Wednesday, 12 January 2022

អ្នក​វិភាគ​ថា ​​​ការ​​​​​​​​​​​​​គាំទ្រ​របស់​ចិន​ក្នុង​​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​ជាមួយ​របប​​​សឹក​មីយ៉ាន់ម៉ា​​មិន​មែន​ជា​រឿង​ល្អ​ទេ​​


ដោយ សុជីវី
2022-01-11
អ្នក​វិភាគ​ថា ​​​ការ​​​​​​​​​​​​​គាំទ្រ​របស់​ចិន​ក្នុង​​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​ជាមួយ​របប​​​សឹក​មីយ៉ាន់ម៉ា​​មិន​មែន​ជា​រឿង​ល្អ​ទេ​​ 

លោក វ៉ាង វិនប៊ីន (Wang Wenbin) ​អ្នក​​នាំ​ពាក្យ​​ការបរទេស​​ចិន ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកស្ថានទូតចិន

 

មហា​អំណាច​កុម្មុយនីស្តចិន ​​ប្រកាស​​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​​​​​​ក្នុង​ការ​ដោះ​ស្រាយ​​វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​​​​ភូមា ឬ​មីយ៉ាន់ម៉ា ​​(Myanmar)​។ ក្រុម​​អ្នក​​ឃ្លាំមើលយល់​ថា​​ នេះ​​​មិន​មែន​ជា​រឿង​ល្អ​​សម្រាប់​កម្ពុជា​ទេ​​ ខណៈដែល​ពួកគេ​ព្រួយ​បារម្ភ​ថា ចិន​កំពុង​លើក​ទឹក​ចិត្ត និង​​រុញ​ច្រាន​​​​ឲ្យ​កម្ពុជា​​​​បំបែក​​​​សាមគ្គី​ភាព​របស់អាស៊ាន។

ចាប់​តាំង​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រឡប់​ពី​ទស្សនកិច្ច​ប្រទេស​ភូមា​ មក​ដល់​ពេល​នេះ​មាន​តែ​​​ចិន​កុម្មុយនីស្តមួយ​គត់​ដែល​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ខ្លួន​​គាំទ្រ​រដ្ឋាភិបាល​​កម្ពុជា​​ក្នុង​​សកម្មភាព​ឯកតោ​ភាគី​​ ដែល​បាន​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​​ផ្ទៃ​ក្នុង​​ប្រទេស​មីយ៉ាន់ម៉ា។​​​

​អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយលោក វណ្ណ ប៊ុនណា សង្កេត​ឃើញ​ថា ​ការ​ប្រកាស​គាំទ្រ​របស់​​ចិន​លើក​​នេះ នឹង​ធ្វើ​ឲ្យ​សហគមន៍​អាស៊ាន និង​​អន្តរជាតិ​ រិះគន់​កម្ពុជា​​ថែម​ទៀត ​ពី​រឿង​​ដំណើរ​ទស្សនកិច្ច​ទៅ​ទទួល​ស្គាល់​របប​សឹក​នៅ​ភូមា។


​លោក វណ្ណ ប៊ុនណា ​បន្ត​ថា ​កម្ពុជា​គួរ​ដើរ​តួនាទី​ត្រឹម​ជា​អ្នក​សម្រប​សម្រួល​ ដែល​បង្ក​លក្ខណៈ​ឲ្យ​មាន​កិច្ច​ចរចា​​ពី​គ្រប់​ភាគី​នៅ​មីយ៉ាន់ម៉ា​បាន​ហើយ ដោយ​មិន​គួរ​ដើរ​ជា​អ្នក​ស្វែង​​រក​ដំ​ណោះស្រាយ​​ ឬ​ក៏​ជា​អ្នក​​ដាក់​លក្ខខណ្ឌ​ ចាប់​បង្ខំ​ឲ្យ​ភាគី​មីយ៉ាន់ម៉ា​​អនុវត្ត​នោះ​ទេ៖ «បញ្ហា​នៅ​ភូមា​ វា​ជា​បរិបទ​មួយ​​នៃ​ការ​ប្រកួត​ប្រជែង​​ភូមិ​សាស្ត្រ​នយោបាយ​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ អ៊ីចឹង​ទេ ក្នុង​ន័យ​ហ្នឹង ពួក​យោធា​​មីយ៉ាន់ម៉ា ចង់​ឬ​មិន​ចង់​ដើម្បី​គេច​ចេញ​​ពី​ទណ្ឌកម្ម​របស់​​ពួក​លោក​ខាង​លិច​ អ៊ីចឹង​យោធា​ព្យាយាម​ធ្វើ​​ឲ្យ​ខ្លួន​ហ្នឹង​ស្និទ្ធស្នាល​ជាមួយ​ចិន ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​ខ្លួន។ អ៊ីចឹង​ទេ បើ​កម្ពុជា​ចូលរួម​ក្នុង​ដំណោះស្រាយ​នៃ​វិបត្តិ​នៅ​ភូមា​ហ្នឹង​​ ចូល​កាន់​តែ​ជ្រៅ​ធ្វើ​ឲ្យ​កម្ពុជា​ហ្នឹង​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កូន​ឧក ​​(អុក) ​របស់​ចិន​ផង​ដែរ នៅ​ក្នុង​វិបត្តិ​ភូមា​ហ្នឹង»។

ក្រសួង​ការបរទេស​ចិន ​បាន​បង្ហាញ​លទ្ធផល​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែមករា ដោយ​ប្រកាស​ជំហរ​​​គាំទ្រ​​កម្ពុជា​​​ក្នុង​ការ​​​រក​ដំណោះ​ស្រាយ​​វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​​មីយ៉ាន់​ម៉ា​​។ អ្នក​នាំ​ពាក្យ​ការបរទេស​ចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) ​លើក​ឡើង​ក្នុង​​សន្និសីទ​សារ​ព័ត៌មាន​​នោះ​ថា ​ប្រទេសចិន ​​នឹង​គាំទ្រ​​ពេញ​ទំហឹង​​ដល់​​កម្ពុជា ដែល​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ក្នុង​ការ​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ដំណាក់​កាល​ដំបូង​​ដោះ​ស្រាយ​​ជម្លោះ​គ្រប់​ភាគី​ក្នុង​​​​ប្រទេស​មីយ៉ាន់ម៉ា តាម​រយៈ​ការ​សន្ទនា​នយោបាយ និង​ការ​ស្តារ​ស្ថិរភាព​មីយ៉ាន់ម៉ា​ឡើងវិញ​។

​​​​​ជុំវិញ​ករណី​នេះ​ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជាលោក កុយ គួង អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែមករា។ ​តែ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១០ ខែមករា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​បញ្ជាក់​​ជា​ថ្មី​​ការ​ពារ​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​​របស់​លោក​ទៅ​ប្រទេស​ភូមាថា​ ជា​រឿង​ប្រសើរ និង​ទទួល​បាន​លទ្ធផល​ច្រើន​ចំណុច ពិសេស​គឺ​ការ​អន្តរាគមន៍​ឲ្យ​មាន​​ការ​​ឈប់​បាញ់​គ្នា​។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​​របស់​លោក ហ៊ុន សែន ​ទាំង​ស្រុង ​របប​សឹក​ភូមា​​​បាន​​បើក​ការ​វាយ​ប្រហារ និង​ប្រើ​ឧទ្ធម្ភាគចក្រ​បាញ់​គ្រាប់​​មីស៊ីល​ទៅ​លើក្រុង​ឡយ​​ក ​​​(Loikaw)​​ ​រដ្ឋ​​កាយ៉ា​​​ (Kayah)​​ ដោយ​​បញ្ជាក់​​​ហេតុផល​​ថា​ មាន​កងទ័ព​​តស៊ូ​ប្រឆាំង​​របប​សឹក​​ ​(KNDF)​ ​​កំពុង​លាក់​ខ្លួន​នៅ​ទីនោះ។ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ កើត​ឡើង​តាំង​​ពី​ម៉ោង​ ២រសៀល​ ដល់​ម៉ោង​ ៧​យប់​ថ្ងៃ​ទី​៩ ខែ​មករា ដែល​​​ផ្ទុយ​ពី​សេចក្តីថ្លែង​ការណ៍​រួម​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​របប​សឹក​លោក មីន អ៊ុងលាំង​ (Min Aung Hlaing) ទាំង​ស្រុង។

មន្ត្រី​បក្ស​ប្រឆាំង​ថា លោក​ ហ៊ុន សែន និង​មេដឹកនាំ​រដ្ឋ​ប្រហារ​​​ភូមា ដើរ​តាម​ខ្សែ​ញាក់​របស់​ចិន​ដូច​គ្នា ក្នុង​ទិសដៅ​ពង្រឹង​​​ឥទ្ធិពល​កុម្មុយនីស្ត​នៅ​អាស៊ី​អាគ្នេយ៍​ឡើងវិញ​។ អតីត​​​​អ្នក​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ងឹម ញ៉េង អះអាង​​ថា ​លោក ហ៊ុន សែន កំពុង​លេង​ល្បែង​​​​ភ្ជាប់​​​ខ្លួន​ឯង​ ទៅ​នឹង​​របប​សឹក​នៅ​​ភូមា​​​ ហើយ​លោក​ក៏​​​ដើរ​​​​​​​បញ្ចុះ​បញ្ចូល​​អន្តរជាតិ​ឲ្យ​ទទួល​​ស្គាល់​តាម​​លោក​ផង​​ដែរ​។

