Friday, 7 January 2022

អ្នកនាំពាក្យ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​ប្រឆាំង​រដ្ឋាភិបាល


ដោយ មាន ឫទ្ធិ
2022-01-06
អ្នកនាំពាក្យ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​ប្រឆាំង​រដ្ឋាភិបាល 

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

 

អ្នកនាំពាក្យ​រដ្ឋាភិបាល​ចោទប្រកាន់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល កំពុង​ធ្វើ​ការងារ​ប្រឆាំង​នឹង​រដ្ឋាភិបាល ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ផ្ទុយ​វិញ​ថា អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ហើយ​ធ្វើ ការងារ​ដើម្បី​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ។

​ការ​ចោទ​ប្រកាន់​អង្គការ​សង្គម​ស៊ីវិល ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បែបនេះ​ធ្វើឡើង ខណៈ​រដ្ឋាភិបាល​បាន​ចាត់វិធានការ​បង្ក្រាប​ឥត​ឈប់ឈរ​នូវ​សំឡេង​មិន​ដែល​ស្រប​នឹង​រដ្ឋាភិបាល ខណៈ​សហគមន៍​អន្តរជាតិ​កំពុង​ថ្កោលទោស​រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។


ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​ថ្ងៃទី​០៦ ខែ​មករា នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចោទ​ប្រកាន់​ថា អង្គការ​សង្គម​ស៊ីវិល​សព្វថ្ងៃ​មិន​បាន​ដើរ​ជា​អ្នកសម្របសម្រួល​នោះ​ទេ ប៉ុន្តែ​បាន​ក្លាយ​ជា​អ្នកប្រឆាំង​រដ្ឋាភិបាល​។ លោក​បន្ត​ទៀត​ថា គោលជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បង្កើត​ឡើង​ដើម្បី​គោរព​ច្បាប់​ប៉ុន្តែ​ការប្រតិបត្តិ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​មិន​បាន​អនុវត្ត​បែប​នេះ​ទេ៖ «អ៊ិនជីអូ (NGO)​ហ្នឹង​គឺ​គាត់​បង្កើត​មក​គាត់​យក​រដ្ឋាភិបាល​ជា​សត្រូវ​អត់​ព្រម​ធ្វើការ​ជាមួយគ្នា យើង​គួរ​សោកស្ដាយ ប៉ុន្តែ ខ្ញុំ​ជឿ​ថា ឆ្នាំ​ថ្មី​នេះ​យើង​មធ្យោបាយ​ធ្វើ​យ៉ាងម៉េច​ដើម្បី​កៀរគរ​ជុំគ្នា​មើល​ដើម្បី​យើង​ចូលរួម​ទទួលខុសត្រូវ​ចំពោះ​សន្តិភាព»។

ទោះ​យ៉ាងណា​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​អភិវឌ្ឍន៍​មិនអាច​ខ្វះ​មួយ​ណា​បាន។

​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទិ្ធមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ការចោទប្រកាន់​អង្គការ​ស៊ីវិល​បែបនេះ​គឺជា​ការ​លាប​ពណ៌​អង្គការ​សង្គម​ស៊ីវិល​។ លោក​លើកឡើង​ថា អង្គការ​របស់​លោក​ក៏​ដូច​អង្គការ​សង្គម​ស៊ីវិល​ផ្សេងទៀត បំពេញ​ការងារ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍ លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​បំពេញ​នូវ​ភាព​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល​។ លោក​បន្ត​ថា ទោះ​ការ​បំពេញ​ការងារ​ខ្លះ​មាន​ទស្សនៈ​ខ្វែង​ពី​រដ្ឋាភិបាល មិនមែន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ៖ «អ៊ីចឹង​អ្វី​ក៏ដោយ​ត្រូវ​ចាត់ទុក​គ្នា​ដៃគូ​មិនមែន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​យើង​ធ្វើការ​មាន​ទស្សនៈ​ខ្លះ​អាច​នឹង​ខ្វែងគំនិត​គ្នា​ជាមួយ​ទស្សនៈ​រដ្ឋាភិបាល​សុទ្ធតែ​ប្រឆាំង​នឹង​រដ្ឋាភិបាល មិនកើត​ទេ បាន​ន័យ​ជា​ការ​លាប​ពណ៌​ហើយ​មិនមែន​ជា​ការ​ចូលរួម​ចំណែក​ជាមួយគ្នា»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា និយាយ​ថា សង្គម​ប្រជាធិបតេយ្យ​តែង​មាន​មតិស្រប និង​មតិផ្ទុយ​។ លោក​សង្កេត​ឃើញ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ដែល​មន្ត្រី​រដ្ឋាភិបាល​ចោទប្រកាន់​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បែបនេះ​។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​ទទួលយក​ការរិះគន់​នានា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​យក​មតិ​ទាំងនោះ​ទៅ​កែលំអ​នូវ​កំហុសឆ្គង ឬ​ភាព​ខ្វះ​ចន្លោះ​របស់​ខ្លួន៖ «មិនអាច​យក​តែ​មតិ​ដែល​ស្រប​ទេ ព្រោះ​មតិស្រប​ភាគច្រើន​គេ​មិន​ហ៊ាន​ថា គេ​មិន​ហ៊ាន​និយាយ រឿង​ដែល​មិន​ត្រឹមត្រូវ​កាន់តែ​ជ្រៅៗ​ទៅ ជា​ការ​ពិត​យើង​ចង់​ឃើញ​មាន​កិច្ចសហការ​មាន​ការ​បើក​ចិត្ត​ឲ្យ​ទូលំទូលាយ​ទទួលយក​មតិ​រិះគន់​ទាំងអស់​ហ្នឹង»។

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​មួយចំនួន​ក្នុង​នោះ​រួម​ទាំង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង ដែល​ប៉ះពាល់​ដល់​ការងារ​ផ្នែក​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ។

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ធ្លាប់​បង្ហាញ​ក្តី​បារម្ភ​ក្នុង​របាយការណ៍ ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ថា កម្ពុជា​កំពុងតែ​ដើរ​ថយក្រោយ ដោយ​ងាក​ចេញពី​ការគោរព​សិទ្ធិមនុស្ស និង​គន្លង​ប្រជាធិបតេយ្យ​។ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ជាក់​ថា ទោះបីជា​ប្រទេស​កម្ពុជា មាន​អង្គការ​សមាគម ប្រមាណ​ជា ៥​ពាន់ ក៏ដោយ ក៏​អង្គ​ការដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​បរិស្ថាន កំពុង​ជួប​បញ្ហា​លំបាក​ជាខ្លាំង ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួកគេ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន៕

No comments: