ដោយ ម៉ៅ សុធានី
2022-01-26
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បញ្ជាទៅអាជ្ញាធរពាក់ព័ន្ធត្រូវការពារសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់គ្រប់សកម្មភាពគណបក្សនយោបាយ ដោយគ្មានការរើសអើង និងប្រកាន់បក្ខពួក ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ការលើកឡើងរបស់លោក ស ខេង នេះធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយខ្លះ រួមមានគណបក្សភ្លើងទៀន បានរិះគន់អាជ្ញាធរនៅតាមបណ្តាខេត្តមួយចំនួនថា បានរំខានសកម្មភាពជួបប្រជុំ រារាំងមិនឲ្យលើកស្លាកគណបក្ស នៅទីសាធារណៈ និងជាពិសេស ហាមពលរដ្ឋមិនឲ្យចូលរួមជាមួយគណបក្សផ្សេងទៀតជាដើម។
លោក ស ខេង ថ្លែងក្នុងពិធីប្រគល់រថយន្តដល់វរសេនាតូចនគរបាលការពារព្រំដែន នៅអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៥ ខែមករា ម្សិលមិញថា រដ្ឋាភិបាលនៅតែបន្តពង្រឹង លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិឱ្យបានកាន់តែច្រើន និងស្របតាមច្បាប់។ លោកបន្តថា ក្នុងនាមជានគរបាលជាតិ អាជ្ញាធរត្រូវប្រកាន់ជំហរអព្យាក្រឹត្យ មិនបែងចែក មិនប្រកាន់ សំរាប់គណបក្សនយោបាយនោះទេ។
ទោះជាយ៉ាងនេះក៏ដោយ ប្រធានស្តីទីនិងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរបានគំរាមកំហែងពលរដ្ឋមិនឲ្យមកគាំទ្រគណបក្សភ្លើងទៀន ហើយការលើកស្លាកគណបក្សវិញ កន្លែងខ្លះត្រូវបានកាត់បំផ្លាញចោល និងកន្លែងខ្លះទៀត អាជ្ញាធរយកលេសថា មិនបានសុំការអនុញ្ញាតជាមុន៖ «ជាទូទៅពេលយើងចុះទៅ យើងកត់សម្គាល់ មានការហាមឃាត់ ឬសម្លុត គំរាមពលរដ្ឋ មិនឲ្យចូលរួមគាំទ្រជាមួយគណបក្សភ្លើងទៀន។ ករណីមួយចំនួនបានទៅកាត់ស្លាកបក្សចោលដូចនៅសៀមរាប កន្លែងខ្លះទៀតមិនឲ្យលើកស្លាក ដូចជាថ្មីៗនេះនៅខេត្តកំពងចាម ហើយកន្លែងខ្លះទៀត គេលើកបាន តែយើងលើកអត់បាន»។
បន្ថែមពីនេះ ប្រធានគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន លោកខឹម មុនីកុសល ក៏បានប្រាប់វិទ្យុអាស៊ីសេរីថា អភិបាលរងក្រុងប៉ៃលិនលោក ចក់ ឬទ្ធី ថ្មីៗនេះបានដឹកនាំប៉ូលិសជាច្រើននាក់ ទៅរារាំងពួកលោកមិនឱ្យលើកស្លាកគណបក្សនៅលើដីកម្មសិទ្ធិរបស់សកម្មជនបក្សលោកនោះទេ ទោះបីបានបង្ហាញលិខិតជូនដំណឹងទៅសាលាខេត្តប៉ៃលិនក៏ដោយ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕
No comments:
Post a Comment