ដោយ សុជីវី
2022-01-21
ជំនួបកំពូលមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង កាលពីឆ្នាំ២០១៥។
RFA/Tin Zakariya
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងជាប់គាំងក្នុងរឿងក្ដីក្ដាំប្រធានគណបក្សប្រឆាំង នៅពេលដែលលោក កឹម សុខា បដិសេធមិនធ្វើតាមដំណើររឿង ឬសេណារីយ៉ូ ដែលមេដឹកនាំឯកបក្សបានរៀបចំឱ្យ។ លោក សម រង្ស៊ី លើកឡើងបែបនេះ នៅពេលដែលមេធាវីរដ្ឋាភិបាលបញ្ចេញព័ត៌មានថាតំណាងអយ្យការបានរំលឹកទៅលោក កឹម សុខា ថា បើលោក កឹម សុខា ទទួលស្គាល់កំហុសនោះ សំណុំរឿងនេះនឹងឆាប់ចប់។
លោក សម រង្ស៊ី សម្អាងហេតុផលថា ការណ៍ដែលលោក កឹម សុខា ច្រានចោលសេណារីយ៉ូយល់ព្រមទទួលកំហុស ដែលគេបានរៀបចំសម្រាប់លោក នៅថ្ងៃសវនាការ កាលពីថ្ងៃទី១៩ ខែមករា នោះបានធ្វើឱ្យ លោក ហ៊ុន សែន ជាប់គាំងក្នុងសំណុំរឿងក្ដីនេះ។
លោក សម រង្ស៊ី បានសរសេរបែបនេះនៅលើទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២០ ខែមករា។ លោកបន្តថា ភាពក្រឡាប់ចាក់ចុងក្រោយនៅក្នុងសំណុំរឿងនេះ បណ្តាលមកពីលោក កឹម សុខា បដិសេធមិនព្រមដើរតួនាទីដូចមានកំណត់ក្នុងសេណារីយ៉ូ រៀបចំដោយលោក ហ៊ុន សែន។ លោកបញ្ជាក់ថា តាមសេណារីយ៉ូនេះ គឺតុលាការស្នើឲ្យលោក កឹម សុខា "សារភាពទង្វើឧក្រិដ្ឋ" គឺ "ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក"។ បើតាម លោក សម រង្ស៊ី ជាថ្នូរមកវិញ លោក កឹម សុខា នឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស ដើម្បីបានទៅដឹកនាំគណបក្សនយោបាយណាមួយចូលរួមការបោះឆ្នោត។
ការលើកឡើងរបស់ប្រធានស្ដីទីគណបក្សប្រឆាំងនេះគឺស្របពេល ដែលមេធាវីរដ្ឋាភិបាល លោក គី តិច ទម្លាយព័ត៌មានថា តំណាងអយ្យការបានលើកឡើងក្នុងសវនាការកាលពីថ្ងៃ១៩ មករា មានលក្ខខណ្ឌ២ ដែលជំរុញសំណុំរឿងនេះឲ្យលឿនបានគឺ លោក កឹម សុខា ជនជាប់ចោទទទួលមរណភាព ឬយល់ព្រមទទួលស្គាល់កំហុស បើមិនដូច្នេះទេសំណុំរឿងនឹងត្រូវបញ្ចប់តាមអំណាចសាលក្រម និងសាលដីការបស់តុលាការ៖ «ការឆាប់ហ្នឹងគឺត្រូវគោរពតាមនីតិវិធី និងតាមច្បាប់ ប៉ុន្តែ ឆាប់មួយទៀតជនជាប់ចោទទទួលស្គាល់កំហុស អញ្ចឹងបើជនជាប់ចោទទទួលយកអំពើនៃកំហុស ទទួលទោសរបស់គាត់សំណុំរឿងអាចចប់បានភ្លាម»។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា លោកសង្កេតឃើញថា ក្រុមមេធាវី លោក កឹម សុខា ក៏ចង់បានការទទួលបានលើកលែងទោសក្រោយតុលាការវិនិច្ឆ័យក្ដីដែរ។ លោក ផៃ ស៊ីផាន នៅតែអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចស្នើលើកលែងទោស លោក កឹម សុខា បើមានការពិនិត្យឃើញថា ការផ្ដល់សេរីភាពឱ្យលោក កឹម សុខា មិនធ្វើអ្វីឱ្យប៉ះពាល់ដល់ហានិភ័យជាតិ ឬសណ្ដាប់ធ្លាប់សាធារណៈ។
បើទោះជាយ៉ាងណា បើតាមលោក សម រង្ស៊ី លោក កឹម សុខា បានច្រានចោលសេណារីយ៉ូ ដែលគេបានរៀបចំនេះ ដោយលោកស្នើសុំឱ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។ លើសពីនេះ លោក កឹម សុខា ចង់ឲ្យមានដំណោះស្រាយនយោបាយរួមមួយ សំដៅដល់ការផ្សះផ្សាជាតិ។
