Monday, 17 January 2022

អ្នក​វិភាគ​​ថា ជំហរ​​ឯកតោ​ភាគី​​របស់​​​លោក ហ៊ុន សែន រឿង​​​ភូមា​អាច​​​ប៉ះពាល់​​​ដល់​​​ភាព​​​ជា​​​ប្រធាន​​​អាស៊ាន​​របស់​​កម្ពុជា


ដោយ មាន ឫទ្ធិ
2022-01-16
អ្នក​វិភាគ​​ថា ជំហរ​​ឯកតោ​ភាគី​​របស់​​​លោក ហ៊ុន សែន រឿង​​​ភូមា​អាច​​​ប៉ះពាល់​​​ដល់​​​ភាព​​​ជា​​​ប្រធាន​​​អាស៊ាន​​របស់​​កម្ពុជា 

លោក ហ៊ុន សែន ជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) ​នៅ​រសៀល​ថ្ងៃសុក្រ ទី១៤ ខែមករា​ ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP

 

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​ផ្លាស់ប្ដូរ​របៀប​ធ្វើការ​របស់​ខ្លួន​ពី​បែប​ឯកតោ​ភាគី​និយម​មក​ជាការ​​ស្ដាប់​​មតិ​យោបល់​របស់​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ទាក់ទង​នឹង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ភូមា​(Burma)​​ឬ​​មីយ៉ាន់ម៉ា​​(Myanmar)។​​ ការ​​ថ្លែង​​​បែប​នេះ គឺ​ក្រោយ​ពេល​ដែល​មេដឹកនាំ​កម្ពុជា និង​សិង្ហបុរី​បាន​ជួប​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​កាល​ពី​ពេលថ្មីៗនេះ ដោយ​ក្នុង​ជំនួប​នោះ សម​ភាគី​សិង្ហបុរី​បាន​បាន​រំលឹក និង​គូស​បញ្ជាក់​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៅកាន់​មេដឹកនាំ​កម្ពុជា។

ការពិភាក្សា និង​ស្ដាប់​មតិ​យោបល់​ពី​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ទាក់ទង​នឹង​ដំណោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ជា​គន្លឹះ​សំខាន់​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​ប្រកាន់​ខ្ជាប់​ដើម្បី​រក្សា​សាមគ្គីភាព និង​ឯកភាព​របស់​អាស៊ាន។ ម្យ៉ាងវិញទៀត ជំហរ​ពហុភាគី​និយម​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន អាច​រៀបចំ​កិច្ច​ប្រជុំ​កំពូល និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ទាំងឡាយ​របស់​អាស៊ាន​បាន​ដោយ​រលូន។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​តាមដាន​ស្ថានការណ៍​​នយោបាយ​កម្ពុជា និង​អាស៊ាន។


អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន មេដឹកនាំ​កម្ពុជា​គួរ​តែ​បត់បែន​តាម​នយោបាយ​តំបន់ និង​អន្តរជាតិ។ នោះ​គឺ​ការ​បដិសេធ​វត្តមាន​មេដឹកនាំ​របប​សឹក​ភូមា​ក្នុង​កិច្ច​ប្រជុំ​ទាំងឡាយ​របស់​អាស៊ាន និង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ក្រៅពី​របប​សឹក ពិសេស​ភាគី​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​ក្រុម​អ្នកស្រី ​អ៊ុង​ សានសូជី​ (Aung San Suu Kyi)។​ លោក ឯម សុវណ្ណារ៉ា ពន្យល់​ថា ឋានៈ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​មិន​​មាន​​សិទ្ធិ​អំណាច​សម្រេច​ការងារ​អ្វី​តែ​ម្នាក់​ឯង​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​ការ​ឯកភាព​ពី​សមាជិក​ដទៃ​ទៀត៖ «និយាយ​​ទៅ​​ប្រធាន​អាស៊ាន​អត់​មាន​សិទ្ធិ​អ្វី​ធំដុំ​នោះ​​ទេ គ្រាន់តែ​សម្របសម្រួល​កិច្ចប្រជុំ​ទេ អ៊ីចឹង​វា (សេចក្ដីសម្រេច) ​ត្រូវកា​រ​​សំឡេង​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ពី​សមាជិក​អាស៊ាន​ដទៃទៀត។ អ៊ីចឹង​បើ​សមាជិក​មួយ​បដិសេធ គឺ​អត់​ទាំង​អស់ អ៊ីចឹង​បានជា (សមាជិក)​​អាស៊ាន​​គេ​លើក​បញ្ហា​នេះ​ឡើង ទីមួយ​ជា​ក្ដី​បារម្ភ​ពី​ភាព​ជាប់​គាំង​នៃ​ដំណើរការ​ប្រជុំ​អាស៊ាន ហើយ​វា​អាច​ខូច​ដល់​ដំណើរ​នៃ​អាស៊ាន​ទាំងមូល។ ទោះបី​ជា​កម្ពុជា​គិត​ថា ​មិនមែន​ជា​ផលប្រយោជន៍​ខ្លួនឯង​សុទ្ធសាធ ក៏​ប៉ុន្តែ​ជា​ផល​ប្រយោជន៍​អាស៊ាន​ទាំងមូល ហើយ​ក៏​មុខមាត់​​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៅលើ​គោលនយោបាយ​ការបរទេស​ក្នុង​តំបន់ និង​អន្តរជាតិ​ដែរ»។

