Saturday, 8 January 2022

លោក សម រង្ស៊ី ថា បក្ស​កាន់​អំណាច​មិន​ធ្វើ​ពិធី​ជួបជុំ​ថ្ងៃ ៧ មករា​ឆ្នាំ​នេះ ព្រោះ​បក្ស​នេះ​មាន​ទំនាស់​ផ្ទៃ​ក្នុង


ដោយ ខែ សុណង
2022-01-07

លោក សម រង្ស៊ី ថា បក្ស​កាន់​អំណាច​មិន​ធ្វើ​ពិធី​ជួបជុំ​ថ្ងៃ ៧ មករា​ឆ្នាំ​នេះ ព្រោះ​បក្ស​នេះ​មាន​ទំនាស់​ផ្ទៃ​ក្នុង
 

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក CNRP


លោក សម រង្ស៊ី ថា បក្ស​កាន់​អំណាច​មិន​ធ្វើ​ពិធី​ជួបជុំ​អបអរ​ថ្ងៃ ៧ មករា ឆ្នាំ​នេះ ព្រោះ​បក្ស​នេះ​មាន​ទំនាស់​ផ្ទៃ​​ក្នុង​បក្ស។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បន្ត​ថា លោក ហ៊ុន សែន ចង់​ឲ្យ​កូន​ប្រុស​ដែល​គ្រោង​បន្ត​តំណែង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ធ្វើ​ចេញ​មុខ​ក្នុង​ឱកាស​នេះ ប៉ុន្តែ​មន្ត្រី​បក្ស​នេះ​មិន​ព្រម​ព្រោះ​លោក ហ៊ុន ម៉ាណែត គ្មាន​ស្នាដៃ​អ្វី​ក្នុង​ថ្ងៃ ៧ មករា​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី អ្នកនាំពាក្យ​កាន់​អំណាច​អះអាង​ដដែល​ថា​ ការ​មិន​ធ្វើ​ពិធី​ជួបជុំ​ទ្រង់ទ្រាយ​ធំ ក្នុង​ថ្ងៃ ៧ មករា ឆ្នាំ​នេះ ព្រោះ​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ថ្ងៃ ៧ មករា ឆ្នាំ​នេះ មាន​ភាព​ស្ងាត់ស្ងៀម​ដោយសារ​តែ​មានការ​ខ្វែង​គំនិត​គ្នា ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ដោយ​សារ​ជំងឺ​កូវីដ១៩ ឬ​ដោយ​សារ​លោក​ ហ៊ុន​ សែន​ ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា​នោះ​ទេ។ លោក​បន្ត​ថា លោក ហ៊ុន សែន បាន​ជ្រើសរើស​ថ្ងៃ​ធ្វើ​ដំណើរ​នេះ​ ដើម្បី​គេច​ផុត​ពី​ពិធី​ដែល​ត្រូវ​ប្រារព្ធ​ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ ៧ មករា​នេះ​តែ​ម្ដង។ លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន ចង់​ឲ្យ​លោក ហ៊ុន ម៉ាណែត ដែល​ទើបតែ​គណបក្ស​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​បន្ត​វេន​ពី​លោក ​ចេញ​មុខ​ចេញ​មាត់​ក្នុង​ឱកាស​នេះ ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​បក្ស​មិន​យល់​ព្រម​តាម​សំណើ​លោក ហ៊ុន សែន ទេ ដោយ​សំអាង​ថា លោក ហ៊ុន ម៉ាណែត គ្មាន​ស្នាដៃ​អ្វី​ កាលពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ ឡើយ។


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ ៧ មករា​នេះ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៤៣ នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា​​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​មូលហេតុ ដែល​មិន​បាន​ធ្វើ​ពិធី​ជួបជុំ​សម្រាប់​ពិធី​នេះ។

ជុំវិញ​ការ​មិន​រៀបចំ​ពិធី​ជួបជុំ​ធំដុំ​ក្នុង​ឆ្នាំ​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩។ ទោះ​យ៉ាង​ណា​ក្ដី លោក​ទោះ​គណបក្ស​មិន​បាន​ធ្វើ​ពិធី​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​នៅ​ទីស្នាក់ការ​កណ្ដាល​ក្ដី​ ប៉ុន្តែ​មាន​ការ​រៀបចំ​ នៅ​តាម​មូលដ្ឋាន ហើយ​ថ្នាក់ដឹកនាំ​បក្ស​បាន​ចេញ​សារ​ដើម្បី​អបអរ​ថ្ងៃ ៧ មករា។ លោក​បញ្ជាក់​ថា​ គ្មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​បក្ស ហើយ​ក៏​មិន​ចាំ​បាច់​ត្រូវ​ប្រកាស​ពី​តួនាទី​លោក ហ៊ុន ម៉ាណែត ក្នុង​ថ្ងៃ ៧ មករា នេះ​ដែរ ព្រោះ​គណបក្ស​បាន​បោះឆ្នោត​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បម្រុង​រួច​ហើយ​ដែរ៖ «នេះ​គ្រាន់តែ​និយាយ​បំផ្លើស​ខុស​​ការពិត​ទី១​ ហើយ​ទី២​ចង់​បំបែកបំបាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​​​ក៏​ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ មហិច្ឆតា​ ល្បិច​កល​ពិសពុល​​ចង់​បំបែកបំបាក់​​​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​​នេះ​មាន​ជាង ៤០ឆ្នាំ​ហើយ ហើយ​ជាពិសេស​អ្នក​ដែល​ចង់​​បំបែកបំបាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​​​​មួយ​ចំនួន​បាន​ស្លាប់​ចែកឋាន​បាត់​ទៅ​ហើយ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​រឹងមាំ​មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​រឹងមាំ​ដដែល​ទេ​បាទ»។