ទាក់ទងនឹងការមិនធ្វើតាមគំនិត ឬដំណើររឿងដែលរៀបចំដោយមេដឹកនាំរបបឯកបក្សនេះ លោក កឹម សុខា ធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនលើកច្រើនសាមកហើយ ក្នុងនោះលោក ហ៊ុន សែន កាលពីឆ្នាំ២០១៧ ធ្លាប់ព្រលយពាក្យថា លោក កឹម សុខា បានបោករូបលោក ព្រោះលោក កឹម សុខា មិនបានធ្វើតាមការសន្យា ឬអ្វីដែលលោក ហ៊ុនសែន ចង់ឱ្យធ្វើទេ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទបែកធ្លាយកាលពីឆ្នាំដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្គាប់ឲ្យលោក កឹម សុខា បង្ហោះសារវាយប្រហារលោកសម រង្ស៊ី លើទំព័រហ្វេសប៊ុក បន្ទាប់ពីលោក សម រង្ស៊ី ត្រូវលោកនាយករដ្ឋមន្ត្រីចោទថា បានវាយប្រហារគ្រួសាររបស់លោកថា ភរិយា និងកូនប្រុសច្បងរបស់លោកហ៊ុន សែន ជាអតីតភរិយា និងកូនប្រុសរបស់អតីតមេដឹកនាំវៀតណាមម្នាក់ឈ្មោះឡេ ឌឹកថរ ដើម្បីជាថ្នូរក្នុងការជួយលោក កឹម សុខា ឲ្យបានចេញទៅចុះឈ្មោះបោះឆ្នោត និងបានរួចពីការដាក់ទោសក្នុងពន្ធនាគារ។
ក្នុងឆ្នាំ២០២០ គឺបន្ទាប់ពី លោក កឹម សុខា ត្រូវតុលាការដោះលែងពីពន្ធនាគារ និងបន្ធូរបន្ថយឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយតុលាការក៏កំពុងដំណើរការក្តីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ប្រធានបក្សប្រឆាំងរូបនេះដាក់គុកវិញ ក្រោយពេលតុលាការបញ្ចប់ការជម្រះក្ដី និងរកឃើញថា មានទោស។ នោះក៏ទំនងដោយសារ លោក កឹម សុខា មិនព្រមធ្វើតាមអ្វីដែល លោក ហ៊ុន សែន ចង់បានទាក់ទងនឹងសហភាពអឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយពីកម្ពុជា ដោយសារតែស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាបន្តដាំក្បាលចុះ។ កាលនោះ លោក ហ៊ុន សែន ថា រដ្ឋាភិបាលរបស់លោកមិនអាចយកអធិបតេយ្យរបស់កម្ពុជាប្ដូរយកការអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប ដើម្បីមិនកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ ឬបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០១៧។ រយៈពេល៤ឆ្នាំមកនេះ តុលាការមិនទាន់រកឃើញថា លោក កឹម សុខា មានទោស ឬគ្មានទោសនៅឡើយ ប៉ុន្តែតុលាការរម្លាយគណបក្សសង្គ្រោះជាតិរួចបាត់ហើយ ដែលធ្វើគណបក្សនេះមិនអាចចូលរួមការបោះឆ្នោតឆ្នាំ២០១៨ កន្លងទៅ។ លោក កឹម សុខា រង់ចាំការបន្តសវនាការឡើងវិញជិត២ឆ្នាំមក ក្រោយតុលាការបានផ្អាកជាបន្តបន្ទាប់ដោយហេតុផលថា បង្ការជំងឺកូវីដ១៩។ យ៉ាងណាមិញ សវនាការលោក កឹម សុខា កាលពីថ្ងៃទី១៩ មករា តុលាការប្រើពេលត្រឹមមួយព្រឹកសម្រាប់ការសួរដេញដោល ហើយក៏លើកទៅសប្ដាហ៍ក្រោយគឺថ្ងៃ២៥ មករា។
មេធាវីការពារក្ដី លោក កឹម សុខា មិនពេញចិត្តដែលតុលាការ ប្រើរយៈពេលយូរពន្យារពេលកាត់ក្ដីរឿងលោក កឹម សុខា នោះទេ៕
No comments:
Post a Comment