ដោយ សន ចាន់រដ្ឋា
2022-01-10
បុគ្គលិកណាហ្គាវើលដ៍ម្នាក់លើកបដាដែលមានរូបគំនូររបស់តំណាងសហជីព ៨ នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរ នៅមុខក្រសួងការងារ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
រូប៖ គេផ្ដល់ឱ្យ
ក្រុមកម្មករណាហ្គាវើលដ៍ប្រមាណ២០នាក់ ដាក់លិខិតឆ្លើយបំភ្លឺនៅក្រសួងការងារ ទាក់ទងសារអំពាវនាវរបស់ក្រសួងកាលពីពេលថ្មីៗនេះ ឲ្យពួកគាត់ទៅផ្ទៀងផ្ទាត់ប្រាក់សំណងឡើងវិញ ក្រោយពីរកឃើញថា ក្រុមហ៊ុនបានទូទាត់ប្រាក់មិនត្រឹមត្រូវ តាមច្បាប់ស្ដីពីការងារ។ សង្គមស៊ីវិលយល់ថា ដំណោះស្រាយដែលផ្ដល់ដោយក្រសួងការងារនេះ គឺមិនអាចបិទបញ្ចប់វិវាទការងារនេះបានទេ ខណៈដែលកម្មករទាមទារឲ្យតុលាការដោះលែងតំណាងពួកគាត់ ហើយក្រុមហ៊ុនត្រូវទទួលស្គាល់វត្តមានសហជីពនៅកន្លែងធ្វើការឡើងវិញ។
ក្រុមកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) លើកឡើងថា ការជួបចរចាដោះស្រាយការងារនៅក្រសួងការងារអាចធ្វើទៅបាន លុះត្រាតែតុលាការដោះលែងតំណាងសហជីព ៨ នាក់ ដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញសិន ព្រោះកម្មករជាង៣រយនាក់ ដែលត្រូវក្រុមហ៊ុនកាត់ឈ្មោះនោះ បានប្រគល់សិទ្ធិជូនសហជីពជាអ្នកដោះស្រាយ។
បុគ្គលិកម្នាក់ធ្វើការ ៨ ឆ្នាំ ផ្នែកចែកបៀរការ ដែលមានឈ្មោះកាត់ពីក្រុមហ៊ុន គឺកញ្ញា ម៉ែន សុធីវឌ្ឍនៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែមករាថា តំណាងពួកគាត់បានទាមទារឲ្យក្រសួងបង្ហាញរូបមន្តគណនាប្រាក់សំណងឲ្យត្រឹមត្រូវតាមច្បាប់ ប៉ុន្តែក្រសួងមិនព្រម ក្នុងពេលចរចាអស់៣លើកជាមួយក្រុមហ៊ុននៅក្រសួងការងារ មុនពេលចាប់ខ្លួនថ្នាក់ដឹកនាំសហជីព។ កញ្ញាបន្តទៀតថា ក្រោយមានការចាប់ឃុំតំណាងសហជីព ៨ នាក់ដាក់ពន្ធនាគារ បែរជាក្រសួងការងារប្រកាសថា ការទូទាត់ប្រាក់សំណងដោយក្រុមហ៊ុនកន្លងមកនោះ គឺមិនត្រឹមត្រូវតាមច្បាប់ទៅវិញ។
កញ្ញាបញ្ជាក់ថា ការផ្ដល់ដំណោះស្រាយបែបនេះ គឺមិនអាចធ្វើឲ្យកម្មកររំសាយការធ្វើកូដកម្មបានទេ ខណៈតំណាងពួកគាត់ដែលចរចារឿងនេះ នៅមិនទាន់ត្រូវបានដោះលែងនៅឡើយ។ បុគ្គលិកវ័យ ៣០ ឆ្នាំ រូបនេះយល់ថា នេះគឺបង្ហាញឲ្យឃើញចេតនារបស់ក្រុមហ៊ុន ដែលចង់រំលាយសហជីពចេញពីកន្លែងធ្វើការយ៉ាងពិតប្រាកដ៖ «ពួកខ្ញុំយល់ថា វាដូចជាអស់សំណើចពេកហើយ នៅពេលតំណាងពួកខ្ញុំនៅគាត់អត់ព្យាយាមចរចាទេ។ រហូតដល់ចាប់ខ្លួនទៅបាត់ហើយ បានគាត់គិតថា ក្រុមហ៊ុនទូទាត់អត់ត្រូវបានលក្ខខណ្ឌការងារ ឲ្យចូលតុចរចា។ ពួកខ្ញុំត្រូវបាត់បង់តំណាងដូចយើងនិយាយមិញថា បាត់បង់ម្ដាយពីផ្ទះហើយយើងទៅទូទាត់អីគេវិញ។ ជំហរពួកយើងគឺនៅដដែល។ គឺយើងអត់មានតំណាងថ្មីទេ។ ឲ្យគាត់ដោះលែងតំណាងយើង៨រូប ចូលតុចរចាពីបញ្ហារបស់ពួកយើង ដើម្បីបញ្ចប់វិវាទហ្នឹង»។
ទន្ទឹមគ្នានឹងក្រុមកម្មករធ្វើសន្និសីទកាសែតនិងដាក់ញត្តិជូនក្រសួងការងារនោះ តំណាងក្រសួងការងារដែលទទួលបន្ទុកដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញាលោក អ៊ូ រតនា ចេញមកជួបក្រុមកម្មករណាហ្គាវើលដ៍ ដោយព្យាយាមអញ្ជើញពួកគេចូលទៅពិភាក្សាគ្នានៅក្នុងក្រសួង ប៉ុន្តែពួកគាត់បដិសេធ ដោយសារតំណាងពួកគាត់កំពុងជាប់ឃុំ៖ «យើងដោះស្រាយជាមួយគ្នា យើងចូលតុជាមួយគ្នា។ ការដោះស្រាយ គឺការអង្គុយជួបជុំមុខគ្នា មិនមែននៅអ៊ីចឹងទេ! ចាស៎ ពូ!ទាល់តែមានតំណាងខ្ញុំ៨រូប បានអាចចូលតុចរចាបាន។ បើមិនមានអ្នកទាំង៨រូបនេះ គឺមិនអាចចូលតុចរចាបានដាច់ខាត»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីលោក អ៊ូ រតនា បានទេ នៅថ្ងៃទី១០ មករា ដោយហៅទូរស័ព្ទចូល តែលោកប្រាប់ជាប់រវល់ប្រជុំ។
ទាក់ទងនឹងរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិមនុស្ស និងការងារលោក ឃុន ថារ៉ូ មានប្រសាសន៍ថា ប្រសិនបើក្រសួងការងារដោះស្រាយរឿងប្រាក់សំណងត្រឹមត្រូវ ឲ្យកម្មករនិយោជិតជាង៧០នាក់ដែលស្ម័គ្រចិត្តទទួលយក ក្នុងពេលចរចាជាមួយតំណាងសហជីពកាលពីកន្លងមក ហើយបន្តសម្របសម្រួលជាមួយក្រុមហ៊ុនឲ្យកម្មករសល់ជិត៣រយនាក់ឲ្យធ្វើការវិញ ប្រហែលជាវិវាទនេះត្រូវបានបញ្ចប់អស់ហើយ។ ប៉ុន្តែរឿងនេះ បែរជាត្រូវអូសបន្លាយពេលវេលា រហូតដល់មានការចាប់ឃុំខ្លួនថ្នាក់ដឹកនាំសហជីព ដែលនាំឲ្យបញ្ហានេះកាន់តែស្មុគស្មាញ។
លោកយល់ថា គន្លឹះដែលអាចបញ្ចប់វិវាទនេះ ក្រសួងការងារបញ្ជាក់ជំហរច្បាស់លាស់ប្រាប់ទៅក្រុមកម្មករនិយោជិតដែលធ្វើការតវ៉ា ថាក្រសួងនឹងសម្របសម្រួលវិវាទនេះ ដោយធ្វើយ៉ាងណាឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលថ្នាក់ដឹកនាំ និងប្រតិភូសហជីពចូលធ្វើការងារវិញ៖ «ខ្ញុំមើលឃើញថា ក្រសួងការងារ គាត់នៅតែមានចេតនាបំភ័ន្តឲ្យមានការយល់ច្រឡំនូវកម្មវត្ថុនៃការទាមទាររបស់បុគ្គលិកកម្មករនិយោជិត ដោយញែកនូវចំណុចដែលគាត់ទាមទារហ្នឹង ផ្សេងដោយឡែកៗពីគ្នា ដោយមិនគិតជាវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គានេះ។ រឿងហ្នឹង វានៅតែដោះមិនចេញអ៊ីចឹង។ ក្រសួងការងារ គាត់ត្រូវឲ្យបានច្បាស់។ គាត់ត្រូវឆ្លើយតបរៀបម៉េច ទៅហ្នឹងការទាមទាររបស់សហជីព ក្នុងទទួលយកថ្នាក់ដឹកនាំសហជីពរបស់គាត់ចូលធ្វើការងារវិញ។ អាហ្នឹង ជាចំណុចគន្លឹះ ប៉ុន្តែក្រសួងអត់ឆ្លើយតបទេ។ គឺឆ្លើយតបរឿងការគណនាឲ្យបានត្រឹមត្រូវ។ អ៊ីចឹង! ខ្ញុំគិតថា វានៅតែជាប់គាំងអ៊ីចឹង ហើយបញ្ញាហ្នឹងមិនអាចដោះស្រាយបានទេ»។
គិតមកដល់ពេលនេះ អស់រយៈពេល ២៣ ថ្ងៃហើយ ដែលក្រុមកម្មករកាស៊ីណូណាហ្គាវើលដ៍ នៅបន្តធ្វើកូដកម្មដោយសន្តិវិធី។ ពួកគាត់អះអាងថា នឹងបន្តការតវ៉ានេះ រហូតដល់មានការដោះលែងតំណាងពួកគេត្រឡប់មកវិញ ហើយក្រុមហ៊ុនត្រូវទទួលយកកម្មករជាង៣រយនាក់ចូលធ្វើការវិញ។ ស្របគ្នានេះ កម្មករណាហ្គាវើលដ៍ដែលមិនមានឈ្មោះកាត់ចេញពីក្រុមហ៊ុន នាំគ្នាធ្វើយុទ្ធនាការបង្ហោះប័ណ្ណការងាររបស់ពួកគេតាមបណ្ដាញសង្គមហ្វេសប៊ុក អមដោយសារទាមទារឲ្យមានការដោះលែងតំណាងសហជីព ៨ នាក់ត្រឡប់មកវិញ ដើម្បីវិលចូលតុចរចាដោះស្រាយបញ្ចប់វិវាទការងារមួយនេះ៕
1 comment:
You lost your land and your jobs. Khmers were stupid to trade land for jobs now have neither. It is just a matter of time before Khmers lose everything to the evil Yuon and chinese.
Post a Comment