ដោយ មួង ណារ៉េត
2022-01-02
(ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត។
រូប៖ AFP
តំណាងគណបក្សកាន់អំណាចឱ្យដឹងថា គណៈរដ្ឋមន្ត្រីបម្រុងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយកាលពីពេលថ្មីៗនេះ គឺជាសមាសភាពរដ្ឋាភិបាលនៅពេលដែលលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី។ អ្នកវិភាគនយោបាយយល់ថា ការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត អាចកើតមានក្រោយការបោះឆ្នោតឆ្នាំ ២០២៣។
កូនចៅប្រជាពលរដ្ឋខ្មែរទូទៅទំនងជាគ្មានឱកាសបានក្លាយថ្នាក់ដឹកនាំរដ្ឋាភិបាលនោះទេ ពីព្រោះគណៈរដ្ឋមន្ត្រីបម្រុងដែលគណបក្សកាន់អំណាចបានរៀបចំនោះ សុទ្ធសឹងតែជាកូនចៅរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវអមកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ពេលធ្វើជានាយករដ្ឋមន្ត្រី។
មន្ត្រីជាន់ខ្ពស់ និងអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែមករាថា សមាជិកគណៈរដ្ឋមន្ត្រីបម្រុង គឺជាកូនចៅរបស់មន្ត្រីជំនាន់មុននៃគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបម្រុងនោះ ជាគណៈរដ្ឋមន្ត្រីដែលនឹងត្រូវដឹកនាំប្រទេសនៅពេលដែលលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា សុខ ឥសាន បញ្ជាក់ថា លោកមិនទាន់ដឹងថា គណៈរដ្ឋមន្ត្រីបម្រុងនោះមានសមាជិកប៉ុន្មាននាក់ ហើយជាអ្នកណាខ្លះនោះទេ ព្រោះនេះជាសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំកំពូលរបស់បក្ស៖ «សមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលជាយុវជនជំនាន់ក្រោយបន្តវេនពីអ្នកជំនាន់ចាស់មក គឺនឹងបង្ហាញនៅពេលគ.ជ.បបានប្រកាសលទ្ធផលបោះឆ្នោត។ យើងមិនដឹងថា ឆ្នាំ២០២៣ ឬ២០២៨ទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយព័ត៌មានស្ដីពីការបង្កើតគណៈរដ្ឋមន្ត្រីបម្រុងនេះកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយអះអាងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានសម្រេចលើបញ្ជីឈ្មោះនោះរួចហើយ។ ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីបម្រុងនេះឡើយ ហើយលោកបញ្ជាក់ទៀតថា គណៈរដ្ឋមន្ត្រីបម្រុងនេះក៏មិនមែនសម្រាប់ឆ្នាំ២០២៣ ដែរ តែសម្រាប់ពេលអនាគត៖ «គណៈរដ្ឋមន្ត្រីថ្មីមួយត្រូវបានរៀបចំត្រៀមរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ។ ផ្តាំទៅអ្នកឯងទៅ (អ្នករិះគន់)! ហើយពិនិត្យក្នុងគណៈរដ្ឋមន្ត្រីហ្នឹង បណ្ឌិតជិតពាក់កណ្តាល ក្រៅពីនោះអនុបណ្ឌិត ហើយសាកល្បងមើលទៅជាមួយនឹងធនធានមនុស្សរបស់គណបក្សប្រជាជន។ អាយុជាស្តង់ដារ គឺថា ក្រោម៦០ (ឆ្នាំ)ពួកយើងដល់ពេលហ្នឹង គេហៅថាពួក U70 (អាយុក្រោម៧០ ឆ្នាំ) និង U80 (អាយុក្រោម៨០ឆ្នាំ) នាំគ្នាដើរចេញទៅ»។
ទោះបីជាបានទម្លាយពីគណៈរដ្ឋមន្ត្រីបម្រុងនេះយ៉ាងណាក្ដី ក៏លោក ហ៊ុន សែន បានចេញមុខធានាអះអាងចំពោះតួនាទីរបស់មន្ត្រីគ្រាក់ៗមួយចំនួនដែរ។ ជាឧទាហរណ៍ លោកបានប្រកាសថា លោក អូន ព័ន្ធមុនីរ័ត្ន នឹងបន្តកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដដែល ទោះជាលោកលែងធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា សមាសភាពគណៈរដ្ឋមន្ត្រីបម្រុងនេះប្រាកដជាធ្វើឱ្យសមាជិកមួយចំនួននៃគណបក្សកាន់អំណាចមានការអាក់អន់ស្រពន់ចិត្ត ដោយសារពួកគេ ឬកូនចៅរបស់ពួកគេមិនមានឈ្មោះនៅក្នុងនោះ។ ប៉ុន្តែលោកថា ករណីនេះនឹងមិនខ្លាំងក្លា រហូតធ្វើឱ្យមន្ត្រីបក្សកាន់អំណាចបែកបាក់គ្នាឡើយ ពីព្រោះពួកគេសុទ្ធតែមានផលប្រយោជន៍ ទ្រព្យសម្បត្តិ និងលាភសក្ការៈច្រើនរួចទៅហើយ៖ «(មន្ត្រីបក្សកាន់អំណាច)មិនហ៊ានជំទាស់ ឬក៏មិនហ៊ានប្រឆាំងអ្វីរហូតដល់មានការប្រេះស្រាំ ឬបែកបាក់អ្វីខ្លាំងក្លាទេ នេះជាទស្សនៈរបស់ខ្ញុំ ពីព្រោះម្នាក់ៗសុទ្ធតែមានប្រយោជន៍ មានលាភសក្ការៈ មានទ្រព្យសម្បត្តិច្រើន ខ្លាចការពារតែទ្រព្យសម្បត្តិ និងលាភសក្ការៈរបស់ខ្លួនឯងឱ្យតែបានទៅ»។
លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ទៀតថា ការបង្កើតគណៈរដ្ឋមន្ត្រីបម្រុងដោយយកចេញពីសាច់ញាតិ និងកូនចៅរបស់ខ្លួនបែបនេះ ធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិមើលឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជាឱ្យតម្លៃលើការសម្រេចរបស់បក្ស ធំជាងសំឡេងគាំទ្ររបស់ពលរដ្ឋ៖ «កាលណាអំណាចឡើងដោយខ្វះការគាំទ្រពេញលេញពីមហាជន ពីពលរដ្ឋ ខ្ញុំគិតថា វាអត់មាំទាំ ឬក៏អត់សុវត្ថិភាពពេញលេញទេ។ ប្រសិនបើមានលំហសេរីភាពពេញលេញ ដូចលោកខាងលិច ខ្ញុំគិតថា ប្រជាពលរដ្ឋខ្លះហាក់ដូចជាចង់មានជម្រើសថ្មី ចង់ផ្លាស់ប្ដូរដែរ ព្រោះយន្តការ ឬក៏ការដឹកនាំរបស់បក្សកាន់អំណាចហ្នឹងមិនទាន់ឆ្លើយតបទៅលើតម្រូវការពលរដ្ឋបានពេញលេញនោះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែបានរៀបចំឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តពីវេនពីលោក នៅក្នុងសន្និបាតបក្សកាលពីចុងខែធ្នូ ឆ្នាំ២០២១។ យោងតាមក្រុមអ្នកសង្កេតការណ៍ លោក ហ៊ុន សែន អាចរៀបចំបែបនេះទៅបាន បន្ទាប់ពីលោកបានបន្សាបឥទ្ធិពលគណបក្សប្រឆាំង និងគាបសង្កត់ខ្លាំងលើសិទ្ធិសេរីភាពពលរដ្ឋ ជាពិសេស គឺការបង្ក្រាបសំឡេងប្រឆាំងនៅក្នុងផ្ទៃក្នុងបក្សខ្លួនឯង។ លោក ហ៊ុន សែន បានអះអាងថា ការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនេះ ជាការរៀបចំសម្រាប់ពេលអនាគត ខណៈបច្ចុប្បន្នលោកនៅតែជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាដដែល។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់បាននិយាយបែបឧបមាម្ដងជាពីរដងរួចទៅហើយថា អាចនឹងមាន«នាយករដ្ឋមន្ត្រីថ្មីមកជំនួសមុនឆ្នាំ ២០២៥»។
ក្នុងបរិបទបែបនេះ ក្រុមអ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍ជឿជាក់ថា ការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ទំនងជាកើតឡើងនៅក្រោយការបោះឆ្នោតឆ្នាំ ២០២៣។ សេណារីយ៉ូដែលត្រូវបានគេលើកឡើងនោះ គឺលោក ហ៊ុន សែន នឹងឈ្នះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតនៅឆ្នាំ ២០២៣ ហើយលោកនឹងដឹកនាំប្រទេសមួយរយៈ រួចរៀបចំផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត ជាមួយនឹងគណៈរដ្ឋមន្ត្រីបម្រុងទុកនោះឯង។
ទោះជាយ៉ាងណា ផែនការផ្ទេរអំណាចពីឪពុកទៅឱ្យកូនដែលសុទ្ធតែជាមេដឹកនាំយោធានេះ កំពុងរងការរិះគន់ច្រើនពីគណបក្សប្រឆាំង ប្រជាពលរដ្ឋ និងក្រុមសង្គមស៊ីវិល ពីព្រោះវាផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងអាចរុញច្រានកម្ពុជាឱ្យក្លាយជារបបយោធាផ្ដាច់ការតវង្សត្រកូល៕
1 comment:
Boycotting the 2022 ASEAN summit, head by Cambodia, is the right thing to do - teaching Ah Dick Tator Hun Sen an unforgettable lesson.
Post a Comment