ការ​លើក​ឡើង​របស់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង​ (Lee Hsien Loong)​ តាម​​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃទី១៤ ខែមករា ពោល​គឺ​រយៈពេល​មួយ​សប្តាហ៍​ក្រោយ​ពី​លោក​វិល​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​វិញ។

លោក ហ៊ុន សែន មិន​បាន​ឱ្យ​ដឹង​លម្អិត​នោះ​ទេ​អំពី​ខ្លឹមសារ​នៃ​ជំនួប​ជាមួយ​សមភាគី​សិង្ហបុរី។ លោក​គ្រាន់​តែ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា លោក​បាន​ប្រាប់​លោក លី សៀនឡុង អំពី​គោល​បំណង និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា។ លោក​អះអាង​ថា លោក​មាន​បំណង​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ដោយ​ធ្វើ​យ៉ាងណា​បញ្ឈប់​អំពើ​ហិង្សា បង្កើត​បទ​ឈប់​បាញ់ ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​ភូមា និង​ជំរុញ​ឱ្យ​មាន​ការ​សន្ទនា​គ្នា ពេល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​​ក្នុង​​ឆ្នាំ២០២២ នេះ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ស្រង់​សំណេរ​របស់​លោក ហ៊ុន សែន យក​ទៅ​ផ្សព្វផ្សាយ​បន្ត​លើ​ហ្វេសប៊ុក ដោយ​មិន​បាន​ផ្ដល់​ព័ត៌មាន​អ្វី​បន្ថែម​ទៀត​នោះ​ទេ ខណៈ​រដ្ឋមន្ត្រី​ការបរទេសកម្ពុជា​លោក ប្រាក់ សុខុន ក៏​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ។ រីឯទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP)​អះអាង​ថា នាយករដ្ឋមន្ត្រី​សិង្ហបុរី គាំទ្រ​​ចំពោះ​ការ​ខិតខំ​របស់​កម្ពុជា​ក្នុង​ការចូលរួម​ចំណែក​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ។

ផ្ទុយ​ពី​លោក ហ៊ុន សែន ក្រសួង​ការបរទេស​កម្ពុជា និង​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ ខាង​ក្រសួង​ការបរទេស​សិង្ហបុរី​ឯណោះ​វិញ បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជាច្រើន​ចំណុច​ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី១៥ ខែមករា ជាពិសេស គឺ​ជំហរ​របស់​សិង្ហបុរី​ក្នុង​ការ​បដិសេធ​វត្តមាន​របស់​មេដឹកនាំ​របប​សឹក​ភូមា​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន។

ក្រសួង​ការបរទេស​សិង្ហបុរី​ឱ្យ​ដឹង​ថា លោក លី សៀនឡុង​ (Ly Hsien Loong)​ បាន​​លើកឡើង​ទៅ​កាន់​លោក ហ៊ុន សែន ថា អាស៊ាន​គួរតែ​រក្សា​សេចក្តី​សម្រេច​កាល​ពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី ៣៨ និង ៣៩ ដោយ​អញ្ជើញ​តំណាង​ប្រទេស​ភូមា​ដែល​មិនមែន​ជា​អ្នក​នយោបាយ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ទាំងឡាយ​របស់​អាស៊ាន រហូត​ទាល់​តែ​​មាន​​ការ​​វិវឌ្ឍ​សំខាន់​ណា​មួយ​ក្នុង​ការ​អនុវត្ត​គោលការណ៍​ឯកភាព ៥ចំណុច។ លោក​សង្កត់​ធ្ងន់​ថា កិច្ចពិភាក្សា​ណាមួយ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​មេដឹកនាំ​អាស៊ាន​លើ​ចំណុច​នេះ ត្រូវតែ​ផ្អែក​លើ​អង្គហេតុ​ថ្មី។ ក្រៅពី​នេះ លោក លី សៀនឡុង បាន​បញ្ជាក់​ទៅ​លោក ហ៊ុន សែន ថា ប្រធាន​អាស៊ាន​ចាំ​បាច់​​ត្រូវតែ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ពោល​គឺ​ទាំង​ពួក​យោធា និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (NLD)​ របស់​​អ្នកស្រី អ៊ុង សានសូជី។

ក្រសួង​ការបរទេស​សិង្ហបុរី​ឱ្យ​ដឹង​ទៀត​ថា លោក ហ៊ុន សែន បាន​លើក​យោបល់​មួយចំនួន​ស្ដី​អំពី​របៀប​សម្របសម្រួល​បទ​ឈប់​បាញ់ និង​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​ភូមា។ ប៉ុន្តែ​លោក លី សៀនឡុង បាន​ឆ្លើយ​តប​វិញ​ថា លោក​មិន​ប្រាកដ​ថា តើ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា អាច​ដើរ​តួ​សម្របសម្រួល​បទ​ឈប់​បាញ់​នេះ​ដោយ​របៀប​ណា​នោះ​ទេ ពីព្រោះ «យើង​មិន​ទាន់​ទាំង​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​ភាគី​ផង​នោះ»។ នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ​យល់ស្រប​ឱ្យ​លើក​យោបល់​ទាំងនេះ​ទៅ​ពិភាក្សា​បន្ថែម​ក្នុងចំណោម​រដ្ឋមន្ត្រី​ការបរទេស និង​ឧត្តម​មន្ត្រី​អាស៊ាន​ដទៃទៀត។ លោក លី សៀនឡុង រំពឹង​ថា មេដឹកនាំ​កម្ពុជា​នឹង​ពិចារណា​លើ​មតិយោបល់​របស់​លោក និង​របស់​មេដឹកនាំ​អាស៊ាន​ដទៃទៀត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេសលោក កុយ គួង ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១៦ ខែមករា។

អ្នក​ស្រាវជ្រាវ​ខាង​ភូមិសាស្ត្រ​នយោបាយលោក វណ្ណ ប៊ុនណា មើល​ឃើញ​ថា ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក លី សៀនឡុង នេះ មិនមែន​ជា​ជំនួប​ធម្មតា​នោះ​ទេ តែ​ជា​ការ​ចរចា​លើ​ចំណុច​ខ្វែង​គ្នា​ស្ដីពី​វត្តមាន​មេដឹកនាំ​របប​សឹក​ភូមា។ លោក​ថា ភាគី​កម្ពុជា​ទំនងជា​ចង់​បញ្ចុះបញ្ចូល​ឱ្យ​សិង្ហបុរី​ផ្លាស់ប្ដូរ​ជំហរ​ដោយ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា​​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន។ លោក​ជឿ​ថា ប្រមុខ​រដ្ឋាភិបាល​សិង្ហបុរី​នឹង​មិន​យល់​ស្រប​រឿង​នេះ​ទេ ព្រោះ​សិង្ហបុរី​ជា​ប្រទេស​តឹងរ៉ឹង​ជា​មួយ​​ពួក​យោធា​ភូមា។ ម្យ៉ាងវិញទៀត មេដឹកនាំ​សិង្ហបុរី​មើល​ឃើញ​ច្បាស់​ថា ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា​មិន​ទទួល​បាន​ផ្លែផ្កា​ជា​ដុំ​កំ​ភួន​​នោះ​​ឡើយ ព្រោះ​របប​សឹក​ភូមា​បន្ត​បាញ់​បោះ និង​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ ព្រមទាំង​បន្ថែម​ទោស​លើ​អ្នកស្រី អ៊ុង សានសូជី ជាដើម។

ជុំវិញ​វិបត្តិ​នៅ​ប្រទេស​ភូមា​នេះលោក វណ្ណ ប៊ុនណា ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិចារណា និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ចៀសវាង​ការ​សម្រេចចិត្ត​បែប​ឯកតោភាគី ដូច​ករណី​ទស្សនកិច្ច​កាល​ពី​លើក​មុន​នោះ​ទៀត៖ «កាលណា​យើង​សម្រេច​ចិត្ត​បែប​ឯកតោភាគី វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​យន្តការ​អាស៊ាន​ទាំងមូល ហើយ​ចង់​មិន​ចង់ កម្ពុជា​ដោះស្រាយ​អត់​បាន បញ្ហា​ហ្នឹង​គឺ​កម្ពុជា​ជា​អ្នក​ទទួលខុសត្រូវ។ កាលណា​យើង​ទទួល​បាន​សំឡេង និង​គំនិត​​ផ្សេងៗ​ពី​ភាគី​អាស៊ាន​នានា វា​បង្ហាញ​ថា អ្វី​ដែល​កម្ពុជា​ធ្វើ​ហ្នឹង វា​ជា​សេចក្ដីសម្រេច​ចិត្ត​របស់​អាស៊ាន មិនមែន​ជា​សេចក្ដី​សម្រេច​ចិត្ត​របស់​កម្ពុជា​ទេ។ ទោះ​បី​​ខុស​ត្រូវ​យ៉ាងណា វា​ធ្វើ​ឱ្យ​កម្ពុជា​ឈរ​ទៅលើ​សំឡេង​អាស៊ាន​ផង​ដែរ។ អ៊ីចឹង​ទេ ចង់ ឬ​មិន​ចង់ កម្ពុជា​ត្រូវតែ​ពិភាក្សា​ទទួល​យក​គំនិត​ផ្សេងៗ ដើម្បី​អនុវត្ត​ទៅលើ​ដំណោះស្រាយ​បញ្ហា​នៅ​ភូមា​ហ្នឹង»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្នះ​ទៅ​បំពេញ​ទស្សនកិច្ច​ដ៏ចម្រូងចម្រាសនៅ​ប្រទេស​ភូមា កាលពី​ថ្ងៃទី៧ និង​ទី៨ ខែមករា កន្លងទៅ ដើម្បី​ជួប​ជាមួយ​មេដឹក​នាំ​​រដ្ឋ​ប្រហារ​ខុសច្បាប់លោក មីន អ៊ុងលាំង​ (Min Aung Hlaing)​ ដូច​តាម​​ការ​ចង់​បាន​របស់​ប្រទេស​ចិន។ លោក ហ៊ុន សែន បាន​ថ្លែង​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នេះ​ថា ជា​ការ​ទៅ​រក​ដំណោះស្រាយ​វិបត្តិ​នៅ​ភូមា និង​ជា​ការ​ជួយ​សង្គ្រោះ​សមាគម​អាស៊ាន​ដែល​កំពុង​បែកបាក់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្និទ្ធ​នឹង​លោក សុទ្ធតែ​បាន​ឃោសនា​អួតអាង​ពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ និង​ថា​ប្រទេស​ពាក់ព័ន្ធ​ដទៃទៀត​គាំទ្រ​កម្ពុជា ​«ពេញទំហឹង»។ ក៏ប៉ុន្តែ ជោគជ័យ​ដែល​មាន​តែ​នៅ​លើ​បបូរមាត់​នេះ បាន​សាប​រលាប​ទៅ​វិញ ខណៈ​អំពើ​ហិង្សា​នៅតែ​បន្ត​កើត​មាន ប្រព្រឹត្ត​ដោយ​របប​សឹក​ទៅលើ​ក្រុម​ពលរដ្ឋ​ស៊ីវិល​និយម​ប្រជាធិបតេយ្យ ហើយ​កម្ពុជា​ថែមទាំង​មិន​អាច​រៀបចំ​កិច្ចប្រជុំ​ដំបូង​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ទៀត​ផង ដោយ​ត្រូវ​សម្រេច​លើកពេល​គ្មាន​កាលកំណត់។ ប្រទេស​សិង្ហបុរី​ និង​​ឥណ្ឌូនេស៊ី​ (Indonesia)​ បាន​​បង្ហាញ​​ជំហរ​​ជាក់​ច្បាស់​​របស់​​ខ្លួន​​មិន​​ចង់​​ឱ្យ​មាន​វត្តមាន​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា​នោះ​ឡើយ។ រីឯ ​ម៉ាឡេស៊ី​(Malaysia)​ និង​​ហ្វីលីពីន​ (The Philippines)​ ក៏​​ចង់​​ឃើញ​កម្ពុជា​ពិគ្រោះ​យោបល់​ជាមុន​សិន​ជាមួយនឹង​សមាជិក​អាស៊ាន​ដទៃទៀត​ជុំវិញ​រឿង​ភូមា​​នេះ ដែល​ការ​ដោះស្រាយ​វិបត្តិ​ភូមា​នេះ​ចាំបាច់​ត្រូវ​មាន​វត្តមាន​របស់​មេដឹកនាំ​ស្រប​ច្បាប់​របស់​ប្រទេស​នេះ គឺ​អ្នកស្រី អ៊ុង សានស៊ូជី និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ក្រុម​អ្នក​សង្កេតការណ៍​វាយតម្លៃ​ថា ទង្វើ​របស់​លោក ហ៊ុន សែន នេះ ជា​ការ​ធ្វើ​ឱ្យ​សមាគម​អាស៊ាន​កាន់តែ​បែកបាក់​ទៅ​វិញ​ទេ ព្រោះ​សមាជិក​សំខាន់ៗ​​របស់​អាស៊ាន​​សុទ្ធ​តែ​បដិសេធ​មិន​ទទួល​ស្គាល់​របប​សឹក​ភូមា និង​ទាមទារ​ឱ្យ​ពួក​យោធា​ភូមា​អនុវត្ត​គោលការណ៍​ឯកភាព ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​ព្រមព្រៀង​កាល​​ពី​​ខែមេសា ឆ្នាំ២០២១។ ចំណុច​សំខាន់​នៅក្នុង​កិច្ចព្រមព្រៀង​រួម ៥ ចំណុច​នេះ តម្រូវ​ឱ្យ​របបសឹក​បញ្ឈប់​អំពើហិង្សា និង​អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​អាស៊ាន​អាច​​ជួបចរចា​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធ​ក្នុង​ជម្លោះភូមា រួមទាំង​មេដឹកនាំ​ស្របច្បាប់​អ្នកស្រី អ៊ុង សានស៊ូជី ផង។ ក៏ប៉ុន្តែ របបសឹក​ភូមា​មិនបាន​អនុវត្តតាម​នោះ​ទេ សូម្បីតែ​បទ​ឈប់​បាញ់​ដែល​ពួកគេ​បាន​ប្រកាស​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ ក៏​ពួកគេ​មិន​បាន​គោរព​តាម​នោះ​ដែរ៕

1 comment:

Anonymous said...

No surprise that an ignorant and violent person named Ah Chos Kauot Hun Sen became the leader of Cambodia by the evil expansionist Yuon Vietnam. His actions have been always dictated either by his master Yuon Vietnam or Chen because his head is filled with air, no brain.
Samdach Pouk Kanduoy Meh Vear. Sambor Khmer LeuKeu Nass in Cambodia. In the past, Ah Sdach Chkuot Sihanouk was Samdach Euv, now Ah asshole Hun Sen Samdach Pouk.