Saturday, 29 January 2022

លោក ហ៊ុន សែន រង​ការ​ចោទ​ថា ជា​មេ​ឧក្រិដ្ឋកម្ម​នយោបាយ


ដោយ សេក បណ្ឌិត
2022-01-29
លោក ហ៊ុន សែន រង​ការ​ចោទ​ថា ជា​មេ​ឧក្រិដ្ឋកម្ម​នយោបាយ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។
រូបពី​ហ្វេសប៊ុក ហ៊ុន សែន


អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីតមន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ទម្លាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេខ្លោង​ដែល​បង្កើត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នយោបាយ ជាច្រើន​ដូចជា​ករណី​បាញ់សម្លាប់​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់។ អ្នកនយោបាយ​រូប​នេះ ក៏​ទម្លាយ​រឿង​មន្ត្រី​នគរបាល​ជាច្រើន​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​ប្លន់ ជួញដូរ​គ្រឿងញៀន និង​ពុករលួយ​ជាដើម​។ មន្ត្រី​របស់​លោក ហ៊ុន សែន ឆ្លើយ​តប​ថា ពួកគាត់​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ចោទប្រកាន់​នេះ​ទេ។

មេដឹកនាំ​រដ្ឋាភិបាល​ឯកបក្ស​លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា ជា​មេដឹកនាំ ដែល​មាន​បាតដៃ​ប្រឡាក់​ឈាម​ដោយ​មិន​ត្រឹមតែ​បញ្ជា​ឲ្យ​បាញ់ប្រហារ​និង​កាប់សម្លាប់​អ្នកនយោបាយ​ប្រឆាំង​និង​អ្នក​រិះគន់​លោក​ប៉ុណ្ណោះ​ទេ សូម្បីតែ​មន្ត្រី​ជំនិត​ខ្លួនឯង ក៏​បុរស​ខ្លាំង​រូប​នេះ ផ្តាច់​ជីវិត​ចោល​ដែរ ប្រសិនបើ​មិន​ស្តាប់​បង្គាប់ និង​ដឹង​រឿង​អាក្រក់ៗ​របស់​លោក​ច្រើន​ពេក។


ប្រធាន​គណបក្ស​ពលរដ្ឋ​ខ្មែរ លោក ងួន សឿរ រៀបរាប់​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៥ ខែមករា ថា លោក ហ៊ុន សែន គឺជា​មេខ្លោង​ដែល​បង្កើត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នយោបាយ​ជាច្រើន​នៅ​កម្ពុជា ដូចជា​ករណី​បាញ់សម្លាប់​មេទ័ព និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច (FUNCIPEC)​រាប់សិប​នាក់ រួមមាន​លោក ហូ សុខ លោក ចៅ សម្បត្តិ និង​លោក ក្រួច យឿម ជាដើម អំឡុង​ពេល​រដ្ឋប្រហារ​ថ្ងៃទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧​។ លោក ងួន សឿរ អះអាង​ថា មូលហេតុ​ដែល​លោក​ដឹង​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​នយោបាយ​បែបនេះ ព្រោះ​លោក​ធ្លាប់​ធ្វើ​ជា​អគ្គនាយករង​នគរបាល​ជាតិ​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៃ​រដ្ឋាភិបាល​ចម្រុះ​ដែល​បង្កើត​ឡើង​ក្រោយ​ការបោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់​កាលពី​ឆ្នាំ​១៩៩៣ មាន​ឋានៈ​ស្មើ​លោក ហុក ឡង់ឌី និង​ក្រោយមក​លោក បាន​ទទួល​យក​លុយ​ពី​លោក ហ៊ុន សែន ដើម្បី​បង្កើត​បក្សនយោបាយ​ចងសម្ព័ន្ធភាព​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង។

អតីតមន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​រូប​នេះ បញ្ជាក់​ថា នៅ​ថ្ងៃទី​៧ កក្កដា ឆ្នាំ​១៩៩៧ កងកម្លាំង​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​លោក ហូ សុខ ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នាំទៅ​ឃុំខ្លួន​ហើយ​បាញ់សម្លាប់​នៅក្នុង​ការិយាល័យ​របស់​ឧត្ដមសេនីយ៍ ម៉ា ឈឿន ដែល​ស្ថិត​ក្នុង​ក្រសួងមហាផ្ទៃ​។ លោក​ថា ការប្រហារជីវិត​លោក ហូ សុខ និង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាច្រើន​នាក់​ទៀត ដែល​បាន​ទម្លាក់​អាវុធ ឬ​គ្មាន​អាវុធ​នៅក្នុង​ដៃ ឬ​ខណៈ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន គឺជា​ការ​រំលោភ​ច្បាប់​សង្គ្រាម និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម៖ «​អ្នក​ចាប់ មាន ម៉ៅ ដារ៉ា ជា​នគរបាល​ក្រសួង​មហាផ្ទៃ​ជំនាញ​ព្រហ្មទណ្ឌ ឈ្មោះ លេខ តុង ឈ្មោះ ចាន់ គឹមនី ឈ្មោះ ដោក ផល្លា និង​ឈ្មោះ ជាតិ ផាន់នី គឺ​អ្នក​ទាំងអស់​នេះ ជា​អ្នក​ចាប់​ហើយ​យក​លោក ហូ សុខ មក​ក្រសួង​មហាផ្ទៃ ដើម្បី​សួរចម្លើយ។ អ្នក​សួរចម្លើយ មាន​ដូចជា ឈ្មោះ រស់ គង់ ជា​អ្នកជំនាញ​ខាង​ស៊ើបការ និង​ឈ្មោះ កែ សុផាន់ ជំនាញ​ខាង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​។ ពួក​នេះ​កំពុង​សួរចម្លើយ​គាត់​នៅ​ក្រសួង​មហាផ្ទៃ ហើយ​មាន​ឡាន​មួយ​ចូល​មក​ស្លៀកពាក់​ប៉ារ៉ា ហើយ​មក​ដល់​ស្រែក​ថា លោក ហុក ឡង់ឌី ចង់​ជួប​លោក ហូ សុខ។ ពួកគេ​បាន​រុញ​ទ្វារ​របស់​លោក ម៉ា ឈឿន ចូល​ហើយ​ពួក​ហ្នឹង បាន​បាញ់​លោក លោក ហូ សុខ ៣​គ្រាប់​ស្លាប់​នៅ​នឹង​កន្លែង»។

លោក ងួន សឿរ អះអាង​ថា ជន​ដៃដល់​ដែល​បាញ់​សម្លាប់​លោក ហូ សុខ នេះ គឺជា​កូនចៅ​របស់​លោក ហុក ឡង់ឌី មាន​គ្នា​៤​នាក់ ជា​ទាហាន​វៀតណាមៈ៖ «គ្នា​វា​៤​នាក់ មាន​ម្នាក់​បើកឡាន​ឲ្យ​លោក ហុក ឡង់ឌី ហើយ​ម្នាក់ទៀត​ឈ្មោះ ង្វៀន យ៉ាងថាញ់ អាហ្នឹង​អ្នក​បាញ់​ផ្ទាល់ ហើយ​អាហ្នឹង វា​ជា​ចោរ​ផង វា​ធ្វើការ​ឲ្យ​ប៉ូលិស​ផង។ អ្នកណា​ជា​អ្នក​ឲ្យ​កាំភ្លើង​វា គឺ​លោក យឹម សារុំ ជា​អនុប្រធាន​ចារកម្ម និង​ជា​កូនចៅ​របស់​លោក ហេង ហាក់។ ដូច្នេះ​ក្នុង​រឿង​នេះ បើ​យើង​ចង់​ដឹង​ការ​ពិត អត់​មានអី​ពិបាក​ទេ ហៅ​តែ​លោក យឹម សារុំ មក​សួរ ហើយ​អាង្វៀន​យ៉ាង់ថា​ញ់ មក​សួរ គឺ​វា​ចប់​រឿង​ហើយ»។

លោក ងួន សឿរ បន្ថែម​ថា ក្រោយ​ឃាតកម្ម​នេះ សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក យូ ហុកគ្រី បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ និង​សម្រេច​បញ្ឈរជើង​ឧត្តមសេនីយ៍​នគរបាល​បី​រូប​គឺ​លោក ម៉ា ឈឿន លោក ថន អ៊ិម និង​លោក ថោង លឹម ដែល​ជាប់​សង្ស័យ​មាន​ចំណែក​ទទួលខុសត្រូវ​ក្នុង​ឃាតកម្ម​លោក ហូ សុខ។ ប៉ុន្តែ​ក្រោយ​ពី​ត្រូវ​បាន​ព្យួរការងារ ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ការស៊ើបអង្កេត​បាន​ប្រមាណ​២​ខែ ស្រាប់តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អ្នក​ទាំង​បី​ចូល​ធ្វើ​ការ​ធម្មតា​ឡើងវិញ បន្ទាប់​ពី​មាន​សំណើ​របស់​លោក ហុក ឡង់ឌី។

ទាក់ទង​នឹង​ឃាតកម្ម​លោក ហូ សុខ នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ា ឈឿន ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​កំពង់ចាម​បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។ ចំណែក​លោក ហុក ឡង់ឌី ដែល​ជា​មនុស្ស​សំខាន់​ក្នុង​រឿង​ឃាតកម្ម​នេះ លោក​ក៏​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ កាលពី​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០០៨ នៅក្នុង​ខេត្ត​ស្វាយរៀង។

ទោះជា​យ៉ាងណា អតីត​អគ្គនាយករង​នគរបាល​ជាតិ យល់​ថា ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី គឺជា​ការ​ដាក់​គ្រាប់បែក​បំផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​រៀបចំ​ផែនការ​ដោយ​លោក ហ៊ុន សែន ដើម្បី​បំបិទមាត់ និង​កុំ​ឲ្យ​មាន​រឿង​ដល់​ខ្លួន ព្រោះ​លោក ហុក ឡង់ឌី ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ជាច្រើន​ទៀត ដូចជា ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​ដ៏​ល្បី គឺ​លោក ជា វិជ្ជា ផង​ដែរ​។ ក្រៅ​ពី​នេះ លោក​អះអាង​ថា លោក ហុក ឡង់ឌី ក៏​ជា​មនុស្ស​ក្បាលរឹង​មិន​សូវ​ស្តាប់​បង្គាប់ ទើប​លោក ហ៊ុន សែន បញ្ជា​ឲ្យ​គេ​សម្លាប់​ដូច​ករណី​អតីត​ទាហាន​ខ្មែរក្រហម លោក ផុន ភាព៖ «លោក ហ៊ុន សែន ប្រើ​មនុស្ស​ចង់​ឲ្យ​មនុស្ស​តាម​គាត់ មួយរយ​ភាគរយ​។ របស់​ហ្នឹង​ស បើ​គាត់​ថា​ខ្មៅ គឺ​ខ្មៅ ក្រហម គឺ​ក្រហម ។ ហេតុ​អី​បាន ជា​លោក ហ៊ុន សែន ចូលចិត្ត​លោក ហុក ឡង់ឌី? លោក ហុក ឡង់ឌី មាន​ទ្រឹស្ដី​មួយ គាត់​ច្រើនតែ​និយាយប្រាប់​ខ្ញុំ​ថា មនុស្ស​ស្លាប់ វា​អត់​ចេះ​តវ៉ា​ទេ បាន​សេចក្តី​ថា អ្នកណា​មិន​ស្រួល គឺ​គាត់​សម្លាប់​ហើយ​។ ប៉ុន្តែ​មនុស្ស​ដែល​គាត់​សម្លាប់ បើ​គេ​ស៊ើបអង្កេត​ទៅ វា​អាច​ពាក់ព័ន្ធ​ដល់​លោក ហុក ឡង់ឌី ដូចជា​ការ​សម្លាប់​លោក ជា វិជ្ជា ដូច្នេះ​បើ​រក​ឃើញ​លោក ហុក ឡង់ឌី នៅ​ពី​ក្រោយ​ខ្នង គឺ​លោក​អាច​ឆ្លើយ​ដាក់​ថា លោក ហ៊ុន សែន ជា​អ្នកបញ្ជា​ឲ្យ​គាត់​។ ដូច្នេះ​ត្រូវ សម្លាប់ ហុក ឡង់ឌី មួយ​ចោល​ទៅ កុំ​ឲ្យ​វា​ទើសទាល់»។

ការ​លើកឡើង​របស់​លោក ងួន សឿរ នេះ គឺ​ស៊ីសង្វាក់​គ្នា​ជាមួយនឹង​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​ស​ង្រោះ​ជាតិ​ដែល​ធ្លាប់​ចោទ​ថា លោក ហ៊ុន សែន បាន​លួច​ធ្វើឃាត​លោក ហុក ឡង់ឌី តាមរយៈ​ការ​ដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ​លើ​ឧទ្ធម្ភាគចក្រ​នៅ​ពេល​នោះ។ ប៉ុន្តែ​កូនប្រុស​បង្កើត​របស់​លោក ហុក ឡងឌី គឺ​លោក ឌី វិជ្ជា បាន​អះអាង​ថា ការ​ស្លាប់​របស់​ឪពុក​លោក​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ គឺ​ដោយសារ​កត្តា​អាកាសធាតុ មិន​ដូច​ការចោទប្រកាន់​នោះ​ទេ និង​ថែមទាំង​ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការ​ទៀត​ផង។ បច្ចុប្បន្ន​នេះ លោក ឌី វិជ្ជា គឺជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ត្រូវជា​កូន​ប្រសារ​របស់​លោក ហ៊ុន សែន​។ វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយតប​ពី​លោក ឌី វិជ្ជា បានទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​តែ​ពុំ​មាន​អ្នក​ទទួល។

ចំពោះ​ការ​ចោទប្រកាន់​របស់​លោក ងួន សឿរ ថា លោក ហុក ឡង់ឌី ជា​មេ​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា នោះ ក៏​ហាក់ដូចជា​ស្របគ្នា​នឹង​ការ​បកអាក្រាត​របស់​អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ហេង ពៅ កន្លងមក​ដែរ។ លោក ងួន សឿរ បន្ថែម​ថា អំពើ​ឃាតកម្ម​នយោបាយ​ជាច្រើន​ទៀត​រាប់ទាំង​ករណី​បណ្ឌិត កែម ឡី និង​សកម្មជន​នយោបាយ អ្នក​រិះគន់​និង​បុគ្គល​ល្បីៗ សុទ្ធ​តែ​ជា​បញ្ជា​របស់​លោក ហ៊ុន សែន ព្រោះ​អ្នក​ទាំងនេះ បាន​ធ្វើ​សកម្មភាព​រំខាន​ដល់​ការ​កាន់អំណាច​របស់​លោក៖ «នៅ​ស្រុក​ខ្មែរ នរណា​ហ៊ាន​សម្លាប់​នរណា​ម្នាក់​ហើយ​គ្មាន ការ​យល់ព្រម​ពី​លោក ហ៊ុន សែន ធ្វើ​ទៅ​កើត​ទេ​? ដូច្នេះ​កន្លែង​នេះ​កុំ​ឆ្ងល់​។ នៅ​ស្រុក​ខ្មែរ​ធ្វើ​អី​ទៅ​បាន​ទាល់តែ​មាន​ការ​អនុញ្ញាត​ពី ហ៊ុន សែន បើ​មិន​អ៊ីចឹង​ទេ អ្នកឯង​អត់​បាន​សុខ​ទេ អ្នកឯង​ដាច់​ក្បាល​ហើយ»។

ទាក់ទង​នឹង​ការចោទប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន បានទេ​។ ប៉ុន្តែ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំ​មិន​បកស្រាយ​រឿង​នេះ​ទេ ព្រោះ​លោក មិនបាន​យកចិត្តទុកដាក់​ចំពោះ​ការ​លើកឡើង​របស់​លោក ងួន សឿរ៖ «​យើង​អត់​ឈឺក្បាល​ទេ​។ ខ្ញុំ​អត់​ឈឺក្បាល​។​ខ្ញុំ​អត់​យកចិត្តទុកដាក់ ដូច្នេះ​ដែល​យក​ចិត្តទុកដាក់​ជាង​គេ​គឺ​វិទ្យុ​អាស៊ីសេរី»។

