ដោយ មួង ណារ៉េត
2022-01-16
ក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ កំពុងជជែកតវ៉ារឿងអាជ្ញាធរឱ្យរុះរើស្លាកមួយកន្លែងនៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា បរិយាកាសនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តទៅនៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ មានការរឹតត្បិតសេរីភាពសម្ដែងមតិ និងការគំរាមកំហែងដល់សកម្មភាពរបស់គណបក្សនយោបាយជាដៃគូរប្រកួតប្រជែង។ ពួកគេយល់ថា បរិយាកាសបែបនេះ នឹងមានឥទ្ធិពលដល់លទ្ធផលការបោះឆ្នោតនៅពេលខាងមុខ។
អ្នកជំនាញខាងការបោះឆ្នោតរិះគន់ថា ប្រសិនបើរដ្ឋាភិបាលមិនឆាប់កែលំអបរិយាកាសនយោបាយ ដោយបើកទូលាយឱ្យគ្រប់គណបក្សនយោបាយអាចធ្វើសកម្មភាពដោយសេរីភាពនិងស្មើភាពគ្នាគ្រប់គណបក្សទេនោះ នឹងធ្វើឱ្យដំណើរការបោះឆ្នោតគ្មានសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ហើយគណបក្សខ្លះអាចនឹងមានការតវ៉ាពីលទ្ធផលបោះឆ្នោតនៅពេលខាងមុខ។
មន្ត្រីសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែមករាថា បរិយាកាសនយោបាយនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំនេះ ហាក់មិនសូវអំណោយផលនោះទេ ពីព្រោះលោកមើលឃើញថាអាជ្ញាធរនៅតាមមូលដ្ឋានរឹតត្បិតការជួបប្រជុំ និងរារាំងមិនឱ្យលើកស្លាកគណបក្សនយោបាយជាដើម។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរតែកែលំអបរិយាកាសនយោបាយចាប់តាំងពីពេលតទៅ ដើម្បីឱ្យគ្រប់គណបក្សអាចធ្វើសកម្មភាពដោយស្របតាមច្បាប់បានដោយសេរីភាព និងស្មើភាពគ្នាឡើងវិញ៖ «ជាពិសេសស្ថានភាពកូវីដនេះ វាគឺធ្វើឱ្យពិបាកក្នុងការប្រមូលផ្ដុំគ្នាថែមទៀត រួមទាំងទីកន្លែងខ្លះមានការរើសអើងផ្នែកនយោបាយដែលធ្វើឱ្យអ្នកគាំទ្រគណបក្សនយោបាយពិបាកក្នុងការប្រមូលផ្ដុំនិងការជជែកនិយាយជាមួយគ្នា។ ទាក់ទងនឹងការចោទប្រកាន់ការចាប់សកម្មជនគណបក្សនយោបាយក៏ជាផ្នែកមួយ ដែលធ្វើឱ្យបរិយាកាសហ្នឹងវាមិនល្អប្រសើរដែរ។ រដ្ឋាភិបាល គួរតែទម្លាក់ការចោទប្រកាន់រួមទាំងបើកសេរីភាពខាងនយោបាយនេះឱ្យដំណើរការទៅបានល្អប្រសើរ»។
ដោយឡែកប្រធានស្ដីទីគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា មានប្រសាសន៍ថា គណបក្សរបស់លោករងការគំរាមកំហែងជាច្រើនករណី មានជាអាទិ៍ អាជ្ញាធរបានចាប់សកម្មជនគណបក្សខ្លួនម្នាក់ នៅខេត្តឧត្ដរមានជ័យកាលពីពេលថ្មីៗនេះ ហើយមានជនមិនស្គាល់មុខបំផ្លាញស្លាកគណបក្សនៅខេត្តសៀមរាប និងការរារាំងសកម្មជនមិនឱ្យលើកស្លាកគណបក្សនៅខេត្តបន្ទាយមានជ័យ កំពត និងខេត្តត្បូងឃ្មុំជាដើម។ ជាងនេះទៅទៀត គណបក្សនេះពិបាករកជួលទីស្នាក់ការកណ្ដាលបក្សខេត្តដើម្បីធ្វើសកម្មភាពរបស់ខ្លួនឱ្យបានទូលំទូលាយនៅមុនពេលបោះឆ្នោតបានទេ ដោយម្ចាស់ផ្ទះខ្លះបានធ្វើកិច្ចសន្យាព្រមព្រៀងហើយ តែលុបចោលកិច្ចសន្យានោះវិញ ដោយសារមានការគំរាមកំហែងពីអាជ្ញាធរ។ លោកចាត់ទុកទង្វើបែបនេះថា ជាការគំរាមកំហែងបិទសិទ្ធិសេរីភាពផ្នែកនយោបាយ ដែលពិបាកដល់ការធ្វើសកម្មភាពនយោបាយ៖ «យើងឃើញហើយសកម្មភាពបច្ចុប្បន្ននេះបើសិនណាប្រមូលផ្ដុំធំវាអាចមនុស្សចូលដល់រាប់ពាន់រាប់ម៉ឺននាក់ហើយ ព្រោះមានសន្ទុះការគាំទ្រហ្នឹងយើងឃើញថា ខុសប្លែកពីមុនច្រើនណាស់។ អីចឹងយើងត្រូវការសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការជួបជុំ រួមទាំងសិទ្ធិក្នុងធ្វើបាតុកម្ម កូដកម្មអីទាំងអស់ដែលមានចែងក្នុងច្បាប់ដែលធានាដោយរដ្ឋធម្មនុញ្ញផង។ បើសិនណា វាចង្អៀតចង្អល់បរិយាកាសទាំងអស់ហ្នឹងលំហហ្នឹងវាចង្អៀតពេកអាហ្នឹងធ្វើឱ្យប្រជាធិបតេយ្យហ្នឹងកាន់តែរួញតូចហើយគណបក្សដែលចូលរួមការបោះឆ្នោតហ្នឹងក៏ពិបាកទទួលយកដែរ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផានប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់ទទួលព័ត៌មានជុំវិញបញ្ហានេះនៅឡើយទេ។ យ៉ាងណាលោកអះអាងថា គណបក្សនយោបាយមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របច្បាប់ បានដោយសេរី។ លោកណែនាំគណបក្សដែលមានបញ្ហាទាំងឡាយអាចប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យចាត់វិធានទៅលើជនប្រព្រឹត្តបាន៖ «បើសិនជាដឹងនៅមូលដ្ឋានណាពេលណា ហើយបក្សភ្លើងទៀនហ្នឹងមានក្រដាសស្នាមគ្រប់គ្រាន់ហើយឬនៅអីយ៉ាងម៉េច វាជារឿងទូទៅ។ ជាគោលការណ៍គ្មានអ្នកណាទៅបង្ក្រាបឬទៅប្រឆាំងរឿងការលើកស្លាកបក្សទេ ព្រោះជាការផ្ទុយហ្នឹងច្បាប់។ ដូច្នេះសូមឱ្យសារព័ត៌មានស្វែងរកភស្តុតាង ឱ្យបានច្បាស់ដើម្បីដាក់បន្ទុក»។
វិទ្យុអាស៊ីសេរីមិនទាចទាក់ទងមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៦ ខែមករា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណា នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សម គន្ធាមី កត់សំគាល់ថា បរិយាកាសនៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ ហាក់មិនអំណោយផលដូចកាលពីឆ្នាំ២០១៧នោះទេ។ មន្ត្រីជំនាញខាងឃ្លាំមើលការបោះឆ្នោតរូបនេះ បញ្ជាក់ថា បញ្ហាទាំងនោះរួមមាន ការរឹតត្បិតសេរីភាពការសម្ដែងមតិដោយសន្តិវិធី ការមិនចុះបញ្ជីគណបក្សនយោបាយដែលមាននិន្នាការផ្ទុយពីបក្សកាន់អំណាច និងការរំខានដល់ការលើកស្លាកគណបក្សជាដើម៖ «ដល់អីចឹងវាអត់សេរីភាពនិងយុត្តិធម៌ទេ ដល់រឹតត្បិតគេមិនឱ្យធ្វើសកម្មជននោះ។ ព្រោះវាប៉ះពាល់សេរីភាពការបោះឆ្នោត យើងចង់ឱ្យរដ្ឋាភិបាលបើកចំហបរិយាកាសនយោបាយ កុំឱ្យរឹតត្បិតដូចជាទម្លាក់ស្លាកបក្ស កុំឱ្យមានការគំរាមកំហែង យើងចង់ឱ្យមានការបើកទូលាយ»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។
កន្លងមកមានគណបក្សនយោបាយមួយចំនួន បានស្នើឲ្យកែប្រែសមាសភាព គ.ជ.ប ដែលមកពីគណបក្សកាន់អំណាចតែមួយ មិនអាចធ្វើឲ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បានឡើយ។ ពួកគាត់ព្រមានធ្វើពហិការ មិនចូលរួមការបោះឆ្នោត ប្រសិនបើ គ.ជ.ប មិនបានកែទម្រង់សមាសភាពនេះ។
ប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា និយាយថា ប្រសិនការបោះឆ្នោតនៅពេលខាងមុខមិនមានតម្លាភាពទេនោះគណបក្សលោកនឹងមិនទទួលស្គាល់ការបោះឆ្នោតនេះឡើយ៕
2 comments:
Will this party actually do something or just waste time like the CNRP? Remember when the CNRP was big is when they confronted the evil Yuon. You could even burn the evil Yuon's flag. They stop because of criticism. Now, they the CNRP are nothing but keep asking people to support them. Support them for what? If you want support you have to do something. Don't forget why the CNRP got popular. It is because they stood for something. They fought against the evil Yuon. Now they are a waste of time.
No surprise that an ignorant and violent person named Ah Chos Kauot Hun Sen became the leader of Cambodia by the evil expansionist Yuon Vietnam. His actions have been always dictated either by his master Yuon Vietnam or Chen because his head is filled with air, no brain.
Samdach Pouk Kanduoy Meh Vear. Sambor Khmer LeuKeu Nass in Cambodia. In the past, Ah Sdach Chkuot Sihanouk was Samdach Euv, now Ah asshole Hun Sen Samdach Pouk.
Post a Comment