Thursday, 30 December 2021

សហភាព​សហជីព​កម្ពុជា អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​ជម្លោះ​នៅ​កាស៊ីណូ​ NagaWorld ឲ្យ​បាន​ឆាប់


ដោយ ទីន ហ្សាការីយ៉ា
2021-12-30
សហភាព​សហជីព​កម្ពុជា អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​ជម្លោះ​នៅ​កាស៊ីណូ​ NagaWorld ឲ្យ​បាន​ឆាប់ 

(ឆ្វេង) លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង (ស្ដាំ) បុគ្គលិក​​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ (NagaWorld) ដែល​កំពុង​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហភាព​សហជីព​កម្ពុជា​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពាវនាវ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​រវាង​កម្មករ និយោជិត និង​ថៅកែ​ក្រុមហ៊ុន ណាហ្គា​វើលលិ៍ (Naga World) ឲ្យ​បាន​ឆាប់ និង​តម្លាភាព។

សេចក្ដីថ្លែងការណ៍ ដែល​ចុះ​ហត្ថលេខា ដោយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៩ ធ្នូ លើក​ឡើង​ថា ក្រុមហ៊ុន​ណាហ្គាវើលដ៍ បញ្ឈប់​កម្មករ និង​យោជិត​ពី​ការងារ​ដោយ​បង្ខំ ទាំង​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្តិ​កំហុស​អ្វី​នោះ ជា​ទង្វើ​រំលោភ​ច្បាប់​យ៉ាង​កម្មករ ចំពោះ​កម្មករ និយោជិត។ សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា និយោជក​គេចវេះ​មិន​ចូល​តុ​ចរចា​កន្លង​មក​នេះ ជា​ការ​បង្ហាញ​អំពី​ភាព​មិន​ទទួល​ខុស​ត្រូវ និង​មិន​បាន​ឲ្យ​តម្លៃ​ដល់​ក្រសួង​ការងារ។


សហភាព​សហជីព​កម្ពុជា​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រសួង​ការងារ​ពន្លឿន​ការ​ដោះ​ស្រាយ​ជូន​កម្មករ​និយោជិត​ក្រុមហ៊ុន​បនល្បែង​នេះ ពីព្រោះ​ក្រុម​កម្មករ​បាន​ធ្វើ​កូដកម្ម​អូស​បន្លាយ​ចំនួន ១២ថ្ងៃ​មក​ហើយ នៅ​តែ​មិន​ទាន់​ដំណោះស្រាយ​នៅ​ឡើយ។

ក្រុម​កម្មករ​ណាហ្គាវើលដ៍​ជាង ១ពាន់​នាក់ បាន​បន្ត​ធ្វើ​កូដកម្ម​ទាម​ទារ​ដំណោះស្រាយ​ការងារ នៅ​ខាង​មុខ​អគារ​ទី១ និង​អគារ​ទី២ របស់​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ កាល​ពី​ថ្ងៃ​ទី២៩ ធ្នូ។

ការ​ធ្វើ​កូដកម្ម​រយៈ​ពេល ១២ថ្ងៃ​កន្លង​មក​នេះ ក្រុម​បុគ្គលិក​មួយ​ចំនួន​ក្នុង​ចំណោម​បុគ្គលិក​ជាង​៣​រយ​នាក់ ​នាំ​គ្នា​ឈរ​លើក​ឡើង​ពី​ទុក្ខ​លំបាក និង​បញ្ហា​ប្រឈម​នានា​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ប្រាប់​ដល់​ភាគី​ថៅកែ​ថា ការ​បញ្ឈប់​ពួកគាត់​ពី​ការងារ​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ​និង​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្ដី​ពី​ការងារ​នោះ​ទេ។

បុគ្គលិក​ធ្វើ​ផ្នែក​កាស៊ីណូ លោកស្រី សោម សូផា ថ្លែង​ថា​ ក្នុង​រយៈពេល​២៦​ឆ្នាំ​ លោកស្រី​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ទៀង​ទាត់​តាម​ពេល​វេលា​ជានិច្ច ​ពុំ​ដែល​ហ៊ាន​ឈប់​១​ថ្ងៃ​ណា​ឡើយ មិន​គួរ​ក្រុមហ៊ុន​បញ្ឈប់​លោកស្រី​ពី​ការងារ​ឡើយ។ លោកស្រី​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់​ចូល​ធ្វើ​ការ​ដូច​ធម្មតា​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​តំណាង​សហជីព​ខ្ញុំ​ដោះស្រាយ ដែល​ខ្ញុំ​មិន​មាន​កំហុស​អ្វី​ទាល់​តែ​សោះ។ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​ដល់​វ័យ​ចំណាស់​នេះ តើ​ខ្ញុំ​ទៅ​រក​ការងារ​ឯណា​បាន​ទៀត។ សូម្បី​តែ​បញ្ឈប់​ខ្ញុំ ក៏​គុណ​ឲ្យ​ខ្ញុំ​មិន​គ្រប់​ដែរ។ ខ្ញុំ​សួរ​បង​ប្អូន​ទាំង​អស់​គ្នា ២៦​ឆ្នាំ​ ខ្ញុំ​បាន​៤​ពាន់​ដុល្លារ​ជាង​។ តើ​ត្រឹមត្រូវ​ដែរ ឬ​អត់?»។

សហភាព​សហជីព​កម្ពុជា យល់​ឃើញ​ថា ក្រសួង​ការងារ មិន​ត្រូវ​រារែក​ចិត្ត និង​ត្រូវ​ធ្វើ​ការ​សម្រេច ដោយ​ភាព​ស្មោះត្រង់ ចំពោះ​ការ​ដោះ​ស្រាយ​ជូន​កម្មករ​និយោជិត ហើយ​ក៏​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ពេល​វេលា​អូស​បន្លាយ នំា​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ​ដែរ។ លើស​ពី​នេះ​ទៀត សេចក្ដី​ថ្លែងការណ៍​សង្កត់​ធ្ងន់​ថា ក្រសួង​មិន​ត្រូវ​ភ្ជាប់​កូដកម្ម​នេះ ទៅ​នឹង​ហេតុផល​ផ្សេង ហើយ​ត្រូវ​ផ្ដោត​លើ​ការ​រក​ដំណោះស្រាយ​ជូន​កម្មករ។

ក្រុម​កូដករ​បញ្ជាក់​ជំហរ​ថា ពួកគេ​នឹង​បន្ត​ធ្វើ​កូដ​កម្ម​ដោយ​សន្តិវិធី​នេះ​រហូត​ដល់​ក្រុមហ៊ុន​ព្រម​ទទួល​យក​បុគ្គលិក​និង​ថ្នាក់​ដឹកនាំ​សហជីព​ចូល​ធ្វើ​ការ​វិញ។

សហភាព​សហជីព​កម្ពុជា​សង្ឃឹម​ថា ក្រសួង​ការងារ ឬ​រដ្ឋាភិបាល​នឹង​ផ្ដល់​ដំណោះស្រាយ​ជូន​កម្មករ នយោជិត​របស់​ក្រុមហ៊ុន​បនល្បែង​ដ៏​ធំ​មួយ​នេះ ឱ្យ​បាន​ចូល​ធ្វើការ​វិញ នា​ពេល​ឆាប់ៗ នេះ៕

1 comment:

Anonymous said...

Thank You Mr Rong Chhun for your courage and your unrelenting efforts to help KHmer people.
Ah Kem Min Sok Kha is just so happy with the title CNRP's President and find time to fuck around. That's what Ah Kha has been doing after becoming CNRP's President.