ជាមួយគ្នា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​សុំ​មិន​បកស្រាយ​អ្វី​ដែរ ក្រោម​ហេតុផល​ថា លោក​មិនដែល​ស្គាល់​លោក ងួន សឿរ នោះ​ទេ៖ «គាត់​មិន​និយាយ គាត់​ទើប​មក​និយាយ​ពេល​នេះ យក​ជា​ការ​មិន​បាន​ទេ ។ ដូច្នេះ​ខ្ញុំ​យល់ថា ការ​និយាយ​នេះ សុទ្ធតែ​ជា​ការ​មួលបង្កាច់​មិន​អាច​ទទួល​យក​បាន»។

ក្រៅពី​លើកឡើង​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​នយោបាយ​ដែល​មាន​លោក ហ៊ុន សែន ជា​មេខ្លោង​នោះ លោក ងួន សឿរ ក៏​បកអាក្រាត​រឿង​មន្ត្រី​នគរបាល​ជាច្រើន​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​ប្លន់ ជួញដូរ​គ្រឿងញៀន និង​ពុករលួយ​ផង​ដែរ។ អ្នកនយោបាយ​ដែល​ធ្លាប់​មាន​សម្ព័ន្ធភាព​ជាមួយ​លោក ហ៊ុន សែន រូប​នេះ លើកឡើង​ថា កាល​លោក​នៅ​កាន់​តួនាទី​ជា​អគ្គនាយករង​នគរបាល​ជាតិ លោក ធ្លាប់​ចាប់ខ្លួន​កូនៗ​របស់​អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក រស់ ឈុន គឺ​ឈ្មោះ រស់ ទី និង​រស់ តាំង ដែល​ប្លន់​ឡាន​របស់​អ៊ុនតាក់​រាប់​សិប​គ្រឿង។ ក្រៅ​ពី​នេះ លោក ងួន សឿរ ចោទ​លោក ជួន ណារិន្ទ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថា ធ្លាប់​មាន​ប្រវត្តិ​ធ្លាប់​ធ្វើជា​ចោរ​លួច​ប្លន់​ម៉ូតូ៖ «ក្រៅពី​ហ្នឹង អាចោរ​លួច​ប្លន់​ម៉ូតូ​ជាង​១០​នាក់ គឺ​សុទ្ធតែ​ពួក ប៉ូលិស ក្នុង​ក្រុម​ហ្នឹង​មាន ជួន ណារិន្ទ ហើយ​គាត់​ជា​ប្រធាន​ផ្នែក​ខាង​ចោរកម្ម នៅ​ទី​ក្រុងភ្នំពេញ ប៉ុន្តែ​មិន​ចាប់ចោរ បែរជា​មក​ធ្វើ​ចោរ​ខ្លួនឯង​ទៅវិញ​កាល​នោះ»។

ជុំវិញ​រឿង​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​យ៉ាង​ខ្លី​ថា លោក មិន​ចាប់​អារម្មណ៍​នឹង​ការ​ចោទ​ប្រកាន់​នេះ​ទេ ព្រោះ​ប្រសិនបើ​លោក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដូច​ការ​ចោទ​មែន គឺ​ថ្នាក់ដឹកនាំ​មិន​អាច​ចាត់​តាំង​ឲ្យ​លោក​កាន់​ការងារ​មន្ត្រី​នគរបាល​ជំនាញ​នោះ​ទេ៖ «សូម​អធ្យាស្រ័យ ឲ្យ​អ្នកចោទ​ប្រកាន់​ហ្នឹង សុំ​ឲ្យ​មានមុខ​នៅ​ប្រទេស​កម្ពុជា​មក ហើយ​បង្ហាញ​ភស្តុតាង​មក ហើយ​យើង​នឹង​តតាំង​ជាមួយគ្នា​ការងារ​នេះ ជាពិសេស​ខ្ញុំ​មាន​ថ្នាក់​ដឹកនាំ​របស់ខ្ញុំ​គ្រប់​លំដាប់​ថ្នាក់​។ ខ្ញុំ​អត់​ត្រូវ​ការ​យក​ពេលវេលា​ខ្ជះខ្ជាយ​ជាមួយ​ភាសា​ហ្នឹង​ទេ។ ខ្ញុំ​អត់​យក​ភាសា​នេះ​មក​ចាប់អារម្មណ៍​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អត់​មាន​ពេល​យក​អាហ្នឹង​មក​គិត​ទេ»។

