Monday, 10 January 2022

តំណាង​​រដ្ឋាភិបាល​​បង្រួប​បង្រួម​​ជាតិ​​ភូមា ថា​ដំណើរ​ទស្សនកិច្ច​របស់​​លោកហ៊ុន សែនទៅ​​​ភូមាធ្វើ​​ឲ្យ​អាស៊ាន​​​កាន់​​​តែ​​ចុះ​ខ្សោយ

ដោយ មួង ណារ៉េត
2022-01-10
តំណាង​​រដ្ឋាភិបាល​​បង្រួប​បង្រួម​​ជាតិ​​ភូមា ថា​ដំណើរ​ទស្សនកិច្ច​របស់​​លោកហ៊ុន សែនទៅ​​​ភូមាធ្វើ​​ឲ្យ​អាស៊ាន​​​កាន់​​​តែ​​ចុះ​ខ្សោយ 

លោក ហ៊ុន​ សែន ចាប់ដៃ​លា​​លោក មីន អ៊ុងលាំង (Min Aung Hlaing) នៅ​ក្នុង​ដំណើរទស្សនកិច្ច​កាលពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នៅ​ប្រទេស​មីយ៉ាន់ម៉ា។
រូប៖ ហ្វេសប៊ុក SMP


តំណាង​​រដ្ឋាភិបាល​​បង្រួប​បង្រួម​ជាតិ​ភូមា (NUG) ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ភូមា គឺ​បរាជ័យ និង​ធ្វើ​ឲ្យ​អាស៊ាន​កាន់​តែ​ចុះ​ខ្សោយ។ តំណាង​រូប​នេះ ថា​មេដឹកនាំ​ផ្តាច់ការ​ មិន​យល់​បំណង​ប្រាថ្នា​របស់​ពលរដ្ឋភូមា​នោះ​ឡើយ ព្រោះ​អ្វី​ដែល​ពលរដ្ឋ​ភូមា​ទាំង​អស់​ទាមទារ​ និង​ប្រាថ្នា​ចង់បាន​បំផុត គឺ​ការ​រស់​នៅ​​ក្នុង​​ប្រទេស​មួយ ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ឈប់​រស់​នៅ​ក្រោម​នឹម​ត្រួត​ត្រា​ផ្តាច់ការ​របស់​ពួក​យោធា​តទៅ​ទៀត។

តំណាង​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ភូមា (NUG) ថា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មាន​សុឆន្ទៈ និង​ភាពស្មោះត្រង់​ក្នុងការ​ជួយ​រក​ដំណោះស្រាយ​នៃ​វិបត្តិ​នយោបាយ​​ពិត​ប្រាកដ​ នៅ​ប្រទេស​ភូមា​នោះ​ឡើយ។

អគ្គរដ្ឋទូត​ក្រសួង​ការបរទេសអាស៊ាន​នៃ​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​មីយ៉ាន់ម៉ា ​(Myanmar)​ ឬ​ភូមា ​(Burma)​ លោក​ បូ ឡាទីន​ (Bo Hla Tint)​ ប្រាប់​វិទ្យុអាស៊ី​សេរី កាលពី​យប់ថ្ងៃទី៩ ខែមករា ថាពលរដ្ឋ​ភូមា​បាន​បោះ​ឆ្នោត​គាំទ្រ​បក្ស​ប្រឆាំង​ភូមា គឺ​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NLD)​ដែល​មាន​អ្នកស្រី​ អ៊ុង សានស៊ូជី​(Aung San Suu Kyi)​ ជា​​ថ្នាក់ដឹកនាំ​ដើម្បី​ឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី​ ឲ្យដឹកនាំ​ប្រទេស​ជាស​​ផុត​​ពី​​របប​ផ្តាច់​ការ​យោធា។ ប៉ុន្តែ​ពួកយោធា​​បែរ​​ជា​​បំផ្លាញ​​ឆន្ទៈ និង​​ក្តីប្រាថ្នា​​របស់​​ពលរដ្ឋ​ភូមា និង​​ចាប់​​មេដឹកនាំ​បក្ស​នេះ និង​សកម្មជន និង​ពលរដ្ឋជាង​ ១​ម៉ឺន​នាក់​ដាក់​គុក​ ដើម្បី​បំបិទ​មាត់​ កុំ​ឲ្យ​ក្រោក​តវ៉ា។


មិន​តែ​ប៉ុណ្ណោះ ពួកយោធា​នេះ បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាង ១,៤០០ នាក់​ទៅ​ហើយ​ តាំង​ពី​ធ្វើរដ្ឋប្រហារ​ដណ្តើម​អំណាច ដោយ​ខុស​ច្បាប់​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២១ ​នោះ​មក។

លោក បូ ឡាទីន (Bo Hla Tint) បន្ថែមថា តំណាង​ពលរដ្ឋស៊ីវិល និង​ស្របច្បាប់​ដែល​ជា​តំណាង​ឲ្យ​ពលរដ្ឋ​ភូមា​នៅ​ទូទាំង​ប្រទេស បែរ​ជា​ត្រូវ​លោក ហ៊ុន សែន មើល​រម្លង​ ហើយ​បែរ​ជា​ទៅ​ចាប់​ដៃ​មេដឹក​នាំ​យោធា​រដ្ឋប្រហារ​ខុស​ច្បាប់​ទៅវិញ។ លោក​ចោទ​ជា​សំណួរ​ថា នេះ​ឬ​ដែល​ថា លោក ហ៊ុន សែន ចង់​រក​ដំណោះ​ស្រាយ​នៅភូមា?៖ «ពេល​ដែល​លោក ហ៊ុន សែន ​ទៅចាប់​ដៃមេ​ដឹកនាំ​រដ្ឋ​ប្រហារ​យោធា​លោក មីន អ៊ុងលាំង (Min Aung Hlaing) ដោយ​ធ្វើមិន​ដឹង​មិឮអំពី​​មេដឹកនាំ​ស្រប​ច្បាប់ ដែល​ប្រជា​ពលរដ្ឋភូមា​បោះឆ្នោត​ឲ្យ​ដូចជា​អ្នកស្រី អ៊ុង សានស៊ូជី (Aung Sann Suu Kyi) បែប​នេះ ​គឺ​លោក ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញ​អំពី​ចេតនា​មិន​ស្មោះ​ត្រង់ ដែល​លោក​​គិតតែ​ពី​ប្រយោជន៍​សួន​តួ​នៃ​មេដឹកនាំ​ផ្តាច់​ការ។ ប៉ុន្តែ​មើល​រម្លង​តួនាទីដ៏​សំខាន់​របស់​តំណាង​សំឡេង​ពលរដ្ឋ​ទូទៅ ​នៅក្នុង​ដំណើរ​ការ​រក​ដំណោះ​ស្រាយ​បញ្ចប់​វិបត្តិភូមា»។

ប្រតិកម្ម​របស់​តំណាង​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ភូមា​នេះ ​ធ្វើឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូង​ចម្រាស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​ប្រទេស​ភូមា​​កាល​ពី​ថ្ងៃទី ៧-៨ ខែមករា ដែល​លោក ហ៊ុន សែន អះអាង​ថា ដើម្បី​ជាការ​បើក​ផ្លូវ ​ឱ្យមាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ភូមា​នោះ​។

កន្លង​មក​ប្រទេស​អាស៊ាន ៥ មាន​ សិង្ហបុរី ​(Singapore)​ម៉ាឡេស៊ី​(Malaysia)​ឥណ្ឌូនេស៊ី​(Indonesia)​ហ្វ៊ីលីពីន​(Philippines) និង​ប្រ៊ុយណេ (Brunei) បាន​សម្រេច​ចិត្ត​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ជាមួយ​សមាជិក​អាស៊ាន​ដទៃទៀត មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​យោធា​ភូមា​នេះ​ចូល​ប្រជុំ​អាស៊ាន។ ក៏​ប៉ុន្តែ​លោក​ ហ៊ុន សែន ប្តេជ្ញា​ថា នឹង​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ​ ដើម្បី​ដឹកនាំ​សមាគម​អាស៊ាន​ឱ្យ​មាន​ ១០ ​ប្រទេស​ឡើង​វិញ មិន​មែន​មានតែ​៩​ប្រទេស​ចូលរួមកិច្ចប្រជុំ​ដូចកាល​ពីពេល​កន្លង​ទៅ​នោះ​ទេ។

