ដោយ សេក បណ្ឌិត
2021-12-31
ទិដ្ឋភាពតវ៉ារបស់ក្រុមបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
Photo Provided
ក្រុមកម្មករនិយោជិតណាហ្គាវើលដ៍ (Naga World) ជាង១ពាន់នាក់ ប្រកាន់ជំហររួមគ្នា ធ្វើកូដកម្មដោយសន្តិវិធី នៅខាងមុខក្រុមហ៊ុន រហូតដល់ពេលយប់ឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២២ បើទោះបីជាពួកគេរងការព្រមាន និងចាត់វិធានការពីអាជ្ញាធររាជធានីភ្នំពេញក៏ដោយ។ អង្គការសង្គមស៊ីវិលយល់ថា នេះជាសញ្ញាមិនល្អទេ ព្រោះវាអាចនាំឲ្យមានការប្រឈមមុខដាក់គ្នារវាងកម្លាំងសមត្ថកិច្ច និងក្រុមកូដករ ហើយឈានដល់ការចាប់ខ្លួនមនុស្ស ក្រោយពីអាជ្ញាធរចាត់ទុកការតវ៉ានេះថា ជាសកម្មភាពខុសច្បាប់។
កម្មករនិយោជិតជាង ១ពាន់នាក់ នៅថ្ងៃទី៣១ ធ្នូ សម្រេចថា ពួកគេនៅជួបជុំគ្នា តវ៉ាដោយសន្តិវិធី នៅខាងមុខអគារទី១ និងទី២ នៃក្រុមហ៊ុនណាហ្គា វើលដ៍ ចាប់ពីម៉ោង២រសៀល រហូតដល់ពេលយប់ឆ្លងឆ្នាំថ្មី ឆ្នាំ២០២២ហើយ ទើបពួកបំបែកគ្នាទៅផ្ទះវិញ។
ស្របគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ពង្រាយកងកម្លាំងនគរបាលស្ត្រីបង្ក្រាបកូដករ និងកងសន្តិសុខរាប់រយនាក់ អមដោយរថយន្តសម្រាប់ឃុំខ្លួនរបស់អគ្គស្នងការនគរបាលជាតិ ដែលដាក់ប្រចាំការនៅក្បែរនោះ។
ការដាក់កងកម្លាំងទុកបង្ក្រាបក្រុមកូដករ នៅចំថ្ងៃឆ្លងឆ្នាំថ្មីនេះ ធ្វើឡើង១ថ្ងៃ បន្ទាប់ពីសាលារាជធានីភ្នំពេញចេញលិខិតព្រមានលើកទី២ ចំពោះថ្នាក់ដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ប្រាប់ឲ្យកម្មកររំសាយការការតវ៉ានេះជាបន្ទាន់ ដោយអាជ្ញាធរយល់ថា ជាទង្វើខុសច្បាប់ និងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ កញ្ញា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ ធ្នូ ថា ការសម្រេចធ្វើកូដកម្មរហូតដល់យប់ឆ្លងឆ្នាំនេះ គឺកើតចេញពីការបោះឆ្នោតសម្រេចដោយសំឡេងភាគច្រើនពីក្រុមកម្មករ ស្របតាមច្បាប់ស្ដីពីការងារ មិនមែនជាការបញ្ជាពីខាងថ្នាក់ដឹកនាំសហជីពទេ។
កញ្ញាបញ្ជាក់ថា ក្រុមកូដករធ្វើការតវ៉ាដោយសន្តិវិធី អស់រយៈពេល១៤ថ្ងៃមកនេះ គឺពួកគាត់ចង់ឲ្យខាងក្រុមហ៊ុនទទួលយកបុគ្គលិកជាង៣រយនាក់ចូលធ្វើវិញ ដោយគ្មានបំណងណាចង់ទៅប្រឈមមុខជាមួយអាជ្ញាធរទេ។ ប្រធានសហជីពរូបនេះ ស្នើសុំអាជ្ញាធរប្រកាន់ជំហរអព្យាក្រឹត្យ ក្នុងវិវាទការងាររវាងក្រុមហ៊ុននិងក្រុមកម្មករ ប្រសើរជាងចេញសារគំរាមកំហែង ចាត់វិធានការទៅលើពួកគាត់ ដោយយកហេតុផលថា ជាសកម្មភាពខុសច្បាប់៖ «ទុកឲ្យសាធារណជនមើលទៅថាតើ ចំណាត់ការរបស់អាជ្ញាធរមកលើកម្មករនិយោជិតហ្នឹង តើវាត្រឹមត្រូវ ឬក៏វាយុត្តិធម៌ឬក៏អត់? បើយើងនិយាយអំពីការតាំងចិត្តរបស់ពួកគាត់ គឺដូចពួកគាត់បានប្រកាសហើយ។ ជារៀងរាល់ថ្ងៃ គាត់នឹងធ្វើការតស៊ូមតិតាមកូដកម្ម ដោយអហិង្សានេះ រហូតដល់មានដំណោះស្រាយ។ មិនថាមានរឿងអីកើតឡើងទេ ពីព្រោះវាជាជម្រើសចុងក្រោយ តែមួយគត់ បន្ទាប់ពីរកដំណោះស្រាយម្ដងជាពីរដង តាំងពីការចរចាផ្ទៃក្នុងរហូតដល់ក្រសួងការងារ រហូតដល់សាលាក្រុង។ ប៉ុន្តែគ្មានភាគីណា ដែលអាចផ្ដល់យុត្តិធម៌ឲ្យពួកគាត់»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺទាក់ទងនឹងការដាក់កម្លាំងបង្ក្រាបកូដកម្ម ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃទី៣១ ធ្នូ ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ បង្ហាញការសោកស្ដាយ ចំពោះការលើកឡើងពីអាជ្ញាធររាជធានីភ្នំពេញ ដោយនៅតែចាត់ទុកការធ្វើកូដកម្មដោយសន្តិវិធីនេះ ថា ជាការធ្វើបាតុកម្មខុសច្បាប់។ លោកបន្តថា នេះជាសញ្ញាមិនល្អឡើយ ព្រោះអាជ្ញាធរអាចនឹងចាត់វិធានការបំបែកការតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គា វើលដ៍នេះ នៅពេលណាមួយ។
លោកស្នើសុំអាជ្ញាធរមានសមត្ថកិច្ចបន្តរក្សាសន្តិសុខ និងសុវត្ថិភាពជូនកម្មករ ដូចធ្លាប់ធ្វើកន្លងមក ព្រោះនេះជាការធ្វើកូដកម្មដោយសន្តិវិធី។ លោកយល់ថា អ្នកដែលមានឥទ្ធិពលអាចដាក់សម្ពាធឲ្យក្រុមហ៊ុនព្រមដោះស្រាយបញ្ចប់វិវាទការងារមួយនេះ គឺមានតែប្រមុខរដ្ឋាភិបាលប៉ុណ្ណោះ៖ «មកដល់ពេលនេះ ក្រសួងការងារដូចជាមិនអំណាច ឥទ្ធិពលនៅក្នុងការបង្ខំឬក៏បង្គាប់បញ្ជាទៅខាងក្រុមហ៊ុន ដើម្បីឲ្យធ្វើការសម្រេចចិត្តទេ។ យើងដឹងហើយថា ណាហ្គានេះ គឺជាក្រុមហ៊ុនមួយដែលមានឥទ្ធិពលកន្លងមកហ្នឹង។ អ៊ីចឹង! អ្វីដែលខ្ញុំអាចមើលឃើញ លុះត្រាតែមានឥទ្ធិពលជំរុញណាមួយដើម្បីសម្រេចចិត្តក្នុងការអារកាត់ការងារនេះ។ ខ្ញុំមើលឃើញថា មិនអីក្រៅពីលោកនាយករដ្ឋមន្ត្រីទេ ដែលលោកអាចមានសិទ្ធិអំណាចអារកាត់នូវវិវាទការងារនេះ»។
សហជីពប្រចាំក្រុមហ៊ុនណាហ្គា វើលដ៍ ឲ្យដឹងថា ខាងក្រុមហ៊ុននៅតែគ្មានឆន្ទៈពិតប្រាកដ ចង់ដោះស្រាយបញ្ចប់វិវាទការងាររ៉ាំរ៉ៃមួយនេះឡើយ ទោះបីជាមានការសម្របសម្រួលពីសាលារាជធានីភ្នំពេញ និងក្រសួងការងារ ដោះស្រាយរឿងនេះ ៥លើកមកហើយក៏ដោយ។ សហជីពបញ្ជាក់ថា ក្រុមហ៊ុនបនល្បែងមួយនេះ នៅតែមានបំណងចង់រំលាយថ្នាក់ដឹកនាំសហជីពចេញពីកន្លែងធ្វើការ ឲ្យខាងតែបាន។
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពការងារ ដែលតាមដានវិវាទការងារនេះ ស្នើដល់រដ្ឋាភិបាលផ្ដល់ដំណោះស្រាយដោយយុត្តិធម៌ ជូនកម្មករជាង៣រយនាក់បានចូលធ្វើការវិញ ក្នុងពេលឆាប់ៗនេះ៕
1 comment:
Nothing is free in this world. If you want something, you have to fight for it.
Post a Comment