បញ្ជូនជនភៀសខ្លួនទៅប្រទេសកំណើតដោយបង្ខំបែបនេះតទៅទៀត។ ស្ថាប័នកំពូលផ្នែកសិទ្ធិមនុស្សមួយនេះក៏បានទទូចផងដែរដល់អាជ្ញាធរកម្ពុជា ឱ្យទម្លាក់ចោលបទចោទប្រកាន់ដែលមានចរិតនយោបាយប្រឆាំងនឹងសកម្មជននយោបាយ ហើយដោះលែងពួកគេវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕
No comments:
Post a Comment