ដោយ​ឡែក​អ្នក​សិក្សា​ការ​ភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី មិន​ស្រប​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ការ​មិន​ធ្វើ​ពិធី​ជួបជុំ​ថ្ងៃ​០៧​មករា​ឆ្នាំ​នេះ​ព្រោះ​ជំងឺ​កូវីដ១៩ នោះ​ទេ។ លោក​កត់​សម្គាល់​ថា ពេល​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ជា​ធម្មតា​ហើយ។ លោក​បន្ត​ទៀត​ថា ​ថ្មីៗ នេះ​មាន​ការ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​កម្មវិធី ដូច​ជា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វិមាន​កីឡាដ្ឋាន នៃ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ និង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​គណបក្សប្រជាជន ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ចូលរួម​។​ លោក​យល់ថា​ ការ​មិន​ធ្វើ​ពិធី​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ អាច​មាន​ហេតុផល​ផ្សេង​​​ ឬ​ជា​ការ​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ងាក​ចេញ​ពី​វៀតណាម ដែល​ប្រទេស​ជិតខាង​មួយ​នេះ​បាន​ជួយ​គណបក្ស​ប្រជាជាន​កម្ពុជា​រហូត​បង្កើត​បាន​ថ្ងៃ​ទី ៧ មករា ឆ្នាំ១៩៧៩៖ «យើង​ឃើញ​ថា​ ហេតុផល​គណបក្ស​ប្រជាជនកម្ពុជា​លើកឡើង​គឺ​មិន​សម​ហេតុផល​ទេ​ ប៉ុន្តែ​​យើង​មិន​ដឹង​មូលហេតុ​អី​ឲ្យ​ពិតប្រាកដ​ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​សម្មតិកម្ម​មួយ​​ថា​ សារ​៧មករា​ ឬ​ក៏​អរគុណ​កំណើត​ទី២​វា​ហាក់​ដូច​លែង​មាន​ប្រសិទ្ធភាព​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ដែល​សំបូរ​ដោយ​យុវជន​ណា​ ហើយ​ជា​ពិសេស​សុភាសិត​ដែល​ចេញ​មក​អរគុណ​សន្តិភាព​ ថ្ងៃ​៧មករា​ជា​កំណើត​ទី២​ រាង​សាប»។

គណបក្សប្រជាជន បាន​ចាត់​ទុក​ថ្ងៃ ៧ មករា ជា​ថ្ងៃ​សំខាន់​របស់​ខ្លួន និង​បាន​ហៅ​ថ្ងៃ​នេះ​ថា ជា​ថ្ងៃ​កំណើត​ទី២ ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​សង្គ្រោះ​ និង​រំដោះ​ចេញ​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត។

គណបក្ស​នេះ​តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​មីទីង​អបអរ​រំលឹក​ខួប​ថ្ងៃ​ទី៧ មករា ជា​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​អ្នក​ចូលរួម​រាប់​ម៉ឺន​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​ឬ​ហៅថា​ មន្ទីរ "គ៨៥" ប៉ុន្តែ ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​គណបក្ស​នេះ​ធ្វើ​ការ​ប្រារព្ធ​អបអរ​តូចៗ នៅ​មូលដ្ឋាន ដោយ​បញ្ហា​ជំងឺ​កូវីដ១៩។ ទោះ​យ៉ាងណា​ ថ្ងៃ​០៧​មករា​ឆ្នាំ២០២២ នេះ ទោះ​រដ្ឋាភិបាល​ប្រកាស​ថា បើក​ប្រទេស​វិញ ហើយ​ស្ថានការណ៍​ជំងឺ​កូវីដ បាន​ធូរស្រាល និង​បាន​​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូវីដ១៩ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ហើយ​ក្ដី ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ធ្វើ​ការ​ជួបជុំ​ទ្រង់ទ្រាយ ដើម្បី​អបអរ​ថ្ងៃ ៧ មករា ទៅ​វិញ៕

1 comment:

Anonymous said...

If Hun Sen wanted to part way with his master the evil Vietnam, why did he dissolve the CNRP?
He should let the CNRP take over the country so that it can cut all Yuon's influences in Cambodia.