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland)​លោក គឹម សុខ ថ្លែង​ថា នៅ​ពេល​ដែល​ក្រុម​មន្ត្រី​របស់​លោក ហ៊ុន សែន ឆ្លើយ​ថា ពួកគាត់​មិន​ចាប់អារម្មណ៍​ចំពោះ​រឿង​អយុត្តិធម៌​សង្គម និង​ការចោទប្រកាន់​រឿង​បទល្មើស​ធ្ងន់ធ្ងរ​បែបនេះ គឺជា​ការ​គេចវេស​ពី​ការទទួលខុសត្រូវ និង​មិន​ខ្វាយខ្វល់​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ ឬ​យុត្តិធម៌​របស់​ជនរងគ្រោះ​។ លោក​សង្កត់ធ្ងន់​ថា ករណី​ឃាតកម្ម​លើ លើ​ឥស្សរជន​សង្គម​និង​នយោបាយ​ល្បីៗ​ជាច្រើន​នាក់ រួម​ទាំង​លោក ហូ សុខ ជាដើម គឺជា​ឧក្រិដ្ឋកម្ម​មួយ​ធ្ងន់ធ្ងរ រំលោភ​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​លោក ងួន សឿរ គួរតែ​ប្តឹង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដើម្បី​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស៖ «ប្រសិនបើ​លោក ហ៊ុន សែន មិនអាច​វែកមុខ​រក​ឃាតក​បានទេ​។ ឧទាហរណ៍ ឃាតក​សម្លាប់​លោក កែម ឡី ឃាតក​សម្លាប់​លោក ជា វិជ្ជា ឃាតក​សម្លាប់​ព្រះអង្គ សុំ ប៊ុនធឿន ឃាតក​សម្លាប់​លោក ឈុត វុទ្ធី ជាដើម។ ប្រសិនបើ​មិនអាច​វែកមុខ​រក​ឃាតក​ពិត​បាន​ទេ មហាជន សហគមន៍​អន្តរជាតិ នៅតែ​សង្ស័យ​អំពី​ការ​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន ដដែល ពីព្រោះ​គ្មាន​មូលហេតុ​អ្វី​រក​មិនឃើញ​មុខ​ឃាតក​ម្នាក់​ទាល់តែសោះ នៅ​ពេល​ដែល​លោក ហ៊ុន សែន តែងតែ​អះអាង​ថា អ្នកណា​ចង់​ធ្វើ​អ្វី​ចេញពី​កន្លែង​ណា ពាក់ព័ន្ធ​ជាមួយ​អ្នកណា គឺ​គាត់​ដឹង​ទាំងអស់​នោះ»។

ដោយឡែក​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត វិញ លោក​មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​លោក ងួន សឿរ គ្រាន់តែ​ជា​សម្តី​របស់​អ្នក​នយោបាយ​មួយ​រូប។លោក បន្ត​ថា ករណី​ឃាតកម្ម​មួយចំនួន បាន​កន្លង​ផុត​ទៅ​យូរហើយ ប៉ុន្តែ​ប្រសិនបើ​លោក ងួន សឿរ ដឹង​ច្បាស់ និង​មាន​ភស្តុតាង​គ្រប់គ្រាន់ គួរតែ​ចេញមុខ​ប្តឹង ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ៖ «ការ​លើក​ឡើង​នេះ​វា​ជា​រឿង​មួយ ប៉ុន្តែ​សំខាន់​ថា​តើ​ការស៊ើបអង្កេត ហើយនឹង​ការ​ហ៊ាន​ធ្វើ​សាក្សី​របស់​លោក ងួន សឿរ ទៅលើ​ករណី​ទាំង​អស់ហ្នឹង​យ៉ាងម៉េច អាហ្នឹង​ជា​រឿង​សំខាន់​។ តាម​ពិត​ទៅ ករណី​ណា​ក៏​ដូច​ករណី​ណា​ដែរ បើសិន​ជា​មាន​ករណី​ឧក្រិដ្ឋកម្ម ឬ​ករណី​ឃាតកម្ម​អី​កើតឡើង វា​ត្រូវតែ​មានការ​ស៊ើប អង្កេត​ស្វែងរក​យុត្តិធម៌​និង​ស្វែងរក​ការពិត​អ៊ីចឹង​ហើយ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ចេញ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា លោក ហ៊ុន សែន ដំឡើង​បុណ្យ​សក្តិ និង​ផ្តល់​រង្វាន់​ដល់​ពួក​ឃាតក។ របាយការណ៍​នោះ បាន​លាតត្រដាង​ថា ក្រោម​ការគ្រប់គ្រង​ដោយ​ហិង្សា និង​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន បាន​បង្កើត​ឲ្យ​មានការ​សម្លាប់ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​រាប់មិនអស់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ទោសទណ្ឌ​។ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញ​ថា ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស៍​ឆ្នាំ​១៩៩១​មក មាន​ករណី​ឃាតកម្ម​ធំៗ​ជាច្រើន​លើ​ពួក​អ្នកនយោបាយ និង​សកម្មជន​នយោបាយ​ប្រឆាំង ពួក​អ្នកកាសែត អ្នក​រិះគន់ និង​មនុស្ស​ដទៃទៀត​។ ករណី​ឃាតកម្ម​ទាំងនោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​យោធា នគរបាល កងរាជអាវុធហត្ថ និង​បុគ្គលិក​ចារកម្ម​ជាដើម​។ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ បន្ត​ថា ជំនួស​ដល់​ការ​ផ្តន្ទាទោស​ពួក​មន្ត្រី​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​សម្លាប់ និង​ការរំលោភ​ធ្ងន់ធ្ងរ​ដទៃទៀត នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដំឡើង​បុណ្យ​សក្តិ និង​ផ្តល់​រង្វាន់​ដល់​ពួកគេ​ទៅវិញ។

គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល លើកឡើង​ថា ដោយសារតែ​លោក ហ៊ុន សែន គឺជា​មេខ្លោង​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ជាច្រើន​នេះ​ហើយ ទើប​លោក​ប្រើ​គ្រប់​វិធី​ដើម្បី​ក្រាញ់​អំណាច និង​កំពុង​រៀបចំ​ផែនការ​ផ្ទេរអំណាច​បន្ត​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដើម្បី​ជួយ​ធានា​និទ្ទណ្ឌភាព​សម្រាប់​គាត់​ពេល​បាត់​អំណាច។ បើ​មិន​ដូច្នេះ​ទេ លោក ហ៊ុន សែន នឹង​ប្រឈមមុខ​តុលាការ​ឯករាជ្យ​ណាមួយ កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​យ៉ាងច្រើន ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​កាន់​អំណាច​៣៦ ឆ្នាំ​មក​ដល់​ថ្ងៃ​នេះ។

លោក ងួន សឿរ វិញ អះអាង​ថា ដើម្បី​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាច​នាំ​ខ្លួន​លោក ហ៊ុន សែន ទៅ​កាត់​ទោស​បាន លុះត្រា​ពលរដ្ឋ​ខ្មែរ​រួម​សាមគ្គី​គ្នា ហើយ​ឈប់​ទទួល​ស្គាល់​លោក ហ៊ុន សែន ថា​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់៕

2 comments:

Anonymous said...

First, people must accept the fact that Ah Hun Sen is Ah Chker Chkuot who bit his fellow comrades such as Penn Sovan to show to the evil Yuon that he will be a killing machine for Yuon to control Khmer people once the evil Yuon put him in power.

The last 40 years proved that this devil one eyed monster Hun Sen is Ah Chker Chkuot who has never hesitated to execute all Yuon's orders at the expense of Khmer people and Cambodia.

Just imagine how deep the evil Yuon's root has penetrated in Khmer society and dictate every move of Ah Chker Chkuot Hun Sen.

If Ah Runteas Banh Hun Sen is a Khmer, he should have relinquished his power and let Khmer nationalists lead Cambodia when he lost the election. But he cheated and stole the election to retain his power.

For the upcoming election, Khmer people should massively march demanding for the CNRP's reinstatement and a neutral NEC. The CNRP without the sex maniac Kem Sokha is OK too. Khmer people clearly knew already what kind of shit Ah Kem Sokha is.

Anonymous said...

This one-eyed monster Hun Sen wanted to falsify the history by boasting himself as Khmer hero.
In fact, Hun Sen is the worst Khmer traitor in history. That's why the evil Vietnam let him stay on the power for a long time.