Thursday, 6 January 2022

ក្រុម​​អ្នក​ជំនាញ​​អង្គការ​​សហប្រជាជាតិ​​ថ្កោល​ទោស​​ចំពោះ​ការ​​ចាប់​ខ្លួន​​មេដឹកនាំ​​សហជីព​​​​ក្រុមហ៊ុន​​ណាហ្គាវើលដ៍


ដោយ សេក បណ្ឌិត
2022-01-05
ក្រុម​​អ្នក​ជំនាញ​​អង្គការ​​សហប្រជាជាតិ​​ថ្កោល​ទោស​​ចំពោះ​ការ​​ចាប់​ខ្លួន​​មេដឹកនាំ​​សហជីព​​​​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ 

(រាប់ពីឆ្វេង) តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក ក្លេម៉ង់ នីយ៉ាឡេតសូស៊ី វូល ​(Clément Nyaletsossi Voule) លោកស្រី អាយរីន ខាន់ (Irene Khan) លោកស្រី ម៉ារី ឡល័រ (Mary Lawlor) និងលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn)។
រូប៖ Photo Screenshot



ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​អាជ្ញាធរ​កម្ពុជា​ដែល​បាន​បំបែក​កូដកម្ម​ និង​​ចាប់ខ្លួន​​មេដឹកនាំ​​សហជីព​​នៃ​​ក្រុមហ៊ុន​​ណាហ្គាវើលដ៍​(Naga World)​ ដាក់​ពន្ធនាគារ​​ជា​​បន្ត​បន្ទាប់​​​មក​​នេះ​។​

អ្នកជំនាញ​សិទ្ធិមនុស្ស ថា​នេះ​ជា​ករណី​រំលោភ​បំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស ​ដែល​បាន​ធ្វើឡើង​តាំង​ពី​លើក​ដំបូង​នៅ​យប់​មុន​ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​២០២២​ និង​នៅពេល​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ផ្សេង​ទៀត​​ដែល​គេ​បាន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​សាធារណជន។ ករណី​ទាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​មធ្យោបាយ​មិន​សមរម្យ​មួយ​​ក្នុង​ការ​​រឹតត្បិតសិទ្ធិ​មនុស្ស​។


ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ទាំង​នោះ​រួម​មាន លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn)​ អ្នក​​រាយការណ៍​​ពិសេស​​ស្តីពី​​ស្ថានភាព​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា​​លោកស្រី អាយរីន ខាន់ (Irene Khan)​ អ្នករាយការណ៍​​ពិសេស​​ស្តីពី​​ការ​​លើក​​កម្ពស់​ និង​​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​គំនិត និង​មតិយោបល់​ លោកស្រី ម៉ារី ឡល័រ (Mary Lawlor)​​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​របស់​អ្នកការពារ​សិទ្ធិមនុស្ស និងលោក ក្លេម៉ង់ នីយ៉ាឡេតសូស៊ី វូល ​(Clément Nyaletsossi Voule)​ អ្នករាយការណ៍​​ពិសេស​​ស្តីពី​​សិទ្ធិ​ខាងការ​​ប្រមូល​​ផ្តុំ​​ដោយ​​សន្តិវិធី និង​​ខាង​​សមាគម។

ក្រុមអ្នក​​ជំនាញ​​អង្គការ​​សហប្រជាជាតិ​​ទាំង​​នេះ​​មាន​​ប្រសាសន៍​​តាម​រយៈ​សេចក្តី​ថ្លែការណ៍​​ពី​​ទីក្រុង​​ហ្សឺណែវ ​(GENEVA) ប្រទេស​ស្វីស ​(Switzerland) ​កាល​ពី​​ថ្ងៃទី៥ ខែមករា ថា​៖ «​ការចាប់​ខ្លួន​​កូដករ​​ដែល​ភាគ​ច្រើន​ជា​ស្រ្តី ជាច្រើន​លើក​មក​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ហិង្សា និង​មើល​ទៅជាការ​បំពាន​លើ​សេរីភាព​ក្នុង​ការ​បង្កើត​​សមាគម ការ​ប្រមូល​ផ្តុំ និង​ការ​បញ្ចេញ​មតិ»។

ក្រុមអ្នកជំនាញ​បាន​លើក​ឡើង​ទៀត​ថា​ គំរូ​និង​របៀប​នៃ​ការ​ចាប់​ខ្លួន​ទាំង​នេះ ​កើត​ឡើង​បន្ទាប់​ពី​សកម្មភាព​ធ្វើកូដកម្ម​ស្វែងរក​ដំណោះ​ស្រាយ​ការងារ​មិន​អាច​ដោះស្រាយ​​បាន​​តាម​​ពេល​​វេលា​​សមរម្យ​ បង្ហាញ​អំពី​ការ​បង្កើន​កំដៅ​នៃ​ការ​ប្រើប្រាស់​មធ្យោបាយ​ដដែលៗ​ ដែល​បាន​ប្រើ​ក្នុង​ករណី​មុនៗ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ​ហើយ​ដែល​បណ្តាល​ឲ្យមាន​ការ​ចាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន​ដាក់ពន្ធនាគារ​ដោយ​មិន​សម​ហេតុផល។

សកម្មភាពភាព​​ទាំង​​នេះ ក៏ជាការ​​អនុវត្ត​​ផ្ទុយ​​ពី​​រដ្ឋធម្មនុញ្ញ​​កម្ពុជា​ ដែល​បាន​​ចែង​ច្បាស់​​អំពី​​សិទ្ធិ​ធ្វើ​កូដកម្ម​ និង​​សិទ្ធិសេរីភាព​​ក្នុងការ​​បង្កើត​​សមាគម​ ការ​បញ្ចេញ​មតិ​ ការ​ប្រមូល​​ផ្តុំ​ដោយ​​សន្តិវិធី ​សេរីភាព​​សារព័ត៌មាន និង​​បោះពុម្ព​ផ្សាយ  ព្រមទាំង​​ផ្ទុយ​​ពី​​មាត្រា៣១៩ នៃ​ច្បាប់​​ស្តីពី​​ការងារ​​កម្ពុជា ​ដែល​​បាន​​ធានា​​នូវ​​សិទ្ធិធ្វើ​កូដកម្ម​​ផង​ដែរ។​

អ្នក​រាយការណ៍​​ពិសេស​​ទទួល​​បន្ទុក​​ស្ថានការណ៍​​សិទ្ធិមនុស្ស​​នៅ​​កម្ពុជា​​របស់​​អង្គការ​​សហប្រជាជាតិ លោក​សាស្ត្រាចារ្យ ​វិទិត មុនតាប៊ន​ ក៏ធ្លាប់​បាន​​លើក​ឡើង​​អំពី​ការ​រួមតូច​​នៃ​លំហ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលរដ្ឋ និង​នយោបាយ​នៅក្នុង​ប្រទេស​នេះ​នាពេល​កន្លង​មក​ដែរ។

ក្រុមអ្នក​ជំនាញ​​សិទ្ធិ​មនុស្ស បាន​លើកឡើង​ទៀត​​ថា​៖ «ការចោទប្រកាន់ ​និងការចាប់​ខ្លួន​ថ្មីៗ​នេះបង្ក​ឲ្យមាន​ការ​ព្រួយបារម្ភ​ជា​ពិសេស នៅពេល​ដែល​ប្រទេស​កម្ពុជា​​កំពុង​ត្រៀម​រៀបចំការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២នេះ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ»។

ការធ្វើបែបនេះ គឺ​ជាការ​បញ្ចូនសារ​ដ៏គួរឲ្យភ័យខ្លាច​ដល់​ប្រជាជន​ខ្មែរ​អំពី​លំហ​ក្នុងការ​ប្រមូល​ផ្តុំ​ដោយ​សេរី។

ក្រុមអ្នក​ជំនាញ​ ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលលោក ហ៊ុន សែន ​ពន្យល់នូវ​សកម្មភាព​ឆ្លើយតប​របស់​មន្រ្តីនគរបាល ហើយក៏ជាការបញ្ជាក់​ថា ​ពួកគាត់​កំពុង​តាម​ដាន​ការ​វិវត្តន៍នេះ​យ៉ាង​ដិតដល់។

លើសពីនេះទៀត ក្រុមអ្នកជំនាញក៏បានអំពាវនាវ​ជាថ្មីម្តងទៀតឲ្យ​រដ្ឋាភិបាល​អនុវត្តនូវ​អនុសាសន៍​ដែល​ខ្លួន​បាន​ទទួល​យក​ក្នុង​អំឡុងពេល​នៃការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​តាមកាល​កំណត់​ នាឆ្នាំ២០១៩ ដែល​រួម​បញ្ចូល​ទាំងការ​សន្យាដើម្បី​បង្កើត​លក្ខខណ្ឌ​ដែល «សង្គម​ស៊ីវិល​ រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស​ អាចបំពេញ​ការងារ​របស់​ពួកគេ​ដោយ​សេរី ដោយ​គ្មានការ​ជ្រៀត​ជ្រែកឬរារាំង»៕

No comments: