Friday, 28 January 2022

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ច្បាប់​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​អាច​នឹង​គាប​សង្កត់​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​ខ្លាំង

Khmer Circle:

It's said that a certain notorious Roman emperor "fiddled while Rome burned". 

Well, this Roman emperor is doing quite the reverse, but tragically, for all the wrong reasons: he actively goes out of his way to stop those wishing to salvage what's left of what is being burned or destroyed as a result of his incompetent leadership and corrupt cronies. 

From raw untreated sewage discharged into public waterways, rampant loggings, lakes filled, mountains reduced to gravel, beautiful beaches replaced with concrete, to young casino employees dismissed unlawfully and without due diligence the nation's supreme Leader somehow contrives in many of his sleepless late hours to find means by which to cripple and silence those risking their lives and limbs to bring some measure of remedy and sanity to the calamities happening before his ‘eye’...  

🔼🔼🔼

ដោយ ទីន ហ្សាការីយ៉ា
2022-01-28
មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា  ច្បាប់​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​អាច​នឹង​គាប​សង្កត់​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​ខ្លាំង 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក ហ៊ុន សែន


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា គម្រោង​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​នឹង​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​រួម​តូច​ថែមទៀត​។ ឆ្លើយតប​នឹង​កង្វល់​នេះ​មន្ត្រី​រដ្ឋាភិបាល​ថា សេចក្ដីព្រាងច្បាប់​នេះ​មិន​សំដៅលើ​ក្រុម​លើ​ណាមួយ​ទេ ប៉ុន្តែ​ធ្វើ​ឡើង​លើ​ទិដ្ឋភាព​ទូទៅ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​រដ្ឋាភិបាល​ហាក់​សំដៅ​មក​គាបសង្កត់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ពួកគេ​ទាំងនេះ​ភាគច្រើន​ទទួល​ថវិកា​ពី​ម្ចាស់​ជំនួយ​បរទេស​ក្នុង​ការ​ធ្វើ​សកម្មភាព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ចូលរួម​អភិវឌ្ឍន៍​ជាតិ​ជាមួយ​រដ្ឋាភិបាល។


ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា លើកឡើង​ថា កន្លង​ទៅ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​មួយចំនួន​ដែល​រង​ការ​រិះគន់​ថា គាបសង្កត់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រួចទៅ​ហើយ ដូច្នេះ​ការបង្កើត​ច្បាប់​ថ្មី​នេះ​ថែមទៀត​នឹង​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​កាន់តែ​តូច​ចង្អៀត​ថែម​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ក្នុង​ដំណាក់កាល​នៃ​ការ​ប្រមូល​ធាតុ​ចូល​នៃ​ការ​ធ្វើ​ច្បាប់​នេះ​រដ្ឋាភិបាល​គួរ​ប្រឹក្សា​យោបល់​ឲ្យ​ទូលំទូលាយ​ជាមួយ​អ្នក​ពាក់ ព័ន្ធ​ជាពិសេស​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ច្បាប់​នេះ​ត្រូវ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន និង​បទដ្ឋាន​អន្តរជាតិ​ជាដើម៖ «មានច្បាប់​នេះ​មួយទៀត​កាន់តែ​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិ​សេរីភាព ត្រូវ​បាន​ហ៊ុមព័ទ្ធ យើង​ព្រួយ​បារម្ភ​ថា អង្គការ​សង្គម​ជា​មុខព្រួញ​ក្នុង​ការ​ប្រុងប្រយ័ត្ន​របស់​រដ្ឋាភិបាល»។
ស្រដៀង​គ្នា​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា កន្លងទៅ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា​យក​លុយ​ពី​បរទេស​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌ ដូច្នេះ​នៅពេល​មានការ​ធ្វើ​ច្បាប់​ដែល​មានការ​រឹតត្បិត​ទាក់ទង​ការ​ទទួល​ថវិកា​ពី​បរទេស​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​បែបនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រឈម​នឹង​ចោទប្រកាន់​កាន់តែ​ខ្លាំង​។ លោក​យល់​ថា ស្ថានភាព​កម្ពុជា​ពេលនេះ​មិន​គួរ​ធ្វើ​ច្បាប់​នេះ​ទេ។