អតីត​តំណាង​រាស្ត្រ​រូប​នេះ ព្រមាន​ថា ​​រដ្ឋាភិបាល​ឯកបក្ស​នឹង​ត្រូវ​ជាប់​ឈ្មោះ​អាក្រក់​​ក្នុង​ប្រវត្តិ​សាស្ត្រ​អាស៊ាន​ បើ​នៅ​តែ​ហ៊ាន​​បន្ត​ដើរ​បញ្ច្រាស់​ទិស​តែ​ឯង ហើយ​​​​លូក​កាន់​តែ​ជ្រៅ​ទៅ​​​ក្នុង​ជម្លោះ​ផ្ទៃ​ក្នុង​​ប្រទេស​មីយ៉ាន់ម៉ា ​ត​ទៅ​​ទៀត​៖ «គ្មាន​ប្រទេស​ណា​មួយ គេ​គាំទ្រ​ការ​ដណ្ដើម​អំណាច​ដោយ​អំពើ​ហិង្សា​ទេ​អត់​មាន​ទេ​​គឺ​​មាន​តែ​ពួក​ផ្ដាច់​ការ​ដណ្ដើម​អំណាច​ដោយ​ហិង្សា​ដូច​គ្នា​ទេ ដែល​គាំទ្រ​គ្នា​។​ បើ​យើង​និយាយ​ឲ្យ​​ចំ​ ឲ្យ​ងាយ​​ស្ដាប់​ថា ​ក្រុម​ជន​ទុច្ចរិត​ដែល​បាន​អំណាច​ដោយ​ទុច្ចរិត​ គេ​គាំទ្រ​គ្នា​គេ»។

​​​​​​​​​​អាស៊ាន​បាន​ដាក់​លក្ខខណ្ឌ​គោលការណ៍​​ ​៥ចំណុច ​​​ឲ្យ​របប​សឹក​ភូមា​អនុវត្ត​​ទាំង​ស្រុង​ គឺ​​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ហើយ​គ្រប់​ភាគី​ត្រូវ​បង្កើន​ការ​អត់ធ្មត់​ ចាប់​ផ្ដើម​​សន្ទនា​​គ្នា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​​ដោយ​សន្តិវិធី​ ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​​​ដំណើរ​ការ​រៀបចំ​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខា​ធិការ​​អាស៊ាន​​ ​អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌ ​​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​​ នៅ​ប្រទេស​ភូមា ​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

ប៉ុន្តែ​មេ​ដឹកនាំ​របប​សឹក​ភូមា​លោក មីន អ៊ុង​លាំង (Min Aung Hlaing) មិន​​អនុវត្ត​ទេ​ និង​កំពុង​ប្រើប្រាស់​ហិង្សា​បាញ់​បង្ក្រាប​​ក្រុម​អ្នក​តវ៉ា ក្នុង​នោះ​មាន​ទាំង​កុមារ និង​ការ​ដុត​សម្លាប់​មនុស្ស​ទាំង​រស់​ផង​ដែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ កំពុង​ដាក់​ពាក្យ​ប្ដឹង​​​​លោក មីន អ៊ុងលាំង ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ហើយ​ទទូច​​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ ​(ICC) ​នៅ​​ទី​ក្រុង​ឡាអេ (Hague) ឱ្យ​បើក​ការ​ស៊ើបអង្កេត​​ជា​បន្ទាន់​។​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​កំពុង​ធ្វើ​យុទ្ធនាការ​​ទាមទារ​​តុលាការ​អន្តរជាតិ​ កាត់​ទោស​មេ​រដ្ឋ​ប្រហារ​​ដដែល​នេះ​ពី​បទ​ប្រល័យ​ពូជសាសន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ​(Rohingya) ​ផង​ដែរ៕

1 comment:

Anonymous said...

Ah Prett Hun Sen told Min Aung Hlaing that he had usurped the power successfully in Cambodia. Hun Sen wanted to show his tricks to win to his counterpart Dick Tator.

So far, his plan has fallen apart. Ah Prett Hun Sen did not know that Myanmar people are not chickened like Khmer people.

In addition, Myanmar does not have a master like Cambodia, which has the evil Vietnam as master.

Ah Lngi Lngeu Hun Sen should stop embarrassing himself in the world stage.