ដោយ ខែ សុណង
2022-01-08
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូបហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកជំនាញកិច្ចការនយោបាយ និងបក្សប្រឆាំងថា ការសន្យាពីភាគីរដ្ឋប្រហារយោធារបស់លោក មីន អ៊ុងលាំង មិនទាន់អាចដោះស្រាយ និងបញ្ចប់ជម្លោះនយោបាយនៅភូមាស្របតាមការចង់បានពីគ្រប់ភាគីនោះទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីមេដឹកនាំយោធាភូមាបានសន្យាជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមករា ថា ពួកគេនឹងគោរពគោលការណ៍ឯកភាពប្រាំចំណុចរបស់អាស៊ានដោយអនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅជជែកចរចាជាមួយភាគីជម្លោះទាំងអស់។
អ្នកជំនាញកិច្ចការនយោបាយ និងបក្សប្រឆាំងមិនទាន់ជឿជាក់ថា រដ្ឋាភិបាលយោធារបស់លោក មីន អ៊ុងលាំង អាចងាកមករកដំណោះស្រាយ និងបញ្ចប់ជម្លោះនយោបាយ ដើម្បីឱ្យប្រទេសភូមាវិលមកដើរតាមផ្លូវប្រជាធិបតេយ្យវិញបាននៅឡើយទេ ទោះជាមានការសន្យាលើចំនុចមួយចំនួនក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា អ្វីដែលសំខាន់ថាតើមេដឹកនាំយោធាភូមានឹងអនុវត្តតាមការកិច្ចសន្យារបស់ខ្លួនឬយ៉ាងណា ព្រោះកន្លងមកពួកគេមិនអនុវត្តតាមគោលការណ៍ឯកភាព ៥ចំណុចរបស់អាស៊ាននោះទេ ខណៈពលរដ្ឋភូមា និងសហគមន៍អន្តរជាតិបន្តថ្កោលទោសនិងមិនទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីរដ្ឋប្រហារនោះឡើយ ។ លោក ឯម សុវណ្ណារ៉ា យល់ថា ការដោះស្រាយវិបត្តិនៅភូមាដែលធ្វើឱ្យសហគមន៍អន្តរជាតិអាចជឿទុកចិត្តបាន លុះត្រាតែរដ្ឋាភិបាលកម្ពុជាមានយន្តការច្បាស់លាស់ក្នុងការជំរុញឱ្យមានការចរចារវាងភាគីរដ្ឋាភិបាលយោធានិងរដ្ឋាភិបាលស្រមោលរបស់ក្រុមអ្នកស្រី អ៊ុង សានសូជី (Aung San Suu Kyi) ជាមុនសិន៖ «ដំណើរការនយោបាយដែលចេញហ្នឹងជានយោបាយអូសក្រឡា អូលពេលវេលាដែលសម្រេចម្តងមួយជំហ៊ានៗ មិនផ្តល់ផលវិជ្ជមានទាំងស្រុងដល់ភូមានោះទេ វាទាមទារឱ្យមានការខិតខំ រិះរក ឬការប្ដេជ្ញាចិត្តដើម្បីឱ្យមានការចរចាឱ្យបានលឿន ខ្ញុំគិតថាវាអាចកាត់បន្ថយរងការរិះគន់ពីអន្តរជាតិបាន»។
ស្រដៀងគ្នានេះដែរ អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថាដំណើរការទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាលទ្ធផលវិជ្ជមានមួយ ដើម្បីបើកផ្លូវស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅភូមា។ ប៉ុន្តែលោកថាកម្ពុជាត្រូវធ្វើយ៉ាងណាជំរុញឱ្យមេដឹកនាំយោធាភូមាអនុវត្តតាមគោលការណ៍ប្រាំចំណុចរបស់រដ្ឋសមាជិកអាស៊ានឱ្យបានត្រឹមត្រូវ ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាក្នុងនាមប្រធានប្តូរវេនរបស់អាស៊ានត្រូវតែស្វែងរកមធ្យោបាយណាមួយជួបជាមួយភាគីទាំងអស់ជាពិសេសភាគីអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ទើបអាចបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ាបានជោគជ័យ៖ «ឈានដើម្បីដោះស្រាយបញ្ហាហ្នឹងលុះត្រាតែជួបមេទ័ពភូមាហ្នឹងដើម្បីដោះស្រាយបញ្ហាហ្នឹងបាន ប៉ុន្តែចង់មិនចង់ដំណើរទស្សនកិច្ចរបស់កម្ពុជាហ្នឹង វាផ្តល់មន្ទិលសង្ស័យច្រើន ឬក៏វាផ្តល់រូបភាពវិជ្ជមានផងដែរសម្រាប់ពួកយោធា តែអ្វីដែលកម្ពុជាគួរធ្វើបន្តទៀតគឺធ្វើយ៉ាងណាកុំឱ្យពួកយោធាហ្នឹងមិនអនុវត្តនូវអ្វីជាសេចក្តីសម្រេចរបស់ខ្លួន ហើយមួយទៀតព្យាយាមដោះស្រាយបញ្ហាហ្នឹងជាមួយភាគពាក់ព័ន្ធទាំងអស់ ជាពិសេសមានការឯកភាពបណ្តាប្រទេសអាស៊ាន»។
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានជួយមួយមេដឹកនាំរដ្ឋប្រហារយោធាភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) កាលពីថ្ងៃទី៧ ខែមករា ដោយក្នុងជំនួបនោះមេដឹកនាំរដ្ឋប្រហារភូមាប្តេជ្ញាចិត្តយល់ព្រមអនុវត្តតាមគោលការណ៍៥ចំណុចរបស់អាស៊ាន ក្នុងនោះ រួមមានការពន្យារពេលឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច រហូតដល់ចុងឆ្នាំ២០២២ និងអនុញ្ញាតឲ្យមានការជួបពិភាក្សាគ្នា ជាមួយក្រុមភាគីពាក់ព័ន្ធទាំងអស់ ក្នុងប្រទេសភូមា។ ទន្ទឹមនឹងនេះមេដឹកនាំយោធាស្វាគមន៍រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានសន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេសនេះ ដើម្បីបំពេញតួនាទីរបស់ខ្លួនចំពោះគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលបានដាក់ចេញ ក្នុងជំនួបកំពូលពិសេសកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវិលមកដល់កម្ពុជាវិញហើយនៅថ្ងៃទី៨ ខែមករា។ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន បានធ្វើសន្និសីទសារព័ត៌មានដោយបញ្ជាក់ថា មេដឹកនាំយោធាភូមាបានគាំទ្រ និងអនុញ្ញាតឱ្យប្រេសិតពិសេសអាចបំពេញតួនាទីក្នុងអាណត្តិរបស់ខ្លួនដូចមានចែងក្នុងកិច្ចព្រមព្រៀងរបស់ប្រទេសសមាជិកអាស៊ានដោយអាចជួបជាមួយភាគីទាំងអស់។ លោក ប្រាក់ សុខុន រំពឹងថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះនឹងឈានដល់ការជជែក និងចរចាជាមួយភាគីទាំងអស់ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា៖ «ប្រសាសន៍របស់សម្តេចសង្កត់ធ្ងន់នៅពេលនោះគឺថាសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនជាគ្មានការចូលរួម ការគាំទ្រ ការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហេតុនេះហើយទើបមានការធានាអះអាងពីឧត្តមសេនីយ៍ មីន អ៊ុងលាំង ថាលោកគាំទ្រ និងធ្វើយ៉ាងមិចសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសទៅមីយ៉ាន់ម៉ាបានទៅជួបពីគ្រប់ភាគពាក់ព័ន្ធទាំងអស់»។
ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ថ្លែងថាលោកមិនជឿថាមេដឹកនាំរដ្ឋប្រហារយោធាដែលទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មានចេតនាពិតប្រាកដក្នុងការគោរពតាមគោលការណ៍ឯកភាពប្រាំចំណុចរបស់ប្រទេសអាស៊ាននោះឡើយ។ លោកយល់ថា មេដឹកនាំផ្ដាច់ការយោធាភូមា នឹងរកវិធីគ្រាញអំណាចដូចលោក ហ៊ុន សែន ដែរ៖ «លោក ហ៊ុន សែន ត្រូវតែស្តាប់យោបល់ប្រជាពលរដ្ឋភូមាភាគច្រើនពួកគេចង់បានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សពិតប្រាកដនៅប្រទេសភូមាហ្នឹង ត្រូវស្តាប់ឆន្ទៈប្រជាពលរដ្ឋភូមាគេចង់បានអី។ លោក ហ៊ុន សែន ទៅជួបមេដឹកនាំផ្តាច់ការដែលគ្មាននរណាចង់ជួប ដែលគ្មាននរណាចង់និយាយរក ចង់ដាក់ទណ្ឌកម្មបន្ថែមទៀតហ្នឹង គាត់ចង់ផ្តល់ភាពស្របច្បាប់ឱ្យមេដឹកនាំផ្ដាច់ការនៅភូមាហ្នឹង»។
ចាប់តាំងពីខែកុម្ភៈរហូតដល់ដើមខែមករា ឆ្នាំ២០២២ យ៉ាងហោចណាស់មានពលរដ្ឋភូមាជាង ១ពាន់៤រយនាក់ (១.៤០០) ក្នុងនោះរួមទាំងកុមារយ៉ាងហោចណាស់១០០នាក់ផងដែរត្រូវបានគេសម្លាប់ ហើយមនុស្សជាង ១ម៉ឺន ១ពាន់នាក់ទៀត (១១.៣០០) ត្រូវបានចាប់ខ្លួន និងរត់ចោលផ្ទះសម្បែង ដោយសារការវាយប្រហារក្នុងថ្លុកឈាមរបស់កងកម្លាំងសន្តិសុខ និងយោធាក្រោមបញ្ជាការរបស់លោក មីន អ៊ុងលាំង។ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សនៅប្រទេសភូមាបានប្ដឹងមេដឹកនាំរដ្ឋប្រហារខុសច្បាប់រូបនេះពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» និងទទូចដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ (Hague) ឱ្យបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មមួយនេះ៕
1 comment:
The Cyclops Hun Sen who has suppressed Khmer people at will in order to please his master Yuon in exchange for his stay in power, erroneously thought that he was a genius at solving the conflicts in Cambodia.
So, he brought his dumb idea to Myanmar. But such idea has fallen apart once he landed his terrorized foots in Myanmar.
I am wondering when will this Hun family go to hell?
Post a Comment