លោក​រំលឹក​ថា រដ្ឋាភិបាល​មានច្បាប់​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​លាង​លុយកខ្វក់ ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស​មុន​ធ្វើ​សកម្មភាព​របស់​ខ្លួន​ផង​ដែរ៖ «បើសិនជា​មានច្បាប់​ហ្នឹង​នឹង​អាច​ប៉ះពាល់​ជាពិសេស​ដំណើរការ​អង្គការ​សង្គម​ស៊ីវិល ច្បាប់​នេះ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ចំពោះ​លំហូរ​នៃ​ជំនួយ​ឬ​ថវិកា​លើ​សកម្មភាព​របស់​ខ្លួន ជា​ការ​មើលឃើញ និង​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល»។

ការ​ព្រួយបារម្ភ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពេលនេះ ក្រោយពី​ក្រសួងមហាផ្ទៃ កំពុង​ប្រមូល​ធាតុ​ចូលក្នុង​ការ ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​។ ក្រសួង មហាផ្ទៃ​មាន បំណង​យក​លំនាំ​តាមច្បាប់​របស់​ប្រទេស​សិង្ហបុរី។

ទាក់ទង​ករណី​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃទី​២៨ ខែមករា។

ទោះយ៉ាងណា លោក ខៀវ សុភ័គ ឲ្យ​វិទ្យុ​ក្នុងស្រុក​(វិទ្យុ​វីអូឌី) ដឹង​ថា ច្បាប់​របស់​ប្រទេស​សិង្ហបុរី គឺជា​គំរូ​ដ៏​ជាក់លាក់​សម្រាប់​កម្ពុជា បើ​ធៀប​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​ផ្សេង​ទៀត​។ លោក​ឲ្យ​ដឹង​ថា ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​សិក្សា​លើ​សកម្មភាព នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យក​លុយ​ពី​បរទេស​ដើម្បី​បើក​សាលារៀន និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដែរ ដែល​រឿង​នេះ​អាច​ត្រូវ​ស្ថិត​ក្នុង​ការ​សង្ស័យ​នៃ​ការ​ជ្រៀតជ្រែក​របស់​បរទេស។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ​។ ទោះ​យ៉ាងណា លោ​ក​ថា កម្ពុជា​ធ្វើ​ច្បាប់​នេះ​គឺជា​រឿង​ធម្មតា​ព្រោះ​ប្រទេស​សេរី​មួយចំនួន​ក៏​មាន​ច្បាប់​នេះ​ដែរ ហើយ​កម្ពុជា​អាច​នឹង​យក​លំនាំ​តាម​ប្រទេស​ទាំងនោះ មិនមែន​លំនាំ​តាមតែ​ប្រទេស​សិង្ហបុរី​មួយ​នោះ​ទេ​។ អ្នកនាំពាក្យ​ដដែល​អះអាង​ថា គម្រោង​ធ្វើ​ច្បាប់​នេះ​សម្រាប់​អនុវត្ត​ទូទៅ​មិនមែន​សំដៅ​តែ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​ឡើយ៖ «ពី​ខាងក្រោយ​នៃ​សកម្មជន​ហ្នឹង​គឺជា​ការបម្រើ​ផលប្រយោជន៍​បរទេស​ដែល​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​ជា​ការ​ចង្អុល ឬ​តាក់តែង​សកម្មភាព​ហ្នឹង​អាច​ជាប់​នឹង​ច្បាប់​ហ្នឹងហើយ ដូច្នេះ​ច្បាប់​ហ្នឹង​អនុវត្ត​ជា​សកល​ទេ»។

ទោះ​យ៉ាងណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ដែល​មាន​ចរិត​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល ជាជាង​ការ​ធ្វើ​ច្បាប់​ថ្មី​ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​ក្នុង​ពេលនេះ៕

No comments: