ដោយ ខែ សុណង
2022-01-08
ប្រធានសហជីពក្រុមហ៊ុនណាហ្គា វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ។
Photo Courtesy
ប្រធានសហជីពក្រុមហ៊ុនណាហ្គា វើលដ៍ (Naga World) ជាស្ត្រីវ័យក្មេងកញ្ញា ឈឹម ស៊ីថរ ហ៊ានលះបង់សេរីភាពរបស់ខ្លួន ជាប់ពន្ធនាគារទាមទារឲ្យមានការដោះស្រាយវិវាទការងារ គោរពសិទ្ធិសហជីព និងមានយុត្តិធម៌នៅកន្លែងធ្វើការ។ នាងមានទឹកចិត្តមោះមុត ហ៊ានដឹកនាំកូដករទាមទារដំណោះស្រាយការងារ រហូតដល់អាជ្ញាធរចាប់ខ្លួនពីបទញុះញង់ បង្កភាពវឹកវរដល់សន្តិសុខសង្គម និងជាក្រុមមនុស្សបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល។
តើកញ្ញា ឈឹម ស៊ីថរ ជានរណា? នាងបានធ្វើអ្វីខ្លះ?
កញ្ញា ឈឹម ស៊ីថរ កាន់ក្បាលមេក្រូ ស្រែកក្នុងចំណោមអ្នកតវ៉ា ទៅកាន់ក្រុមហ៊ុនណាហ្គា វើលដ៍ ឲ្យចេញមកដោះស្រាយវិវាទការងារឲ្យពួកគេ។
រូបរាងតូចល្អិត សម្បុរស កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។ នាងបានតាំងចិត្តរួមសុខទុក្ខទាមទារដំណោះស្រាយការងារជាមួយកូដកររាប់ពាន់នាក់ ទៅបង្ហាញមុខនៅកន្លែងធ្វើកូដកម្ម គ្រាដែលថ្នាក់ដឹកនាំសហជីព និងសហការីជាច្រើននាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ បើទោះបីជានាងដឹងមុនថា អាជ្ញាធរប្រកាសស្វែងរកមុខនិងចាប់ខ្លួនក្ដី។
ទៅបំផុតទៅ កាលពីថ្ងៃទី៤ មករា នាងត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិលជាច្រើន មានមាឌធំៗ ឡោមព័ទ្ធចាប់ខ្លួនភ្លាមៗ នៅពេលនាងចុះពីរថយន្ត ដើរចូលទៅក្នុងហ្វូងកូដករទាមទារឲ្យក្រុមហ៊ុនណាហ្គា វើលដ៍ ដោះស្រាយវិវាទការងារ យកថ្នាក់ដឹកនាំសហជីពរួមទាំងបុគ្គលិកចំនួន ៣៦៥នាក់ ចូលធ្វើការវិញ និងបញ្ឈប់ការរើសអើងសហជីព។
មិនមែនជាការភ្ញាក់ផ្អើលសម្រាប់ កញ្ញា ឈឹម ស៊ីថរ ពេកទេ ព្រោះនាងបានសន្និដ្ឋានរួចហើយថា នឹងមានថ្ងៃនេះ គឺនាងនឹងជាប់ពន្ធនាគារ។ ស៊ីថរ បានត្រៀមខ្លួនរួចជាស្រេច។ នាងកាត់សក់ខ្លី ឈរថតរូបកាន់បដាតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនចាប់ខ្លួន ដោយសរសេរថា ខ្ញុំជាប់គុកដោយសារទាមទារឲ្យណាហ្គា វើលដ៍ គោរពសិទ្ធិសហជីព។
ព្រោះតែភាពអង់អាចក្លាហានរបស់ កញ្ញា ឈឹម ស៊ីថរ នេះហើយ ធ្វើឲ្យសាធារណជន អ្នកធ្វើការងារសង្គម អ្នកធ្វើការក្នុងវិស័យការងារ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិផង យល់ថា នេះជាការប្រើប្រាស់សិទ្ធិសេរីភាពនៃការជួបប្រជុំសម្ដែងមតិដោយសន្តិវិធី និងធានាដោយច្បាប់ មិនមែនជាបទល្មើសនោះទេ។
ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ មករា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនកូដករ សកម្មជនសហជីព និងថ្នាក់ដឹកនាំសហជីពសរុបចំនួន ២៩នាក់ ក្នុងនោះមានអ្នករត់ម៉ូតូកង់បី និងស្ត្រីមានផ្ទៃពោះផង។ ក្រោយមកសមត្ថកិច្ចបានដោះលែងមនុស្ស ២០នាក់វិញ ឲ្យធ្វើកិច្ចសន្យាឈប់ចូលរួមតវ៉ា និងខ្លះដាក់ឲ្យស្ថិតការត្រួតពិនិត្យរបស់តុលាការ។
ប៉ុន្តែកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព ៧នាក់ទៀត ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ចោទប្រកាន់ពួកគេពីបទញុះញង់។ មុនពេលចាប់ខ្លួន អាជ្ញាធរបានប្រកាសថា ពួកគេគឺជាមេខ្លោងកូដកម្មខុសច្បាប់ និងបានទទួលប្រាក់ឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពខុសច្បាប់។ ឯមន្ត្រីក្រសួងការងារ លោក ហេង សួរ បានចោទថា កូដកម្មនេះធ្វើឡើងដោយប្រើប្រាស់អនីតិជន ពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមការតវ៉ាអ្វីមួយ ជាតាក់ទិចមួយ ដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌នៅប្រទេសណាមួយ ហើយអ្នករៀបចំផែនការតែងតែបន់ស្រន់ឱ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនីតិជន ឬលើស្ត្រី ដើម្បីទាក់ទាញសមានចិត្ត និងបញ្ឆេះកំហឹងមហាជន។
បញ្ហានេះ នាំឱ្យសហគមន៍ជាតិអន្តរជាតិ ថ្កោលទោសអាជ្ញាធរកម្ពុជា ថាបានរំលោភសិទ្ធិមនុស្ស និងរំលោភសិទ្ធការងារធ្ងន់ធ្ងរ ដែលបញ្ហាគឺផ្ដើមចេញពីជម្លោះវិវាទការងាររវាងក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៍ និងក្រុមកម្មករនិយោជិត មិនត្រូវបានលើកមកដោះស្រាយ។ ប៉ុន្តែមន្ត្រីផ្នែកសិទ្ធិមនុស្សរដ្ឋាភិបាល ចាត់ទុកវិធានការរបស់អាជ្ញាធរ ថា ជាការអនុវត្តច្បាប់ត្រឹមត្រូវ។
ប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន យល់ថា ការដែលក្រសួងការងារអំពាវនាវឲ្យបុគ្គលិកណាហ្គាវើលដ៍ ទៅដោះស្រាយវិវាទ ក្រោយចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីពនោះ គឺជារឿងមិនសមហេតុផល ខណៈពួកគេធ្វើតាមនីតិវិធីជាង ៨ខែតែគ្មានដំណោះស្រាយ៖ «អ្វីដែលទើបតែចេញលិខិតកោះអញ្ជើញតំណាងទៅចរចា ឥឡូវនេះតំណាងរបស់ពួកគាត់ជាប់ពន្ធនាគារហើយ អ៊ីចឹងមានតែត្រូវដោះលែងពួកគាត់ ហៅពួកគាត់ទៅចរចាជជែកគ្នាទៅ រកដំណោះស្រាយទៅទើបជាការល្អប្រសើរ»។
កញ្ញា ស៊ីថរ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង ហើយបានមកធំធាត់ក្នុងក្រុងភ្នំពេញ នៅពេលឪពុកម្ដាយ ដែលជាអ្នករកស៊ីបានផ្លាស់ទីលំនៅចេញពីខេត្តព្រៃវែង។ ស៊ីថរធ្លាប់ជាសិស្សក្នុងថ្នាក់សិស្សពូកែផ្នែកគណិតវិទ្យានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ នាងបានអាហារូបករណ៍ផ្នែកសេដ្ឋកិច្ច និងព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាងចេះភាសាអង់គ្លេស និងចិន យ៉ាងស្ទាត់ជំនាញ និងចេះភាសាថៃអាចទំនាក់ទំនងបាន។
កញ្ញា ឈឹម ស៊ីថរ បានប្រឡូកការងារសហជីពដោយចាប់ផ្ដើមពីសមាជិកធម្មតានៅក្នុងឆ្នាំ២០០៧ គឺនៅមួយឆ្នាំក្រោយពេលនាងបានចូលធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍។
ស៊ីថរ ធ្លាប់ផ្ដល់សម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីថា នាងឈឺចាប់នៅពេលដែលនាងឃើញសហជីពជំនាន់មុននាងនៅក្រុមហ៊ុននេះ ត្រូវបញ្ឈប់ពីការងារទាំងគ្មានកំហុស នៅពេលពួកគេទាមទារលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិក។ ដោយមានចិត្តចង់ជួយបុគ្គលិកគ្នាឯង និងសង្កេតឃើញភាពអយុត្តិធម៌នេះ ទើបជំរុញទឹកចិត្តឱ្យនាងប្រឹងប្រែងក្នុងតួនាទីសហជីពនេះរហូតមក។
ភាពអយុត្តិធម៌នេះ បានធ្លាក់ដល់កញ្ញា ឈឹម ស៊ីថរ មែន។ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុនណាហ្គាវើលដ៏ បានសម្រេចព្យួរការងារកញ្ញា ឈឹម ស៊ីថរ ដែលកាលណោះនាងបានតាមសួរនាំហេតុផលរឿងសន្តិសុខក្រុមហ៊ុនឆែកកាបូបបុគ្គលិកម្នាក់ ហើយបានឃើញ និងដកហូតអាវយឺត ដែលមានសរសេរថា «ក្រុមហ៊ុនរីកចម្រើនបុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ»។ ក្រុមហ៊ុនចោទថា កញ្ញាជាមេខ្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។
ក្រោយក្រសួងការងារផ្សះផ្សាជាមួយតំណាងក្រុមហ៊ុន និងតំណាងសហជីព ក្រុមហ៊ុននេះមិនបានទទួលយក កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញឡើយ។
ក្រៅពីនេះ កញ្ញា ឈឹម ស៊ីថរ ក៏ធ្លាប់ជាប់បណ្ដឹងរដ្ឋប្បវេណីមួយនៅតុលាការ ដោយក្រុមហ៊ុនប្ដឹងទាមទារសំណងចំនួន ១លាន ៧សែនដុល្លារ ដោយសារតែការដឹកនាំធ្វើកូដកម្មនៅក្នុងឆ្នាំ២០១៣ ក្នុងយុទ្ធនាការទាមទារលក្ខខណ្ឌការងារ ជាពិសេស គឺទាមទារដំឡើងប្រាក់ឈ្នួលសមរម្យ។
ប៉ុណ្ណេះហើយ ស៊ីថរ មិនបានរាថយទេ!
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងថា អ្នកស្រីស្ញប់ស្ញែងចំពោះឆន្ទៈ និងការលះបង់សេរីភាពរបស់កញ្ញា ឈឹម ស៊ីថរ នៅពេលនេះ។ អ្នកស្រី អ៊ូ ទេពផល្លីន ដែលជាដៃគូការងារ ជារៀមច្បង និងជាមិត្តភ័ក្ដិជិតដិតជាមួយកញ្ញា ឈឹម ស៊ីថរ សង្កេតឃើញថា ស៊ីថរ គឺជាមនុស្សមានទឹកចិត្តមុតស្រួច ម៉ឺងមាត់ និងមានការប្ដេជ្ញាចិត្តខ្ពស់ ហើយឈឺឆ្អាលបញ្ហាសង្គម មិនដែលត្អូញត្អែរ ធ្វើការងារដោយស្ម័គ្រចិត្តគ្មានប្រាក់ខែឡើយ៖ «គាត់យល់ថាការងារសហជីពមួយគត់ ជាការងារដែលបានធ្វើបុណ្យជាមួយមនុស្សរស់ ទាមទារអត្ថប្រយោជន៍ពីថៅកែអីហ្នឹង បានប្រយោជន៍ពីកម្មករនិយោជិកហើយមនុស្សទាំងអស់ហ្នឹងគឺ សមទទួលបានអ្វីដែលពួកគាត់ប្រឹងប្រែង។ ទៅណាក៏ដោយស៊ីថរ អត់ដែលបំភ្លេចចោលនិយាយរឿងសង្គមទេ ទោះជាឥឡូវយើងគិតថា ជាពេលឈប់សម្រាកយើងអត់ចង់និយាយរឿងណាដែលធ្វើឲ្យតានតឹងអារម្មណ៍ និងផ្លូវចិត្តទេ ប៉ុន្តែស៊ីថរ នៅតែនិយាយរហូត។ ទៅដល់ខេត្តណា កន្លែងណា តែងមើលឃើញទុក្ខលំបាកប្រជាពលរដ្ឋទូទៅដោយសារតែអយុត្តិធម៌សង្គម ធ្វើឲ្យក្មេងៗបាត់បង់ការសិក្សា ធ្វើឲ្យមនុស្សគេងនៅតាមផ្លូវ និងអយុត្តិធម៌សង្គម ដោយសារតែប្រជាពលរដ្ឋគ្មានអំណាច ហើយយករស់រៀងៗខ្លួន អ៊ីចឹងបានគាត់យល់ឃើញថា ការធ្វើការងារសហជីពនេះ ជារឿងមួយដែលយើងទាំងអស់គ្នាគួរដណ្ដើមគ្នាធ្វើ»។
រីឯបងប្រុសកញ្ញា ឈឹម ស៊ីថរ គឺលោក ឈឹម យៀក អះអាងថា លោកជាអ្នកផ្គត់ផ្គង់ឲ្យស៊ីថរ បានរៀនសូត្ររហូតមក ក្នុងចំណោមសមាជិកក្នុងគ្រួសារស៊ីថរ បានរៀនសូត្រខ្ពង់ខ្ពស់ ហើយនាងមានភាពអំណត់ជាងគេ។ លោកថា ស៊ីថរ អាយុ៣៧ ឆ្នាំហើយ នាងមិនដែលនឹកភ្នកចង់បានរកគូស្រករឡើយ នាងស្រលាញ់តែការងារសង្គមរហូតដល់ជាប់ពន្ធនាគារ។ ប៉ុន្តែលោកមានមោទនភាពចំពោះប្អូនស្រី ដែលជាមនុស្សស្រលាញ់ភាពត្រឹមត្រូវ និងយុត្តិធម៌៖ «ខ្ញុំសប្បាយចិត្តមួយដែលគាត់ហ៊ានលះបង់សម្រាប់ក្រុមការងាររបស់គាត់ គាត់ស្រលាញ់បុគ្គលិករបស់គាត់ ក្រុមការងាររបស់គាត់ ដែលគាត់ខំតស៊ូមតិ ដើម្បីឆ្នាំងបាយក្រុមហ៊ុនរបស់គាត់ទេ។ ខ្ញុំមានមោទនភាពដែរ ដែលប្អូនតស៊ូសម្រាប់ការងាររបស់គាត់ ហើយបង្វែរគាត់ទៅជារឿងផ្សេងខ្ញុំអត់សូវសប្បាយចិត្តទេ»។