ក្រោយ​ទស្សនកិច្ចនោះ​ ប្រទេស​ទាំងពីរ​កម្ពុជា និង​ភូមា ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ដោយ​អះអាង​អំពី​ជោគជ័យដ៍ «ត្រចះត្រចង់» ព្រោះក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ កម្ពុជា​អះអាងថា ពួក​យោធា​ព្រម​ពន្យារបទឈប់បាញ់​គ្នា និង​បញ្ឈប់​អំពើ​ហិង្សា​ រហូត​ដល់​ចុង​ឆ្នាំ២០២២។

ជាមួយ​គ្នានេះ សេចក្តីថ្លែងការណ៍​ដដែលអះអាងថា របបសឹក​ភូមា ព្រម​ឲ្យ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ​គឺ​រដ្ឋមន្ត្រីការបរទេសកម្ពុជា​លោក ប្រាក់ សុខុន សម្របសម្រួល​ជំនួយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​ភូមា។ ទាំង​លោក ប្រាក់ សុខុន និង​ទាំងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែ​បាន​ចោទ​ប្រកាន់​ក្រុមអ្នក​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់ពួក​លោក​ថា ជាអ្នក​ចង់ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ដោយ​សារ​សង្គ្រាម​នៅ​ភូមា​បន្ត​ទៅ​ទៀត។

ទោះជា​យ៉ាងនេះ​ក្ដី​លោក បូ ឡាទីន (Bo Hla Tint) ថា​កិច្ចព្រមព្រៀង​ឈប់បាញ់​នោះ ​គឺ​មាន​តែ​លើ​បបូរ​មាត់​តែ​ប៉ុណ្ណោះ ជារួម​គ្មាន​ទេ​បទឈប់បាញ់​នៅ​ទូទាំង​ប្រទេស ហើយ​ពួក​យោធា​ភូមា​នៅតែ​បន្ត​បាញ់​សម្លាប់​ពលរដ្ឋ​ឥត​ស្រាក​ស្រាន្ត។

តាំងពី​ក្រោយ​មាន​បទឈប់​បាញ់​គ្នា​ ពីខែ​តុលា​នោះ​មក ពួក​យោធា​របស់​លោក មីន អ៊ុងលាំង​ បន្ត​បាញ់​សម្លាប់​ពលរដ្ឋភូមា ដែល​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា​នេះ ស្លាប់​អស់​រាប់រយនាក់​បន្ថែ​ម​ទៀត។ កាល​ពី​ដើម​ខែធ្នូ ឆ្នាំ២០២១ ពួក​យោធា​ភូមា​បាន​ដុត​ពលរដ្ឋភូមា ១១ នាក់​សម្លាប់​ទាំង​រស់ និង​បាន​ចាប់​មនុស្ស​ដាក់​ឃុំ​រាប់ពាន់​នាក់​បន្ថែម​ទៀត។

ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​(APHR)​ចាត់​ទុក​ទង្វើ​របស់​លោក ហ៊ុន សែន ដែល​យក​តួនាទី​ប្រធាន​ប្តូរវេន​អាស៊ាន មក​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង ដោយ​មិន​មាន​ការ​ព្រមព្រៀង​ពី​សមាជិក​អាស៊ាន​ដទៃ​បែប​នេះ ថាជា​ទង្វើ​បំពាន​ធ្ងន់ធ្ងរ​មួយ​ ដល់​សមាគម​អាស៊ាន​ទាំង​មូល។​

តំណាង​ក្រុមសមាជិក​សភា​អាស៊ាន​ អំពាវនាវ​ឲ្យមេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​៨​ទៀត​ កុំនៅ​ឈរ​ឱប​ដៃ​មើល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​មេដឹកនាំ​របប​សឹក​ភូមា​លោក មីន អ៊ុងលាំង (Min Aung Hlaing) បំផ្លាញ​ស្មារតី​រួម​របស់​អាស៊ាន ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ប្រទេស​ភូមា​នេះ។

ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) និង​​ជា​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី (Malaysia)​លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ​កាល​ពី​ថ្ងៃទី៩ ខែមករា ថា​លោក ហ៊ុន សែន គ្រាន់​តែ​ចូលកាន់​តំណែង​ប្រធាន​ប្តូរវេន​អាស៊ាន​ភ្លាម​ លោក​​ចាប់​ធ្វើ​វិទ្ធង្សនា​ជំហរ​របស់​អាស៊ាន​ទាំង​មូល​ភ្លាម។ លោកថា លោក ហ៊ុន សែន​ បំផ្លាញ​ជំហរ​អាស៊ាន​នេះ គឺ​ដោយ​សារ​គោលការណ៍​ព្រមព្រៀង​គ្នា ៥​ចំណុច​របស់​អាស៊ាន ​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នោះ​ឡើយ។

លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ចាត់​ទុក​ការ​អួតអាង​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​ភូមា​នោះ​ ថា​ជា​ការ​ប៉ុនប៉ង​បំភាន់​ភ្នែក និង​បោក​បន្លំ​មតិ​សាធារណជន ដ៏គ្រោះថ្នាក់​តែ​ប៉ុណ្ណោះ ព្រោះ​តាម​ការ​ពិត​ជំហរ​របស់​លោក ហ៊ុន សែន តែ​ឯកឯង​ដោយ​គ្មាន​ការ​គាំទ្រ​ពី​សមាជិក​អាស៊ាន​ដទៃ​បែប​នេះ​ ធ្វើឲ្យ​ជំហរ​សមូហភាព​របស់​អាស៊ាន​ចុះ​ខ្សោយ​ខ្លាំង​មួយ​រំពេច។

មិនតែ​ប៉ុណ្ណោះ លោក​បន្ត​ថា នេះជា​ប៉ុនប៉ង​ច្បាស់​ក្រឡែត​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​យក​ប្រទេស​អាស៊ាន​ទាំង​មូល​ធ្វើជា​ចំណាប់​ខ្មាំង ដើម្បី​បម្រើ​បំណង​ផ្តាច់ការ​របស់​ខ្លួន​ ដែល​បំផ្លាញ​ការ​តស៊ូ​របស់​ពលរដ្ឋ​ភូមា ដែល​ប្រយុទ្ធ​ទាមទារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មក​វិញ។

លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ស្នើ​ឲ្យ​ប្រទេស​អាស៊ាន​ទាំង ៨​ទៀត ទប់​លោក​ ហ៊ុន សែន កុំ​ឲ្យ​ធ្វើ​នយោបាយ​ការទូត​បែប​ប្រថុយ​ប្រថាន និង​បោកបញ្ឆោត​បែប​នេះ​ត​ទៅ​ទៀត។ បើ​មិន​ដូច្នេះ​ទេ លោកថា​ ភាព​ជឿជាក់​លើ​សមាគម​ប្រជាជាតិ​អាស៊ាន​ទាំង​មូល​ នឹង​រលាយ​បាត់បង់​ជាក់​ជា​មិន​ខាន។

ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ភូមា​នោះ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន ​នឹង​រៀបចំ​កិច្ចប្រជុំចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ជា​លើក​ដំបូង​នៅថ្ងៃទី១៧ ខែមករា ខាងមុខនេះ ​នៅ​ប្រទេស​កម្ពុជា។

ថា​តើ​កម្ពុជា ​នឹងអញ្ជើញ​ប្រមុខការទូត​នៃ​របបសឹក​ភូមា ឱ្យ​មក​ចូលរួម​កិច្ចប្រជុំ​នោះ​ ដែរ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃទី៩ ខែ​មករា​ ថា​លោក​ក៏​មិន​ទាន់​ដឹង​យ៉ាង​ណា​នោះ​ដែរ៖ «ខ្ញុំអត់​ទាន់​បាន​ដឹង​ច្បាស់​ទេ ហើយ​យើង​នឹង​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ជាផ្លូវការ​នាពេល​ឆាប់ៗ​ខាងមុខនេះ​ហើយ​បាទ! ដូច្នេះ​ខ្ញុំសូមរង់ចាំ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​សិនណា»។

ក៏ប៉ុន្តែ ថ្លែងក្នុង​សន្និសីទ​កាសែត​ក្រោយត្រលប់​ពីប្រទេសភូមាវិញ កាលពី​ចុងសប្តាហ៍​មុន​ ប្រេសិត​ពិសេស​ថ្មី​របស់​អាស៊ាន​លោក ប្រាក់ សុខុន ទំនងជា​ចង់បង្ហាញ​ជំហរ​ថា កម្ពុជា​អាចនឹង​អញ្ជើញ​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​របបសឹក​រដ្ឋប្រហារយោធា​ភូមា ឱ្យចូលរួម​ក្នុង​កិច្ចប្រជុំចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរ​ទេស​អាស៊ាន ​នាពេលខាង​មុខ​នេះ។​

កន្លងមក ទោះបី​ជា​សមាជិក​អាស៊ាន​ជាច្រើន​ មិន​ស្វាគមន៍​តំណាង​របបរដ្ឋ​ប្រហារ​យោធា​ភូមា​ក៏​ដោយ ក៏​កម្ពុជា​ឈាន​មុខ​គេ តាំង​ពី​មិន​ទាន់​គ្រង​តំណែង​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ស្រួល​បួល​ម្ល៉េះ បាន​ទទួល​រដ្ឋមន្រ្តីការបរទេស​របប​រដ្ឋប្រហារ​យោធា​ភូមា​លោក វុន ម៉ោងលីន (Wunna Maung Lwin)​មក​ទស្សនកិច្ចនៅ​កម្ពុជា កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ យ៉ាង​ពេញ​មុខ​ពេញ​មាត់។

ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ​ទៀត​សោត សារ​ព័ត៌មាន​ក្នុងស្រុក​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ផ្សាយ​ថា មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​លោក មីន អ៊ុងល្លាំង​ បាន​សុំលោក ហ៊ុន សែន ធ្វើជា ​«បងប្អូនធម៌»​ នឹង​គ្នា​ទៀត​ផង។

ថ្មីៗនេះ ​នៅមុនដំណើរ​ទស្សនកិច្ច​របស់​លោ​ក ហ៊ុន សែន ទៅ​ប្រទេស​ភូមា ប្រធានាធិបតី​ឥណ្ឌូនេស៊ី (Indonesia) លោក ចូកូ វីដូដូ (Joko Widodo) បាន​ព្រមាន​លោក ហ៊ុន សែន ​រួចជា​ស្រេច​ហើយ​ថា ឥណ្ឌូនេស៊ី​នឹង​មិន​គាំទ្រ​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា​ វិល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ខាង​មុខ​នោះ​ឡើយ។

តំណាង​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ភូមា​លោក បូ ឡាទីន ​ឯ​ណោះ លោក​ថា​ដំណោះ​ស្រាយ​តែ​មួយ​គត់ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ភូមា គឺ​ត្រូវ​ស្តាប់​សំឡេង​ពលរដ្ឋភូមា​ដែល​កំពុង​ធ្វើ​ពលិកម្ម ដើម្បី​លុប​បំបាត់​របប​យោធា​ផ្តាច់​ការ និង​ស្តារ​ប្រទេស​នេះ ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

លោកថា ក្នុងន័យ​នេះ គឺមាន​តែ​យន្តការ​អន្តរជាតិ​ ដែលមាន​អង្គការ​សហប្រជាជាតិ​ចូល​រួម​ផង​តែ​ប៉ុណ្ណោះ​ ទើប​អាច​ជួយ​បាន។ តែកម្ពុជា​ផ្តល់​អំណះអំណាង​ថា វិបត្តិភូមា​នេះ ​នៅមិន​ទាន់​ឈាន​ដល់​កម្រិត​អង្គការ​សហប្រជាជាតិ​ត្រូវដោះស្រាយ​នៅ​ឡើយ​ទេ៕

1 comment:

Anonymous said...

One criminal trying to help another criminal will naturally and eventually bring both of them to hell.

It is hard to understand the heart of these 2 assholes Hun Sen and Min Aung Hlaing who have killed so many people of their compatriots to hold on to their power.

In addition, Ah Roleuy Hun Sen is worse than Min Aung Hlaing because Cambodia is on the verge of becoming a part of the evil Yuon whereas Myanmar will always be independent.