ណាហ្គា វើលដ៍ ជាក្រុមហ៊ុន ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ដែលរកប្រាក់ចំណេញបានច្រើនបំផុត។ ក្រុមហ៊ុននេះ មានមណ្ឌលកម្សាន្ត សណ្ឋាគារ និងកាស៊ីណូ ឬបនល្បែង ដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីរយៈពេល ៧០ឆ្នាំនៅកម្ពុជា។ នៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទ ដែលបែកធ្លាយកាលពីឆ្នាំ២០១៧ បង្ហាញថា ម្ចាស់កាស៊ីណូណាហ្គា មានទំនាក់ទំនងជាមួយភរិយា និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោក សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ កូនៗ លោក ហ៊ុន សែន ទាំង ៤នាក់ ដែលសារបែកធ្លាយបង្ហាញថា មានទំនាក់ទំនងជាមួយថៅកែ ណាហ្គា រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា។
នៅក្នុងប្រវត្តិនៃការទាមទាររបស់សហជីពនៅក្រុមហ៊ុនដ៏មានឥទ្ធិពលនេះ ថ្នាក់ដឹកនាំសហជីពតែងត្រូវរងការធ្វើទុក្ខបុកម្នេញដោយការព្យួរការងារ ជាប់បណ្ដឹងតុលាការ និងចុងក្រោយគឺបណ្ដេញចេញពីការងារ។
ករណីនេះ ស៊ីថរ ធ្លាប់បានអះអាងថា នាងបានត្រៀមខ្លួនទុកជាមុនរួចហើយថា នាងនឹងជួបរឿងរ៉ាវទាំងនេះ នៅពេលដែលសេរីភាពសហជីពនៅកម្ពុជា មិនត្រូវបានធានាឱ្យពេញលេញនៅឡើយ។
កញ្ញាបន្តថា ក្នុងនាមសហជីព ការពារប្រយោជន៍បុគ្គលិកនាងមិនរាថយឡើយ គឺថែមទាំងចង់បង្ហាញ ទៅមនុស្សជំនាន់ក្រោយថា ត្រូវរឹងមាំប្រឈមមុខនឹងបញ្ហា ដែលកើតឡើងនៅក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីការពារយុត្តិធម៌។ នាងថា មានតែអ្នកដែលរងភាពអយុត្តិធម៌ទេដែលយល់ច្បាស់។ កញ្ញា ស៊ីថរ តែងបណ្ដុះគំនិត ឲ្យសមាជិកសហជីពចេះឈឺឆ្អាល និងរួមគ្នាការពារសិទ្ធិ និងប្រឆាំងភាពអយុត្តិធម៌ កុំចាំតែដល់ភាពរងគ្រោះធ្លាក់មកដល់ខ្លួនទើបងើបឡើងគឺយឺតពេលទៅហើយ៖ «យើងរស់នៅក្បែរគាត់ដែរ តើនៅពេលដែលភ្លើងឆេះផ្ទះក្រុមការងារយើងអស់ហើយ បន្ទាប់មកឆេះផ្ទះនរណាគេ? ផ្ទះយើងហ្នឹងឯង។ ដូច្នេះហើយយើងត្រូវការពារសិទ្ធិ ការពារប្រយោជន៍និងការពាររកយុត្តិធម៌ឲ្យពួកយើងទាំងអស់គ្នាហ្នឹងឯង»។
កញ្ញាឈឹម ស៊ីថរ បានផ្ដល់សម្ភាសន៍មុនពេលអាជ្ញាធរចាប់ខ្លួនថា ដើម្បីបញ្ឈប់ការតវ៉ាពេលនេះ លុះត្រាតែដោះលែងថ្នាក់ដឹកនាំសហជីព ទម្លាក់ចោលរាល់ការចោទប្រកាន់លើពួកគេ ឈប់រើសអើងសហជីព ហើយភាគីក្រុមហ៊ុនត្រូវចូលតុចរចាជាមួយសហជីពប្រកបដោយភាពស្មោះត្រង់៕
1 comment:
Ms. Chhim Sithor,
Your aspiration to fight for social justice will have a lasting positive impact on Khmer morale to follow your footsteps.
This Yuon's slave regime of Hun Sen has suppressed and persecuted so many Khmers innocent to please its masters Yuon and Chen.
Khmer people in general totally support your noble efforts for this necessary struggle.
93 Years Old Woman
Post a Comment